នៅសប្តាហ៍តែមួយដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ បានចេញផ្សាយរបាយការណ៍មួយដែលសង្កត់ពីការទាក់ទិនរបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកហើយនិងការតាំងចិត្តដល់វិបុលភាពក្នុងតំបន់នោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានចូលរួមសន្និសីទកំពូលដ៏សំខាន់មួយនៅក្នុងតំបន់ហើយបានបញ្ជូនគណៈប្រតិភូជាន់ទាបមួយទៅចូលរួមសន្និសីទកំពូលនោះជំនួសវិញ។
របាយការណ៍នោះ បានបញ្ជាក់ថា លោកប្រធានាធិបតីត្រាំ បានធ្វើការទាក់ទងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក «ជាអាទិភាពកំពូលរបស់រដ្ឋ បាលលោក»។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីត្រាំ មិនទាំងបញ្ជូនរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo ទៅកាន់សន្និសីទកំពូលអាស៊ាននិងអាស៊ីខាងកើតនៅសប្តាហ៍នេះនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃផង។
កាលពីឆ្នាំទៅ លោកប្រធានាធិបតី ត្រាំ បានបញ្ជូនលោក Mike Pence អនុប្រធានាធិប តីទៅចូលរួមសន្និសីទកំពូលអាស៊ាននិងតំបន់អាស៊ីខាងកើតនៅក្នុងប្រទេសសិង្ហបូរី។នៅឆ្នាំនេះ លោកប្រធានាធិបតី បានតែងតាំងលោក Robert O’Brien ទីប្រឹក្សាសន្តិ សុខជាតិជាបេសកជនពិសេសសម្រាប់សន្និសីទកំពូលនេះ។
អ្នករិះគន់ និយាយថា អវត្តមានរបស់មន្រ្តីជាន់ខ្ពស់របស់ប្រធានាធិបតី ត្រាំ មានន័យថា មហាអំណាចផ្សេងទៀតក្នុងតំបន់ មានឱកាសកាន់តែច្រើនឡើងដើម្បីបញ្ចេញឥទ្ធិ ពលរបស់ខ្លួន។
លោក Zack Cooper ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ស្តីពីការប្រកួតប្រជែងដ៏សំខាន់រវាងសហរដ្ឋអាមេរិកនិងចិននៅឯវិទ្យាស្ថានសហគ្រាសអាមេរិកាំងឬ American Enterprise Institute បាននិយាយថា «ប្រសិនបើ រដ្ឋបាលរបស់ប្រធានាធិបតីត្រាំ មានការយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួនទៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកនោះ ចំណុចមុនដំបូងដែលរដ្ឋបាលនោះ ត្រូវធ្វើគឺការបង្ហាញខ្លួន»។
លោក Cooper បាននិយាយទៀតថា «ភាពធ្ងន់ធ្ងនៃការប្រកួតប្រជែងជាមួយចិនគឺការរួបរួមបណ្តារដ្ឋនៅក្នុងតំបន់។យើង ត្រូវតែបញ្ឈប់ការធ្វើឲ្យខូចខាតផលប្រយោជន៍ខ្លួនឯង»។
នាយករដ្ឋមន្រ្តីចិនលោក Li Keqiang នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ស្ថិតក្នុងចំណោមពួកមេដឹកនាំដែលបានជួបជាមួយសមភាគីអាស៊ានក្នុងអំឡុងនៃសន្និសីទកំពូលនោះ។
ដោយប្រកាន់ខ្ជាប់ទៅនឹងពិធីការការទូត ពួកមេដឹកនាំអាស៊ីអាគ្នេយ៍ មិនបានបង្ហាញខ្លួននៅជំនួបសហរដ្ឋអាមេរិកនិងអាស៊ានទេ ហើយបានបញ្ជូនរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនជួបជាមួយលោក O’Brien ដែលបានច្រានចោលការនិយាយថា ពួកមេដឹកនាំអាស៊ីអាគ្នេយ៍ មិនចូលរួមជំនួបនោះ ដោយមិនអើពើដល់សហរដ្ឋអាមេរិក។
លោក O’Brienនិយាយទៀតថា «ខ្ញុំមានជំនួបល្អៗជាច្រើនហើយមិនមានអារម្មណ៍ថា ជាការមិនសមរម្យទាល់តែសោះនោះទេ»។
លោក O’Brien បានផ្តល់សេចក្តីអញ្ជើញរបស់ប្រធានាធិបតីត្រាំដល់ពួកមេដឹកនាំអាស៊ីអាគ្នេយ៍ចូលរួមសន្និសីទកំពូលនៅក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយ ហើយបានបញ្ជាក់ឡើងវិញ «ពីការតាំងចិត្តដ៏ខ្លាំងក្លារបស់អាមេរិក»ដល់មិត្តភ័ក្រ្ត សម្ព័ន្ធមិត្តនិងដៃគូរបស់យើងនៅក្នុងសមាគមអាស៊ាន។
លោក Cooper បាននិយាយថា «ភាពខុសគ្នារវាងសេចក្តីថ្លែងការណ៍សាធារណៈរបស់សហរដ្ឋអាមេរិកនិងការពិតនៃការទាក់ទិនរបស់ខ្លួន នឹងធ្វើឲ្យមានការលំ បាកកាន់តែខ្លាំងឡើងដើម្បីទាក់ទងតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវការឲ្យមានការបញ្ជាក់ថា សហរដ្ឋអាមេរិកស្ថិតនៅក្នុងតំបន់នោះ»។
លោក Brian Harding នាយករងនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍នៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិ និយាយថា លោកប្រធា នាធិបតីត្រាំដែលធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរបស់មេដឹកនាំតំបន់អាស៊ីអាគ្នេយ៍ អាចក្លាយជាការជឿនលឿនមួយនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋនិងអាស៊ាន។
លោក Harding និយាយថា «ខ្ញុំប្រាកដថា ពួកគេ នឹងពិចារណាសេចក្តីអញ្ជើញនោះប្រកបដោយការយកចិត្តទុកដាក់។មានផលប្រយោជន៍ដែលសហរដ្ឋអាមេរិកត្រូវធ្វើការទាក់ទងកាន់តែខ្លាំងឡើងទៀត ហើយពួកគេ នឹងធ្វើដំណើររួមគ្នាទៅកាន់សហ រដ្ឋអាមេរិក»។
កាលពីឆ្នាំ២០១៦ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ា បានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលអាមេរិកលើកដំបូងជាមួយពួកមេដឹកនាំអាស៊ីអាគ្នេយ៍ នៅក្នុងរមណីយដ្ឋាន Sunnyland ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តនៃការឆ្ពោះទៅកាន់តំបន់អាស៊ីរបស់លោក។
ជំនួបនោះ ត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងរបស់រដ្ឋាភិ បាលក្រុងវ៉ាស៊ីនតោនជាមួយតំបន់ដែលស្ថិតនៅក្រោយផ្ទះរបស់ចិនដែលជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួន។លោកHardingនិយាយទៀតថា «សន្និសីទកំពូលរមណីយដ្ឋាន Sunnyland នៅលាន់ខ្ទខ្ទានៅឡើយនៅក្នុងការចងចាំរបស់ពួកមេដឹកនាំនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍»។
រហូតមកទល់ពេលនេះ លោក Hardingនិងពួកអ្នករិះគន់ផ្សេងទៀត បាននិយាយថា ទស្សនៈរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខកខានមិនបានចូលរួមការចរចានៅក្នុងតំបន់ រួមទាំងពាណិជ្ជកម្មសេរីដែលចិន កំពុងត្រួតត្រា។
ដោយមិនមានសហរដ្ឋអាមេរិក ការចរចាក្នុងតំបន់ នៅបន្តធ្វើ រួមទាំងការពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលក្រុងប៉េកាំង ដែលកំពុងធ្វើឡើងនៅឯសន្និសីទកំពូលហើយអាចរួមបញ្ចូលប្រទេសយ៉ាងហោចណាស់ក៏ចំនួន១៥ដែរ។
ទោះជាមានការដកខ្លួនរបស់ឥណ្ឌាដែលមានការព្រួយកង្វល់អំពីទំនិញថោកៗដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិនធ្វើឲ្យប៉ះពាល់ឧស្សាហកម្មនិងពាណិជ្ជកម្មតូចៗរបស់ខ្លួនក៏ដោយ ក៏កិច្ចព្រមព្រៀងភាពជាដៃគូដ៏ធំទូលាយក្នុងតំបន់ឬ (RCEP) ត្រូវគេរំពឹងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។
នៅពេលប្រតិបត្តិការ កិច្ចព្រមព្រៀងនោះ នឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំបង្អស់របស់ពិភពលោក រួមមានផលិតផលសរុបក្នុងស្រុករបស់សាកលលោក GDPចំនួន៣០ ភាគរយ ហើយនិងមនុស្សចំនួនពាក់កណ្តាលរបស់ពិភពលោក។
លោក Le Yucheng អនុរដ្ឋមន្រ្តីការបរទេសចិន បាននិយាយនៅឯខាងក្រៅសន្និសីទកំពូលក្នុងទីក្រុងបាងកកនៃប្រទេសថៃថា«តាមការពិត កិច្ចព្រមព្រៀងនោះ នឹងដើរតួនាទីដ៏សំខាន់មួយនៅក្នុងលើកស្ទួយសមាហរ័ណកម្មសេដ្ឋកិច្ចក្នុងតំបន់និងកិច្ចសហប្រតិបត្តិការទូទៅ ជាពិសេស ពាណិជ្ជកម្មនិងការវិនិយោគទុន»។
កិច្ចព្រមព្រៀងពហុភាគីមួយទៀតគឺ កិច្ចព្រមព្រៀងធំទូលាយនិងជឿនលឿនសម្រាប់ភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកឬ(CPTPP)ក៏កំពុងមានការជឿនលឿនដោយគ្មានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែរ។
បន្ទាប់ពីលោកប្រធានាធិបតីត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលជាកត្តាសំខាន់មួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់តំបន់អាស៊ីរបស់រដ្ឋបាលលោកអូបាម៉ាមក លោកស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានប្រមូលសមាជិក១១ប្រទេសឲ្យប្តូរឈ្មោះថ្មីទៅជាកិច្ចព្រមព្រៀងធំទូលាយនិងជឿន លឿនសម្រាប់ភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក។កិច្ចព្រមព្រៀងធំទូលាយនិងជឿនលឿនសម្រាប់ភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកឬ(CPTPP)បានត្រូវចុះហត្ថលេខាកាលពីខែមិនា ឆ្នាំ២០១៨ ហើយបានត្រូវអនុវត្តដោយហត្ថលេខីចំនួន៧នៃហត្ថលេខីទាំងអស់ចំនួន១១។
លោក Harding និយាយថា រដ្ឋបាលរបស់ប្រធានាធិបតីត្រាំ ចូលចិត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាង ក៏ប៉ុន្តែ មិនទាន់បានធ្វើកិច្ចព្រមព្រៀងនោះជាមួយប្រទេសណាទេនៅក្នុងតំបន់។
លោក Harding និយាយបន្តទៀតថា «ជប៉ុន ពន្យាការចរចាពាណិជ្ជកម្មទ្វេភាគីឲ្យបានយឺតយ៉ាវបំផុតទៅតាមដែលគេអាចធ្វើបាន។វៀតណាម ហាក់ដូចជាមិនសូវចាប់អារម្មណ៍លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនោះទេ។ហ្វីលីពីន មិនចាប់អារម្មណ៍ទេ។ពួកគេ មើលឃើញពីរបៀបដែលសហរដ្ឋអាមេរិក បានចាត់ទុកសម្ព័ន្ធមិត្តនិងដៃគូដ៏ជិតស្និទ្ធបំផុតរបស់ខ្លួនដូចជាប្រទេសកាណាដា ម៉ិចសិច អឺរ៉ុប កូរ៉េហើយពួកគេ មិនចង់បានកិច្ចព្រមព្រៀងរបៀបនោះទេ។
នៅពេលទន្ទឹមគ្នានេះ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បន្តធ្វើឲ្យពួកមេដឹកនាំអាស៊ាន មានការព្រួយបារម្ភ ដោយមានមេដឹកនាំខ្លះ បានបញ្ចេញមតិរបស់ខ្លួនជាងមេដឹកនាំផ្សេងទៀត។
លោក Mahathir Mohamad នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និយាយថា «អាមេរិក អនុញ្ញាតិឲ្យប្រធានាធិបតីនិមួយៗកាន់តំណែងតែ២អាណត្តិទេ។ដូច្នេះ ប្រសិនបើ ប្រធានាធិបតីត្រាំ ឈ្នះមួយអាណត្តិទៀត យើងត្រូវតែរង់ចាំ៥ឆ្នាំទៀត»៕
ប្រែសម្រួលដោយជឹង ប៉ូជីន