ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​​ប្រទេស​នៅ​អាស៊ី​កាន់​តែ​​អភិវឌ្ឍ​បច្ចេកវិទ្យា AI ​ផល​​ពី​ឌីជីថល​នៅ​តែ​​បែងចែក​​អ្នក​មាន​និង​អ្នក​ក្រ


ប្រទេស​សិង្ហបុរី គឺ​ជា​ប្រទេស​​នៅ​អាស៊ី​តែ​មួយ​គត់​ដែល​អាច​ជាប់​​ចូល​ក្នុង​ចំណោម​​ប្រទេស​កំពូលៗ​ទាំង​១០​នៅ​ក្នុង​សន្ទស្សន៍​​ប្រកួតប្រជែង​សមត្ថភាព​ជំនាញ​សាកលលោក​ ដោយ​ផ្អែក​លើ​ភាព​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​របស់​ខ្លួន​។
ប្រទេស​សិង្ហបុរី គឺ​ជា​ប្រទេស​​នៅ​អាស៊ី​តែ​មួយ​គត់​ដែល​អាច​ជាប់​​ចូល​ក្នុង​ចំណោម​​ប្រទេស​កំពូលៗ​ទាំង​១០​នៅ​ក្នុង​សន្ទស្សន៍​​ប្រកួតប្រជែង​សមត្ថភាព​ជំនាញ​សាកលលោក​ ដោយ​ផ្អែក​លើ​ភាព​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​របស់​ខ្លួន​។

តើ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ដែល​ថ្មី​នៅ​ពេល​នោះ ​អាច​ជួយ​ដល់​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ នៅ​ពេល​ដែល​មនុស្សម្នា​អាច​ទទួល​បាន​ព័ត៌មាន​បាន​ មិន​ថា​ពួកគេ​មាន​ចំណូល ឋានៈ​អ្វី​ក្នុង​សង្គម ឬ​សេរីភាព​កម្រិត​ណា​នៅ​ក្រោម​រដ្ឋាភិបាល​របស់​ពួកគេ​នោះ​ទេ?​​

ក្រុម​អ្នកគាំទ្រ​អ៊ីនធឺណិត​នៅ​ពេល​ប្រព័ន្ធ​នេះ​បង្កើត​ឡើងដំបូង​ធ្លាប់​ចោទ​សួរថា ​តើ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ដែល​ថ្មី​នៅ​ពេល​នោះ ​អាច​ជួយ​ដល់​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ នៅ​ពេល​ដែល​មនុស្សម្នា​អាច​ទទួល​បាន​ព័ត៌មាន​បាន​ មិន​ថា​ពួកគេ​មាន​ចំណូល ឋានៈ​អ្វី​ក្នុង​សង្គម ឬ​សេរីភាព​កម្រិត​ណា​នៅ​ក្រោម​រដ្ឋាភិបាល​របស់​ពួកគេ​នោះ​ទេ។ បច្ចុប្បន្ន​នេះ ​បច្ចេកវិទ្យា​កុំព្យូទ័រ​មួយ​ប្រភេទ​ទៀត​គឺ​ បច្ចេកវិទ្យា​បញ្ញា​និម្មិត ឬ AI (artificial intelligence) ធ្វើ​ឱ្យ​គេ​មាន​សំណួរ​ដូច​គ្នា ពោល​គឺ​ថា​ តើ​វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា ឬ​ធ្វើ​ឱ្យ​វិសមភាព​សង្គមដែល​មាន​ស្រាប់​កាន់​តែ​ធ្ងន់ធ្ងរ។

របាយការណ៍​ថ្មី​មួយ ដែល​ចេញ​ផ្សាយ​រួម​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Google សាលា​ពាណិជ្ជកម្ម INSEAD និង​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក Adecco បាន​ឆ្លើយតប​ទៅ​នឹង​សំណួរអំពី​ទំនាក់ទំនង​រវាងបច្ចេកវិទ្យា​ថ្មី​និង​វិសមភាព​សង្គម ដោយ​ដាក់​ចំណាត់ថ្នាក់​ឱ្យ​ប្រទេស​ និង​ទីក្រុង​នានា ​ផ្អែក​លើ​កត្តា​ថា​ តើ​តំបន់​ទាំង​នេះទាក់ទាញ​មនុស្ស​ឱ្យ​ទៅ​ធ្វើ​ការកម្រិត​ណា​ក្រោយ​ពី​ពួក​គេ​ធ្វើ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មីៗដូចជា AI ជា​ដើម។

ប្រទេស​នៅ​តំបន់​អាស៊ី​ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់​ខ្លាំង​នៅ​ក្នុង​សន្ទស្សន៍​ប្រកួតប្រជែង​សមត្ថភាព​ជំនាញ​សាកលលោក​នៅ​ក្នុង​ឆ្នាំ២០២០ (Global Talent Competitiveness Index) បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៩ ជាពិសេសគឺ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ទ្វីប​នេះ។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ស្ថានការណ៍​ធ្វើ​ការ​សន្និដ្ឋាន​ពីរ​យ៉ាង។ ទី១ ប្រទេស​ក្រីក្រ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍន៍​ទៅ​មុខ។​ ទី២ ប្រសិន​បើ​មនុស្ស​ម្នា​មិនប្រឹងប្រែង​អភិវឌ្ឍ​ទៀត​ អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ថ្មីគឺ​ជា​មាន​តែប្រទេស​អ្នក​មាន​ប៉ុណ្ណោះ។

លោក Bruno Lanvin នាយក​ផ្នែក​សន្ទស្សន៍​សាកល​នៅ​សាលា​ពាណិជ្ជកម្ម INSEAD បាន​និយាយ​ថា៖ «ដោយសារ​តែ​សមត្ថភាព​ជំនាញកាន់​តែ​មាន​ការ​ផ្លាស់ប្តូរ​ និង​ចល័ត​ខ្លាំង អ្នកដែល​ចាប់​ប្រើប្រាស់​បច្ចេកវិទ្យា AI ដំបូង​គេអាចនឹងមាន​ប្រៀប​ដោយ​ទាញ​យក​បច្ចេកវិទ្យា​មក​ប្រើប្រាស់​ដើម្បី​ឱ្យ​ខ្លួន​កាន់​តែ​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​គេ។​ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មាន​សញ្ញាណ​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI គ្រប់​ទីកន្លែង​កំពុង​តែ​ធ្វើ​ឱ្យ​វិសមភាពសង្គម​នា​ពេល​បច្ចុប្បន្ន​មាន​កាន់​តែ​ខ្លាំង»។

ប្រទេស​ធំៗ​ភាគច្រើន​នៅ​អាស៊ី​បាន​បង្កើន​ចំណាត់ថ្នាក់​របស់​ពួកគេ​នៅ​ឆ្នាំ​នេះ រួម​មាន​ប្រទេស​ចិន ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។ សន្ទស្សន៍​នេះ​ផ្តល់​ពិន្ទុ​ដល់​ប្រទេស​នានា​ដោយ​ផ្អែក​លើ​សូចនាករ​មួយ​ចំនួន​ ដូច​ជា​ថា​តើ​ពួកគេ​បាន​ផ្តល់​ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ច្រើន​កម្រិត​ណា ចំនួន​នៃ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ដែល​ពួកគេ​អាច​ធ្វើ​បាន និងការ​វិវត្ត​កម្រិត​ជីវភាព​ក្នុងសង្គម។

មូលហេតុ​ដែល​អ្នក​តាមដាន​ស្ថានការណ៍​ទាញ​បាន​ការ​សន្និដ្ឋាន​ចម្រុះ​គ្នា​ចេញ​ពី​សន្ទស្សន៍​គឺ​ថា មាន​ឱកាស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​អាចវិវត្ត​ខ្លួន​ទៅ​មុខ ប៉ុន្តែ​វា​មាន​កម្រិត។ ជា​ឧទាហរណ៍ ប្រទេស​ម៉ាឡេស៊ី​ទទួល​បាន​ពិន្ទុ​ខ្ពស់​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ប្រទេស​នេះ​បាន​ធ្វើ​ការ​ផ្គូផ្គង​តម្រូវការ​ការងារ​ជាមួយ​នឹង​សមត្ថភាព​ជំនាញបាន​យ៉ាង​ល្អ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អ្នក​និពន្ធ​របាយការណ៍​នេះ​និយាយ​ថា ប្រទេស​ម៉ាឡេស៊ី «អាច​ទទួល​បាន​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​ភាព​អត់​ឱន​ដល់សេរីភាពជាង​មុន​ក្នុង​សង្គម​ និង​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ជនជាតិ​ភាគតិច និង​ជន​អន្តោប្រវេសន៍»។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្វី​ដែល​អ្នក​និពន្ធ​ចាត់​ទុក​ថា​ជា​ការ «ព្រួយបារម្ភ» គឺ​ជា​ហានិភ័យ​នៃ​គម្លាត​កាន់​តែ​ធំ​ រវាង​អ្នក​មាន និង​អ្នក​ក្រ និង​ថា ​តើ​ប្រទេស​ណា​មួយ​បាន​ត្រៀម​ខ្លួន​ល្អ​បំផុត​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញានិម្មិត AI។ ប្រទេស​សិង្ហបុរី គឺ​ជា​ប្រទេសនៅ​អាស៊ី​តែ​មួយ​គត់​ដែល​អាច​ជាប់ចូល​ក្នុង​ចំណោមប្រទេស​កំពូលៗ​ទាំង​១០​នៅ​ក្នុង​សន្ទស្សន៍​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មករា​។ នៅ​ក្នុង​ផ្នែក​នៃ​ការ​សិក្សា​ដែល​ផ្តោត​លើ​ទីក្រុង ទីក្រុង​ដែល​មាន​ចំណូល​ខ្ពស់​ដូចជា ទីក្រុង​តូក្យូ និង​ហុងកុង​គឺ​ជា​ទីក្រុង​ដែល​មាន​សន្ទស្សន៍​ល្អ​បំផុត​នៅ​ក្នុង​តំបន់។

ប្រទេស​កំពុង​អភិវឌ្ឍ​អាច​វិវត្ត​ទៅ​មុខ​បាន​ខ្លះៗ ដោយសារ​តែ​នៅ​កម្រិត​ក្រោម​ណា​មួយ បច្ចេកវិទ្យា​មាន​តម្លៃ​ថោក និង​ងាយ​រក​ប្រើប្រាស់​បាន។ ជា​ឧទាហរណ៍ ឥណ្ឌា និង​ហ្វីលីពីន​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ទទួល​ទូរស័ព្ទ​នៅ​ក្នុង​សាកលលោក និង​ជា​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា ហើយ​ពលរដ្ឋ​ជា​ទូទៅនៅ​ក្នុង​ប្រទេស​ទាំង​នោះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់​យក​ជំនាញ​សរសេរ​កូដ​ជា​មូលដ្ឋាន ដោយ​មិន​គិត​ពី​ប្រាក់​ចំណូល​របស់​ពួកគេ​នោះ​ទេ។ ​

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ពេល​តម្រូវការ​បច្ចេកវិទ្យា​វិវត្ត​ទៅ​មុខ​លើស​ពី​ជំនាញ​សរសេរ​កូដ ការ​វិនិយោគ​ និង​ធនធាន​បន្ថែម​អាច​ជួយ​ឱ្យ​មាន​ការ​រីកចម្រើន​កាន់​តែ​ខ្លាំង។ ជា​ពិសេស បច្ចេកវិទ្យា AI ពឹងផ្អែក​លើ​ការ​បញ្ចូល​ទិន្នន័យ​យ៉ាង​ច្រើន និង​កម្លាំង​កុំព្យូទ័រ​ដើម្បី​វិភាគ​ទិន្នន័យ​ទាំង​នោះ។ ប្រទេស​និង​ក្រុមហ៊ុន​ដែល​ប្រមូល​យក​ទិន្នន័យ​ទាំង​នោះ និង​បុគ្គលិក​អាជីព​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ និង​យល់​ពី​ទិន្នន័យ​នេះ មាន​ប្រៀប​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេង​មាន​ការ​ពិបាក​ក្នុង​ការ​យល់​ពី​ទិន្នន័យ​នេះ​និង​តាម​ទាន់​ខាង​សមត្ថភាពនៅ​ពេល​អនាគត។

លោក Kent Walker នាយករង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Google និយាយ​ថា៖ «បច្ចេកវិទ្យា AI នឹង​ប៉ះពាល់​ដល់​ការងារ​របស់​មនុស្ស និង​ផ្លាស់ប្តូរ​របៀប​នៃ​ការ​ធ្វើ​ការ។ យើង​ត្រូវ​រំពឹង​ទុក​ថា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ទាំង​នោះ និង​ត្រូវ​ត្រៀម​ខ្លួន​ចំពោះ​ការ​ផ្លាស់ប្តូរ​នោះ»។

ក្រុមហ៊ុន Google ​នេះ​តែ​ម្តង​ជា​ឧទាហរណ៍​ជាក់ស្តែងនៃ​អ្នក​ដែល​មាន​ប្រៀប​ខាងបច្ចេកវិទ្យា AI នេះ។ ជា​ឧទាហរណ៍​ ក្រុមហ៊ុន​នេះ​មាន​លទ្ធភាព​ប្រមូល​យក​រូបថត​ជាច្រើន​ដើម្បី​ដាក់​ទៅ​ក្នុង​ក្បួន​ដោះស្រាយ​កុំព្យូទ័រ​ឬ algorithm របស់​ខ្លួន និង​អភិវឌ្ឍ​បច្ចេកវិទ្យាចំណាំ​រូបភាព​របស់​ខ្លួន​ ក្នុង​កម្រិត​មួយ​ដែល​ក្រុមហ៊ុន​ផ្សេង​ពិបាក​នឹង​ធ្វើ​តាម​បាន។

អ្នក​និពន្ធនៃ​របាយការណ៍​នេះ បាន​ចេញ​ផ្សាយ​នូវ​សន្ទស្សន៍​សមត្ថភាព​ជំនាញសាកល​នេះ​ដោយ​សង្ឃឹម​ថា វា​នឹង​អាច​បង្ហាញ​ពី​ការ​បែងចែក​ផ្នែកបច្ចេកវិទ្យា​ឌីជីថល និង​ផ្តល់​អនុសាសន៍​លើ​របៀប​នៃ​ការ​ដោះស្រាយ។ ពួកគេ​និយាយ​ថា ដើម្បី​ការពារ​មនុស្ស​កុំ​ឱ្យ​បាត់បង់​ការងារ ប្រទេស​កំពុង​អភិវឌ្ឍ​អាច​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​សិក្សា​ពេញ​មួយ​ជីវិត និង​មិន​ត្រូវ​ផ្តោត​លើ​តែ​ការងារ​បច្ចេកវិទ្យា​ជំនាញ​ទាប​ដូចជា​ការ​សរសេរ​កូដ​នោះ​ទេ។ ​មនុស្ស​គ្រប់គ្នាអាច​រៀន​ធ្វើ​ការងារ​ដែល​ធ្វើ​ាករ​ជាមួយ​រូបយន្ត មិន​មែន​ជា​ការងារ​ដែល​រូបយន្តជំនួស​មនុស្ស​នោះ​ទេ។ ជា​ឧទាហរណ៍​ រូបយន្ត​អាច​ដាក់​សឺរ៉ាំង​ឱ្យ​ត្រូវ​កន្លែង​បាន ប៉ុន្តែ​អ្នក​ជំងឺ​នៅ​តែ​ត្រូវ​ការ​គិលានុបដ្ឋាយិកា​ដែល​ជា​មនុស្ស​ដើម្បី​ត្រួតពិនិត្យ​ការ​ចាក់​ថ្នាំ។

លោក Alain Dehaze អគ្គនាយក​នៃ​ក្រុមហ៊ុន Adecco Group និយាយ​ថា «បច្ចេកវិទ្យា​កំពុង​តែ​ជួយ​ដល់​តួនាទី​របស់​មនុស្ស​នៅ​ក្នុង​ការ​ធ្វើ​ការ​ឱ្យ​កាន់​តែ​មាន​បង្កើន​ប្រសិទ្ធភាព ជា​ជាង​ជំនួស​ការងារ​របស់​មនុស្ស»។

របាយការណ៍​នោះ​សរសេរ​ថា នៅ​កម្រិតរដ្ឋាភិបាល ប្រទេស​នានា​គួរ​តែ​យល់ស្រប​លើ​វិធាន និង​គោលការណ៍​ដែល​ណែនាំ​ការ​ស្រាវជ្រាវ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ AI ដូច​ជា​តម្រូវការ​នៃ​ការ​ការពារទិន្នន័យ។ វិធានការ​បែប​នេះ​ជួយ​ធានាថា ការ​បង្កើត​បច្ចេកវិទ្យា​ថ្មីៗគឺ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​មនុស្ស៕

XS
SM
MD
LG