ខណៈដែលមេរោគកូវីដ១៩ រាតត្បាតពេញពិភពលោកមនុស្សកាន់តែច្រើនឡើងកំពុងពឹងផ្អែកទៅលើពាណិជ្ជកម្មតាមអនឡាញ ដើម្បីទទួលបាននូវអ្វីដែលពួកគេត្រូវការ និងដើម្បីឲ្យពួកគេអាចអនុវត្តការរក្សាគម្លាតពីគ្នាបាន។ ការលក់តាមអនឡាញនៅទូទាំងអាហ្រ្វិកខាងលិច កំពុងមានការកើនឡើង តែទោះជាយ៉ាងនេះក្តី អ្នកជំនាញនិយាយថា ដោយសារតែមិនមែនមនុស្សគ្រប់គ្នាអាចចេះប្រើឌីជីថលនោះ ដូច្នេះមិនមែនគ្រប់គ្នាអាចចូលទិញតាមអនឡាញបាននោះទេ។
តម្រូវការសេវាកម្មពីសំណាក់អ្នកលក់រាយតាមអនឡាញនៅអាហ្វ្រិកខាងលិចកំពុងកើនឡើងខ្ពស់ គ្រាដែលការរាតត្បាតនៃជំងឺកូវីដ ១៩ កើនឡើងនៅក្នុងតំបន់នោះ។
ស្ថាបនិកផ្សារ Big Samps នៅប្រទេសហ្គាណាអ្នកស្រី Elselund Ewudzie-Sampson បានឃើញថា តម្រូវការបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីមានការរាតត្បាតមេរោគកូវីដ ១៩។ អាជីវកម្មរបស់អ្នកស្រី គឺទិញទំនិញពីផ្សារ និងដឹកជញ្ជូនទៅឲ្យអតិថិជន។ តែទោះជាយ៉ាងនេះក្តី អ្នកស្រីនិយាយ ថាអ្នកស្រី ប្រហែលអាចនឹងត្រូវបញ្ឈប់សេវាកម្មរបស់អ្នកស្រីក្នុងពេលឆាប់ៗនេះ។ អ្នកស្រីបានថ្លែងក្នុងសម្តីដើមថា៖
«ខ្ញុំគិតថា ដោយសារតែវីរុស ឬការរាតត្បាតនៃមេរោគនេះ ប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងការធ្វើដំណើរទៅផ្សារ ដូច្នេះពួកគេសម្រុកមករកយើង ពួកគេជឿជាក់ថា យើងអាចផ្តល់សេវាកម្មដល់ពួកគេ។ តែទោះយ៉ាងនេះក៏ដោយ យើងកំពុងគិតចង់ឈប់មួយរយៈដោយសារតែហេតុផលខាងលើនេះដែរ»។
ការបញ្ឈប់សេវាកម្ម គឺមិនល្អសម្រាប់អាជីវកម្មរបស់អ្នកស្រី Elselund Ewudzie-Sampson ទេ ប៉ុន្តែ អ្នកស្រីនិយាយថា អ្នកស្រីក៏ត្រូវគិតគូរពីសុខភាពរបស់បុគ្គលិកអ្នកស្រីផងដែរ។
នៅប្រទេសនីហ្សេរីយ៉ាហាងលក់គ្រឿងទេសតាមអនឡាញ Applecart និយាយថា ខ្លួនក៏កំពុងមានតម្រូវការខ្ពស់ និងការបញ្ជាទិញថ្មីៗកើនឡើងផងដែរ នៅពេលដែលអតិថិជនទិញស្តុកទុកនូវអ្វីៗដែលចាំបាច់ដើម្បីត្រៀមនៅពេលដែលផ្សារបិទ និងការធ្វើដំណើរនៅក្នុងប្រទេសអាចនឹងត្រូវរឹតបន្តឹង។
នៅក្នុងប្រទេសសៀរ៉ាឡេអូន និងលីបេរីយ៉ាដែលជាប្រទេសពីរតូចជាង និងមានការអភិវឌ្ឍសេដ្ឋកិច្ចអន់ជាងប្រទេសហ្គាណា និងនីហ្សេរីយ៉ានោះ អ្នកលក់តាមអនឡាញនិយាយថា ការលក់ដូររបស់ពួកគេកំពុងកើនឡើងខ្លះដែរដែលពួកគេគិតថា ដោយសារការភ័យខ្លាចមេរោគកូវីដ ១៩។
លោក Fabunde Mamey ជនជាតិលីបេរីយ៉ា បានចាប់ផ្តើមសេវាកម្មដឹកជញ្ជូនតាមម៉ូតូដែលមានឈ្មោះថា LIB Delivery ក្នុងឆ្នាំ ២០១៨។ លោក មើលឃើញថា មនុស្សកាន់តែច្រើនចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់លោកដើម្បីស្តុកទុកទំនិញ និងអនុវត្តការរក្សាគម្លាតពីគ្នា។ លោកបានថ្លែងក្នុងសម្តីដើមថា៖
«នឹងមានមនុស្សជាច្រើន ត្រូវការសេវាកម្មដឹកជញ្ជូន ពីព្រោះយើងត្រូវជៀសវាងមិនប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដូច្នេះការនៅផ្ទះ និងការប្រើប្រាស់ LIB Delivery គឺជាជម្រើសតែមួយគត់ដែលខ្ញុំអាចគិតដល់»។
ទោះជាយ៉ាងនេះក៏ដោយនៅក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិចទាំងនេះមិនមែនមនុស្សគ្រប់គ្នាអាចទទួលបានសេវាកម្មទាំងនេះទេ។ ម្ចាស់អាជីវកម្មអនឡាញភាគច្រើនបាននិយាយថា អតិថិជនភាគច្រើនជាអ្នកមានជីវភាពមធ្យម ឬជាជនបរទេសដែលធ្វើការ និងរស់នៅក្នុងប្រទេសទាំងនោះ ដែលប្រើប្រាស់សេវាកម្មរបស់ពួកគេ។
លោក Dennis Ndonga ជាសាស្រ្តាចារ្យមួយរូបមកពីប្រទេសកេនយ៉ា ដែលបច្ចុប្បន្នកំពុងធ្វើការនៅក្នុងប្រទេសអូស្ត្រាលី។ លោកបានធ្វើការស្រាវជ្រាវទៅលើពាណិជ្ជកម្មតាមអនឡាញនៅទ្វីបអាហ្វ្រិក។ លោកបានចង្អុលបង្ហាញអំពីបញ្ហាប្រឈមនៃកង្វះការតភ្ជាប់អ៊ីនធឺណិត លទ្ធភាពក្នុងការប្រើប្រាស់ និងបញ្ហាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
លោក Ndonga និយាយថា ខណៈដែលពាណិជ្ជកម្មតាមអនឡាញអាចជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនោះ បញ្ហាប្រើប្រាស់ឌីជីថលមិនបានគ្រប់គ្នាចាំបាច់ត្រូវដោះស្រាយ។ លោកនិយាយថា វិសមភាពរវាងអ្នកអាចប្រើ ឬមានអ៊ីនធឺណិត និងអ្នកមិនមាន ឬមិនចេះប្រើអ៊ីនធឺណិត មិនត្រឹមតែជាបញ្ហាសាកលប៉ុណ្ណោះទេ សូម្បីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក៏មានគម្លាតធំៗរវាងអ្នកមានអ៊ីនធឺណិត និងអ្នកមិនមាន ផងដែរ។ លោកបានថ្លែងក្នុងសម្តីដើមថា៖
«ខ្ញុំគិតថា ការរាតត្បាតនៃមេរោគនេះ នឹងបង្ហាញបន្ថែមទៀតនូវបញ្ហាវិសមភាពក្នុងការចូលប្រើអ៊ីនធឺណិតដែលមានរវាងទីក្រុងធំៗ និងទីប្រជុំជននៅតំបន់ក្នុងបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច។ ពលរដ្ឋដែលត្រូវបានតម្រូវឲ្យនៅដាច់ដោយឡែកពីគេអាចមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត និងសេវាកម្មពាណិជ្ជកម្មតាមអនឡាញបើសិនជាពួកគេរស់នៅក្នុងទីក្រុងធំៗ ខណៈដែលប្រជាពលរដ្ឋនៅតាមទីប្រជុំជនក្នុងតំបន់ជនបទប្រហែលជាមិនមានលទ្ធភាពធ្វើដូចនោះទេ»។
តាមការប៉ាន់ប្រមាណមួយធ្វើឡើងនៅឆ្នាំ ២០១៧ ដោយធនាគារពិភពលោកបានរកឃើញថា នៅក្នុងតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក មានប្រជាពលរដ្ឋតែប្រមាណ ២៥% ប៉ុណ្ណោះ ដែលប្រើប្រាស់អ៊ីនធឺណិត។ ដូច្នេះការបង្កើនការចូលប្រើអ៊ីនធឺណិត មានន័យថា នឹងបង្កើតឱកាសការងាររាប់លានឧទាហរណ៍ដូចជានៅក្នុងវិស័យពាណិជ្ជកម្មអនឡាញនោះជាដើម៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់