ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់ដឹកនាំ​នយោបាយ​សហរដ្ឋ​អាមេរិក បាន​ពិភាក្សា​អំពី​ជំនួយ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ រូបថត ដែល​បាន​ថត​នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០​ នេះ បង្ហាញ​​អំពី​មនុស្ស​​រង់ចាំ​ដើម្បី​ទទួល​បាន​ជំនួយ​សម្រាប់​អ្នក​អត់ការងារ​ធ្វើ​នៅ​ឯ​មជ្ឈមណ្ឌល One-Stop Career នៅ​ទីក្រុង Las Vegas។
រូបឯកសារ៖ រូបថត ដែល​បាន​ថត​នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០​ នេះ បង្ហាញ​​អំពី​មនុស្ស​​រង់ចាំ​ដើម្បី​ទទួល​បាន​ជំនួយ​សម្រាប់​អ្នក​អត់ការងារ​ធ្វើ​នៅ​ឯ​មជ្ឈមណ្ឌល One-Stop Career នៅ​ទីក្រុង Las Vegas។

លោក Mnuchin និង​លោក Meadows បាន​កំណត់​យក​ថ្ងៃ​ទី ៣១ ខែ​កក្កដា ជា​កាល​បរិច្ឆេទ​មិន​ផ្លូវការ ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ជុំ​ថ្មី​នេះ។

សមាជិក​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ស្រប​ពេល​សមាជិក​សភា និង​លោក​ប្រធានាធិបតី Donald Trump ប្រឈម​នឹង​កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​ចុង​ខែ​នេះ​ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​មួយ ដើម្បី​ទប់ទល់​ជាមួយ​នឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខាង​ផ្នែក​សុខភាព និង​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ការ​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​នេះ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Mnuchin នាយ​អគ្គសេនាធិការ​ស្ដីទី​សេតវិមាន​លោក Mark Meadows ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi និង​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer។

ការ​ជំរុញ​នេះ​បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ ជា​មធ្យម​ជាង ៦៦.០០០ ករណី ក្នុង​ពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ និង​ចំ​ពេល​ដែល​ថវិកា​ជំនួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​ជួយ​អ្នក​បាត់បង់​ការងារ​ធ្វើ​រាប់​លាន​នាក់​ជិត​ផុត​កំណត់​នៅ​ចុង​ខែ​កក្កដា​នេះ។

លោក Mnuchin និង​លោក Meadows បាន​កំណត់​យក​ថ្ងៃ​ទី ៣១ ខែ​កក្កដា ជា​កាល​បរិច្ឆេទ​មិន​ផ្លូវការ ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ជុំ​ថ្មី​នេះ។ ប៉ុន្តែ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា លោក Mitch McConnell ហាក់​ដូចជា​គិត​ថា​មិន​អាច​ទៅ​រួច នៅ​ពេល​ដែល​អ្នក​កាសែត​បាន​សួរ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​លោក​បាន​និយាយ​ថា សំណើ​របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា នឹង​ដាក់​បង្ហាញ​នៅ​ត្រឹម​ចុង​សប្ដាហ៍​នេះ៕

XS
SM
MD
LG