ក្រសួងការងារសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាពលរដ្ឋអាមេរិក១,៣លាននាក់បានដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារធ្វើកាលពីសប្តាហ៍មុន ដែលនេះជាសញ្ញាចុងក្រោយបង្ហាញថា និយោជកនៅតែប្រឈមនឹងការលំបាកក្នុងការយកបុគ្គលិកចូលធ្វើការវិញខណៈដែលចំនួនករណីឆ្លងនៃជំងឺកូវីដ១៩បន្តកើនឡើងយ៉ាងគំហុក។
ទោះបីតួលេខអ្នកអត់ការងារថ្មីប្រចាំសប្តាហ៍ថ្មីនេះជាការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនជិត៧លាននាក់កាលពីខែមីនាក្តី ក៏ចំនួន១,៣លាននាក់នៅតែជាចំនួនខ្ពស់ក្នុងប្រវត្តិសាស្ត្រ។
ជារួមរដ្ឋាភិបាលអាមេរិកនិយាយថាមានពលរដ្ឋពេញវ័យធ្វើការប្រមាណ១៨លាននាក់កំពុងអត់ការងារក្នុងចំណោមពលរដ្ឋសរុបជិត៥០លាននាក់ដែលធ្លាប់បានសុំជំនួយរដ្ឋក្នុងរយៈពេល៤ខែចុងក្រោយនេះ។
តួលេខចុងក្រោយបង្ហាញថាការងារបង្កើតថ្មីនិងចំនួនបុគ្គលិកដែលអាចត្រឡប់ទៅធ្វើការវិញស្ទើរតែមិនអាចជំនួសឲ្យចំនួនអ្នកអត់ការងារធ្វើថ្មីបានទេ។
នៅពេលនេះពលរដ្ឋអាមេរិកដែលអត់ការងារធ្វើអាចទទួលប្រាក់ឧបត្ថម្ភពីរដ្ឋចំនួន៦០០ដុល្លារក្នុងមួយសប្តាហ៍ រហូតដល់ចុងខែកក្កដានេះ។ ទាំងសេតវិមាននិងសភាជាតិកំពុងពិចារណាអំពីជំនួយបន្ថែមក្រោយខែកក្កដាទៀត ប៉ុន្តែការសម្រេចណាមួយទំនងមិនអាចធ្វើបាននៅមុនដំណាច់ខែកក្កដាទេ៕