សេដ្ឋកិច្ចអាមេរិកកាលពីខែមិថុនាបានបង្កើតការងារថ្មីចំនួន៤លាន៨សែនការងារ ខណៈដែលសេដ្ឋកិច្ចនៅរងផលប៉ះពាល់យ៉ាងខ្លាំងពីអាជីវកម្មនានាដែលត្រូវបង្ខំឲ្យបិទដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាមការរាយការណ៍រដ្ឋាភិបាលអាមេរិក បើទោះបីកាលពីសប្តាហ៍មុននៅមានអ្នកដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារចំនួន១លាន៤សែននាក់ក្តី។
ការិយាល័យស្ថិតិការងារនិយាយថា អត្រាអត់ការងារនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម១១,១%កាលពីខែមិថុនា ពីចំនួន១៣.៣%កាលពីខែឧសភា។ ប៉ុន្តែតួលេខនេះត្រូវបានគេប្រមូលកាលពីពាក់កណ្តាលខែមិថុនា គឺនៅមុនពេលមានកំណើនករណីការឆ្លងជំងឺកូវីដ១៩ថ្មីនៅតាមបណ្តារដ្ឋដែលបានបើកសកម្មភាពសេដ្ឋកិច្ចពួកគេឡើងវិញដំបូងគេ។
របាយការណ៍ចុងក្រោយអំពីការបង្កើតការងារថ្មីនិងអត្រាអត់ការងារនេះបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលជាសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក កំពង់ស្ថិតនៅក្នុងចំណុចរបត់មួយដោយមានផ្នែកខ្លះរើបឡើងវិញនិងផ្នែកផ្សេងទៀតនៅមានភាពមិនប្រាកដប្រជា។
អាជីវកម្មខ្លះដូចជាហាងលក់ទំនិញ ភោជនីយដ្ឋានកន្លែងហាត់ប្រាណ និងហាងកាត់សក់ ព្យាយាមបើកទ្វារឡើងវិញបើទោះបីជាមានការកើនឡើងយ៉ាងគំហុកនូវករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសដែលបង្ខំឲ្យអាជីវកម្មខ្លះត្រូវបិទទ្វារជាថ្មី។
ជារួមវិបត្តិជំងឺរាតត្បាតកូវីដ១៩បាននាំឲ្យពលរដ្ឋអាមេរិកសរុប៤៨,៤លាននាក់បានបាត់បង់ការងារក្នុងរយៈពេល៣ខែកន្លះចុងក្រោយ។ នៅមុនវិបត្តិកូវីដ១៩ អត្រាអត់ការងារនៅអាមេរិកមានត្រឹម៣.៥%ដែលជាចំនួនទាបបំផុតក្នុងរយៈពេល៥០ឆ្នាំ។
អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍ថាសេដ្ឋកិច្ចអាមេរិកត្រូវការពេលយូរទម្រាំអាចរើបឡើងវិញរហូតដល់ឆ្នាំ២០២១៕