ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​រាយការណ៍​ពី​ចំនួន​ឆ្លង​មេរោគ​កូរ៉ូណា​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត


បុគ្គលិក​សុខាភិបាល​រុញ​អ្នក​ជំងឺ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​ដាច់​ដោយ​ឡែក​ពី​បន្ទប់​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​សុខភាព United Memorial Medical Center នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​រុញ​អ្នក​ជំងឺ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​ដាច់​ដោយ​ឡែក​ពី​បន្ទប់​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​សុខភាព United Memorial Medical Center នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ជាង​៦ម៉ឺន​៤ពាន់​ករណី​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ជា​ចំនួន​ខ្ពស់​បំផុត​ដែល​បាន​ដាក់​បន្ទុក​ខ្លាំង​ហួស​ដល់​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​តំបន់​ខាង​លិច និង​ខាង​កើត​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស រួម​មាន​រដ្ឋ​អារីហ្សូណា កាលីហ្វ័រញ៉ា Florida និង​រដ្ឋ​តិចសាស។

លោក​វេជ្ជបណ្ឌិត Anthony Fauci មន្រ្តី​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យ​អភិបាល​រដ្ឋ​ពន្យារ​ផែនការ​បើក​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នូវ​វីរុស​នោះ។

អង្គការ​សុខភាព​ពិភពលោក​កំពុង​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​នៅ​ក្នុង​ការ​ឆ្លើយតប​ដល់​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​បន្ទាប់ពី​ប្រទេស​ខ្លះ​ហាក់​ដូចជា​បាន​ធ្វើ​កិច្ច​ល្អ​ប្រសើរ​ដើម្បី​ដោះស្រាយ​ការ​ផ្ទុះ​ឡើង​ជាង​ប្រទេស​ផ្សេងៗ​ទៀត។

លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា «នេះ​ជា​ពេលវេលា​សម្រាប់​ឆ្លុះ​បញ្ចាំង​ខ្លួនឯង ដើម្បី​ក្រឡេក​មើល​ពិភពលោក​ដែល​យើង​រស់​នៅ​ហើយ​នឹង​ស្វែងរក​មធ្យោ បាយ​នានា​ដើម្បី​ពង្រឹង​កិច្ចសហការ​របស់​យើង​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស និង​ត្រួតត្រា​ការ​រាតត្បាត​នៃ​មេរោគ​នេះ។ទំហំ​នៃ​ការ​រាតត្បាត​នេះ​ដែល​បាន​ប៉ះពាល់​មនុស្ស​គ្រប់​រូប​នៅ​ទូទាំង​ពិភពលោក​សក្តិសម​ទទួល​បាន​ការ​វាយតម្លៃ​ស្មើៗ​គ្នា»។

អតីត​នាយក​រដ្ឋមន្រ្តី​ប្រទេស​នូវែលសេឡង់ លោកស្រី Helen Clack និង​អតីត​ប្រធា នាធិបតី​នៃ​ប្រទេស​លីបេរីយ៉ា លោកស្រី Ellen Sirleaf Johnson នឹង​ដឹកនាំ​គណៈកម្មការ​ស៊ើបអង្កេត​នេះ។ សមាជិក​ផ្សេង​ទៀត​នឹង​ត្រូវ​បន្ថែម​នៅ​ពេល​ក្រោយ។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​និយាយ​ជាច្រើន​លើក​ហើយ​ថា ការ​សម្របសម្រួល​សាកល​ជា​គន្លឹះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​នៃ​ជំងឺ​រួម​មាន​ការងារ​ស្តីពី​ការ​អភិឌ្ឍ​ថ្នាំ​វ៉ាក់សាំង​ផង​ដែល​លោក​និយាយ​ថា ត្រូវ​តែ​មាន​គ្រប់គ្រាន់​សម្រាប់​ប្រទេស​ទាំង​អស់ ហើយ​មិន​មែន​សម្រាប់​ប្រទេស​មាន​លុយ​តែ​ប៉ុណ្ណោះ​ទេ៕

XS
SM
MD
LG