ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ថ្លែង​ចុង​ក្រោយ៖ លោក ខៀវ សំផន មិន​បាន​សុំ​ទោស ហើយ​ហៅ​ការ​កាត់​ទោស​ថា​«ជា​និមិត្ត​រូប»តែ​ប៉ុណ្ណោះ


លោក ខៀវ សំផន ចូលរួម​ក្នុង​សវនាការ​បណ្ដឹង​សាទុក្ខ​នៃ​សំណុំ​រឿង០០២/០២ នៅ​សាលាក្ដី​ខ្មែរក្រហម ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ៖ ញ៉ែត សុខហេង/ECCC)
លោក ខៀវ សំផន ចូលរួម​ក្នុង​សវនាការ​បណ្ដឹង​សាទុក្ខ​នៃ​សំណុំ​រឿង០០២/០២ នៅ​សាលាក្ដី​ខ្មែរក្រហម ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ៖ ញ៉ែត សុខហេង/ECCC)

ជា​សម្តី​ចុង​ក្រោយ​ទៅ​កាន់​សាធារណជន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម លោក ខៀវ សំផន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បន្ត​«បដិសេធ​ដាច់​អហង្ការ»​លើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក និង​ចាត់​ទុក​ការ​កាត់​ទោស​នេះ គ្រាន់​តែ​ជា«​និមិត្តរូប»​តែ​ប៉ុណ្ណោះ។

ក្នុង​ការ​ថ្លែង​ចុង​ក្រោយ​នា​ថ្ងៃ​បញ្ចប់​សវនាការ​សាទុក្ខ​របស់​លោក អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​រូប​នោះ មិន​បាន​និយាយ​សុំ​ទោស និង​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​អ្វី​នោះ​ទេ។ ប៉ុន្តែ​លោក​បាន​ច្រាន​ចោលរាល់​ការ​ចោទ​ប្រកាន់​របស់​តុលាការ។

ក្នុង​សម្លៀក​បំពាក់​អាវ​ដៃ​វែង​ពណ៌​ស ថ្លែង​ក្នុង​សម្តី​ខ្សាវៗ ដោយ​មិន​មាន​ពាក់​ម៉ាស លោក ខៀវ សំផន អាយុ​៩០​ឆ្នាំ បាន​អះអាង​ថា​លោក​មិន​ដែល សូម្បី​តែ​នឹក​ឃើញ​ការ​សម្លាប់​ប្រជា​ជន​ខ្មែរ​គ្នា​ឯង និង​សម្លាប់​ទា​ហាន​លន់ នល់​នោះ​ទេ។ ចំពោះ​ការ​ចោទ​ប្រកាន់​ចំៗ​ថា​មាន​ការ​សម្លាប់​ទាហាន​លន់ នល់ នៅ​ទួល​ពោធិ៍ជ្រៃ​ក្នុង​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ លោក​បញ្ជាក់​ថា​លោក​មិន​ដែល​ស្គាល់​ទីតាំង​នោះ​ទេ។

លោក ខៀវ សំផន និយាយ​ថា៖ «ជម្រាប​អស់​លោក ជា​ពិសេស​ប្រជាជន​កម្ពុជា​ថា​មិន​ដែល​ពេល​ណា​ខ្ញុំ​នឹក​ឃើញ​ចង់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​បង​ប្អូន​រួម​ជាតិ​ឯង​នោះ​ទេ ឬ​ក៏​ប្រឆាំង​នឹង​អ្នក​ណា​ផ្សេង​ទៀត​ក៏​ដោយ»។

រូប​ឯកសារ៖ បុរសម្នាក់​អុជធូបបួងសួងនៅមជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)
រូប​ឯកសារ៖ បុរសម្នាក់​អុជធូបបួងសួងនៅមជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

លោក ខៀវ សំផន បាន​បន្ថែម​ថា​ខ្មែរ​ក្រហម​មិន​មាន​គោល​ការណ៍​សម្លាប់​ជន​ស៊ីវិល​វៀតណាម​នោះ​ទេ។ ប៉ុន្តែ​លោក​ហៅ​ទាហាន​វៀតណាម​ថា​ជា​សត្រូវ​របប​ខ្មែរ​ក្រហម ហើយ​ក្នុង​សម័យ​សង្រ្គាម​តែង​មាន​ការ​បាញ់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​លោក​មាន​បំណង​ចង់​កសាង​ប្រទេស បន្ទាប់​ពី​សង្រ្គាម និង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ឯករាជ្យ អធិបតេយ្យ ហើយ​ព្រំដែន​របស់ខ្លួន​ត្រូវ​បាន​ប្រទេស​ជិត​ខាង​គោរព ជា​ពិសេស​ពី​ប្រទេស​វៀតណាម។

លោក ខៀវ សំផន បន្ត​ថាបញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នា​ពេល​បច្ចុប្បន្ន នៅ​តែ​មាន ដែល​លោក​ថា​លោក​នៅ​តែ​ព្រួយ​បារម្ភ​ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ​ម្នាក់។

លោក ខៀវ សំផន ចាត់​ទុក​សវនា​ការ​ជា​ច្រើន​ឆ្នាំ​មក​នេះ មាន​«សារៈសំខាន់»សម្រាប់​រូប​លោក ហើយ​លោក​ដឹង​ថា​លោក​នឹង​ត្រូវ​ស្លាប់​ក្នុង​ពន្ធនាគារ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ម្នាក់​ឯង​ចំពោះ​មុខ​អស់​លោក ត្រូវ​បាន​គេ​កាត់​ទោស​ជា​និមិត្តរូប ជាជាង​តាម​អំពើ​ប្រព្រឹត្ត​ជាក់ស្តែង​របស់​ខ្ញុំ ក្នុង​ឋានៈ​ជា​បុគ្គល​នោះ​ទេ»។

លោក ខៀវ សំផន បាន​អះអាង​ទៀត​ថា​តុលាការ​ខ្មែរ​ក្រហម​«បាន​ប្រថាប់​ត្រា»​លើ​ការ​កាត់​ទោស​ប្រឆាំង​រូប​លោក។

លោក​ថ្លែង​ថា៖ «អង្គ​ជំនុំ​ជម្រះ សាលា​ដំបូង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​មិន​អាច​វិនិច្ឆ័យ​ខ្ញុំ ដោយ​មិន​លម្អៀង​នោះ​បាន​ទេ»។

ក្រោយ​ការ​ថ្លែង​របស់​លោក ខៀវ សំផន ចៅក្រម​តុលាការ​កំពូល​បាន​ប្រកាស​បិទ​បញ្ចប់​សវនាការ​បណ្តឹង​សាទុក្ខ ហើយ​កាល​កំណត់​នៃ​ការ​ប្រកាស​សាល​ដីកា នឹង​ជម្រាប​នៅ​ពេល​ក្រោយ។

នៅ​ក្នុង​សវនា​ការ​បណ្តឹង​សាទុក្ខ​រយៈ​ពេល​៤​ថ្ងៃ​មក​នេះ អ្នកស្រី អង់តា គូស៊េ (Anta Guissé) ដែល​ជា​សហ​មេធាវី​បរទេ​ស ជន​ជាតិ​បារាំង​បាន​អះអាង​ថា​មិន​មាន​«ភស្តុតាង​គ្រប់​គ្រាន់»​លើ​ការ​ចោទ​ប្រកាន់​ថា​មេដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​មាន​គោល​នយោបាយ​ថ្នាក់​ជាតិ​សម្លាប់​ជន​ជាតិ​វៀតណាម ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​នោះ​ទេ​។ អ្នកស្រី​ថ្លែង​ថា​តុលាការ​បាន«សន្និដ្ឋាន​ព្រាវៗ»​លើ​កូនក្តី​របស់​អ្នកស្រី។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ​ឆាំង​ យុ បាន​ថ្លែង​ថា​ប្រជាជន​កម្ពុជា​នៅ​តែ​ចង​ចាំ​ការ​កាប់​សម្លាប់​រាប់​លាន​នាក់ ហើយ​លោក​ខៀវ សំផន ជា​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ម្នាក់។ លោក​បន្ត​ថា​ខ្មែរ​ក្រហម​«មិន​កែ​ចរិត» ហើយ​មក​ដល់​ពេល​នេះ​ហើយ«​នៅ​តែ​ប្រកែក»។

លោក​បញ្ជាក់​ថា៖ «គឺ​ជា​រឿង​ដែល​មិន​អាច​បំភ្លេច​បាន ទោះ​បី​ជា​គាត់ប្រឹង​ប្រែង​ប្រែ​ក្រឡាស់​ចុង​ក្រោយ ឬ​ក៏​គាត់​ស្លាប់​ទៅ ឬ​ក៏​គាត់ត្រូវ​ជាប់​ពន្ធនាគារពីរ​ជីវិត ឬ​បី​ជីវិត​យ៉ាង​ម៉េច​ក៏​ដោយ គឺ​គាត់​មិន​អាច​កែ​ប្រែ​បាន»។

តុលាការ​អាច​នឹង​ប្រកាស​សាលា​ដីកា​ស្ថាពរ​នៅ​នៅ​ចុង​ឆ្នាំ​២០​២២។ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​តុលាការ​ខ្មែរ​ក្រហម លោក នេត្រ ភក្រ្តា។ លោក​បញ្ជាក់តុលា​ការ​កំពូល​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​ឯក​សារ និង​ការ​លើក​ឡើង​របស់​ភាគី​ពាក់​ព័ន្ធ ដូច្នេះ​ទំហំ​ការងារ និង​ភាព​ស្មុគស្មាញ វា​ត្រូវ​ការ​ពេល​វេលា។

គួរ​បញ្ជាក់​ថា​លោក ខៀវ សំផន ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​តែ​ម្នាក់​គត់​ដែល​នៅ​រស់​រាន ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ក្នុង​នោះ​ក៏​មាន​ការ​ចោទ​ប្រកាន់​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​ជនជាតិ​វៀតណាម និង​ចាម។ លោក​ក៏​រង​ការចោទ​ប្រកាន់​ផ្សេង​ៗ មាន​ដូច​ជា​ការ​ផ្លាស់​ទី​លំនៅ​ប្រជា​ជន​ដោយ​បង្ខំ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ ការ​សម្លាប់​ទាហាន​របប​សាធារ​ណរដ្ឋ​ខ្មែរ ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការ​រំលោភ​សេព​សន្ថវៈ ការ​បោស​សម្អាត​នៅ​មន្ទីរ​សន្តិ​សុខ ការដ្ឋាន​ទំនប់​១​មករា ការ​ដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង និង​ការដ្ឋាន​លើក​ទំនប់​ត្រពាំង​ថ្ម​ជា​ដើម។

ក្រៅ​ពី​ស្នើ​សុំ​ឲ្យ​តុលា​ការកំពូល​ឲ្យ​មោឃ​ភាព​សាល​ក្រម និង​ការ​ចោទ​ប្រកាន់​នានា លោក ខៀវ សំផន ក៏​បាន​ស្នើ​ឲ្យ​តុលា​ការ​កែ​ប្រែ​ការ​ផ្តន្ទា​ទោស​មួយ​ជីវិត មក​ជា​ការ​ដាក់​ពន្ធនាគារ​ក្នុង​ពេល​កំណត់​ណា​មួយ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG