ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ក្ដី​ខ្មែរ​ក្រហម​ចាត់​ការ​បណ្ដឹង​សាទុក្ខ​របស់ ខៀវ សំផន ដែល​ទំនង​ជា​សញ្ញា​នៃ​ការ​ខិត​ជិត​ទី​បញ្ចប់​នៃ​តុលាការ​កូន​កាត់


លោក ខៀវ សំផន ចូលរួម​ក្នុង​សវនាការ​បណ្ដឹង​សាទុក្ខ​នៃ​សំណុំ​រឿង០០២/០២ នៅ​សាលាក្ដី​ខ្មែរក្រហម ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ៖ ញ៉ែត សុខហេង/ECCC)
លោក ខៀវ សំផន ចូលរួម​ក្នុង​សវនាការ​បណ្ដឹង​សាទុក្ខ​នៃ​សំណុំ​រឿង០០២/០២ នៅ​សាលាក្ដី​ខ្មែរក្រហម ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ៖ ញ៉ែត សុខហេង/ECCC)

សាលាក្ដី​ខ្មែរក្រហម​ កាល​ពី​ថ្ងៃ​ចន្ទ បាន​បើកសវនាការ​បណ្ដឹង​សាទុក្ខ​លើ​សំណុំ​រឿង​០០២/០២​របស់​អតីត​មេដឹក​នាំខ្មែរ​ក្រហម​លោក ខៀវ សំផន ក្នុង​អ្វី​ដែល​ហាក់​បង្ហាញ​សញ្ញា​នៃ​ការឈានទៅរក​ទីបញ្ចប់​នៃ​អង្គ​ជំនុំ​ជម្រះ​ដែល​ដំណើរ​ការ​អស់​ជាង​១០​ឆ្នាំ​មក​ហើយ។

ក្នុង​សម្លៀកបំពាក់​អាវ​រងា​ពណ៌គគី មាត់​និង​ច្រមុះ​បិទ​ដោយម៉ាស បុរសចំណាស់​វ័យ៩០​ឆ្នាំដែលមាន​បែក​ប្រជ្រុយ​ពេញ​ផ្ទៃ​ថ្ងាស គឺ​លោក ខៀវ សំផន អតីតប្រធាន​រដ្ឋ​របស់​កម្ពុជាប្រ​ជា​ធិបតេយ្យ​ ត្រូវ​បាន​គេឃើញ​មានបង្ហាញ​វត្តមានដោ​យផ្ទាល់​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​មួយសម្រាប់ក្រុម​ការពារ​ក្ដីក្នុងសា​ល​សវនាការរបស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

លោក ខៀវ សំផន ដែល​ជា​អតីត​មេខ្មែរក្រហម​ថ្នាក់ខ្ពស់​តែម្នាក់គត់​ដែល​នៅរស់​រាន ​ធ្លាប់ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារមួយជីវិតរួច​ម​កហើយ ក្នុង​សំណុំ​រឿ​ង​០០២/០១ ទាក់ទិន​នឹង​ការ​ជម្លៀស​បណ្ដេញ​ចេញ​ដោយ​បង្ខំពី​ទីក្រុង​ភ្នំពេញ និង​តំបន់​ផ្សេង​ទៀត និង​ការ​សម្លាប់​ ​ទាហាន​របប​សាធារណ​រដ្ឋ​ខ្មែរ ក្រោយ​ខ្មែរ​ក្រហ​ម​ចូល​កាន់​អំណាច​នៅ​ខែមេសា ឆ្នាំ​១៩៧៥។

សវនាការ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២/០២ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សប្ដាហ៍​នេះ នឹង​ផ្ដោតលើ​សាលដីកា​កាល​ពី​ឆ្នាំ២០១៨​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម ឱ្យ នួន ​ជា និង ខៀវ សំផន ជាប់​ពន្ធនាគារ​អស់​មួយជីវិត ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ចាម​និង​វៀតណាម ការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៥៤ និង​អំពើ​មនុស្ស​ឃាត ប្រព្រឹត្ត​ដោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។

ដោយ​សារ​តែ​លោក នួន ជា អតីត​បងធំ​ទីពីរ​នៃរបប​ខ្មែរក្រហម បាន​ស្លាប់ អំឡុង​ពេលជាប់​ឃុំខ្លួន​ក្នុង​ខែសីហា ឆ្នាំ២០១៩ បទ​ចោទ​និង​ដំណើរ​ការ​នីតិវិធី​ប្រឆាំង​រូប​លោក ក្នុង​សំណុំរឿង ០០២/០២ ត្រូវ​ផុត​រលត់។​

លោក ខៀវ សំផន មិន​បាន​ឡើង​ថ្លែង​នៅក្នុង​សវនាការ​នាថ្ងៃដំបូង​នេះ​ទេ។ តែ​លោក គង់ សំអុន ​ដែល​ជា​សហមេធាវី​ការពារក្ដី​របស់​លោក បាន​ឡើង​បង្ហាញ​សារណា ដោយ​បាន​វាយប្រហារ​លើអង្គជំនុំ​ជម្រះ​សាលា​ដំបូង ថា​បាន​«រំលោភ»នីតិវិធី ហើយ​ក្នុង​បណ្ដឹង​សាទុក្ខ​របស់​លោក​ ខៀវ សំ​ផន នោះ​បានស្នើ​អង្គជំនុំ​ជម្រះតុលាការកំពូល​របស់​សាលាក្ដី​ធ្វើមោឃភាព​លើ​សាល​ដីការបស់​សាលា​ដំបូង និង​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត។ លោក ខៀវ សំផន ក៏​បាន​ស្នើ​ឲ្យ​តុលា​ការ​កែ​ប្រែ​ការ​ផ្តន្ទា​ទោស​មួយ​ជីវិត មក​ជា​ការ​ដាក់​ពន្ធនាគារ​ក្នុង​ពេល​កំណត់​ណា​មួយ។

រូបថតដែលចេញផ្សាយដោយសាលាក្តីខ្មែរក្រហម នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ បង្ហាញឲ្យឃើញទិដ្ឋភាពទូទៅនៃដំណើរការសវនាការស្តីពីការប្តឹងសាទុក្ខរបស់ ខៀវ សំផន នៅរាជធានីភ្នំពេញ។ (AFP/Nhet Sok Heng/ECCC)
រូបថតដែលចេញផ្សាយដោយសាលាក្តីខ្មែរក្រហម នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ បង្ហាញឲ្យឃើញទិដ្ឋភាពទូទៅនៃដំណើរការសវនាការស្តីពីការប្តឹងសាទុក្ខរបស់ ខៀវ សំផន នៅរាជធានីភ្នំពេញ។ (AFP/Nhet Sok Heng/ECCC)

លោក គង់ សំអុន បាន​ចោទ​អង្គជំនុំ​ជម្រះ​សាលាដំបូង​ថាមិន​បាន​គោរព​តាម​វិធាន​ផ្ទៃក្នុងរបស់សាលាក្ដី ដោយ​មិន​ធ្វើ​សេចក្ដី​សំអាង​ហេតុ​ជា​លាយលក្ខណ៍​អក្សរ ពេល​ប្រកាស​សាលក្រម​សំណុំរឿង​០០២/០២​ កាលពីឆ្នាំ២០១៨ តែ​បាន​ធ្វើ​នៅ​រយៈ​ពេល៦ខែ​ក្រោយ​នៅ​ដើម​ឆ្នាំ២០១៩។​

«សម្រាប់​យើង ពិត​ជា​មាន​បញ្ហា ហើយ​ជា​បញ្ហា​ធំ​ទៀត​ផង គឺ​ថា​ដើម្បី​ផ្ដល់​យុត្តិធម៌ ចៅក្រ​ម​ត្រូវ​គោរព​ច្បាប់ ចៅ​ក្រម​ជា​អ្នក​ធានា​ការ​គោរព​ច្បាប់ និង​ជា​អ្នក​រក្សា​សេរីភាព​បុគ្គល និង​សិទ្ធិ​ជា​មូល​ដ្ឋាន។ បើ​ចៅក្រម​ខ្លួនឯង​មិនគោរព​នូវ​វិធាន​ច្បាប់​របស់​ខ្លួន នោះ​គឺ​ចប់តែម្ដង! នោះ​ជា​បរាជ័យក្នុង​វិស័យ​ច្បាប់ ជា​ការ​ធ្វើ​តាម​ទំនើង​ចិត្ត គ្មាន​នីតិរដ្ឋ និង​គ្មាន​ទំនុក​ចិត្ត​លើ​យុត្តិធម៌»។

សហ​ព្រះរាជ​អាជ្ញា​ជាតិ អ្នកស្រី ជា លាង បាន​ឡើង​តប​នឹង​ក្រុម​ការពារ​ក្ដី​ថាមិន​មាន​ការ​រំលោភ​បំពាននីតិវិធី​ណាមួយ ក្នុង​ការ​ចាត់ការ​លើ​សំណុំរឿង​០០២/០២​ ដោយ​សាលា​ដំបូង​ឡើយ។

សវនាការ​លើបណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង​០០២/០២នេះ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​រហូតដល់ថ្ងៃ​ព្រហស្បតិ៍ ឬ​យ៉ាងយូរ​ថ្ងៃ​សុក្រ ក្នុង​សប្ដាហ៍​នេះ ហើយ​តាម​កាលវិភាគ​តុលាការ​កំពូលរបស់សាលាក្ដី​ខ្មែរក្រហម​នឹង​ចេញសេចក្ដី​សម្រេចនៅ​ចុង​ឆ្នាំ២០២២។ នេះ​បើ​យោង​តាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​របស់​សាលាក្ដី ប្រាប់ក្រុ​មអ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃចន្ទ។

ដោយសារ​តែការខ្វែងគំនិតគ្នា​នៅ​ដំណាក់កាល​អង្គ​បុរេជំនុំជម្រះ រវាង​ភាគីជាតិ និង​ភាគី​អន្តរជាតិលើ​សំណុំ​រឿង០០៣ ប្រឆាំង​នឹង​មេទាហាន​ជើងទឹក​ខ្មែរក្រហម មាស មុត និង​សំណុំរឿង ០០៤ ​ប្រឆាំង​នឹងអតីតលេខាតំបន់១៣​របស់​ខ្មែរក្រហម យឹម ទិត្យ ដំណើរ​ការចុងក្រោយ​នៃសំណុំរឿង លោក ខៀវ សំផន នេះ អាច​បង្ហាញ​នូវសញ្ញានៃ​ការឈានទៅ​រក​ទី​បញ្ចប់​របស់សាលាក្ដី​កូន​កាត់​នេះ ដែល​បាន​ចំណាយ​ពេល១៥ឆ្នាំ និង​ចាយ​ប្រាក់​អស់​៣៣០លានដុល្លារអាមេរិក។

លោក ឡុង បញ្ញាវុឌ្ឍ អ្នក​អង្កេតការណ៍​លើ​ដំណើរការ​សាលាក្ដី បាន​ប្រាប់​វីអូអេ​ថា៖

«តើ​នៅពេលដែល​តុលាការកំពូល​ប្រកាស​នូវសាលដីកា​ទាក់ទង​នឹង​សំណុំរឿង​០០២/០២ វាជាសញ្ញា​នៅក្នុងការ​ដំណើរការ​ដាក់​បញ្ចប់​នូវប្រតិបត្តិការ​សាលាក្ដី​ខ្មែរក្រហម​ទៀត បើ​យើង​មើលជាទូទៅ វា​ស្ថិតនៅក្នុង​ទិសដៅ​បែបហ្នឹង​ហើយ ពីព្រោះ​យើង​គ្មាន​ជំនឿថា សំណុំរឿង០០៣ និង០០៤ នឹង​ឈាន​ទៅដល់ការ​ជំនុំជម្រះ​ឡើយ ដោយ​សារ​តែភាព​ខ្វែងគំនិតគ្នា​នៅ​ក្នុង​ការ​ចេញដីកា​ដំណោះស្រាយ​រៀង​ខ្លួន​ ហើយ​អង្គបុរេ​មិនអាច​រកសំឡេង​គាំទ្រ​លើសលប់​បាន​នៅ​ក្នុង​ការ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ»។

រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ខ្លួន​លោក​ផ្ទាល់​ធ្លាប់​ជា​អតីត​មេបញ្ជាការអង្គភាពយោធា​មួយនៅតំបន់បូព៌ារបស់ខ្មែរក្រហម​ផង​ដែរ មុន​នឹង​ភៀស​ខ្លួន​ទៅ​វៀតណាម​ក្នុង​ឆ្នាំ​១៩៧៧ បាន​សម្ដែងការ​ជំទាស់មិនចង់​ឱ្យតុលាការខ្មែរ​ក្រហម​ដំណើរ​ការ​ហួសពី​សំណុំរឿង០០២​ឡើយ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្ដី បាន​លើកឡើង​ថា លោក​មិនដឹងច្បាស់​លាស់​ឡើយថា​ដំណើរ​ការបង្ហើយ​នៃ​សំណុំរឿង​០០២/០២នេះ ជាសញ្ញា​នៃការ​ឈាន​ទៅ​បិទបញ្ចប់​សាលាក្ដី​ឬ​យ៉ាងណា តែ​បានរំលេចពី​ភាព​ជាប់គាំង​ខ្វែងគំនិត​រវាង​ភាគីជាតិ និង​ភាគី​អន្តរជាតិ​លើ​សំណុំរឿង​០០៣ និ​ង​០០៤។

«អ៊ីចឹង​អ្វីដែល​ដំណើរការ​ពី​ពេល​នេះ រហូត​ដល់​ចុង​ឆ្នាំ២០២២ យើងខ្ញុំ​មិន​ទាន់​បាន​ច្បាស់លាស់ថា​តើ នៅ​ចុងឆ្នាំ​២០២២ នៅ​ពេល​ដែល​ប្រកាស​សាលដីកា​ស្ថាពរ​លើ​សំណុំរឿង​០០២/០២​នេះបិទ​បញ្ចប់ ជា​ដំណើរការបិ​ទ​បញ្ចប់​ទាំងស្រុង​នៃ​សាលាក្ដី​នេះ​ដែរ​ទេ?»។

អ្នកនាំពាក្យរូបនេះ​បានបន្ថែមថា តុលាការ​នៅមាន​កិច្ចការ​មួយ​ចំនួនទៀត ដូច​ជា​ការ​រៀបចំនីតិវិធី​បិទ​បញ្ចប់ និង​រៀបចំ​ទុកដាក់​ឯកសារ​ជាង២លាន​ទំព័រ​ដែល​ចងក្រង​បានពី​សំណុំរឿង០០១ ដល់​សំណុំ​រឿង០០២​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG