ក្រុមជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហម បានស្នើឲ្យសាលាក្តីខ្មែរក្រហមបញ្ចប់ដំណើរការជំនុំជម្រះរបស់ខ្លួននៅត្រឹមសំណុំរឿង០០២ និងងាកផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើការគាំទ្រផ្នែកសុខភាពរបស់ជនរងគ្រោះដែលជាអ្នកនៅរស់រានមានជីវិតពីរបបនោះវិញ។
សំណើនេះ ធ្វើឡើងខណៈអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម គ្រោងនឹងបើកសវនាការចាប់ពីថ្ងៃទី១៦ដល់១៩ខែសីហានេះលើបណ្តឹងសាទុក្ខក្នុងសំណុំរឿងក្តី០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន ដែលត្រូវបានតុលាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋមួយចំនួនទៀត។
លោក ប៊ូ ម៉េង អតីតអ្នកទោសម្នាក់ក្នុងគុកទួលស្លែងនៃរបបខ្មែរក្រហម ដែលបច្ចុប្បន្នមានអាយុ៨១ឆ្នាំ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅថ្ងៃទី១១ខែសីហាថាលោកចង់ឲ្យសាលាក្តីខ្មែរក្រហមគិតគូរផ្តល់ការគាំទ្រសុខភាពដល់រូបលោកដូចដែលសាលាក្តីបានធ្វើចំពោះអតីតមេដឹកនាំខ្មែរក្រហមដូច្នោះដែរ។
លោកថ្លែងថា៖ «អារម្មណ៍ខ្ញុំតូចចិត្តខ្លាំងណាស់ដូចមេឃនិងដីអញ្ចឹង។ គេអត់គិតគូរយើង គេគិតគូរតែមេខ្មែរក្រហមនោះ។ ចំណែកយើងគេអត់គិត គេឲ្យនៅទីណាត់ទីណែង»។
លោក ខៀវ សំផន វ័យ៩០ឆ្នាំ អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម ដែលកំពុងជាប់ឃុំ បានទទួលសេវាថែទាំសុខភាពជាប្រចាំ ជាផ្នែកមួយដែលមន្ត្រីសាលាក្តីខ្មែរក្រហមនិយាយថា គឺការអនុលោមតាមបទដ្ឋានអន្តរជាតិនៃសាលាក្តី ដើម្បីធានាសុខភាពជនជាប់ចោទក្នុងដំណើរការជំនុំជម្រះក្តី។
ប៉ុន្តែ អ្នកស្រី ដួង ឈុន្នី ភរិយារបស់លោក ប៊ូ ម៉េង បានថ្លែងទន្ទឹមពេលជាមួយគ្នាក្នុងបទសម្ភាសន៍ជាមួយវីអូអេដែរថាវាអយុត្តិធម៌សម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហមដូចជាប្តីប្រពន្ធរបស់អ្នកស្រី ដែលមិនទទួលបានការថែទាំសុខភាព។
អ្នកស្រីបញ្ជាក់ថា៖ «រឿងហ្នឹងវាអត់មានយុត្តិធម៌ទេ ព្រោះអីមេខ្មែរក្រហមធ្វើបាបប្រជាជនប្រជារាស្ត្រទូទាំងប្រទេសហើយ ដល់ហើយមានមណ្ឌលសុខភាពការពារគាត់ទាំងយប់ទាំងថ្ងៃ។ ចំណែកពួកខ្ញុំជនរងគ្រោះ អត់នៅតែអត់ដដែលហ្នឹង»។
អ្នកស្រី ឈុន្នី ទទូចឲ្យសាលាក្តីខ្មែរក្រហមនិងសហគមន៍អន្តរជាតិ សាងសង់មន្ទីរពេទ្យឬមណ្ឌលសុខភាពសម្រាប់ទទួលព្យាបាលជនរងគ្រោះដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយឥតគិតថ្លៃ។
លោក ជុំ ម៉ី អតីតអ្នកទោសក្នុងគុកទួលស្លែងម្នាក់ទៀត បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេថាសាលាក្តីខ្មែរក្រហមដែលចំណាយថវិកាជាង៣០០លានដុល្លារតាំងពីការចាប់ផ្តើមក្នុងឆ្នាំ២០០៦មកនេះល្មមដល់ពេលបញ្ចប់ការយកចិត្តទុកដាក់របស់ខ្លួនត្រឹមសំណុំរឿងក្តី០០២ដែលពាក់ព័ន្ធនឹងអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន នេះ ហើយងាកទៅផ្តោតលើបញ្ហាសុខភាពជនរងគ្រោះនៃរបបខ្មែរក្រហមដែលកាន់តែមានវ័យចាស់ជរាវិញម្តងហើយ។
លោក ជុំ ម៉ី ថ្លែងថា៖ «អា០០៣និង០០៤ បើយើងកុំនេះ(បន្តកាត់ក្តី) យើងបញ្ចប់ត្រឹមអា០០២ ហើយយើងយកលុយពីអា០០៣និង០០៤ហ្នឹងមកកសាងមន្ទីរពេទ្យ គឺល្អមែនទែន ល្អណាស់។ យើងកាត់ទៅមុខធ្វើអី វាអត់ប្រយោជន៍ទេ។ យ៉ាងម៉ិចក៏វានៅតែដដែលៗ ច្រំដែលៗហ្នឹង»។
សាលាក្តីខ្មែរក្រហមដែលមានការចូលរួមពីភាគីកម្ពុជានិងអង្គការសហប្រជាជាតិ បាននាំខ្លួនអតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមមកជំនុំជម្រះទោសចំពោះការទទួលខុសត្រូវលើការស្លាប់បាត់បង់ជីវិតមនុស្សប្រមាណ១លាន៧សែននាក់ក្នុងរបបខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។
មេដឹកនាំខ្មែរក្រហមទាំងនេះ ភាគច្រើនបានស្លាប់ដោយសារជំងឺផ្សេងៗក្នុងពេលនិងក្រោយពេលសំណុំរឿងក្តីរបស់ពួកគេកំពុងដំណើរការឬបានបញ្ចប់។ ក្នុងនោះរួមមានអតីតមេគុកទួលស្លែង កាំង ហ្គេចអ៊ាវហៅឌុច និងអតីតប្រធានសភាលោក នួន ជា ព្រមទាំងអតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមលោក អៀង សារីនិងភរិយារបស់លោកគឺអ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចផងដែរ។
បច្ចុប្បន្នក្រៅពីសំណុំរឿង០០២ពាក់ព័ន្ធនឹងលោក ខៀវ សំផន សាលាក្តីខ្មែរក្រហមក៏នៅមានសំណុំរឿងសេសសល់ពីរទៀតគឺ០០៣ពាក់ព័ន្ធនឹងលោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម និង០០៤ ពាក់ព័ន្ធនឹងលោក យឹម ទិត្យ អតីតលេខាតំបន់១៣ក្នុងសម័យខ្មែរក្រហម។
ប៉ុន្តែ លោក ជុំ ម៉ី ថ្លែងថា សាលាក្តីកូនកាត់នេះ គួរតែផ្តោតត្រឹមសំណុំរឿង០០២ហើយប្រើប្រាស់ថវិកាដែលខ្លួននៅមានទៅលើការគាំទ្រសុខភាពរបស់ជនរងគ្រោះនៃរបបខ្មែរក្រហមវិញ ជាជាងទៅលើសំណុំរឿងសេសសល់ចុងក្រោយគេទាំងពីរនោះ។
លោកថ្លែងថា៖ «អត់សំខាន់ទេ ពួកនោះអត់សំខាន់ទេ។ វាបញ្ជាពីអា០០១និង០០២ទៅទេ។ វាអត់សំខាន់ទេអា០០៣និង០០៤ហ្នឹង។ អាហ្នឹងសុទ្ធតែអ្នករាយរង សុទ្ធតែកម្មាភិបាលតូចតាចទេ មិនទទួលអីធំដុំទេ»។
អតីតអ្នកទោសគុកទួលស្លែងឬស២១ដែលសព្វថ្ងៃមានអាយុ៩០ឆ្នាំរូបនេះ បន្ថែមថា លោកចង់ឃើញមានសំណងជាមន្ទីរពេទ្យឬមណ្ឌលសុខភាពសម្រាប់ព្យាបាលជនរងគ្រោះនៃរបបខ្មែរក្រហម ក្នុងពេលលោកនៅមានជីវិតរស់នៅ។
លោកថ្លែងថា៖ «ទោះបីជាខ្ញុំស្លាប់ទៅ ក៏អាសំណងហ្នឹងនៅសម្រាប់ជនរងគ្រោះជំនាន់ក្រោយដែរ»។
វីអូអេ មិនទាន់អាចទាក់ទងក្រុមមេធាវីការពារក្តីជនជាប់ចោទនិងភាគីក្នុងសំណុំរឿងដែលនៅសេសសល់ទាំងនេះបាននៅឡើយទេនៅត្រឹមថ្ងៃទី១២ខែសីហា ខណៈសំណុំរឿងទាំងនេះ នៅមានការខ្វែងគំនិតគ្នារវាងភាគីជាតិនិងអន្តរជាតិលើចំណាត់ការនីតិវិធីរួមទាំងការកំណត់ថាតើជនត្រូវចោទក្នុងសំណុំរឿង០០៣ និង០០៤នេះ ស្ថិតក្នុងយុត្តាធិការរបស់សាលាក្តីឬមានន័យថាតើពួកគេជាមេដឹកនាំជាន់ខ្ពស់ឬជាអ្នកទទួលខុសត្រូវខ្ពស់បំផុតឬមិនមែន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បដិសេធមិនធ្វើអត្ថាធិប្បាយថាតើសំណុំរឿង០០៣និង០០៤នេះនឹងត្រូវសម្រេចយកទៅជំនុំជម្រះឬទម្លាក់ចោលបទចោទឬក៏ត្រូវដាក់ចូលក្នុងបណ្ណសារហើយឥតចាត់ការបន្តទៀតឬយ៉ាងណា។
លោកថ្លែងថា៖ «ខ្ញុំមិនទាន់អត្ថាធិប្បាយទៅលើបញ្ហានេះទេ។ វាជាការសម្រេចរបស់តុលាការបាទ»។
ប៉ុន្តែ ទាក់ទិននឹងបញ្ហាសំណងសម្រាប់ជនរងគ្រោះ លោកមានប្រសាសន៍ថាការកៀរគរថវិកាដើម្បីអនុវត្តគម្រោងទៅតាមការស្នើសុំរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម ត្រូវដាក់ជូនទៅអង្គជំនុំជម្រះ ដើម្បីពិនិត្យនិងសម្រេច។
លោកបន្ថែមថា៖ «អ្វីដែលខ្ញុំអាចបញ្ជាក់បាននៅចំពោះមុខសាលាក្តីខ្មែរក្រហមនេះ សំណងដែលតុលាការអាចសម្រេចផ្តល់ទៅឲ្យបានគឺទាល់តែសំណងនោះ អាចអនុវត្តបានហើយមានថវិកាគ្រប់គ្រាន់សម្រាប់ការអនុវត្ត»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌកឯកសារកម្ពុជា ដែលបានតាមដានសង្កេតមើលដំណើរការរបស់សាលាក្តីនេះ ថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមសារអេឡិចត្រូនិកថាកម្ពុជា អាចក្លាយជាប្រទេសដំបូងគេមួយដែលជនរងគ្រោះនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍និងអំពើឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ទទួលបានសំណងពាក់ព័ន្ធនឹងការស្តារឡើងវិញនូវការថែទាំសុខភាពនិងសេវាកម្មសង្គមផ្សេងៗ។
លោកបានសរសេរក្នុងន័យដើមថា៖ «ការផ្ដល់ជូនការគាំទ្រដល់សុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គួរតែជាសមាសភាគនៃការខិតខំប្រឹងប្រែងណាមួយដើម្បីស្ដារឡើងវិញនូវយុត្តិធម៌ ឬយុត្តិធម៌អន្តរកាលនៃសង្គមក្រោយជម្លោះ»។
យ៉ាងណាក៏ដោយ ជនរងគ្រោះនៃរបបខ្មែរក្រហម នៅតែរំពឹងថាពួកគេនឹងទទួលបានយុត្តិធម៌បើសំណើខាងសុខភាពរបស់ពួកគេត្រូវបានបំពេញ។
លោក ប៊ូ ម៉េង ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមដោយសារតែជំនាញគូររូបរបស់លោក មានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្ត ប្រសិនបើមានមន្ទីរពេទ្យសម្រាប់មើលសុខភាពជនរងគ្រោះហ្នឹង ដូចមេខ្មែរក្រហម អាហ្នឹងខ្ញុំសប្បាយចិត្តទៅវិញបាទ»។
ក្រុមជនដែលនៅរស់រានមានជីវិតពីគុកទួលស្លែង ស ២១ទាំងពីររូបដែលជាសាក្សីសំខាន់បំផុតរួមទាំងជនរងគ្រោះដទៃទៀតធ្លាប់ចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណីផ្តល់សក្ខីកម្មភ័ស្តុតាងក្នុងដំណើរការសាលាក្តីតាំងពីសំណុំរឿង០០១ ប្រឆាំងនឹងកាំងហ្គេច អ៊ាវហៅឌុច ប្រធានគុកទួលស្លែងដែលត្រូវដាក់ទោសអស់មួយជីវិតចំពោះការកាប់សម្លាប់អ្នកទោសជាង១ម៉ឺន២ពាន់នាក់និង សំណុំរឿង ០០២ វគ្គ១រួមមាន ខៀវ សំផនផងដែរ។ អ្នករស់រានមានជីវិតទាំងពីរនិងក្រុមរបស់លោកផ្សេងៗទៀតដែលជាតំណាងជនរងគ្រោះនៃរបបខ្មែរក្រហមបានបន្តទាមទារសំណងជាច្រើនទោះជាមិនបានទទួលសំណងផ្ទាល់ខ្លួននិងសំណងអ្វីផ្សេងក៏ទទួលបានសំណងសមូហភាពមួយចំនួនរួមទាំងស្តូបរំលឹកការចងចាំនិងទីកន្លែងគោរពបូជាជនរងគ្រោះនៅតាមកន្លែងឧក្រិដ្ឋកម្មដ៏ឃោរឃៅសំខាន់ៗផងដែរ៕