ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រងគ្រោះ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ដោយ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ឆាប់ៗ


អ្នក​ចូល​រួម​ប្រមាណ​ជាង​៤០០​នាក់​មក​ពី​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​​ និង​​សមាជិក​មក​ពី​ក្រុម​អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​នៅ​ក្បែរ​រូប​សំណាក​លោក​យាយ​ពេញ ​ចំ​ពី​មុខ​វត្តភ្នំ។
អ្នក​ចូល​រួម​ប្រមាណ​ជាង​៤០០​នាក់​មក​ពី​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​​ និង​​សមាជិក​មក​ពី​ក្រុម​អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​នៅ​ក្បែរ​រូប​សំណាក​លោក​យាយ​ពេញ ​ចំ​ពី​មុខ​វត្តភ្នំ។
ភ្នំពេញ៖ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំ​នៅ​ដ្ឋាន​ពិភព​លោក​របស់​ជន​រង​គ្រោះ​ដីធ្លី​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិលនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​ជាមួយ​ក្រុម​អាជ្ញាធរ​និង​ការ​រារាំង​ពី​ក្រុម​សមត្ថកិច្ចខណៈ​ដែល​ពួក​គេ​ព្យាយាម​ធ្វើ​ការ​ដង្ហែរ​ក្បួន​ក្នុង​ចម្ងាយផ្លូវ​ខ្លី​ដើម្បី​យកញ្ញត្តិ​ដាក់​ជូន​អភិបាល​សាលា​រាជធានី​ភ្នំពេញ។

មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​៤០០​នាក់​មក​ពី​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញដូចជា​សហគមន៍​បុរីកីឡា​និង​បឹង​កក់​និ​ង​មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​បូករួម​ទាំង​សមាជិក​មក​ពី​ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​នៅ​ក្បែរ​រូប​សំណាក​លោក​យាយ​ពេញ ​ចំ​ពី​មុខ​វត្តភ្នំ​ដើម្បី​រំលឹក​ពី​ការ​រងគ្រោះ​របស់​ពួកគេ​ក្នុង​ទំនាស់​ដីធ្លី​និង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ជន​រងគ្រោះ​ដោយ​បាតុភាព​សង្គម​នេះ។​ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ប្រាព្ធ​ពិធី​ពិភព​លោក​នេះ អាជ្ញាធរ​ខណ្ឌដូន​ពេញ​បាន​បណ្តេញ​ពួក​គេ​ចេញ​តាមរយៈ​សេចក្តី​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ។

ក្រុម​ចូល​រួម​បាន​សង់​ផ្ទះអំពី​បន្ទះ​ឈើ​ស្តើងៗ​មួយ​ដែល​ប្រក់​ដំបូល​ដោយ​សំពត់​កៅស៊ូ​តំណាង​ឲ្យ​សេចក្តី​ត្រូវ​ការ​លំនៅ​ដ្ឋាន។ ដោយឡែក​ពួក​គេ​ពាក់​អាវ​យឺត​ពណ៌ស​ដែល​មាន​សរសេរ​អក្សរ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភពលោក។​ ​អ្នក​ចូល​រួម​ខ្លះ​ទៀត​មាន​កាន់​ផ្ទាំង​បដា​ធំៗ​ដែល​មាន​សរសេរ​ថា«​ការ​អភិវឌ្ឍ​ដោយ​គ្មាន​ដំណោះស្រាយ​គឺជា​មហន្តរាយ​របស់​ជាតិ»​និង​«បញ្ឈប់​ការអភិវឌ្ឍ​លើ​ទឹក​ភ្នែក​រាស្ដ្រ»​ជាដើម។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ពេជ្រ ​លឹមឃួន ​តំណាង​អ្នក​ភូមិបុរី​កីឡា​ដែល​ទទួល​រង​ការ​បណ្តេញ​ចេញ​ថ្លែង​រំលឹក​ពី​ការ​បណ្តេញ​ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​របស់​លោក​និង​បាន​ស្នើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​សេរី​ភាព​ក្នុង​ការ​មាន​លំ​នៅ​ដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ។

«ថ្ងៃនេះ​ទិវាសិទ្ធិ​លំនៅដ្ឋាន​ខ្ញុំ​សូម​ទាមទារ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​មាន​សិទ្ធិ​រស់​នៅ​ មាន​ផ្ទះ​សម្បែង​ឲ្យ​បាន​សមរម្យ​ដូចគ្នា»។

ស្ត្រី​ម្នាក់​តំណាង​ក្រុម​អ្នកតវ៉ា​បាន​ឡើង​អាន​ញ្ញត្តិ​ផ្ញើ​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​និង​នគររូបនីយកម្ម​ដោយ​រៀបរាប់ថា​ប្រជាពល​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ច្រើន​ជាង​ដប់​ភាគរយ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅ​ដ្ឋាន​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ។ ដោយឡែក​ពល​រដ្ឋ​ច្រើន​ជាង​៤០០​ ០០០នាក់​នៅ​តាម​បណ្តា​ខេត្ត​ទទួល​រង​ផល​ប៉ះពាល់​ចាប់តាំង​ពី​ឆ្នាំ​២០០៣​មក។

«ដោយសារ​តែ​តម្លៃ​ដីធ្លី​ឡើង​ខ្ពស់​កប់​ពពក​ប្រជា​ពលរដ្ឋ​ចំនួន​១៥០​០០០​នាក់​នៅ​រាជ​ធានី​ភ្នំពេញ​ ប្រជា​ពលរដ្ឋ​ជាង​៤០០​ ០០០​ នាក់​នៅ​ជនបទ​គ្មាន​ទី​ជំរក​។ភាគច្រើន​នៃ​ពួក​គេ​ត្រូវ​គំរាម​កំហែង​និង​បំភិត​បំភ័យ​ឲ្យ​ចាកចេញ​ពី​លំនៅ​ដ្ឋាន​និង​ដីធ្លី។​ប្រជា​ពលរដ្ឋ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ឃើញ​លំនៅ​ដ្ឋាន​និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ។​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ទទួល​រង​ការ​វាយដំ​ ចាប់​ខ្លួន​និង​រង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់។ ប្រជា​ពលរដ្ឋ​ដែល​ភៀស​ខ្លួន​ចេញ​ពី​លំនៅ​ដ្ឋាន​និង​ភូមិដ្ឋានបាន​ទទួល​សេវា​អប់រំ​និង​សុខភាព​តិចតួច ​បាត់​បង់​មុខរបរ​និង​បញ្ចប់​ដោយវិល​ទៅ​រក​ភាព​ក្រីក្រ»។

ក្រោយពី​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នានា​ក្រុម​ប្រជា​ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ដង្ហែរ​ក្បួន​ទៅ​កាន់​សាលា​រាជ​ធានី​ភ្នំពេញ​ដែល​នៅទីនោះ​តំណាង​របស់​ពួក​គេ​ដាក់​ញ្ញត្តិ​មួយ​ជូន​លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​ប៉ា ​សុជាតិវង្ស​ដើម្បី​ឲ្យ​ស្វែង​រក​ដំណោះស្រាយ​ដល់​ដីធ្លី​និង​លំនៅ​ដ្ឋាន​របស់​ពួក​គេ​ដែល​កំពុង​មាន​ទំនាស់។

ប៉ុន្តែ​ក្រុម​កង​រាជអាវុធ​ហត្ថ​ប្រឆាំង​បាតុកម្មប្រដាប់​ដោយ​ខែល​និង​ដំបង​បាន​ដាក់​របាំង​និង​រារាំង​ពួក​គេ​មិនឲ្យ​ចេញ​ផុត​ពី​កន្លែង​ប្រមូល​ផ្តុំ។ យ៉ាងណា​ក៏ដោយ​ក្រុម​អ្នក​តវ៉ា​ដែល​មាន​ព្រះ​សង្ឃ​ជាច្រើន​អង្គ​នាំមុខ​បាន​បុកទ​ម្លាយ​របាំង​របស់​កង​រាជ​អាវុធហត្ថ​ជាច្រើន​អន្លើ។ ក្រោយ​មក​បាតុករ​បាន​ដើរ​សសៀ​កាត់​មុខ​របង​ស្ថានទូត​សហ​រដ្ឋអាមេរិក​ កាត់​តាម​ផ្លូវ​អម​សួន​ច្បារ​ខាង​លិច​វត្ត​ភ្នំ ​និង​បន្ត​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ។ នៅ​ទី​នោះ​កង​រាជ​អាវុធ​ហត្ថ​បាន​រាំង​ខ្ទប់​ពួក​គេ​មិនឲ្យ​ចូល​ដាក់ញ្ញត្តិ​ជូន​អភិបាល​ក្រុង​ភ្នំពេញទេ​និង​មាន​ការប៉ះទង្គិច​គ្នា​តិច​តួច។

ក្រោយ​ពី​មាន​ការ​សម្រប​សម្រួល​ពី​អង្គការ​សិទ្ធិ​មនុស្ស​តំណាង​អ្នក​តវ៉ា​ចំនួន​ប្រាំរូប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​លោក​កើត​ ឆែ ​នាយក​រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ។

លោក​ពៅ​ បញ្ញា​ តំណាង​សហគមន៍​៣៤៧ ​ក្នុង​ភូមិ​៣​សង្កាត់​បឹង​កក់១ ​ក្រុង​ភ្នំពេញ​គឺ​ជា​តំណាង​ម្នាក់​ដែល​បាន​ចូល​ជួប​លោក​កើត ​ឆែ។​ លោក​បាន​បញ្ជាក់​ថា៖

​«អ្វី​ដែល​ពួក​យើង​ទាមទារ​បំផុត​ក្នុង​ថ្ងៃ​នេះ​គឺ​ឲ្យ​រដ្ឋា​ភិបាល​អាណត្តិទី​៥​នេះ​ក៏​ដូចជា​សាលា​រាជ​ធានី​ភ្នំពេញ​ទទួល​ស្គាល់​សហគមន៍​ដីធ្លី​ក្រីក្រ​គឺ​ជា​តំបន់​ស្រប​ច្បាប់។ ហើយ​បញ្ឈប់​ការ​បណ្តេញ​ចេញ​នៅ​ទូទាំង​ប្រទេស។​ប្រសិន​បើ​ពួក​ខ្ញុំ​ដាក់​ញ្ញត្តិ​ហើយ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ ​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​តែ​មិន​អើពើ ​នៅ​តែ​មិនដោះ​ស្រាយ​ពួក​ខ្ញុំ​នឹង​តស៊ូ​លុះ​ដល់​ថ្ងៃ​ស្លាប់»។

លោក​កើត ​ឆែ ​មិន​ធ្វើ​អ​ត្ថាធិ​ប្បាយ​ទេ​ដោយ​លោក​ផ្ទេរ​សំណួរ​ទៅ​កាន់​លោកឡុង​ ឌីម៉ង់ ​អ្នកនាំ​ពាក្យ​សាលា​រាជ​ធានីភ្នំ​ពេញ​វិញ។

ដោយឡែក​លោក​ឡុង​ ឌីម៉ង់ ​មិន​អាច​ទាក់​ទង​បាន​ទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាងណា​យោង​តាម​តំណាង​ក្រុម​អ្នកតវ៉ា​ឲ្យ​ដឹង​ថា​លោក​កើត​ ឆែ​ បាន​ប្រាប់​ពួក​គេ​ថា​សាលា​រាជ​ធានី​ភ្នំពេញ​នឹង​ចាប់​ផ្តើម​ដោះ​ស្រាយ​បញ្ហា​ពួក​គេ​ហើយ​នឹង​ជូន​ដំណឹង​មក​ពួក​គេ​វិញ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត។

លោក​អ៊ី ​សារុំ ​ប្រធាន​សមាគម​ធាងត្នោត​ដែល​ធ្វើ​សកម្ម​ក្នុង​កិច្ចការ​លំនៅ​ដ្ឋាន​ផងដែរ​យល់​ថា​ការ​ដោះ​ស្រាយ​វិបត្តិ​សង្គម​ខាង​លើ​នេះ​ទាមទារ​ឲ្យ​មាន​ភាគី​ជាច្រើន​ចូល​រួម​ដោយ​តម្លាភាព។
«ករណី​ជាក់ស្តែង​ដែល​បន្ត​នៅ​មាន​ការទាមទារ​នេះ​គឺ​សកម្មជន​ខាង​ដីធ្លី ​ខាង​ផ្ទះ​សម្បែងដូចជា​ករណី​អ្នកស្រី​យ៉ោម​ បុប្ផា​ ជាដើម។​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ដោះស្រាយ​នោះ​គឺ​ត្រូវ​ពិភាក្សា ​ចរចា​រក​ដំណោះ​ស្រាយ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ការ​ពិត​ប្រាកដ​ហើយ​អ្វី​ដែល​រដ្ឋា​ភិបាល​អាច​ធ្វើ​ទៅ​បាន​និង​តាម​ការ​សន្យា​កន្លង​មក​ដោយ​មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល​ ប្រជា​ពល​រដ្ឋ​អ្នក​រង​ផល​ប៉ះ​ពាល់​ពិត​ប្រាកដ​ខ្ញុំ​ជឿ​ថា​បញ្ហា​នឹង​ត្រូវ​បាន​ដោះស្រាយ»។

ដោយឡែក​លោក​ចាន់ សាវ៉េត ​អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​បាន​តាម​ឃ្លាំ​មើល​អធិប្បាយ​លើ​ការ​រារាំងលើ​កា​រដង្ហែរ​ក្បួន​របស់​ក្រុម​អាជ្ញាធរ​ថា៖

«ជា​ការ​គំរាម​កំហែង​សំឡុត​ស្មារតី​ដែរ​ប៉ុន្តែ​ប្រជាជន​នៅ​តែ​ខំ​ប្រឹង​តស៊ូ​ទាល់​តែ​បាន​រហូត​ដល់​យក​ញ្ញត្តិ​ដាក់​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ជោគជ័យ​ទៀត»។

លោក​អំ ​សំអាត​ ប្រធាន​គ្រប់​គ្រង​ការិ​យាល័យ​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​ជម្រក​សមរម្យ​សម្រាប់​ពល​រដ្ឋ​ដែល​កំពុង​រង​គ្រោះ៕
XS
SM
MD
LG