ការសម្រេចរបស់បណ្តាញសង្គម Twitter ដើម្បីរាំងខ្ទប់ការផ្សព្វផ្សាយព័ត៌មានអំពីលោក Hunter Biden កូនប្រុសរបស់អតីតអនុប្រធានាធិបតី Joe Biden បានបន្ថែមការពិភាក្សាដ៏ក្តៅគគុករួចហើយ នៅក្នុងសហរដ្ឋអាមេរិក អំពីថា តើក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមមានអំណាចខ្លាំងពេក ហើយតើនេះជាការវិនិច្ឆ័យដែលអាចមានឥទ្ធិពលលើការបោះឆ្នោតសហរដ្ឋអាមេរិក ឬក៏យ៉ាងណា។
អ្នកខ្លះបានសរសើរចំណាត់ការរបស់ក្រុមហ៊ុន Twitter ថា ជាជំហរមួយប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ អ្នកខ្លះទៀតបានរិះគន់ការសម្រេចរបស់ក្រុមហ៊ុន Twitter ថា មានភាពលម្អៀង ទប់ស្កាត់ការនិយាយស្តីក្នុងវិធីមួយ ដែលអាចប៉ះពាល់លទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិក។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ម្ចាស់ក្រុមហ៊ុន Twitter និង Facebook និង Google ហើយនិង Youtube បានបង្កើនវិធានការរឹតត្បិតការរាលដាលនូវអ្វីដែលពួកគេពណ៌នាថា ជាព័ត៌មានក្លែងក្លាយនិងសម្តីជ្រុលនិយម នៅលើគេហទំព័ររបស់ខ្លួន។ ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៦ មក ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមបានរងការរិះគន់ថា មិនបានធ្វើឲ្យល្មមគ្រប់គ្រាន់ ដើម្បីបញ្ឈប់ព័ត៌មានក្លែងក្លាយនៅលើសេវាកម្មរបស់ខ្លួន។
នៅសប្តាហ៍នេះ ក្រុមហ៊ុន Twitter បានរារាំងខ្ទង់គណនីយមួយចំនួននៅលើបណ្តាញសង្គមរបស់ខ្លួន នៅពេលដែលពួកគេបានព្យាយាមផ្សព្វផ្សាយអត្ថបទរបស់កាសែត New York Post ដែលគេសន្មតថា ជាការឆ្លើយឆ្លង e-mail រវាងលោក Hunter Biden និងមន្ត្រីជនជាតិអ៊ុយក្រែនម្នាក់ អំពីការណាត់ជួបជាមួយលោក Joe Biden ដែលនៅពេលនោះលោកគឺជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ហើយដែលត្រូវជាឪពុករបស់លោក Hunter Biden។
អត្ថបទនោះត្រូវបានអះអាងថាផ្អែកលើកំណត់ត្រាមកពីកំព្យូទ័រ ដែលបានចោទប្រកាន់ថា លោក Hunter Biden បានបោះបង់ចោល។ លោក Rudy Giuliani មេធាវីរបស់លោកប្រធានាធិបតី Donald Trump បានផ្តល់កំណត់ត្រាតាមកំព្យូទ័រនោះ ឲ្យកាសែត New York Post៕