ក្រុមហ៊ុន Facebook, WhatsApp, Telegram, Google និង Twitter នឹងបដិសេធសំណើរបស់មន្ត្រីអនុវត្តច្បាប់ណាមួយ ដែលស្នើសុំទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងទីក្រុងហុងកុង ស្របពេលក្រុមហ៊ុនទាំងនេះ វាយតម្លៃលើផលប៉ះពាល់នៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង ដែលបានអនុម័តកាលពីសប្ដាហ៍មុន។
ក្រុមហ៊ុន Facebook និង WhatsApp បានបញ្ជាក់កាលពីថ្ងៃច័ន្ទម្សិលមិញថា ពួកគេនឹងផ្អឹបទុកការត្រួតពិនិត្យនៃសំណើរបស់រដ្ឋាភិបាលដែលស្នើសុំទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងទីក្រុងហុងកុង «ដោយរង់ចាំលទ្ធផលនៃការវាយតម្លៃបន្ថែមលើច្បាប់សន្តិសុខជាតិថ្មី ដែលក្នុងនោះរួមមានទាំងការត្រួតពិនិត្យហ្មត់ចត់លើបញ្ហាសិទ្ធិមនុស្សកាលពីលើកមុនៗ និងការប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិផងដែរ»។
ក្រុមហ៊ុន Telegram បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ខ្លួន «មិនដែលចែកចាយទិន្នន័យណាមួយជាមួយនឹងអាជ្ញាធរទីក្រុងហុងកុងកាលពីមុននោះទេ ហើយមិនមានបំណងឆ្លើយតបចំពោះសំណើសុំទិន្នន័យណាមួយទាក់ទិននឹងអ្នកប្រើប្រាស់នៅទីក្រុងហុងកុងនោះឡើយ»។
ចំណែកឯក្រុមហ៊ុន Twitter និង Google វិញ ក៏បានបញ្ជាក់ស្រដៀងគ្នានេះដែរថា ខ្លួនផ្អឹបទុកសំណើរបស់អាជ្ញាធរហុងកុង ដែលស្នើសុំទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយរង់ចាំការវាយតម្លៃលើច្បាប់សន្តិសុខថ្មីនេះជាមុនសិន។
កន្លងមក បណ្ដាញសង្គមអនឡាញនានាដូចជា Facebook, Instagram, Twitter និង WhatsApp ជាដើម អាចដំណើរការដោយសេរីនៅក្នុងទីក្រុងហុងកុង ប៉ុន្តែត្រូវបានរារាំងនៅចិនដីគោក៕