របាយការណ៍នេះក៏បានបង្ហាញថា អ្នកដែលពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយដើម្បីទទួលបានព័ត៌មាន ទំនងជាបានព្រងើយកន្តើយជាមួយសារណែនាំរបស់រដ្ឋាភិបាល អំពីការស្នាក់នៅក្នុងផ្ទះ ដើម្បីការពារសុវត្ថិភាព នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ និងទំនងជាមិនបានគោរពតាមបទបញ្ជារបស់រដ្ឋាភិបាលឡើយ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Kings College London និងក្រុមហ៊ុនស្ទង់មតិ Ipsos MORI បានសិក្សាពីទ្រឹស្តីបំផុសបំផុលមួយចំនួនជុំវិញការរាតត្បាតនៃជំងឺកូវីដ១៩ នេះ។
លោក Daniel Allingtonសហអ្នកនិពន្ធនៃរបាយការណ៍នេះ បានផ្ដល់បទសម្ភាសន៍មួយដល់ VOA តាមកម្មវិធី Skypeថា៖ «យើងឲ្យនិយមន័យទ្រឹស្តីបំផុសបំផុលថា ជាការពន្យល់អំពីការរាតត្បាតនៃជំងឺកូវីដ១៩ទាំងឡាយណា ដែលបង្ហាញថា វីរុសនេះត្រូវបានបង្កើតឡើងដោយសិប្បនិម្មិត ឬថាវីរុសនេះមិនគ្រោះថ្នាក់ដូចមនុស្សគិត និងថាអ្វីផ្សេងត្រូវបានប្រើភាគច្រើនដើម្បីធ្វើឲ្យយើងជឿថាជារោគសញ្ញានៃមេរោគ ឬគំនិតដែលថា [វីរុសនេះ] មិនបង្កគ្រោះថ្នាក់អ្វីទេ»។
ជំងឺកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា
ទ្រឹស្តីបំផុសបំផុលដ៏លេចធ្លោមួយគឺថា បច្ចេកវិទ្យាទូរស័ព្ទចល័ត 5G បង្កឲ្យមានជំងឺនេះ។ នៅប៉ុន្មានសប្ដាហ៍កន្លងទៅនេះ អង់តែនទូរគមនាគមន៍ទូរស័ព្ទចល័ត 5G រាប់សិបកន្លែងត្រូវបានគេបំផ្លាញចោលនៅជុំវិញចក្រភពអង់គ្លេស។ ប៉ូលិសនិយាយថា ជំនឿ ដែលថាអង់តែននេះបង្កឲ្យមានជំងឺផ្លូវដង្ហើម ទំនងជាកត្តាលើកទឹកចិត្តឲ្យមានការវាយប្រហារជាច្រើនករណីលើអង់តែនទាំងនោះ។
ក្រុមអ្នកស្រាវជ្រាវបានសាកសួរពលរដ្ឋរស់នៅចក្រភពអង់គ្លេសចំនួន ២២៥២ នាក់។ សរុបមក ៨ ភាគរយជឿថា បច្ចេកវិទ្យា 5G បង្កឲ្យមានជំងឺរាតត្បាតនេះ។ ក្នុងចំណោមអ្នកទាំងនោះ ៦០ ភាគរយបាននិយាយថា ពួកគេទទួលបានព័ត៌មានពី YouTube។ ៩២ ភាគរយនៃអ្នកទាំងនោះ មិនជឿលើទ្រឹស្តីបំផុសបំផុល 5G នេះទេ ហើយមានតែ ១៤ ភាគរយប៉ុណ្ណោះ បាននិយាយថាពួកគេទទួលបានព័ត៌មានពី YouTube។
នៅក្នុងចំណោមអ្នកដែលមិនជឿថាមានវីរុសកូរ៉ូណា ៥៨ ភាគរយដកស្រង់ប្រភពមកពី Facebook ដែលជាប្រភពនៃការទទួលបានព័ត៌មានចម្បងរបស់ពួកគេ។ លោក Allington និយាយថា លទ្ធផលដែលរំខានបំផុតគឺជាការត្រៀមខ្លួនក្នុងចំណោមអ្នកដែលជឿលើទ្រឹស្តីបំផុសបំផុលអំពីជំងឺនេះ ដើម្បីបំពានច្បាប់ចត្តាឡីស័ក និងបទបញ្ជាបិទក្រុងជាដើម។
លោក Allington បានប្រាប់ VOA ថា៖ «យើងបានរកឃើញថា អ្នកដែលចេញក្រៅផ្ទះ ឬទៅធ្វើការ ទោះបីជាពួកគេដឹងថាខ្លួនមានអាការៈមួយចំនួនដែលអាចជាជំងឺកូវីដ១៩ ទំនងជាភាគច្រើនទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយសង្គម»។
ការណ៍នេះបង្ហាញពីហានិភ័យផ្នែកសុខភាពដែលចាំបាច់ត្រូវតែដោះស្រាយ។ នេះបើតាមសម្តីរបស់លោក Damian Collins សមាជិកសភាអង់គ្លេស និងជាសហស្ថាបនិកនៃក្រុមការងារ «Infotagion» ដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយអំពីការរាតត្បាតនៃជំងឺកូវីដ១៩។
លោក Collins បានប្រាប់ VOA តាមកម្មវិធី Skype ថា៖ «មាតិកាជាច្រើននៅតែមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយជាញយដងនៅពេលដែលមានគេរាយការណ៍ [អំពីមាតិកាទាំងនេះ] ទៅកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ពួកគេមិនលុបមាតិកានោះចោលភ្លាមៗទេ»។ លោកបន្ថែមថា លោកមានការព្រួយបារម្ភខ្លាំងលើតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកម្មវិធីវ៉ាក់សាំងណាមួយ។
លោក Collins បាននិយាយថា៖ «បើសិនជាយើងឈានដល់ចំណុចមួយ ដែលយើងមានវ៉ាក់សាំង ហើយដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាព យើងតម្រូវឲ្យមានមនុស្សជាច្រើនយល់ព្រមចាក់វ៉ាក់សាំងនេះ។ វាសំខាន់ណាស់ ដែលថា មនុស្សម្នាមានទំនុកចិត្តក្នុងរឿងនេះ។ ហើយបើសិនជាមនុស្សម្នានាំគ្នាចែករំលែកទ្រឹស្ត្រីបំផុសបំផុល និងការកុហស អំពីវ៉ាក់សាំង ហើយព្យាយាមបញ្ចុះបញ្ចូលមនុស្សមិនឲ្យទទួលវា នោះនឹងមានហានិភ័យធ្ងន់ធ្ងរក្នុងវិស័យសុខាភិបាលជាមិនខាន»។
ក្រុមហ៊ុន Facebook ក្រុមហ៊ុន YouTube និង Twitter បានឲ្យដឹងថា ពួកគេបានលុបចោលវីដេអូ និងការបង្ហោះរាប់រយរាប់ពាន់ ដែលពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយនៃជំងឺកូវីដ១៩ដែលអាចបង្កឲ្យមានគ្រោះថ្នាក់។ នៅក្នុងភស្តុតាងជាលាយលក្ខណ៍អក្សរផ្ញើទៅកាន់សភាចក្រភពអង់គ្លេស ក្រុមហ៊ុន Facebook បានឲ្យដឹងថា នៅក្នុងអំឡុងខែមេសា ខ្លួនបាន «បង្ហាញស្លាកព្រមានចំនួនប្រមាណ ៥០ លាន លើអត្ថបទដែលទាក់ទងជំងឺកូវីដ១៩ នៅលើហ្វេសប៊ុក»។ ក្រុមហ៊ុន Facebook បានបន្ថែមថា នៅពេលមនុស្សបានឃើញស្លាកព្រមាននេះ ៩៥% ភាគរយមិនបានចុចបើកមើលអត្ថបទដើមនោះឡើយ»។
លោក Allington មកពីសាកលវិទ្យាល័យ Kings College London បានឲ្យដឹងថា ទោះបីជាមានការអះអាងបែបនេះក៏ដោយ ក៏ប្រព័ន្ធផ្ទៃក្នុង [របស់ក្រុមហ៊ុនទាំងនោះ] ដែលបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅតែស្រពិចស្រពិល។ លោកបានប្រាប់ VOA ថា៖ «ប្រព័ន្ធទាំងនោះគួរតែត្រូវបានបើកចំហសម្រាប់ការធ្វើសវនកម្មដោយស្ថាប័នដែលទទួលខុសត្រូវតាមបែបប្រជាធិបតេយ្យ»។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗកំពុងប្រឈមមុខនឹងបញ្ហា។ តួយ៉ាងក្រុមហ៊ុនជាង ១៥០ ដូចជាក្រុមហ៊ុន Starbucks និង Coca-Cola បានបញ្ឈប់ការទិញការផ្សាយពាណិជ្ជកម្មពីក្រុមហ៊ុន Facebook ដោយសារព្រួយបារម្ភពីព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មស្អប់គុំកួន។
ស្របពេលគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីខែឧសភា ដើម្បីដកហូតអភ័យឯកសិទ្ធិរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់មាតិកាដែលបង្ហោះដោយអ្នកប្រើប្រាស់របស់ក្រុមហ៊ុនទាំងនេះ បន្ទាប់ពីក្រុមហ៊ុន Twitter បានដាក់ស្លាកព្រមានឲ្យផ្ទៀងផ្ទាត់ការពិតមួយ លើការបង្ហោះរបស់លោកប្រធានាធិបតី។ លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៨ ខែឧសភា ថា៖ «បើសិនជាក្រុមហ៊ុន Twitter មិនយុត្តិធម៌ ហើយអ្នកនឹងយកក្រុមហ៊ុនប្រភេទនេះមកធ្វើជាចៅក្រម និងអ្នកវិនិច្ឆ័យ ខ្ញុំគិតថាអ្នកបិទក្រុមហ៊ុនទៅ។ ប៉ុន្តែខ្ញុំនឹងជ្រើសយកការឆ្លងកាត់នីតិវិធីច្បាប់ដើម្បីធ្វើរឿងនេះ»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា