របាយការណ៍ថ្មីចុងក្រោយមួយរបស់អង្គការយូនីស្កូ (United Nations Educational, Scientific and Cultural Organization ឬ UNESCO) បានបង្ហាញថា ៤២ ភាគរយ ក្នុងចំណោមសារសរុបចំនួន ១៧៨ លានសារ ដែលត្រូវបានបង្ហោះតាមបណ្តាញ Twittter ទាក់ទងនឹងជំងឺកូវីដ១៩ ត្រូវបានផលិតដោយកម្មវិធីកុំព្យូទ័រដែលបំពេញការងារដោយស្វ័យប្រវត្តិតាមបណ្តាញអ៊ីនធើណិត ឬហៅថាBot។
ដោយចង្អុលទៅរកលទ្ធផលនៃការស្រាវជ្រាវ របាយការណ៍ដែលមានចំណងជើងថា «និន្នាការពិភពលោកឆ្នាំ២០២០ ស្តីអំពីឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពសារព័ត៌មាន» ដែលចេញផ្សាយ នៅថ្ងៃទី៥ ខែឧសភានេះ លើកឡើងថា ៤០ ភាគរយ នៃសារទាំងនោះ «មិនអាចជឿទុកចិត្តបានទេ»។
អង្គការនេះ ក៏បានបង្ហាញថា ផ្អែកលើការវិភាគលទ្ធផលដែលទទួលបានពីការសិក្សាស្រាវជ្រាវតាមម៉ាស៊ីន មានការបង្ហោះសារជាសាធារណេៈតាមបណ្តាញសង្គម ចំនួន ១១២ លានសារជាភាសាសរុបចំនួន ៦៤ ទាក់ទងនឹងជំងឺកូវីដ ១៩ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវរបស់មូលនិធិ Bruno Kessler Foundation បានរកឃើញថា ៤០ ភាគរយ នៃសារដែលត្រូវបានបង្ហោះទាំងអស់នោះចេញមកពីប្រភពដែលមិនអាចទុកចិត្តបាន៕