គំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកក្នុងការបង្កើនជំនួយអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងគឺជាការឆ្លើយតបទៅនឹងការកើនឡើងឥទ្ធិពលរបស់ចិនក្នុងតំបន់ប្រជុំកោះត្រូពិកមួយនេះដែលពីមុនមកស្ថិតក្រោមឥទ្ធិពលរបស់បស្ចិមលោក។ នេះបើតាមក្រុមអ្នកជំនាញ។
កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបជាវិជ្ជមានទៅនឹងគំនិតផ្តួចផ្តើមរបស់អាមេរិកនេះ ប៉ុន្តែក៏បង្ហាញការប្រុងប្រយ័ត្នរបស់ខ្លួនផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បាននិយាយក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងយ៉ាងដូច្នេះថា៖ «ចិនរីករាយដែលបានឃើញបណ្តាប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិកទទួលជំនួយបន្ថែមសម្រាប់ការអភិវឌ្ឍនិងការធ្វើឱ្យប្រទេសពួកគេមានភាពរឹងមាំពីប្រទេសនានាដែលមានសន្តានចិត្តជួយដល់ពួកគេ»។
លោកបានបន្តថា៖ «នេះគឺជាគោលជំហរចិនតាំងពីដើមរៀងមក។ ស្របពេលជាមួយគ្នានេះដែរ ចិនក៏ជឿជាក់ថាបណ្តាប្រទេសទាំងឡាយដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិក មិនគួរវាយប្រហារប្រទេសក្រៅកិច្ចសហប្រតិបត្តិការឬបំផ្លាញផលប្រយោជន៍ប្រទេសដែលពុំមានក្នុងកិច្ចសហប្រតិបត្តិការឡើយ»។
បណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកគឺជាប្រទេសមានផ្ទៃដីតូច ក្រីក្រ និងជាប្រទេសកម្រងកោះដែលពឹងផ្អែកខ្លាំងលើជំនួយនិងពាណិជ្ជកម្មពីប្រទេសធំៗ។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានកាលពីពាក់កណ្តាលខែកក្កដាកន្លងទៅនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានបំណងបើកស្ថានទូតក្នុងបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង រួមមានដូចជា ក្នុងប្រទេសគិរីបាទី និងតុងហ្គា។
ការិយាល័យលោកប្រធានាធិបតី Joe Biden បានថ្លែងថារដ្ឋាភិបាលបានត្រៀមរួចរាល់ដើម្បីស្នើសុំរដ្ឋសភានូវទឹកប្រាក់៦០លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់រយៈពេល១០ឆ្នាំគឺកើន៣ដងនៃទឹកប្រាក់បច្ចុប្បន្ន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅដែនសមុទ្រ។
សេតវិមាន ក៏មានបំណងបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តសន្តិភាព Peace Corps អាមេរិក (U.S. Peace Corps)ទៅប្រទេសហ្វ៊ីជី តុងហ្គា សាម័រ វ៉ានូទូ ដោយសម្អាងដល់ការវិវត្តឆ្ពោះទៅរកការបង្កើតឡើងវិញនូវបេសកកម្មប្រចាំតំបន់ប៉ាស៊ីហ្វិករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងប្រទេសហ្វ៊ីជី។
អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris បានជួបប្រជុំតាមអនឡាញជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិកទាំងនោះដើម្បីប្រកាសផ្សព្វផ្សាយពីផែនការថ្មីនេះ។ ការប្តេជ្ញាចិត្តនេះ «នឹងធ្វើឱ្យចំណងមិត្តភាពរវាងអាមេរិកនិងបណ្តាប្រទេសកោះក្នុងតំបន់នេះកាន់តែស៊ីជម្រៅបន្ថែមទៀត»។ នេះបើតាមព័ត៌មានពីរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ។ វេទិកានេះគឺជាប្លុកយោធានិងសេដ្ឋកិច្ចដែលមានអាយុកាល៥១ឆ្នាំនិងគ្របដណ្តប់១៨ប្រទេស។
លោក Gregory Poling នាយកនៃកម្មវិធីផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ីដែលជាស្ថាប័នចំណុះក្រោមវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ការបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តPeace Corpsត្រឡប់ទៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង រួមជាមួយនឹងផែនការបើកស្ថានទូតនៅតាមប្រទេសមួយចំនួន និងការបង្កើនការផ្តល់ជំនួយសន្តិសុខខាងសមុទ្រ គឺជារឿងមួយដ៏ល្អ។
លោក Poling បានបន្ថែមថា៖ «ចំពោះអ្នកនៅមន្ទិលសង្ស័យលើកិច្ចការនេះនិងផែនការនានាជាមួយប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិក អាចបកស្រាយថាផែនការទាំងនេះគួរតែចាប់ផ្តើមតាំងពី១០ឆ្នាំមុនម្ល៉េះ ហើយយើងក៏ដឹងថាកិច្ចការទាំងអស់នេះគេបានរៀបចំគ្រោងតាំងពីអាណត្តិរដ្ឋបាលលោក Obama និងលោក Trump ម៉្លេះ។ ប៉ុន្តែសកម្មភាពរបស់ចិនក្នុងតំបន់ប៉ាស៊ីហ្វិកបានធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅមិនស្ងៀមនិងដឹងខ្លួនថាតំបន់ទាំងនោះ ឬប្រទេសកោះសម្ព័ន្ធមិត្តក្នុងតំបន់ប៉ាស៊ីហ្វិកអាចនឹងលែងជារបស់អាមេរិក.ក៏ថាបាន»។
ឥទ្ធិពលចិន
រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញបំណងខ្លួនក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងនៅពេលដែលចិនបានបើកកិច្ចប្រជុំវេទិកាសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសចិននិងបណ្តាប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិកកាលពីឆ្នាំ២០០៦។ ចិនបានចាត់ទុកវេទិកាដែលបានរៀបចំ៣លើករួចហើយនោះថាជាកិច្ចពិភាក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្រិតខ្ពស់បំផុតជាមួយបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
ក្រុមអ្នកជំនាញប្រាប់វីអូអេថា១ឆ្នាំកន្លងមកនេះ ចិនបានបង្កើនការយកចិត្តទុកដាក់បន្ថែមលើតំបន់នេះ ដែលជាទីដែលចិនអាចពង្រីកឥទ្ធិពលផ្លូវទឹកនិងផលប្រយោជន៍ពាណិជ្ជកម្មយូរអង្វែង ជាពិសេសឧស្សាហកម្មនេសាទ។
ចិនបានចុះកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយប្រទេសកោះសូលូម៉ុងកាលពីខែមេសានិងបានសម្រេចកិច្ចព្រមព្រៀង«សហប្រតិបត្តិការ»ចំនួន៥២ ក្រោយពីរដ្ឋមន្ត្រីការបរទេសចិនបាននិយាយជាមួយមេដឹកនាំនៃប្រទេសចំនួន១៧ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងកាលពីខែឧសភានិងមិថុនា។
តួនាទីរបស់អាមេរិកពីមុននិងពេលបច្ចុប្បន្ន
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានឥទ្ធិពលក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងតាំងតែពីក្រោយសម័យសង្គ្រាមលោកលើកទី២មកម៉្លេះ។ បណ្តាប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិកនេះមួយចំនួនជាដែនដីរបស់អាមេរិក. និងប្រទេសមួយចំនួនទៀតជាសម្ព័ន្ធមិត្តការទូតស្និទ្ធនឹងអាមេរិក។ រដ្ឋាភិបាលអាមេរិកធ្លាប់ធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរចំនួន៦៧ដងលើប្រទេសកោះ Marshall រវាងឆ្នាំ១៩៤៦ដល់១៩៥៨ ដែលបង្កឱ្យមានធូលីវិទ្យុសកម្មពេញផ្ទៃប្រទេសនោះទាំងមូល។
លោក Tarcisius Kabutaulaka ជាសាស្ត្រាចារ្យរងធ្វើការសិក្សាស្រាវជ្រាវលើប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិកនៃសាកលវិទ្យាល័យHawaii ក្នុងទីក្រុង Manoa បានបកស្រាយថា អតីតប្រធានាធិបតីអាមេរិក. លោក Barack Obamaធ្លាប់បានឆ្លើយតបនឹងការកើនឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយប្រើគោលនយោបាយ«កំណត់ទិសដៅយុទ្ធសាស្ត្រងាកទៅរកទ្វីបអាស៊ី»ក្នុងឆ្នាំ២០១១ ប៉ុន្តែពេលនោះផ្តោតសំខាន់លើទ្វីបអាស៊ីជាងតំបន់ប៉ាស៊ីហ្វិក។ ការណ៍ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើដូច្នេះ គឺបណ្តាលមកពីភាគីចិនផងដែរ។
កាលពីខែមីនា ក្រសួងការបរទេសអាមេរិក បានប្រកាសថាអាមេរិក នឹងធ្វើការចរចាជាថ្មីលើកិច្ចព្រមព្រៀងសេរីជាមួយប្រទេស Palau កម្រងប្រទេស Marshall និងរដ្ឋសហព័ន្ធមីក្រូណេស៊ី។
កិច្ចព្រមព្រៀងទាំងនោះ នឹងផ្តល់ការការពារផ្នែកយោធានិងសេដ្ឋកិច្ចដល់ប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងនេះ។ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលសុទ្ធតែជាសម្ព័ន្ធមិត្តអាមេរិក ក៏ជាប្រទេសជួយទំនុកបំរុងដល់បណ្តាប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងនេះផងដែរ។
បណ្តាប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងនឹងបានផលប្រយោជន៍សម្រាប់ខ្លួន និងមិនប៉ះពាល់ដល់នយោបាយឡើយ នៅពេលទទួលយកជំនួយនានាទាំងពីប្រទេសចិនទាំងពីអាមេរិក។ នេះបើតាមលោក Satu Limaye នាយករងនៃមជ្ឈមណ្ឌលEast-West Centerដែលជាស្ថាប័នសិក្សាស្រាវជ្រាវក្នុងទីក្រុងHonolulu ។
លោក Limaye បាននិយាយយ៉ាងដូច្នេះថា៖ «ប្រទេសតូចតាចមួយចំនួនអាចនៅមានបញ្ហាខ្លះៗដូចជាបញ្ហាការិយាធិបតេយ្យ និងសមត្ថភាពខ្លួនឯង ប៉ុន្តែបញ្ហាទាំងអស់នេះនឹងមិនបង្អាក់សមត្ថភាពក្នុងជំនះដោះស្រាយបញ្ហានានានិងការរក្សាទំនាក់ទំនងជាមួយប្រទេសផ្សេងៗឡើយ»។
លោក Limaye បាននិយាយថាផែនការរបស់លោកប្រធានាធិបតី Biden ក្នុងតំបន់ប៉ាស៊ីហ្វិកនឹង«ចំណាយពេលយូរ» ដើម្បីចេញជាផ្លែផ្កាស្របពេលដែលរដ្ឋាភិបាលត្រូវរង់ចាំការអនុម័តពីរដ្ឋសភា ការរកថវិកា និងការតែងតាំងមន្ត្រីបម្រើការក្នុងស្ថានទូតជាច្រើនទៀត៕
ប្រែសម្រួលដោយ លោក កោះ សុគន្ធី