កាលពីយប់ថ្ងៃអង្គារ ក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតរយៈពេលពីរឆ្នាំអំពីការប្រកួតប្រជែងខាងយុទ្ធសាស្ត្ររបស់ស.រ.អ.ជាមួយប្រទេសចិន ដោយមានការផ្តល់សក្ខីកម្មពីសកម្មជនសិទ្ធិមនុស្សចិននិងអតីតទីប្រឹក្សាសន្តិសុខជាតិស.រ.អ.។
ការចាប់ផ្តើមការស៊ើបអង្កេតនេះមានឡើងពីរអាទិត្យក្រោយពីស.រ.អ.បានបាញ់ទម្លាក់បាឡុងស៊ើបការណ៍ចិនមួយនៅលើលំហសមុទ្ររដ្ឋ South Carolina។
លោក Mike Gallagher ជាសមាជិកសភាខាងគណបក្សសាធារណរដ្ឋនិងជាប្រធាននៃគណៈកម្មាធិការពិសេសរបស់រដ្ឋសភាស.រ.អ.មានសមាជិក២៤នាក់ខាងការប្រកួតប្រជែងយុទ្ធសាស្ត្រជាមួយនឹងចិន។ លោកបាននិយាយថា៖ «នេះជាការប្រយុទ្ធមួយអំពីជីវិតក្នុងសតវត្សរ៍ទី២១និងអំពីសេរីភាពជាមូលដ្ឋានដែលមានសារៈសំខាន់។ គណបក្សកុម្មុយនិស្តចិន (CCP) បានផ្តោតខ្លាំងលើទស្សនៈវិស័យរបស់ខ្លួនសម្រាប់អនាគត គឺពិភពលោកមួយពេញដោយក្រុមរដ្ឋផ្តាច់ការដោយប្រើបច្ចេកវិទ្យានៅក្នុងប្រទេសទាំងនោះដែលសិទ្ធិមនុស្សត្រូវចុះញ៉មគណបក្ស»។
លោក Raja Krishnamoorthi អ្នកប្រជាធិបតេយ្យដែលជាអនុប្រធានគណៈកម្មាធិការនេះបានគូសបញ្ជាក់សេចក្តីត្រូវការឱ្យមានកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។
លោក Krishnamoorthi បាននិយាយថា៖«យើងត្រូវតែដឹងថាគណបក្សកុម្មុយនិស្តចិនចង់ឱ្យយើងបែកបាក់គ្នា ប្រកាន់គណបក្សនិងរើសអើងគ្នា។ ជាការពិត គណបក្ស CCP សង្ឃឹមថាធ្វើដូច្នេះបាន។ តែអ្វីដែលពួកគេមិនអាចធ្វើបានគឺថាភាពខុសប្លែកគ្នានៃទស្សនៈនិងប្រវត្តិរបស់យើងមិនមែនជាការខុសឆ្គងនៅក្នុងប្រព័ន្ធកិច្ចប្រតិបត្តិការនៅអាមេរិកទេ។ វាជាលក្ខណៈពិសេសនិងជាកម្លាំងពិសេសផងដែរ»។
នៅពេលដែលសវនកម្មទីមួយផ្តោតលើកង្វល់ខាងសន្តិសុខ គេរំពឹងថាការងាររបស់គណៈកម្មាធិការនេះនឹងដោះស្រាយបញ្ហាមួយចំនួនធំនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីការប្រកួតប្រជែងខាងសេដ្ឋកិច្ចនិងកសិកម្មដល់ប្រភពនៃការរាតត្បាតជំងឺកូវីដ១៩៕