រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យកន្លងទៅ បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនដែលទើបត្រូវបានតែងតាំងថ្មី គឺលោក Qin Gang។ នេះបើតាមការបញ្ជាក់របស់លោក Blinkenនៅលើបណ្តាញ Twitter បន្ទាប់ពីប្រទេសចិនកាលពីសប្តាហ៍មុនបានតែងតាំងឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិករូបនេះឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់ចិន។
លោក Blinken បាននិយាយថានៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរ ទេសចិនថ្មីនោះ លោកបានពិភាក្សាពីទំនាក់ទំនងរវាងអាមេរិកនិងចិនហើយនឹងការ ថែរក្សាខ្សែទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យនៅបើកចំហ។
ចិនកាលពីថ្ងៃសុក្រកន្លងទៅបានតែងតាំងលោក Qin ដែលជាឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកនិងជាជំនួយការដ៏ទុកចិត្តម្នាក់របស់ប្រធានាធិបតីចិនលោក Xi Jinping ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងស្វះស្វែងធ្វើឱ្យមានស្ថិរភាពឡើងវិញនូវទំនាក់ទំនងដ៏រកាំរកូសរវាងប្រទេសទាំងពីរ។
លោក Qin ដែលមានអាយុ៥៦ឆ្នាំនឹងត្រូវជំនួសលោក Wang Yi ដែលបានធ្វើជារដ្ឋមន្ត្រីការបរទេសចិនអស់រយៈពេល១០ឆ្នាំមកហើយ។ លោក Wang ដែលមានវ័យ៦៩ឆ្នាំនោះត្រូវបានតម្លើងតួនាទីជាសមាជិកការិយាល័យនយោបាយនៅក្នុងបក្សកុម្មុយនីស្តចិនកាលពីខែតុលាកន្លងទៅ ហើយត្រូវគេរំពឹងថានឹងដើរតួនាទីធំជាងមុននៅក្នុងគោលនយោបាយការបរទេសរបស់ចិនផងដែរ។
បើទោះបីរដ្ឋមន្ត្រីការបរទេសថ្មីលោក Qin មានភាពសុទិដ្ឋិនិយមអំពីទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងអំឡុងពេលនៃការកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋ អាមេរិកដែលមានរយៈពេលខ្លីត្រឹមប្រមាណតែ១៧ខែប៉ុណ្ណោះ ហើយឯកអគ្គរដ្ឋទូតចិនមុនលោកក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានកាន់តំណែងនេះអស់រយៈពេល៨ឆ្នាំក៏ដោយ ក៏មុខតំណែងរបស់លោកបានកើតមានឡើងចំពេលដែលទំនាក់ទំនងការទូតរវាងប្រទេសមហាអំណាចទាំងកំពុងតែចុះដុនដាបយ៉ាងខ្លាំង។
គេឃើញមានការកើនឡើងនូវភាពតានតឹងយ៉ាងខ្លាំងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលនៃការកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិនរបស់លោក Wang Yi លើបញ្ហាជាច្រើន ដោយរាប់តាំងពីបញ្ហាពាណិជ្ជកម្មរហូតដល់បញ្ហាកោះតៃវ៉ាន់ជាដើម៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ