ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលនិធិ IMF ពណ៌នាអំពីសេដ្ឋកិច្ចសាកលប្រសើរជាងមុន ដោយព្យាករការលូតលាស់ជាងមុននិងអតិផរណាទាបជាងមុនដែរ


រូបឯកសារ៖ ធុងកុងតឺន័រ​ត្រូវបាន​ដាក់​ផ្តុំគ្នា​នៅ​កំពង់ផែ​មួយ​ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ ធុងកុងតឺន័រ​ត្រូវបាន​ដាក់​ផ្តុំគ្នា​នៅ​កំពង់ផែ​មួយ​ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

មូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF បាន​បង្កើនការ​ប្រមើល​មើល​របស់​ខ្លួនអំពី​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ឆ្នាំនេះ ដោយ​ចែង​ថា ​មានការលូតលាស់​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ធន់​នាំមុខដោយ​សហរដ្ឋ​អាមេរិក និង​មាន​អតិផរណាទាប​ផង​ដែរ។

នៅក្នុង​ការ​ប្រមើល​មើលកាលពី​ពេល​ថ្មី​បំផុត​របស់​ខ្លួន ទីភ្នាក់ងារ​ផ្តល់​ឥណទាន​នេះ​ ដែលមាន​ប្រទេស​ ១៩០​ ជា​សមាជិក ​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ ទី ៣០ ខែមករា​ ​ថា​ ពេលនេះខ្លួនរំពឹង​ថា សេដ្ឋកិច្ច​សាកលនឹងលូតលាស់​ ៣,១%​ នៅ​ឆ្នាំនេះ គឺ​គ្មានការ​ផ្លាស់ប្តូរ​ពី​តួលេខឆ្នាំ ២០២៣​ ទេ ​តែ​ចំនួន​នេះ​ល្អ​ជាងចំនួន​ ២,៩% ដែល​ខ្លួន​បាន​ទស្សន៍ទាយសម្រាប់​ឆ្នាំ ២០២៤ នៅ​ក្នុង​ការ​ស្ទង់​ប្រមាណពី​មុន​របស់​ខ្លួន​ កាល​ពី​ខែ​តុលា។

នៅទូទាំង​ពិភពលោក អង្គការ IMF យល់ថា​ អតិផរណានឹងចុះថយ​ពី ​៦,៨% ​ក្នុង​ឆ្នាំ ២០២៣​ មកត្រឹម​ ៥,៨% ​នៅ​ឆ្នាំ ២០២៤ ​និង​ចំនួន ​៤,៤% ​ក្នុងឆ្នាំ ២០២៥។ នៅ​ក្នុង​បណ្តា​ប្រទេសមានសេដ្ឋកិច្ច​លូតលាស់​បំផុត ទីភ្នាក់ងារ​នេះ​រំពឹង​ថា ​អតិផរណានឹង​ចុះ​ថយ​នៅ​ឆ្នាំ​នេះ​ត្រឹម ២,៦% ​និង ២%​ នៅ​ឆ្នាំ​ក្រោយ​ដែល​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​និង​ធនាគារ​កណ្ដាល​ឯ​ទៀតៗបាន​កំណត់​ថាជាគោលដៅ។

ការ​ផ្សំ​គ្នា​រវាងការលូតលាស់​ជាប់លាប់​និងការ​ចុះថយ​នៃ​អតិផរណានាំ​ឱ្យមាន​កំណើន​សេចក្តី​សង្ឃឹម​សម្រាប់​អ្វីដែល​ហៅ​ថា​ «ការ​ធ្វើ​ឱ្យ​អតិផរណា​ធ្លាក់​ចុះ​ដោយ​មិន​មាន​វិបត្តិ​សេដ្ឋកិច្ច» ឬ soft landing ដែល​ជា​ការ​ចុះថយ​ល្បឿន​សេដ្ឋកិច្ច​គ្រប់គ្រាន់ល្មម​ដើម្បី​ទប់ទល់​នឹងអតិផរណា​ ​ដោយ​មិន​បណ្តាល​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច។​

លោក Pierre-Olivier Gourinchas ជា​ប្រធាន​សេដ្ឋវិទូ​នៃ​មូលនិធិ IMF។​ លោកបាន​និយាយប្រាប់​ពួក​អ្នកកាសែតនៅ​មុនការ​ចេញផ្សាយរបាយការណ៍​នេះ​ថា៖ «នៅពេល​នេះយើង​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃសេដ្ឋកិច្ច​សាកល​មាន​ដំណើរការឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ធ្លាក់​ចុះល្អ soft landing»។

ការទស្សន៍ទាយ​អំពីការលូតលាស់​សាកលនៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយគឺ​ ៣,២% ដែល​ទាប​ជាងចំនួន​ជា​មធ្យម ៣,៨% ​ពី​ឆ្នាំ​ ២០០០​ ទៅ ឆ្នាំ ២០១៩។​ ការណ៍​នេះ​មាន​ឡើង​មួយ​ផ្នែក​ដោយសារធនាគារកណ្តាល​សហរដ្ឋ​អាមេរិក ​និង​ធនាគារ​កណ្តាលឯ​ទៀតៗបានដំឡើងអត្រា​ការប្រាក់​ដើម្បី​ប្រយុទ្ធនឹងអតិផរណា​ខ្ពស់ ​ដែលនេះ​នាំ​ឱ្យមាន​សោហ៊ុយ​សម្រាប់​កម្ចីខ្ពស់​ជាង​មុន និង​បាន​បន្ថយ​ការ​ចំណាយ​នានា​និង​វិនិយោគ​ផង​ដែរ។

រូបឯកសារ៖ រូបភាព​ចេញ​ផ្សាយដោយ​កងទ័ព​ជើងទឹក​ឥណ្ឌា បង្ហាញ​នាវា Genco Picardy របស់​សហរដ្ឋអាមេរិក​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​ក្រុម​ហ៊ូធី (Houthi) នៅ​ឈូងសមុទ្រ Aden កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ រូបភាព​ចេញ​ផ្សាយដោយ​កងទ័ព​ជើងទឹក​ឥណ្ឌា បង្ហាញ​នាវា Genco Picardy របស់​សហរដ្ឋអាមេរិក​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​ក្រុម​ហ៊ូធី (Houthi) នៅ​ឈូងសមុទ្រ Aden កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

លោក Gourinchas បានថ្លែង​ថា ​លោក​រំពឹងថា មាន​ការ​ខូចខាតសេដ្ឋកិច្ច​ «មាន​កម្រិត»ដោយសារការវាយប្រហារ​ដោយក្រុម​ឧទ្ទាមហ៊ូធី (Houthi) មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​យេម៉ែន​ លើ​នាវាចរណ៍ក្នុង​សមុទ្រ​ក្រហម។ ការវាយប្រហារ​ទាំងនេះ​បានបង្ខំកប៉ាល់ដឹក​កុងតឺន័រ​ដែល​ដឹកជញ្ជូន​ទំនិញ​រវាងអាស៊ី​និង​អឺរ៉ុប​ឱ្យ​ចៀសវាងព្រែកជីក Suez ហើយ​បើកតាម​ផ្លូវវៀង​ឆ្ងាយនៅ​ជុំវិញ​ផ្នែក​ចុង​ខាងត្បូងនៃ​ទ្វីប​អាហ្វ្រិក ​នាំឱ្យ​មាន​ការ​ពន្យារពេល​និង​ការ​បង្អាក់ការ​ដឹកជញ្ជូន​ទំនិញ​ ហើយ​ក៏​មាន​កំណើន​សោហ៊ុយ​ដឹក​ជញ្ជូន​ផង​ដែរ។ តែ​លោក Gourinchas ថា ​នៅ​ពេល​នេះ ការ​បង្អាក់​នាវាចរណ៍​ក្នុង​សមុទ្រ​ក្រហមហាក់​ដូច​ជាមិន​ជា​«ប្រភព​ធំមួយ​នាំឱ្យមាន​អតិផរណា​ខាង​ការ​ផ្គត់ផ្គង់»ទេ ដែល​បាន​កើន​ឡើង​ក្រោយ​ការចាល់​ទំនិញធ្ងន់ធ្ងរក្នុង​ឆ្នាំ ២០២១​ និង​ឆ្នាំ ២០២២។

សម្រាប់សហរដ្ឋ​អាមេរិក​ដែលជា​ប្រទេសមាន​សេដ្ឋកិច្ចធំជាង​គេ​ក្នុង​ពិភពលោក ​IMF បាន​ដំឡើង​ការ​ស្ទង់ប្រមាណនៃ​ការលូតលាស់នៅ​ឆ្នាំនេះ​ ដល់​ ២,១% ​ពី ​១,៥% ដែល​ខ្លួនបាន​កំណត់កាលពីបី​ខែ​មុន។ សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិកបាន​រីក​ចម្រើន ​២,៥% ​ក្នុង​ឆ្នាំ ​២០២៣​ នៅ​ក្រោយការ​លូតលាស់​នៅ​ចុង​ឆ្នាំ​បណ្តាល​មកពីអ្នកប្រើប្រាស់អាមេរិកាំង​ ចាយវាយច្រើន​បើទោះជាមាន​សោហ៊ុយកម្ចី​ប្រាក់​ខ្ពស់​ជាង​មុន​ក៏ដោយ។

IMF ក៏បាន​លើក​កម្រិត​ការ​ស្ទង់ប្រមាណអំពី​សេដ្ឋកិច្ច​ចិន​ដែល​ចុះថយច្រើន។ នៅពេល​នេះមូលនិធិ​នេះរំពឹង​ថា ​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទីពីរ​ក្នុង​ពិភពលោក​នឹងលូតលាស់ ​៤,៦% នៅ​ឆ្នាំនេះ ដោយ​កើន​ឡើង​ពី​ ៤,២%​ តាម​ដែល​ខ្លួន​បាន​ទស្សន៍ទាយក្នុង​ខែតុលា​ តែ​ចុះថយពី​ចំនួន​ ៥,២% ក្នុង​ឆ្នាំ ២០២៣។ ចំណាយ​របស់​រដ្ឋាភិបាលចិន​បាន​ជួយប៉ះប៉ូវ​ការ​ខូចខាតដោយសារ​ការ​រលំទីផ្សារ​អចលនទ្រព្យ​ផ្ទះ​សម្បែង​ក្នុង​ប្រទេស​ចិន។

លោក​ Gourinchas បានបញ្ជាក់​ថា៖ «មាន​ភាព​ធន់​ច្រើន​នៅ​ក្នុង​ប៉ែកជា​ច្រើននៃ​ពិភពលោក»ដោយ​លោកថ្លែង​សំដៅ​ដល់​ប្រទេស​ប្រេស៊ីល​ ឥណ្ឌា អាស៊ីអាគ្នេយ៍​និងប្រទេស​រុស្ស៊ី។​សេដ្ឋកិច្ច​រុស្ស៊ីនៅតែ​រឹងប៉ឹងនៅ​ក្នុង​ការ​ប្រឈម​នឹងទណ្ឌកម្ម​ដាក់កំហិត​ដោយ​បណ្តាប្រទេសលោកខាងលិច​នៅ​ក្រោយ​ការ​លុកលុយ​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន។

រូបឯកសារ៖ ក្រដា​សប្រាក់​ដុល្លារ​របស់សហរដ្ឋអាមេរិក និង​ប្រាក់​យ័ន​របស់​ចិន ត្រូវបាន​ថត​ជាមួយ​គ្នា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
រូបឯកសារ៖ ក្រដា​សប្រាក់​ដុល្លារ​របស់សហរដ្ឋអាមេរិក និង​ប្រាក់​យ័ន​របស់​ចិន ត្រូវបាន​ថត​ជាមួយ​គ្នា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

ប៉ុន្តែ IMF ​បាន​បន្ថយការ​ស្ទង់ប្រមាណ​របស់​ខ្លួននៅ​កន្លែងខ្លះ។ ជា​ឧទាហរណ៍ ​អឺរ៉ុប​នៅ​តែ​មាន​បញ្ហា​ដោយសារ​អ្នកប្រើប្រាស់​អស់កម្លាំង​ចិត្តនិង​ផល​ប៉ះពាល់ដោយកំណើនតម្លៃថាមពលបណ្តាល​មក​ពីការលុកលុយ​របស់​រុស្ស៊ី​ក្នុង​អ៊ុយក្រែន។ ​IMF រំពឹង​ថាប្រទេស​ទាំង​២០ដែលប្រើប្រាស់​ប្រាក់អឺរ៉ូលូតលាស់​បន្តិចបន្តួច​គឺ ​០,៩% ​នៅ​ឆ្នាំនេះ។ ការណ៍​នេះ​អាច​ជាកំណើន​ពី​ការលូតលាស់​ ០,៥% ក្នុង​ឆ្នាំ ២០២៣ តែ​ចុះថយ​ពីការ​ទស្សន៍ទាយ​របស់​ខ្លួ​នកាល​ពី​ខែ​តុលា​ថា ​មាន​ការលូតលាស់ ​១,២% ​សម្រាប់​តំបន់​អឺរ៉ូ​នៅ​ឆ្នាំនេះ។​

IMF ក៏បាន​បន្ថយ​ទស្សនវិស័យសម្រាប់​សេដ្ឋកិច្ចជប៉ុន​ដែរ​ មក​នៅ​ ០,៩% ដោយ​ចុះថយ​ពីការលូតលាស់​ ១,៩% ​ក្នុង​ឆ្នាំ ២០២៣។

ការ​ស្ទង់ប្រមាណអំពី​អតិផរណាល្អ​ប្រសើរ​ជាង​មុន​ជា​លទ្ធផលនៃ​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​មុន ការ​បញ្ចប់​ការ​ចាល់​ចង្វាក់​ផ្គត់ផ្គង់​កាល​ពី​ពីរ​ឆ្នាំ​មុន ការមាន​កម្មករ​ច្រើន​ជាង​មុន​ចូល​ក្នុង​ផ្សារ​ការងារ​និង​តម្លៃ​ថាមពលទាប​ជាង​មុន​នៅ​ក្រោយ​មានកំណើន​តម្លៃ​បណ្តាល​មក​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ IMF រំពឹង​ថា ​តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២៤ និង​ ២០២៥។

សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​ប្រឈមនឹងការ​ប្រថុយប្រថាន។ ការ​ប្រថុយប្រថាន​មួយ​គឺថា
ទីផ្សារហិរញ្ញវត្ថុ​មាន​ទំនុក​ចិត្តខ្លាំង​ពេក​ថា ​ធនាគារ​កណ្តាល​អាមេរិកនឹងប្រែ​ក្រឡះវិធានការ​ខ្លួន​ ហើយ​ចាប់ផ្តើមកាត់បន្ថយ​អត្រា​ការប្រាក់នៅ​ក្នុង​ការប្រជុំ​របស់​ខ្លួន​នៅ​ខែ​មីនា។ លោក Gourinchas បាននិយាយថា ​លោក​មិន​រំពឹង​ថា ​នឹង​មាន​ការ​កាត់បន្ថយ​ការប្រាក់ទេ​រហូតដល់​ពាក់​កណ្តាល​ទី​ពីរ​នៃឆ្នាំ ២០២៤។ ​ ក្រុមអ្នក​បណ្តាក់​ទុន​ដែល​ស្រងាក​ចិត្ត​អាច​បញ្ចុះ​តម្លៃ​ភាគ​ហ៊ុនប្រសិន​បើ​គ្មាន​អត្រា​ការប្រាក់​ទាប​ជាង​មុនដូចដែល​ពួកគេ​បាន​សង្ឃឹម​ទេ​នោះ។

ការ​ប្រថុយ​ប្រថានមួយ​ទៀត គឺ​ភាព​តានតឹង​ខាង​ភូមិសាស្ត្រនយោបាយ​ ជាពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន អាច​បង្អាក់​ពាណិជ្ជកម្មពិភពលោក។ លោក Gourinchas ថ្លែងថា ​គោលនយោបាយ​សេដ្ឋកិច្ច​ខ្លះរបស់​លោកប្រធានាធិបតី Joe Biden មានរួមគោលនយោបាយដែលផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមអ្នក​ផលិត​អាមេរិកាំងនៃបន្ទះ​ឈីប​កុំព្យូទ័រ​និង​បច្ចេកវិទ្យា​បៃតង អាច​ជា​ការរំលោភ​លើបទបញ្ញត្តិ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។​

IMF រំពឹង​ថា​ ពាណិជ្ជកម្ម​ពិភពលោកនឹង​លូតលាស់តែ​ ៣,៣% នៅ​ឆ្នាំនេះ​ និង​ ៣,៦%​ក្ នុង​ឆ្នាំ​ ២០២៥​ គឺតិច​ជាង​មធ្យមភាគជា​ប្រវត្តិសាស្ត្រចំនួន ​៤,៩%៕

ប្រែសម្រួល​ដោយ លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG