ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិព្រមាន​ពី​«សម្ពាធ»​នៃ​ការ​ចំណាយ មុន​ពេល​បោះឆ្នោត​តាម​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​សាកលលោក


រូបឯកសារ៖ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​អ្នកស្រី Kristalina Georgieva ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP នៅ​ទីស្នាក់ការ​កណ្តាល​របស់ IMF នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​អ្នកស្រី Kristalina Georgieva ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP នៅ​ទីស្នាក់ការ​កណ្តាល​របស់ IMF នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ឆ្នាំ ២០២៤ នេះ​ ​នឹង​មាន​សភាព«លំបាកខ្លាំង»សម្រាប់​គោលនយោបាយ​សាពើពន្ធ ជា​ពិសេស​សម្រាប់​បណ្តា​ប្រទេស​ដែល​នឹង​មាន​ការបោះឆ្នោត។ នេះ​បើ​យោង​តាម​សម្តី​របស់​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ មុន​ពេលអ្នកស្រី​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ក្រុង Davos ប្រទេស​ស្វីស។

នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​អ្នកស្រី Kristalina Georgieva បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «វា​នឹង​ជា​ឆ្នាំ​ដ៏​តឹងតែង​មួយ​ ពីព្រោះ​គោលនយោបាយ​សារពើពន្ធ​ត្រូវ​រៀបចំ​ជា​ប្រាក់​ទំនុកបម្រុង​ឡើង​វិញ និង​ដោះស្រាយ​បញ្ហា​បំណុល​ដែល​បាន​កើនឡើង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន»។

អ្នកស្រី​បាន​បន្ត​ថា៖ «ប្រទេស​ប្រហែល ៨០ នឹង​មាន​ការ​បោះឆ្នោត ហើយ​យើង​ដឹង​អ្វីនឹង​កើត​ឡើង​ពាក់ព័ន្ធ​នឹង​សម្ពាធ​លើ​ការចំណាយ ​អំឡុងពេល​នៃ​ការបោះឆ្នោត»។

មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​តាម​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក​នឹង​ចូលរួម​ការ​បោះឆ្នោត​នា​ឆ្នាំ​នេះ​ ចាប់ពីប្រទេស​ឥណ្ឌា​រហូត​ដល់​សហរដ្ឋអាមេរិក ដោយវា​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឱ្យ​បង្កើន​ការចំណាយ ឬ​កាត់បន្ថយ​ពន្ធ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​មាន​កំណត់ពេល​ចេញ​ផ្សាយ​របាយការណ៍​ព្យាករណ៍​សេដ្ឋកិច្ចថ្មីៗបំផុត​នា​ចុង​ខែ​មករា​នេះ ​ដែល​នឹង​បង្ហាញ​ថាសេដ្ឋកិច្ច​សាកល​លោក​គឺ​ មាន​លក្ខណៈ«សមស្រប»ជា​ទូទៅ ​ជាមួយ​នឹង​ការ​ព្យាករណ៍​ពី​មុន​មក។ នេះ​បើ​យោង​តាម​អ្នកស្រី Georgieva។

អ្នកស្រី​បាន​លើកឡើង​ថា សេដ្ឋកិច្ច​សាកលលោក​កំពុង​«ត្រៀមលក្ខណៈ​សម្រាប់​ការសម្រប​តាម​ស្ថានភាព​ផុយស្រួយ»។ អ្នកស្រី​បន្ថែម​ថា៖ «គោលនយោបាយ​រូបិយវត្ថុ​បង្ហាញ​ប្រសិទ្ធភាព អតិផរណា​កំពុង​ថយចុះ ប៉ុន្តែ​ការងារ​នេះ​នៅ​មិន​ទាន់​ចប់​ទេ»។

នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច​បាន​រក្សា​អត្រា​ការប្រាក់​នៅ​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ២២​ឆ្នាំមក​នេះ និង​ត្រៀម​បញ្ចុះ​អត្រា​ការប្រាក់​ចំនួន ៣លើក​នា​ឆ្នាំ​នេះ ស្រប​ពេល​ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​ក៏​បាន​ឈប់​បង្កើន​អត្រា​ការប្រាក់​ដូចគ្នា។

ចំណាត់ការ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ពាណិជ្ជករ​មាន​សុទិដ្ឋិនិយម​កាន់តែ​ខ្លាំង​ឡើង​អំពី​លទ្ធភាព​នៃ​ការ​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ដែលអាច​ជួយជំរុញ​កំណើន​សេដ្ឋកិច្ច។

អ្នកស្រី Georgieva បាន​និយាយ​ថា ការព្រួយបារម្ភ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​គឺ​ថា រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​នឹង​ចំណាយ​ច្រើន​នា​ឆ្នាំ​នេះ ហើយ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ការវិវត្ត​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​អតិផរណា​ខ្ពស់។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​គោលនយោបាយ​រូបិយវត្ថុ​ត្រូវ​បាន​រឹងបន្តឹងហើយ​គោលនយោបាយ​សាពើពន្ធ​ត្រូវ​ពង្រីក​ធំ​ ដោយ​ប្រឆាំង​នឹង​គោលដៅ​នៃ​ការកាត់បន្ថយ​អតិផរណា យើង​អាច​ប្រឈម​នឹង​បញ្ហា​អូសបន្លាយ​រយៈពេល​យូរ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG