សេចក្តីព្រាងអនុក្រឹត្យស្តីអំពី «ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ» នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិត ដែលអ្នកការពារសិទ្ធិមនុស្សថា អាចប៉ះពាល់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។
យោងតាមមាត្រាមួយ អនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិដើម្បីសម្រួលដល់ការតភ្ជាប់អ៊ីនធឺណិតពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម។
លោកស្រី Naly Pilorge នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា សេចក្តីព្រាងច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។
«អនុក្រឹត្យនេះនឹងផ្តល់នូវអំណាចធំទូលាយ និងឥតដែនកំណត់ដល់រដ្ឋាភិបាល ដើម្បីរាំងខ្ទប់តាមចិត្តនូវការបញ្ចេញមតិដោយសេរី ហើយរដ្ឋាភិបាលអាចទប់ស្កាត់ការទទួលបានព័ត៌មាន សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើន»។
លោកស្រីបន្ថែមថា៖ «ពេលវេលានៃការជំរុញឲ្យបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ នៅពេលដែលប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងកំពុងត្រូវបានយាយី ឬត្រូវបានចាប់ដាក់ពន្ធនាគារ ដោយសារការផ្សាយ ឬចែកចាយមតិនៅលើប្រព័ន្ធសង្គម កំពុងតែមានការព្រួយបារម្ភខ្លាំង»។
ចំណុចមួយនៃមាត្រា ១២ សរសេរថា ប្រតិបត្តិករនៃច្រកអ៊ីនធឺណិតជាតិដែលនឹងត្រូវតែងតាំងដោយរដ្ឋាភិបាល ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកៀរគរចំណូលជាតិធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់សង្គម ព្រមទាំងបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Stephen Higgins ស្ថាបនិកនៃក្រុមហ៊ុនផ្ដល់ប្រឹក្សាវិនិយោគឈ្មោះ Mekong Strategic Partners បានប្រាប់វីអូអេថា៖
«ខ្ញុំគិតថា វានឹងធ្វើឲ្យមានការចំណាយកាន់តែច្រើន និងមានភាពស្មុគស្មាញជាងមុន។ វាមិនច្បាស់សោះថា អនុក្រឹត្យនេះនឹងមានប្រយោជន៍អ្វី ក្រៅពីធ្វើឲ្យរដ្ឋាភិបាលកម្ពុជាអាចកាន់កាប់ទៅលើចរាចរណ៍អ៊ីនធឺណិតច្រើនជាងមុន ហើយប្រជាពលរដ្ឋភាគច្រើន នឹងមើលឃើញថា វាមិនមែនជារឿងវិជ្ជមាននោះទេ»។
ប្រជាពលរដ្ឋកម្ពុជាជិត ៩ លាននាក់ ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងឆ្នាំ ២០១៩។ ៧០ ភាគរយនៃអ្នកទាំងនោះមានវ័យពី ១៨ ទៅ ៣០ ឆ្នាំ។ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងប្រើបណ្តាញសង្គមដូចជា YouTube,Tik Tok និង Twitter ដើម្បីបញ្ចេញមតិ។
កន្លងមក ប្រជាពលរដ្ឋមួយចំនួនត្រូវបានចាប់ខ្លួន ដោយសារពួកគេបង្ហាញការយល់ឃើញនៅលើប្រព័ន្ធអ៊ីនធឺណិត។
មាត្រា ៦ នៃសេចក្តីព្រាងអនុក្រឹត្យដែលចេញកាលពីខែកក្កដានេះ ឲ្យដឹងថា ប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិមានមុខងារមួយចំនួន ដែលក្នុងនោះមានកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និយ័តករទូរគមនាគមន៍កម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ «ក្នុងការចាត់វិធានការទប់ស្កាត់ និងកាត់ផ្តាច់ចោលរាល់ការតភ្ជាប់បណ្តាញទាំងឡាយ ដែលប៉ះពាល់ដល់សុវត្ថិភាពចំណូលជាតិ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម សីលធម៌ ប្រពៃណី និងទំនៀមទម្លាប់។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានប្រាប់វីអូអេថា ភាសាដែលត្រូវបានប្រើនៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ មិនច្បាស់លាស់ដែលគេអាចបកស្រាយខុសពីគ្នារៀងៗខ្លួន។
«ដោយសារតែពាក្យពេចន៍ទាំងអស់នោះ វារាងទូលាយ ដូច្នេះវាងាយស្រួលសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរក្នុងការប្រើអនុក្រឹត្យ ឬក៏ខ្លឹមសារនៃច្បាប់ទាំងនេះ មានន័យថា លុបឬក៏កាត់ចេញនូវព័ត៌មានណា ដែលខ្លួនមិនពេញចិត្ត ឬមិនសប្បាយចិត្តជាមួយ»។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅតំបន់អាស៊ីពន្យល់ថា៖ «ភាសានិងគោលបំណងនៃអនុក្រឹត្យនេះ បង្ហាញពីការរំលោភបំពានសិទ្ធិមនុស្ស និងគំនិតផ្តាច់ការដែលចង់គ្រប់គ្រងអ្វីគ្រប់យ៉ាង ដែលប្រជាពលរដ្ឋកម្ពុជាឃើញនិងឮ»។
លោកបានបន្ថែម នៅក្នុងន័យដើមថា៖ «បំណងប្រាថ្នារបស់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យ និង[គ្រប់គ្រង] កាន់កាប់អ្វីដែលប្រជាពលរដ្ឋឃើញនៅលើប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រាស់ប្រព័ន្ធច្រកទ្វារអ៊ីនធឺណិតតែមួយនោះ គួរបង្កើតនូវការភ្ញាក់ផ្អើលនៅក្នុងសហគមន៍អ្នកវិនិយោគ។ មូលហេតុគឺថា ច្រកចេញចូលព័ត៌មានតែមួយ អាចដូចជាការត្រងទឹកទន្លេដែលហូរលឿនតាមបំពង់តូចមួយដែលមានទឹកច្រើនចាំចេញ។ នេះហើយគឺជាអ្វីដែលធ្វើឲ្យគំនិតល្អៗ នៅប្រទេសថៃលិចបាត់។ នៅពេលដែលសហគមន៍អ្នកវិនិយោគ រើបម្រាសបះបោរប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់របបយោធា NCPO ក្នុងការបង្ខំឱ្យចរាចរណ៍អ៊ីនធឺណិតទាំងអស់ ដំណើរការតាមរយៈបណ្តាញតែមួយ»។
លោកបន្ថែមថា៖ «ដោយសារការព្យាយាមគ្រប់គ្រងអ៊ីនធឺណិត កម្ពុជាអាចនឹងធ្វើឲ្យអ្នកវិនិយោគជាតិនិងអន្តរជាតិ មិនអាចប្រមូលនិងសិក្សាព័ត៌មានទាក់ទងនិងទំនាក់ទំនងដោះស្រាយជាមួយអតិថិជន និងទាក់ទងជាមួយក្រុមហ៊ុន និងអ្នកផ្សេងទៀតបានទេ»។
លោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា នេះគ្រាន់តែជាសេចក្តីព្រាងអនុក្រឹត្យតែប៉ុណ្ណោះ ហើយពីមុនមកក្រសួងមានតែការចេញជាប្រកាសចែងអំពីចំណុចទាំងនេះ។ លោកបានបដិសេធមិនអត្ថាធិប្បាយបន្ត ដោយលើកឡើងថា កំពុងរវល់ប្រជុំនៅតាមបណ្តាខេត្ត។
កាលពីខែកក្កដា ឆ្នាំ ២០១៨ ពោលនៅមុនការបោះឆ្នោតជាតិ ដែលមិនមានវត្តមានគណបក្សសង្រ្គោះជាតិ រដ្ឋាភិបាលបានបញ្ជាឲ្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត និងបណ្ដាញទូរស័ព្ទទាំងអស់នៅក្នុងប្រទេស បិទការចូលអានវេបសាយព័ត៌មានយ៉ាងហោចចំនួន ១៥ ដែលរិះគន់រដ្ឋាភិបាល ក្នុងនោះមានវេបសាយ VOA ផងដែរ ក្រោមហេតុផលថា «រំខានដល់ការបោះឆ្នោត»។
នៅក្នុងខែកក្កដា ឆ្នាំ ២០១៨ នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលរបស់លោក មានមធ្យោបាយគ្រប់គ្រាន់ក្នុងការដំឡើងប្រព័ន្ធនានា ដើម្បីចាប់ទីតាំងដែលអ្នកបង្ហោះរិះគន់ស្នាក់នៅ។
លោកថ្លែងកាលនោះថា៖ «ហើយអាយុទ្ធនាការហ្វេសប៊ុក ដំឡើងម៉ាស៊ីនទាំងអស់ដើម្បីចាប់Location (ទីតាំង) អ្ហែងបង្ហោះចេញពីកន្លែងណា។ ចាប់ទាំងអស់ ព្រោះយើងមានមធ្យោបាយ ដើម្បីនឹងធ្វើទៅ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និយាយថា លោកមិនទាន់បានឃើញអនុក្រឹត្យនេះទេ ប៉ុន្តែលោកថា លោកនឹងអញ្ជើញមន្ត្រីពាក់ព័ន្ធ ដើម្បីមកបកស្រាយអំពីអនុក្រឹត្យនេះ។
លោកមានប្រសាសន៍ថា៖ «[ខ្ញុំ]ចង់ជំរាបជូនថា យើងធ្វើទៅតាមអ្វីដែលជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខជាតិ»។
លោកបន្ថែមថា៖ «វាមិនប៉ះពាល់នឹងអ្នករកស៊ីទទួលទានទេ។ អ្នកបណ្តាក់ទុនស្របច្បាប់ អាហ្នឹងយើងអត់មានបញ្ហាអ្វីទេ។ ខ្លាចតែពួកលាងលុយលាងអីទេ ដែលខ្លាចអ្វីដែលលើកឡើងមកនេះ»។
លោកបន្ថែមថា ច្បាប់នេះនឹងមិនប៉ះពាល់ដល់សិទ្ធិស៊ីវិលនោះទេ ប្រសិនបើជននោះមិនប្រព្រឹត្តបទឧក្រិដ្ឋណាមួយ៕
រាយការណ៍បន្ថែមដោយ ស៊ុន ណារិន