ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​រិះគន់​សេចក្តី​ព្រាង​ច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ​ថា​«មាន​លក្ខណៈ​គាប​សង្កត់» ខណៈ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សន្ទនាជាមួយគ្នា នាទិវាបុណ្យឯករាជ្យជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សន្ទនាជាមួយគ្នា នាទិវាបុណ្យឯករាជ្យជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សមាគម​ និង​បណ្តាញ​សហគមន៍​ ជាង​ ៦០​ បាន​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​ពួក​គេ​លើក​ឡើង​ថា​ «មាន​លក្ខណៈ​រឹត​ត្បិត» និង​ «គាប​សង្កត់»។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សិទ្ធិ​មនុស្ស​ ចុះ​ថ្ងៃ​ទី​១៣ ​ខែ​សីហា។​

អង្គការ​ទាំង​នោះ​មាន​ដូច​ជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អង្គការ​លីកាដូ​ សមាគម​អាដហុក​ អង្គការ​អាកសិនអេដ​ វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​ អង្គការ​តម្លាភាព​កម្ពុជា​ អង្គការ​សមធម៌​កម្ពុជា​ និង​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ជា​ដើម។​

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​បទ​បញ្ញត្តិ​ជា​ច្រើន ​ដែល​មាន​វិសាល​ភាព​ទូលំ​ទូលាយ ​ក្នុង​ការ​កំណត់​បទ​ល្មើស​ចំពោះ​សកម្មភាព​ស្រប​ច្បាប់​ប្រចាំ​ថ្ងៃ​ជា​ច្រើន ​ដែល​នឹង​រំលោភ​លើ​សិទ្ធិ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​ ខាង​សមាគម ​ខាង​ការ​ជួប​ជុំ​ និង​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។​

បើ​តាម​សង្គម​ស៊ីវិល​ ​សេចក្តី​ព្រាង​ច្បាប់​នេះ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច​ និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដោយសារ​មាន​ការ​ចែង​អំពី​ការ​ហាម​ឃាត់ ​«ការ​តាំង​ ឬ​ការ​លក់​ដូរ​ទំនិញ​បំពាន​លើ​ទី​សាធារណៈ​ គ្មាន​សណ្តាប់​ធ្នាប់»​ និង​ «ការ​សុំ​ទាន​គ្រប់​រូបភាព»។​

ពួកគេ​ឲ្យ​ដឹង​ទៀត​ថា​ មាត្រា​៦ ​និង​មាត្រា​៣០​ ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ជា​មុន​សិន​ ទើប​អាច​ប្រើ​ប្រាស់​ទី​សាធារណៈ​ និង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ព្រឹត្តិ​ការណ៍​ណា​មួយ ​ប្រសិន​បើ​ពុំ​មាន​ការ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ។​

នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ចែក​រំលែក​ជា​សាធារណៈ​ ​អ្នក​ធ្វើ​ការ​លើ​សិទ្ធិ​ស្រ្តី​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ចែង​អំពី​ «ការ​ស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម​នៅ​ទីសាធារណៈ»។​ បើ​តាម​សង្គម​ស៊ីវិល​ ​ការ​ចែង​អំពី​ការ​ស្លៀក​ពាក់​នេះ​នាំ​ឲ្យ​មាន​ការ​រើស​អើង​លើ​ស្រ្តី​ ដែល​ប្រឈម​ «ផ្នត់​គំនិត​យេនឌ័រ​បែប​អវិជ្ជមាន ​និង​ទស្សនៈ​ឲ្យ​តម្លៃ​បុរស​ជាង​ ដែល​បាន​ចាក់​ឫស​ក្នុង​ប្រពៃណី​សង្គម​ជា​យូរ​មក​ហើយ»។​

អង្គការ​ទាំង​នោះ​បញ្ជាក់​ថា៖​ «ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ​ច្បាប់​នេះ​នឹង​ក្លាយ​ជា​ច្បាប់​ដែល​មាន​លក្ខណៈ​គាប​សង្កត់​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ដែល​ប៉ះពាល់​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ»។

ពួកគេ​បន្ត​ថា៖​ «យើង​ខ្ញុំ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បទ​បញ្ញត្តិ​ ដែល​មាន​អត្ថន័យ​ទូលំ​ទូលាយ​និង​មាន​លក្ខណៈ​បំពាន​ជា​ច្រើន​ ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​រំលោភ​លើ​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា...»។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ស្រី ចក់ សុភាព​ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដោយសារ​វា​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ ​ដែល​ពឹង​ផ្អែក​ការ​រកស៊ី​តាម​ផ្លូវ​និង​ប៉ះពាល់​លើ​ស្រ្តី​ផង​ដែរ​ ដោយសារ​មាន​ការ​ចែង​អំពី​ការ​ស្លៀក​ពាក់។​

លោក​ស្រី​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖​ «តើ​ច្បាប់​ហ្នឹង​បម្រើ​ផល​ប្រយោជន៍​សាធារណៈ ​ឬ​ក៏​ផល​ប្រយោជន៍​ក្នុង​ការ​គ្រប់​គ្រង ​ឬ​ក៏​ត្រួត​ពិនិត្យ​ទៅ​លើ​ឥរិយាបថ​របស់​ពលរដ្ឋ?»

លោកស្រី​បន្ថែម​ថា៖​ «សំខាន់​បំផុត​ច្បាប់​ដែល​កំពុង​ព្រាង​នេះ​តាម​ខ្លឹម​សារ ​ដែល​យើង​ទទួល​បាន​មាន​លក្ខណៈ​រឹត​បន្តឹង​ ហើយ​វា​ជា​ដំណើរ​ឈាន​ច្រើន​ជំហាន​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​នឹង​មិន​បាន​គោរព​ទៅ​តាម​និយាម​នៃ​ស្តង់​ដារ​សិទ្ធិ​មនុស្ស​នោះ​ទេ​ ​ហើយ​បង្ក​ជា​លក្ខណៈ​នៃ​ការ​រើស​អើង​ ជា​ការ​បែង​ចែក​ដល់​សហគមន៍​ ដែល​គាត់​ងាយ​រង​គ្រោះ ​ឬ​ក៏​សហគមន៍​ក្រីក្ ររួម​ទាំង​អ្នក​ដែល​គាត់​មាន​ពិការភាព​ ផ្នែក​ស្មារតី​អី​ជា​ដើម​ហ្នឹង។ ហើយ​សំខាន់​បំផុត​មួយ​ទៀត​ គឺ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្រ្តី កំហិត​ទៅ​លើ​សិទ្ធិ​ស្រ្តី​ថែម​ទៀត»។​

រូបឯកសារ៖ បុរសម្នាក់ដាក់បាតប្រកេនដល់ព្រះសង្ឃ នៅតាមវិថីមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ដាក់បាតប្រកេនដល់ព្រះសង្ឃ នៅតាមវិថីមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​សាធារណៈ​ លោក ​អ៊ុក គីមលេខ​ មាន​ប្រសាសន៍​ថា​ នេះ​ជា​គោល​គំនិត​នៅ​ឡើយ​ទេ​ ហើយ​ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ល្អ​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​ប្រទេស​ មិន​មាន​លក្ខណៈ​រឹត​ត្បិត​នោះ​ទេ។​

លោក​ថ្លែង​ប្រាប់ ​VOA​ ថា៖​ «បើ​សិន​ជា​មាន​អង្គការ​ណា​ចង់​ឲ្យ​ទម្លាក់​ចោល ​អា​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់​ ​ព្រោះ​ការ​រួម​យោបល់​ច្បាប់​នេះ​ យើង​ធ្វើ​សណ្តាប់​ធ្នាប់​សាធារណៈ​ យើង​ចង់​បាន​ទាំង​អស់​គ្នា។​ ខ្លះ​ក៏​ថាល្អ ខ្លះ​ក៏​ថា​អាក្រក់។ ​ខ្លះ​ក៏​គាំទ្រ​ខ្លះ​ក៏​មិន​គាំទ្រ​ទៅ។​ អាហ្នឹង​ជា​រឿង​ធម្មតា​ទេ។​ ខ្ញុំ​មិន​ខ្វល់​ទេ»។​

នៅ​ពេល​សួរ​ថា​ តើ​សង្គម​ស៊ីវិល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ឬ​យ៉ាងណា ​រដ្ឋ​លេខាធិការ​ដែល​ដឹកនាំ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ប្រសាសន៍​ថា ​នេះ​អាស្រ័យ​លើ​ថ្នាក់​លើ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​មិន​ហ៊ាន​ថា​ទេ។​ អាហ្នឹង​ជា​រឿង​របស់​ថ្នាក់​លើ»។

បើ​តាម​លោក ​អ៊ុក គីមលេខ ​បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​កំពុង​សុំ​យោបល់​ពី​មន្រ្តី​នៅ​ថ្នាក់​ក្រោម ​រួម​មាន​ខេត្ត​ស្រុក​ជា​ដើម។​

លោកស្រី​ ចក់ សុភាព​ មាន​ប្រសាសន៍​ថា​ កន្លង​មក​នីតិវិធី​នៃ​ការ​តាក់តែង​ច្បាប់​កង្វះ​ខាត​តម្លាភាព​ ដែល​លោកស្រី​ថា ពុំ​មាន​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ ​ដែល​សាធារណ​ជន​អាច​តាម​ដាន​និង​ចូលរួម​នោះ​ទេ។​

លោកស្រី​បន្ថែម​ថា៖​ «ការ​ចូលរួម​ពិគ្រោះ​យោបល់​ទៀត​សោត ​ក៏​មិន​មាន​ការ​រៀបចំ​ឲ្យ​បាន​ពេញ​លេញ​ ឬ​ក៏​មាន​អត្ថន័យ​ដែរ។​ ពេល​ខ្លះ​មាន​ការ​រៀបចំ​ តែ​ការ​ដែល​យក​ធាតុ​ចូល​អី​ហ្នឹង​ គឺ​មិន​ត្រូវ​បាន​ពិចារណា​នោះ​ទេ»។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​នេះ​ ​បណ្ដា​សកម្មភាព​ដែល​ត្រូវ​ហាម​ឃាត់​ក្នុង​ទី​សាធារណៈ​ រួម​មាន​ការ​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ការ​សុំទាន​ ការ​វាយ​ប្រតប់​ឈ្លោះ​ប្រកែក​ជេរ​ប្រមាថ​គ្នា​ប្រព្រឹត្ត​អំពី​« អាស»​ និង​ «សេព​សន្ថវៈ»​ ការ​ហាល​ ឬ​ព្យួរ​សម្លៀក​បំពាក់​ ការ​បង្ហូរ​ចោល​កាក​សំណល់​ ការ​លក់​ដូរ​នៅ​ទី​សាធារណៈ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​ «ការ​ចារឹក​អក្សរ​ការ​គូរ​គំនូរ​ ការ​គូរ​និមិត្ត​សញ្ញា​ ការ​បាញ់​ថ្នាំ​ ការ​បិទ​ផ្សាយ​ព័ត៌មាន​ ឬ​ការ​ដាក់​តាំង​រូបភាព ​ដែល​មាន​ខ្លឹមសារ​ប៉ះ​ពាល់​ដល់​សោភ័ណ​ភាព​នៅ​ទី​សាធារណៈ»។​

សេចក្ដី​ព្រាង​ច្បាប់​ដដែល​នេះ ​ក៏​មាន​ចែង​ផង​ដែរ​អំពី​ការ​រឹតត្បិត​ការ​ប្រើ​ឧបករណ៍​បំពង​សំឡេង​កង​រំពង​ខ្លាំង​រំខាន​ដល់​អ្នក​ដទៃ។ រាល់​សំឡេង​បង្ក​ឲ្យ​ឮ​ខ្លាំង ​រំខាន​អ្នក​ដទៃ​ត្រូវ​បញ្ឈប់​ ចាប់​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ ដល់​ម៉ោង​ ២​រសៀល​ និង​ចាប់​ពី​ម៉ោង​ ១០​យប់​ដល់​ម៉ោង ​៥​ទៀប​ភ្លឺ។​

សកម្មភាព​ហាម​ឃាត់​ផ្សេង​ទៀត​ រួម​មាន​ការ​ខាក​ស្តោះ​នៅ​តាម​ផ្លូវ​ ឬ​តាម​ទី​សាធារណៈ​ការ​បន្ទោបង់​ក្រៅ​បង្គន់​អនាម័យ​ ការ​ចោល​សំរាម​ ឬ​ខ្មោច​សត្វ​ ការ​ដឹក​ជញ្ជូន​សំរាម​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ​សាធារណៈ​ ការ​បូជា​សព​ ឬ​បញ្ចុះ​សព​នៅ​ទី​ហាម​ឃាត់​ ការ​សង់​រោងការ​រោងបុណ្យ​ ឬ​រោង​ពិធី​ផ្សេង​ទៀត​នៅ​ទី​សាធារណៈ ​ឬ​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ​ចំណែក​ការ​ជះ​ទឹក​បាញ់​ទឹក​ ស្រោច​ទឹក ​ឬ​ប៉ាត​ម្សៅ​នៅ​ទី​សាធារណៈ​ ក៏​ត្រូវ​បាន​ហាម​ឃាត់​ដែរ។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ស្រី ចក់ សុភាព​ មាន​ប្រសាសន៍​ថា​ សកម្មភាព​ខ្លះ​គ្រាន់​តែ​ជា​ការ​អនុវត្ត​បែប​សីលធម៌​ និង​សុជីវ​ធម៌​ ដែល​គ្រាន់​តែ​ជា​ការ​ផ្សព្វ​ផ្សាយ​និង​អប់រំ​តែ​ប៉ុណ្ណោះ។​

ទាក់ទង​នឹង​ការ​ដាក់​ទោស​ទណ្ឌ​វិញ​ ​មាត្រា​៤២ ​ចែង​ថា ​ជន​ណា​រារាំង​បង្ក​ឧបសគ្គ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​ច្បាប់​នេះ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ឬ​មន្រ្តី​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​សាធារណៈ​ ​ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ថ្ងៃ​ទៅ​៦​ថ្ងៃ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០​ម៉ឺន​រៀល​ទៅ​៥០​ម៉ឺន​រៀល៕

XS
SM
MD
LG