ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តីព្រាងច្បាប់​ហាមប្រាម​ការស្លៀកពាក់​មិន​សមរម្យ ត្រូវគេ​មើល​ឃើញ​ថា ជា​ការគំរាមកំហែង​សិទ្ធិ​សេរីភាព​របស់​ស្រ្តី


រូបឯកសារ៖ អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ ២០១៩។
រូបឯកសារ៖ អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ ២០១៩។

អ្នក​ធ្វើ​យុទ្ធនាការ​ផ្នែក​សិទ្ធិ​មនុស្ស​និយាយ​ថា ​ សេចក្តី​ស្នើ​ច្បាប់​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ប៉ូលិស​ផាក​ពិន័យ​ពលរដ្ឋ​ដែល​គេចាត់​ទុកថា​ ​ស្លៀក​ពាក់​ខ្លី​មិន​សមរម្យ ​នោះ​ អាច​នឹង​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ស្រ្តី​ ក៏​ដូច​ជា​ការ​បង្កើត​នូវ​វប្បធម៌​និទណ្ឌភាព​ទាក់ទង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ជា​ដើម​។

សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ ដែល​នឹង​ត្រូវ​ចូល​ជាធរមាន​នៅ​ឆ្នាំ​ក្រោយ​ ប្រសិន​បើ​មាន​ការ​យល់​ព្រម​ដោយ​ក្រសួង​ពាក់​ព័ន្ធ​នានា​និង​រដ្ឋ​សភា​នោះ​នឹង​ដាក់​ការ​ហាម​ប្រាម​ដល់​បុរស​ដែល​ចេញ​ក្រៅ​ផ្ទះ​មិន​ពាក់​អាវ​ និង​ហាមស្ត្រី​មិន​ឲ្យ​«ស្លៀក​ខ្លី​ខើច​លើ​ ខើច​ក្រោម»​ ឬ​«សម្លៀក​បំពាក់​ស្តើង​ដែល​អាច​មើល​ឃើញ​កេរភេទ»។​

ខណៈ​រដ្ឋាភិបាល​តាក់​តែង​ច្បាប់​នេះ​ឡើង​ ក្នុង​បំណង​ថែ​រក្សា​ប្រពៃណី​ជាតិ​នោះអ្នក​រិះគន់​ព្រួយ​បារម្ភ​ថា​ ​ច្បាប់​នេះ​ នឹង​ត្រូវ​គេ​យក​ទៅ​ប្រើ​ប្រាស់​ធ្វើ​ជា​ឧបករណ៍​ ដើម្បី​ត្រួត​ត្រា​និង​គាប​សង្កត់​លើ​ស្រី្ត​ភេទ​ នៅ​ក្នុង​ប្រទេស​ដែល​ជា​សង្គម​អភិរក្ស។​

លោក​ស្រី​ ចក់​ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លើក​ឡើង​ថា៖​ «ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ថ្មីៗនេះ​ យើង​ឃើញ​មាន​ការ​តាម​ដាន​និង​ត្រួត​ពិនិត្យ​មើល​ការ​ស្លៀក​ពាក់​របស់​ស្ត្រី​ដោយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរី​ភាព​បុគ្គល​ក៏ដូច​ជា​សិទ្ធិ​សម្តែង​ផ្ទាល់​ខ្លួន​របស់​ស្រ្តី​ផង​ដែរ​ ហើយ​បែរជា​បន្ទោស​ស្ត្រី​ចំពោះ​អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ»។​

លោក​ស្រី​បន្ត​ថា ៖​ «ខ្ញុំ​ព្រួយ​បារម្ភ​ថា​ច្បាប់​នេះ​នឹង​ត្រូវ​គេ​យក​ទៅ​ប្រើ​ប្រាស់​មិន​សម​ហេតុ​ផល​ប្រឆាំង​ស្ត្រីភេទ ដែល​គ្រាន់​តែ​អនុវត្ត​នូវ​សិទ្ធិ​សេរី​ភាព​ជា​មូលដ្ឋាន​របស់​ពួកគេ»។

ប៉ុន្តែ​លោក​ អ៊ុក គឹមលេខ​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​អ្នក​ដឹកនាំ​ដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ បាន​ឲ្យ​ដឹង​ថា​ ច្បាប់​នេះ​ត្រូវ​ការ​ជា​ចាំ​បាច់​ក្នុង​ការ​អភិរក្ស​វប្បធម៌​ប្រពៃណី។​

លោក​បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​Reuters​ថា៖​ «វា​ជា​រឿង​ល្អ​ ក្នុង​ការ​ស្លៀក​ពាក់​មិន​ខើច​លើស​ពី​ពាក់​កណ្តាល​ភ្លៅ»។​

លោក​បន្ថែម​ទៀត​ថា៖ ​«វា​មិន​មែន​ជា​រឿង​សណ្តាប់​ធ្នាប់​សាធារណៈ​សុទ្ធសាធ​នោះ​ទេ​ ​តែ​វា​ក៏​ជា​រឿង​ទំនៀម​ទម្លាប់​ប្រពៃណី​ផង​ដែរ»។ ​

កាល​ពី​ដើម​ឆ្នាំ​នេះអ្នក​លក់​ផលិត​ផល​អនឡាញ​ម្នាក់​ឈ្មោះ​ថៃ ស្រីនាង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៦ខែ​ ពី​បទ​ពាក់​ព័ន្ធ​នឹង​រឿង​ផ្សព្វ​ផ្សាយ​រូប​ភាព​អាស​អាភាស​ និង​ការ​ស្លៀក​ពាក់​មិនសម​រម្យ​ បន្ទាប់​ពី​នាង​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​មន្ត្រី​រដ្ឋាភិបាល​ ដែល​ហាម​មិន​ឲ្យ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​ ក្នុង​ពេល​ផ្សាយ​ផ្ទាល់​លក់​សម្លៀក​បំពាក់​និង​ឡេ​លាប​ខ្លួន​នោះ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។​

ការ​ចាប់ខ្លួន​ស្ត្រី​រូប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពីលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​តាម​ឃ្លាំ​មើល​ស្រ្តី​រូប​ណា​ដែល​លក់​ដូរ​តាម​ប្រព័ន្ធ​អនឡាញ ហើយ​ស្លៀក​ពាក់​ខ្លី​ធ្វើ​ឲ្យ​មាន​ភាព​ស្រើប​ស្រាល​ ដែល​ជា​ការ​ធ្វើ​ឲ្យ​ខូច​ដល់​វប្បធម៌​កម្ពុជា​ ហើយ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រំលោភ​ផ្លូវ​ភេទ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ដល់​ការ​បង្រ្កាប​នោះ​ ហើយ​ព្រមាន​ថា​ច្បាប់​ថ្មី​នេះ​ អាច​ដាក់​ស្រ្តី​ឲ្យ​ស្ថិត​ក្នុង​ហានិភ័យ​បន្ថែម​ទៀត​ ទាក់ទង​នឹង​ការ​បំពាន​និង​អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​ ដោយ​ជំរុញ​ឲ្យ​មាន​វប្បធម៌​បន្ទោស​ជន​រង​គ្រោះ​ទៅ​វិញ។​

លោក​ស្រី ​Ming Yu Hah ​នាយិកា​រង​អង្គការ​ Amnesty International ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​ឲ្យ​ដឹង​ថា៖​ ការ​ស្តី​បន្ទោស​ស្ត្រី​ទាក់​ទង​នឹង​ជម្រើស​នៃ​ការ​ស្លៀក​ពាក់​របស់​ពួក​គេ​ ជា​ការ​អនុវត្ត​នូវ​គំនិត​ដែល​ថា ​ស្ត្រី​ជា​អ្នក​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ខ្លួន​ឯង​ហើយ​វា​បង្កើន​វប្បធម៌​និទណ្ឌ​ភាព​ ដែល​កើត​មាន​ឡើង​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​យេនឌ័រ។

ពលរដ្ឋ​ខែ្មរ​ជា​ច្រើន​នៅ​តែ​គិត​ថា​ស្រ្តី​ខ្មែរ​ជា​មនុស្ស​ស្រគត់​ស្រគំ​ទន់​ភ្លន់​និង​ស្ងាត់​ស្ងៀម​ ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្រី​ ដែល​ជា​ច្បាប់​មួយ​ដាក់​គំនាប​លើ​ស្ត្រី​ ​ ហើយ​ដែល​អង្គការ​សហ​ប្រជា​ជាតិ​ បាន​លើក​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ថា​ ច្បាប់​នេះ​គួរ​ត្រូវ​បាន​លប់​ចេញ​«ទាំង​ស្រុង»​ពី​កម្មវិធី​សិក្សា​នានា។​

អង្គការ​សហ​ប្រជាជាតិ​ បាន​ហៅ​ច្បាប់​ស្រី​នោះ​ថា​ជា​«ឫស​គល់​ដែល​ផ្តល់​តម្លៃ​ទាប​ដល់ស្ត្រី​ភេទ»។​ ច្បាប់​ដែល​មាន​អាយុ​ជា​ច្រើន​សតវត្សរ៍​មក​នេះ​ ហើយ​ដែល​ត្រូវ​បាន​គេ​ដាក់​ក្នុង​កម្មវិធី​សិក្សា​រហូត​ដល់​ឆ្នាំ​២០០៧​នោះ​ បង្រៀន​ឲ្យ​ស្រ្តី​ភេទ​ស្តាប់​បង្គាប់​និង​ត្រូវ​ចេះ​រៀប​ឬកពារ​របស់​ខ្លួន​យ៉ាងនេះ​ឬ​យ៉ាង​នោះ។

លោក​ស្រី​ Ming Yu Hah​ បន្ត​ទៀត​ថា៖​ «ការ​គោរព​ប្រពៃណី​នេះ​អាច​បង្កើត​សំណួរ​ថា​តើ​នរណា​ជា​អ្នក​កំណត់​និយម​ន័យ​នៃ​ប្រពៃណី? ​ឈរ​លើ​លើ​មូលដ្ឋាន​អ្វី? ​ហើយ​ក្នុង​គោល​បំណង​អ្វី?»៕

ប្រែសម្រួលដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG