សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសលោក Rishi Sunak បានឯកភាពគ្នានៅក្នុងការពិភាក្សា កាលពីថ្ងៃអង្គារថា នឹងធ្វើការរួមគ្នាដើម្បីគាំទ្រប្រទេសអ៊ុយក្រែន និងងើបឈរតទល់នឹងប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកទាំងពីរបានសន្ទនាគ្នាជាលើកដំបូងបង្អស់ តាំងពីពេលដែលលោក Sunak ត្រូវបានជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទមក។
មេដឹកនាំទាំងពីរក៏បានបញ្ជាក់ឡើងវិញផងដែរអំពី «ទំនាក់ទំនងពិសេស» ដែលមានរួចជាស្រេចរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស និងបាននិយាយថា ពួកគេនឹងធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវសន្តិសុខនិងវិបុលភាពនៅលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
សេចក្ដីថ្លែងការណ៍របស់សេតវិមានបានលើកឡើងអំពីសង្គ្រាមដែលបង្កឡើងដោយការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនថា៖ «លោកប្រធានាធិបតី Biden និងលោកនាយករដ្ឋមន្ត្រី Sunak បានឯកភាពគ្នាលើសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីគាំទ្រប្រទេសអ៊ុយក្រែននិងធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះភាពគឃ្លើនរបស់ខ្លួន»។
សេតវិមានបានបញ្ជាក់ថា លោក Biden និងលោក Sunak ក៏បានឯកភាពគ្នាផងដែរលើ «ការដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន»។ សហរដ្ឋអាមេរិកចាត់ទុកប្រទេសចិនថាជាគូប្រជែងកំពូលរបស់ខ្លួនផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច នៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ននេះ។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានចេញផ្សាយសេចក្ដីសង្ខេបនៃការសន្ទនារបស់មេដឹកនាំទាំងពីរ ដោយបានបញ្ជាក់ថា មេដឹកនាំទាំងពីរ «បានពិភាក្សាគ្នាអំពីទំហំនៃកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកទាំងទ្វេភាគី និងទាំងនៅក្នុងតំបន់ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាដើម»៕