ក្រុមអ្នកច្បាប់លើកឡើងថា មេធាវីតំណាងឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែនមិនអាចប្តឹងទាមទារសំណង១លានដុល្លារពីលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិពីបទបរិហារកេរ្តិ៍នោះទេ ប្រសិនបើការលើកឡើងរបស់លោកសម រង្ស៊ីពាក់ព័ន្ធនឹងសារនៅតាមបណ្តាញសង្គមដែលចោទថា លោកហ៊ុន សែន ឲ្យលុយ១លានដុល្លារទៅកញ្ញាធី សុវណ្ណថា គឺជាការពិតនោះ។
កាលពីថ្ងៃទី១៨ ខែមករា លោកគី តិច មេធាវីតំណាងឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាមទារសំណងចំនួន៤ពាន់លានរៀល គឺស្មើនឹង១លានដុល្លារសហរដ្ឋអាមេរិក។
បណ្តឹងរបស់លោកហ៊ុន សែន ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកសម រង្ស៊ី ថ្លែងតាមបណ្តាញអ៊ីនធឺណិតពីប្រទេសបារាំង ទៅកាន់សកម្មជនរបស់លោកដោយនិយាយថា លោកហ៊ុន សែន បានផ្តល់លុយចំនួន១លានដុល្លារសហរដ្ឋអាមេរិកដល់កញ្ញាធី សុវណ្ណថា ដែលជាអតីតអ្នកគាំទ្រគណបក្សប្រឆាំង ដោយបានរិះគន់លោកហ៊ុន សែន មិនសំចៃមាត់ ហើយក្រោយមកក្លាយជាអ្នកគាំទ្រគណបក្សកាន់អំណាចនេះវិញ។
ពាក្យបណ្តឹង ដែលលោកគី តិច ដាក់ទៅតុលាការដើម្បីប្តឹងលោកសម រង្ស៊ី នោះ បានដកស្រង់សម្តីដើមរបស់លោកសម រង្ស៊ី ដែលនិយាយនៅក្នុងវេទិកាសាធារណៈមួយក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៤ ខែមករាថា៖
«នៅក្នុងវេទិកានោះឈ្មោះសម រង្ស៊ី បាននិយាយថា ‘ចុះហ៊ុន សែន សូក ធី សុវណ្ណថា១លានដុល្លារ ម៉េចមិនមាននរណាធ្វើអីហ៊ុន សែនផង?…១លានដុល្លារ និយាយលុយនោះ លុយពុករលួយ… សូកឲ្យមនុស្សធ្វើអាក្រក់ វាយប្រហារ រករឿងគណបក្សសង្គ្រោះជាតិ ឲ្យធ្វើបាតុកម្ម»។
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាគឺលោកហុង គឹមសួន បានប្រាប់ VOA ថា ប្រសិនបើការថ្លែងរបស់លោកសម រង្ស៊ី ដែលថា លោកហ៊ុន សែន ផ្តល់លុយ១លានដុល្លារឲ្យកញ្ញាធី សុវណ្ណថា នោះគឺជាការលើកឡើងរបស់លោកសម រង្ស៊ីដោយខ្លួនឯង មិនយោងលើសារសន្ទនាដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ហើយសារនោះមិនមែនជាការណ៍ពិត នោះលោកសម រង្ស៊ី នឹងត្រូវប្រឈមនឹងការចោទប្រកាន់។ លោកបន្តថា ក្នុងករណីដែលលោកសម រង្ស៊ី លើកឡើងយ៉ាងដូច្នេះ ប៉ុន្តែប្រសិនបើសារនោះជាសារសន្ទនាពិតប្រាកដនោះ នោះលោកមិនត្រូវប្រឈមនឹងការចោទប្រកាន់នោះទេ។
លោកមានប្រសាសន៍ថា៖
«បើរកទៅថា មិនមែនទេ អាហ្នឹងជនដែលត្រូវចោទហ្នឹងត្រូវបង្ហាញភស្តុតាងជូនដល់ចៅក្រមអង្កេត។ ចៅក្រមអង្កេតមានសិទ្ធិថា មែន ឬមិនមែន។ មានសិទ្ធិថា មែន ឬមិនមែន ក៏ផ្អែកទៅលើការស៊ើបអង្កេតផងដែរ មិនមែនសម្រេចតែលើគាត់ម្នាក់ឯងទេ ព្រោះវាទាក់ទងអ្នកជំនាញ ថាតើអ្នកបានសារហ្នឹង ឬបានសំឡេងហ្នឹងពីណាមក គឺត្រូវរកប្រភពដើមមកទៀត។ អាហ្នឹងបើធ្វើការតាមផ្លូវច្បាប់ហ្នឹងណា»។
លោកមេធាវី សុក សំអឿន លើកឡើងថា តើការចោទប្រកាន់លោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ធ្វើទៅបាន ឬមិនបាននោះ គឺអាស្រ័យលើការថ្លែងរបស់លោកសម រង្ស៊ី ថាតើលោកថ្លែងចោទប្រកាន់លោកហ៊ុន សែន ដោយគំនិតរបស់លោកសម រង្ស៊ី ផ្ទាល់ ឬលោកលើកឡើងតាមសារដែលបានបង្ហោះលើទំព័រ Facebook។
លោកបញ្ជាក់ថា៖
«យើងមិនដឹងថា តើសម្តីរបស់លោកសម រង្ស៊ី គាត់និយាយថា គាត់ដឹងដោយខ្លួនឯង ឬក៏គាត់ Quote [ស្រង់សម្តី] គេផ្សាយក្នុង Facebook។ បើសិនគាត់ Quote អាហ្នឹងវាមិនមែនជាការបរិហារកេរ្តិ៍ទេ។ បើសិនគាត់យកអាហ្នឹងជាព័ត៌មានពិតតែម្តង អាហ្នឹងជាបញ្ហាមួយ»។
មាត្រា៣០៥នៃក្រមព្រហ្មទណ្ឌចែងថា គ្រប់ការអះអាងដោយបំផ្លើស ឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់ កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬស្ថាប័ន គឺជាការបរិហារកេរ្តិ៍ ហើយត្រូវពិន័យជាប្រាក់ពី១០០.០០០ (មួយសែន)រៀលទៅ១០.០០០.០០០(ដប់លាន)រៀល សម្រាប់បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមគ្រប់មធ្យោបាយ។
ក្រោយពីឆ្លើយបំភ្លឺតាមការកោះហៅរបស់លោកសៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករានេះ លោកមេធាវីគី តិច ប្រាប់អ្នកសារព័ត៌មានថា លោកប្តឹងការលើកឡើងរបស់លោកសម រង្ស៊ី ដែលបានចោទថា លោកហ៊ុន សែន ឲ្យលុយទៅកញ្ញាធី សុវណ្ណថា ១លានដុល្លារ។ លោកថ្លែងថា ចំពោះករណីសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុកនោះ លោកទុកឲ្យសមត្ថកិច្ចជាអ្នកសម្រេច។
លោកបញ្ជាក់ថា៖
«សូមបញ្ជាក់ថា ទុកជូនសមត្ថកិច្ចតុលាការជាអ្នកចាត់ការសិនចុះ បើសិនជាតុលាការរកឃើញថា សារនេះជាសារមិនពិតប្រាកដ សារប្រឌិតឡើង សារក្លែងក្លាយ អាហ្នឹងតុលាការនឹងសម្រេចរឿងក្តីហ្នឹង ឲ្យបងប្អូនសារព័ត៌មាន សាធារណជនដឹងតាមរយៈសាលក្រមរបស់តុលាការនៅថ្ងៃហ្នឹងហើយ»។
លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនបានបញ្ជាក់ថាតើតុលាការនឹងបើកការស៊ើបអង្កេតស្វែងរកអ្នកដែលបង្ហោះសារនោះ ឬយ៉ាងណានោះទេ ដោយលោកប្រាប់ថា ការស៊ើបអង្កេតត្រូវរក្សាទុកជាការណ៍សម្ងាត់។
លោកសម រង្ស៊ី បានប្រាប់ VOA ក្នុងពេលកន្លងមកថា សម្តីដែលលោកបានថ្លែងទៅកាន់សកម្មជនកាលពីថ្ងៃទី១៤ ខែមករានេះ គឺសំដៅលើសារឆ្លើយឆ្លងគ្នារវាងអ្នកប្រើប្រាស់កម្មវិធី Line ពីរនាក់ដែលហៅគ្នាទៅវិញទៅមកថា «តា» និង«ចៅ» ហើយកិច្ចសន្ទនានោះត្រូវបានបង្ហោះលើទំព័រ Facebook របស់កញ្ញាធី សុវណ្ណថា កាលពីខែវិច្ឆិកាកន្លងទៅ។ សារដែលអ្នកប្រើប្រាស់ Facebook សង្ស័យថា ជាការសន្ទនាគ្នារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា ទាក់ទងនឹងការផ្តល់លុយចំនួន១លានដុល្លារទៅឲ្យកញ្ញាធី សុវណ្ណថា នោះ ត្រូវបានដកចេញពីទំព័រ Facebook របស់នាងវិញយ៉ាងឆាប់រហ័ស។
លោកសម រង្ស៊ី ក៏បានបញ្ជាក់ដែរថា លោកមិនខ្វល់នឹងបណ្តឹងរបស់លោកហ៊ុន សែន នោះទេ ដោយលោកអះអាងថា លោកនិយាយតាមការណ៍ពិត។
លោកបន្ថែមក្នុងសម្តីដើមថា៖
«ហ៊ុន សែន លោកនិយាយខ្លួនគាត់ ហើយគេចុះផ្សាយព្រោងព្រាត គាត់អត់បដិសេធ ដូច្នេះជាការណ៍ពិត។ ហើយខ្ញុំគ្មានខ្វល់អំពីអ្នកណាគេប្តឹងខ្ញុំទេ ដរាបណាខ្ញុំនិយាយការណ៍ពិត»។
ពាក់ព័ន្ធនឹងការថ្លែងរបស់លោកសម រង្ស៊ី ដែលថា លោកហ៊ុន សែន បានឲ្យលុយទៅកញ្ញាធី សុវណ្ណថា ចំនួន១លានដុល្លារ ដើម្បបំបែកគណបក្សប្រឆាំងនោះ កញ្ញាធី សុវណ្ណថា ក៏បានប្តឹងលោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ដែរ ដោយទារសំណងជំងឺចិត្តចំនួន២៥០.០០០ដុល្លារ។
អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលធ្លាប់បានលើកឡើងថា មិនមានគម្រោងស៊ើបអង្កេតលើសារទាំងនោះឡើយ។
រហូតមកដល់ពេលនេះ លោកសម រង្ស៊ី កំពុងរងនូវការចោទប្រកាន់ និងកាត់ទោសចំនួន៧ករណី រួមមានបទសមគំនិតក្លែងឯកសារសាធារណៈ ការបរិហារកេរ្តិ៍មេដឹកនាំគណបក្សកាន់អំណាច ដែលមានដូចជាការបរិហារកេរ្តិ៍លោកហ៊ុន សែន លោកហេង សំរិន និងលោកហោ ណាំហុង៕