សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ បានសម្រេចផ្តន្ទាទោស លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងជំនួយការ២នាក់ទៀត ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ចំពោះបទល្មើសចំនួនបី ពាក់ព័ន្ធនឹងការសមគំនិតក្លែងឯកសារសាធារណៈ។
សំណុំរឿងរបស់លោកសម រង្ស៊ីនិងជំនួយការ២នាក់ទៀតគឺជាសំណុំរឿងដែលបំបែកចេញពីសំណុំរឿងរបស់លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សជំទាស់ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទក្លែងឯកសារសាធារណៈកាលពីខែសីហា ឆ្នាំ២០១៥។ ការចោទប្រកាន់នេះកើតឡើងក្រោយពេលលោក ហុង សុខហួរបង្ហោះវីដេអូលើទំព័រ Facebook របស់លោកសម រង្ស៊ី។ ក្នុងវីដេអូនោះ លោកហុង សុខហួរធ្វើការអត្ថាធិប្បាយលើឯកសារមួយស្ដីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៧៩ ហើយរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ជាឯកសារក្លែងក្លាយ។
ក្នុងសាលសវនាការ ដែលពុំមានវត្តមានជនជាប់ចោទទាំង៣រូបនៅព្រឹកនេះ លោក លាង សំណាត់ ប្រធានក្រុមប្រឹក្សាបានប្រកាសដាក់ទោសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ ជំនួយការ២នាក់ទៀត ឈ្មោះអ៊ឹង ជុងលាង ហៅម៉ាប់ និងឈ្មោះសម្បត្តិ សត្យា ឬសត្យា សម្បត្តិត្រូវជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល៣ឆ្នាំ និងព្យួរទោសរយៈពេល២ឆ្នាំពីបទសមគំនិតក្លែងឯកសារសាធារណៈ សមគំនិតក្នុងការប្រើប្រាស់ឯកសារសាធារណៈក្លែងនិងបទសមគំនិតញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក លាង សំណាត់បានបង្គាប់ឲ្យមន្ត្រីមានសមត្ថកិច្ចតាមចាប់ខ្លួនអ្នកទាំង៣មកអនុវត្តទោសតាមច្បាប់ និងបើកឲ្យអ្នកទាំងបីរូបនោះប្តឹងឧទ្ធរណ៍ក្នុងករណីពួកគេមិនសុខចិត្តនឹងសាលក្រមរបស់តុលាការ។
តែប៉ុន្មានម៉ោងក្រោយការប្រកាសសាលក្រមនេះ លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយបានហៅតុលាការថាជា«តុលាការអាយ៉ង» ដែលចាំតែធ្វើការចោទប្រកាន់តាមបញ្ជាអ្នកដឹកនាំនយោបាយដែលចង់កម្ចាត់គូប្រកួតរបស់ខ្លួន។
លោកសរសេរដែលមានសម្រង់ន័យដើមថា៖
«ក្រោមរបបផ្តាច់ការ និងព្រៃផ្សៃរបស់លោកហ៊ុន សែន ដែលប្រើប្រាស់តុលាការអាយ៉ងក្រោមបញ្ជាគាត់ដោយមិនចេះអៀនខ្មាស ប្រទេសកម្ពុជាជាប្រទេសមួយខុសគេក្នុងពិភពលោកដែលអ្នកស្លូតត្រង់ត្រូវគេផ្តន្ទាទោស តែជនឧក្រិដ្ឋមានសេរីភាព ធ្វើអំពើអាក្រក់បានតាមចិត្ត ប្រកបដោយនិទណ្ឌភាព។ សេចក្តីសម្រេចរបស់តុលាការអាយ៉ងមកលើរូបខ្ញុំនិងសហការីរបស់ខ្ញុំ២នាក់ ថ្ងៃនេះ ធ្វើឲ្យខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំង ហើយការប្តេជ្ញាចិត្តកាន់តែខ្ពស់ក្នុងការតស៊ូដើម្បីនាំមកនូវការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យ នៅឆ្នាំ២០១៧ និង២០១៨ ខាងមុខ»។
លោកសំ សុគង់ មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី បានប្រាប់ VOA ថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីនៅព្រឹកនេះជាការសម្រេចដែលមានភាពអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។ លោកបន្ថែមថា លោកសម រង្ស៊ីមិនមែនជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកនោះដោយផ្ទាល់នោះទេ។
លោកបញ្ជាក់ថា៖
«យើងពិនិត្យទៅលើសំណុំរឿង គឺមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីផ្តន្ទាទោសចំពោះបទល្មើសសមគំនិតទេ ដោយសារឯកឧត្តមហុង សុខហួរបង្ហោះទាក់ទងទៅនឹងការពន្យល់អំពីផែនទី និងព្រំដែននេះ គឺនៅក្នុង Page (ទំព័រ) ប៉ុន្តែទាក់ទងនឹង Page នេះគឺមិនមែនជាកម្មសិទ្ធិផ្តាច់មុខ ឬជាការគ្រប់គ្រងផ្ទាល់របស់ឯកឧត្តមទេ គឺគ្រាន់តែជាទូរទស្សន៍ ឬជាព័ត៌មាន ជាកន្លែងព័ត៌មានមួយដែលដាក់ឈ្មោះឯកឧត្តមសម រង្ស៊ី ប៉ុន្តែគ្រាន់តែជាព័ត៌មានដែលឲ្យគ្រប់ព័ត៌មានទាំងអស់គឺ ត្រូវបង្ហោះទៅតាម Page ហ្នឹង»។
លោកសំ សុគង់បន្ថែមថា លោកនឹងប្តឹងទៅសាលាឧទ្ធណ៍ដើម្បីឲ្យពិនិត្យមើលការសម្រេចនេះឡើងវិញ។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានប្រាប់ VOA ថា ការចោទប្រកាន់ ការចាប់ឃុំខ្លួនមន្រ្តីគណបក្សប្រឆាំងបានបង្ហាញការជ្រៀតជ្រែករបស់រដ្ឋាភិបាលលើតុលាការដែលជាស្ថាប័នអនុវត្តច្បាប់ឯករាជ្យ។ លោកស្រីបន្តថា សកម្មភាពទាំងនោះការគំរាមកំហែងដល់ប្រព័ន្ធយុត្តិធម៌ និងការបោះឆ្នោតនៅកម្ពុជាក្នុងពេលខាងមុខ ប្រសិនបើតុលាការមិនមានភាពឯករាជ្យពិតប្រាកដ។
លោកស្រី ចក់ សុភាពបានបញ្ជាក់ថា៖
«ករណីដែលកើតឡើងនោះគួរតែទទួលបាននូវការវិនិច្ឆ័យដោយឯករាជ្យបំផុតពីប្រព័ន្ធតុលាការ ប៉ុន្តែកន្លងមកយើងឃើញរូបភាព គឺប្រព័ន្ធតុលាការត្រូវបានប្រើប្រាស់ទៅវិញក្នុងការយាយីលើសកម្មជន មិនមែនតែពីគណបក្សជំទាស់នោះទេ ប៉ុន្តែថែមទាំងលើសង្គមស៊ីវិលថែមទៀត។ អីចឹងខ្ញុំពិនិត្យមើលទៅ រូបភាពនឹងបន្តឲ្យមានការគំរាមកំហែងច្រើនលើមជ្ឈដ្ឋាននៃការបោះឆ្នោតក្នុងពេលខាងមុខនេះ»។
លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយឆ្លើយតបនឹងការលើកឡើងរបស់មេធាវី និងអ្នកការពារសិទ្ធិមនុស្សទេ ដោយលោកគ្រាន់តែបញ្ជាក់ក្នុងសម្រង់សម្តីដើមតាមរយៈសារអេឡិចត្រូនិចតេលេក្រាមថា៖
«ទង្វើនៃការធ្វើអត្ថាធិប្បាយ ឬបកស្រាយសាលក្រម ឬសេចក្តីសម្រេចរបស់តុលាការជាកម្មវត្ថុនៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ»។
ក្រៅពីបទសមគំនិតពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈនេះ លោកសម រង្ស៊ីក៏កំពុងរងនូវបទចោទប្រកាន់ និងកាត់ទោសចំនួន៤ករណីផ្សេងទៀតពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍មេដឹកនាំគណបក្សកាន់អំណាច ដែលមានដូចជាការបរិហារកេរ្តិ៍លោក ហ៊ុន សែន លោក ហេង សំរិន និងលោក ហោ ណាំហុង៕