លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រាប់ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធឱ្យកែច្បាប់ត្រង់ការហាមឃាត់មិនឱ្យពលរដ្ឋចិញ្ចឹមសត្វកម្រ ដោយប្តូរទៅជាការលើកទឹកចិត្តឱ្យពលរដ្ឋចិញ្ចឹមសត្វកម្រជំនួសវិញ។
ការណែនាំរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរិះគន់មន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មចុះប្រមូលយក«សត្វក្ងោក» ពីពលរដ្ឋដែលចិញ្ចឹមតាមផ្ទះ ក្នុងខេត្តកំពង់ឆ្នាំងនាពេលថ្មីៗនេះ។
លោក ហ៊ុន សែន ថាករណីដកហូតសត្វក្ងោកពីពលរដ្ឋនាពេលថ្មីៗនេះ លោកមិនដាក់កំហុសទៅលើអ្នកណាម្នាក់ទេ ព្រោះមន្ត្រីគឺអនុវត្តតាមច្បាប់ ប៉ុន្តែលោកថាបើសិនច្បាប់នោះ ហួសសម័យ ឬមិនសមស្របគឺអាចកែ ឬធ្វើវិសោធនកម្មច្បាប់ ដើម្បីឱ្យពលរដ្ឋអាចចិញ្ចឹមសត្វកម្រមួយចំនួនបាន។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹងទេ ប្រភេទសត្វដែលជិតផុតពូជនេះ គឺបកពីការដែលយើងរឹតត្បិត ឱ្យទៅជាចលនាចិញ្ចឹមសត្វដែលជិតផុតពូជនេះ ព្រោះអាហ្នឹងអត់មានខាត អីទាល់តែសោះ។ ហើយថាចិញ្ចឹមដើម្បីយកសាច់ [ហើយ]យកសាច់យកទៅធ្វើអី អាណាស៊ីសាច់ក្ងោក? ហើយបើសិនជាត្រូវការស្លាប ត្រូវការអីរបស់វា ក៏វាអត់មាន[អី] នាំគ្នាចិញ្ចឹមទៅ។ ហើយប្រជាពលរដ្ឋ អាចយកអាហ្នឹងធ្វើជា គេហៅថាដាក់ទីតាំងមួយសម្រាប់ការចូលមើលរបស់ប្រជាជន។ គាត់អាចទទួលបានកម្រៃពីទេសចរដែលចង់មើលៗ»។
លោក ហ៊ុន សែន បន្តថាបើសិនជាចិញ្ចឹមសត្វកម្រ សត្វក្ងោកនេះ មានទោស នោះលោកនឹងមានទោសមុនគេ បូករួមជាមួយកូនរបស់លោក២នាក់ទៀត គឺលោក ហ៊ុន ម៉ានិត និងអ្នកស្រី ហ៊ុន ម៉ាលីស និងក្មួយរបស់លោកម្នាក់គឺលោក ហ៊ុន តូ ផងដែរ ព្រោះសុទ្ធសឹងតែចិញ្ចឹមសត្វកម្រ សត្វក្ងោក និងសត្វកេងកងជាដើម។
លោកថ្លែងថា៖ ៖ «អ៊ីចឹងខ្ញុំមិនដឹងថាតើបានចែងក្នុងច្បាប់មួយណាទេ ក្រែងលោខ្ញុំចន្លោះប្រហោង ព្រោះខ្ញុំស្ថិតក្នុងព្រឹត្តិការណ៍ហ្នឹងទាំងអស់។ អ៊ីចឹងទេ! បើសិនជាមានការចន្លោះប្រហោង យើងអាចធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកឱកាសអាចឱ្យប្រជាពលរដ្ឋមានលទ្ធភាពចិញ្ចឹមសត្វដ៏កម្រ។ ហើយបើនិយាយពីជាប់ទោសវិញហ្ហាអ្នកជាប់ទោសមុនគេអ្នកណា គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ទោសមុនគេ ចិញ្ចឹមក្ងោកច្រើនជាងក្ងោកអ្នកកំពង់ឆ្នាំង»។
លោក ហ៊ុន សែន បន្ថែមថាការកែច្បាប់គឺមិនត្រូវការពេលវេលាយូរទេ ព្រោះរដ្ឋសភានៅមានសិទ្ធិអំណាច ចំណែកគណៈរដ្ឋមន្ត្រីប្រើពេលប្រជុំតែរយៈពេល១ឬ២ម៉ោងប៉ុណ្ណោះ ហើយបើត្រឹមអនុក្រឹត្យ គឺលោកអនុម័តកាន់តែលឿន។
លោកថ្លែងថា៖ «អ៊ីចឹងចំណុច គឺជាចំណុចដែលខ្ញុំស្នើឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទពិនិត្យមើលមានចំណុចណាដែលត្រូវកែ [គឺ]អត់បញ្ហាទេ។ សភាយើងគឺអាចដំណើរការប្រជុំរហូតទៅដល់ជិតបោះឆ្នោត វាអត់មានបញ្ហាអ្វីទេ នៅសល់ពេលវេលា ដាក់មក [រួចហើយ]គណៈរដ្ឋមន្ត្រីប្រជុំតែ១ម៉ោង ២ម៉ោង គឺគ្រប់គ្រាន់ហើយ។ រួចហើយបញ្ជូនមកសភា ដើម្បីកែច្បាប់ហ្នឹងទៅ។ ហើយទាក់ទងដល់អនុក្រឹត្យទៀត កែអនុក្រឹត្យ បើត្រឹមអនុក្រឹត្យ កែអនុក្រឹត្យ ហ៊ឹម! យកមកដាក់ជាមួយខ្ញុំត្រឹមតែប៉ុន្មាននាទីចេញផុតហើយ អត់មានយូរទេៗ»។
លោក ហ៊ុន សែន យល់ថាការធ្វើវិសោធនកម្មច្បាប់ដោយប្តូរពីការរឹតត្បិតទៅជាការលើកទឹកចិត្តពលរដ្ឋចិញ្ចឹមសត្វកម្រនេះ ក៏អាចបង្កើតសត្វព្រៃឡើងវិញនិងសម្បូរសត្វក្ងោកពេញព្រៃ នៅពេលដែលប្រជាពលរដ្ឋយកសត្វទាំងនោះទៅប្រលែងក្នុងព្រៃ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)លោក ហេង គឹមហុង សម្តែងការព្រួយបារម្ភថានៅពេលដែលមានការធ្វើវិសោធនកម្មច្បាប់ឱ្យប្រជាពលរដ្ឋអាចចិញ្ចឹមសត្វកម្រនេះ គឺអាចធ្វើឱ្យសកម្មភាពប្រមាញ់ ឬសកម្មភាពចាប់សត្វព្រៃក្នុងតំបន់ការពារ អាចនឹងមានការកើនឡើង ដែលអាចជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃ។
ដូច្នេះលោកថារដ្ឋាភិបាល និងក្រសួងកសិកម្ម ត្រូវតែកំណត់អត្តសញ្ញាណឱ្យបានច្បាស់ថាសត្វកម្រប្រភេទណា ដែលពលរដ្ឋអាចចិញ្ចឹមបាន ដើម្បីបង្ការ និងបញ្ចៀសកុំឱ្យជនខិលខូច ឬអ្នកជួញដូរសត្វព្រៃសម្រុកចូលទៅប្រមាញ់សត្វព្រៃក្នុងតំបន់ព្រៃការពារ។
លោកថ្លែងថា៖ «បើកាលណាមិនមានការបែងចែកនីតិវិធីច្បាស់លាស់ អ៊ីចឹងទេ វាអាចធ្វើឱ្យមានការភ័ន្តច្រឡំ ហើយប្រជាពលរដ្ឋមួយចំនួនដែលយល់ថាការចិញ្ចឹមសត្វកម្រជារឿងធម្មតាហ្នឹង គាត់ធ្វើការសម្រុកទិញ ឬអ្នកដែលចង់ជួញដូរសត្វព្រៃហ្នឹង គាត់អាចសម្រុកចូលទៅ ទាក់ទងជាមួយបណ្តាញរបស់គាត់ ក្នុងការទៅប្រមាញ់ក្នុងតំបន់ការពារ»។
មាត្រា៤៩នៃច្បាប់ព្រៃឈើ ចែងអំពី សកម្មភាពហាមឃាត់មួយចំនួនចំពោះប្រភេទសត្វក្នុងក្រុមជិតផុតពូជ និងក្រុមប្រភេទមានដោយកម្រ ដូចជាការយាយី ឬបំផ្លិចបំផ្លាញដល់ប្រភេទសត្វខាងលើ និងជម្រករបស់សត្វទាំងនោះ ការបរបាញ់ ទាក់ចាប់ ដាក់អង្គុប បំពុល ការយកធ្វើជាកម្មសិទ្ធិ សន្និធិ[មានន័យថាការសន្សំទុក] ឬថែរក្សាជាលក្ខណៈសួនសត្វឬគ្រួសារ ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការនាំចេញនាំចូលជាដើម។
គួររំឭកថាកាលពីខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរបានចុះទៅរឹបអូសសត្វតោឈ្មោល ទម្ងន់ប្រមាណ៧០គីឡូក្រាម និងមានអាយុ១ឆ្នាំកន្លះ ពីជនជាតិចិនម្នាក់ ដែលចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយកន្លែងកណ្តាលរាជធានីភ្នំពេញ បន្ទាប់ពីសត្វតោនោះ ត្រូវបានគេប្រទះឃើញដើរតាមផ្លូវ ក្នុងសង្កាត់បឹងកេងកង។ ពេលនោះ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យប្រគល់សត្វតោនោះទៅម្ចាស់ដើមវិញ ហើយថែមទាំងអនុញ្ញាតឱ្យចិញ្ចឹមនៅផ្ទះទៀតផងដែរ៕