ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា កម្ពុជា​ត្រូវការ​អ្នកវិនិយោគ ដើម្បី​កែច្នៃ​កសិផល


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងប្រមុខរដ្ឋនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងប្រមុខរដ្ឋនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​លើក​ឡើង​ថា​ កម្ពុជា​មិន​ទាន់​មាន​ការ​កែច្នៃវត្ថុ​ធាតុ​ដើម​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ដែល​នេះ​ត្រូវ​ការវិ​និយោគ​បន្ថែម​ទៀត។

ការ​ថ្លែង​របស់លោក​ ហ៊ុន សែន​ បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និ​ស្សិត​បញ្ច​ប់​ការ​សិក្សា នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត និង​ពិព័រណ៍​ជ្រោយ​ចង្វា​រ​ រាជធានី​ភ្នំ​ពេញ​ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣។

បើ​តាម​លោក​នា​យក​រដ្ឋ​មន្ត្រី​ កម្ពុ​ជា​បាន​នាំ​ស្វា​យ​ចន្ទី​ដែល​មិន​ទាន់​កែច្នៃ​រហូត​ដល់​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ខណៈ​ថា ​បើ​សិន​ជាក​ម្ពុជា​មាន​រោង​ចក្រ​កែ​ច្នៃ​នៅ​ក្នុង​ស្រុក​ វានឹង​នាំ​ផល​ចំណេញ​ច្រើន​ដល់​ផលិ​ត​កម្ម​របស់​កសិ​ករ​កម្ពុជា។

លោក​ ហ៊ុន សែន ប​ញ្ជាក់​ថា​៖ «អ៊ីចឹង​ក​ម្ពុជា​ខ្លួន​ឯង​គឺមាន​វត្ថុ​ធាតុ​ដើម​ ប៉ុន្តែ​ការកែ​ច្នៃ​មិន​ទាន់​មាន​គ្រប់ ដូច្នេះកម្ពុជា​ចង់​ទាក់​ទាញអ្នក​វិនិយោគមក​កែច្នៃ​វត្ថុ​ធាតុ​ដើម​ដែល​មាន​ក្នុង​ស្រុក​។ ចំណុច​នេះ​គឺ​ជា​ចំណុច​ដែ​ល​វា​នឹង​បង្កើត​បាន​ការងារ​ធ្វើ​ បង្កើត​បាន​តម្លៃ​បន្ថែម​សម្រាប់​ផលិត​កម្ម​រប​ស់យើង»។

លោក​ ហ៊ុន សែន​ អះអាងថា ​កម្ពុ​ជា​ជោគ​ជ័​យ​បាន​តែ១​ចំណុច​ប៉ុណ្ណោះ​នៅ​ក្នុង​គោល​ន​យោ​បាយផលិត​កម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ ដែល​នោះគឺ​ការ​ធ្វើ​ឱ្យកម្ពុជា​ក្លាយ​ជាប្រទេស«អធិ​រេកស្រូវ​» ខណៈ​ការ​នាំ​ចេញ​នៅ​មាន​កម្រិត​ ដោ​យ​សារ​តែ​កង្វះ​មូល​ដ្ឋាន​កែច្នៃ។

លោក​បញ្ជាក់ថា​៖ «ប៉ុន្តែ​យើងមិន​ជោគជ័យ នៅក្នុងការ​នាំ​ចេញ​១​លាន​តោន យើ​ងនាំ​ចេញ​បាន​៥០ម៉ឺន​ ៦០ម៉ឺនតោន​ប៉ុណ្ណឹង ដោយ​សារ​យើ​ងខ្វះ​មូល​ដ្ឋាន​អំពី​ការ​កែច្នៃ​ ទាក់​ទង​នឹង​រោង​ម៉ា​ស៊ីនកិ​ន​ស្រូវ ទាក់​ទង​នឹង​ឡ​សម្ងួត ទាក់ទង​នឹង​នឹង​ដើម​ទុន។ អ៊ីចឹង​បាន​ជា​យើង​ត្រូវ​បញ្ចុះ​ដើម​ទុន ដើម្បី​ឱ្យ​រោ​ងម៉ាស៊ីនកិន​ស្រូវមាន​ទុនគ្រប់​គ្រាន់​ទិញ​ពីកសិករ​ រួច​ហើយ​ទប់ស្កាត់​ការ​ធ្លាក់តម្លៃ​ស្រូវ​»។

អ្នកស្រី តុង ច័ន្ទ​ធាង អ្នក​ជំនាញ​ផ្នែក​កសិកម្មឯករាជ្យ​ម្នាក់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ថា​ ការ​កែច្នៃ​នៅកម្ពុជា​ពិត​ជាមាន​កង្វះ​ខាត​ច្រើន​ ដែល​វា​តម្រូវ​ការ​ឱ្យ​មាន​បន្ថែម។ បើ​តាម​អ្នក​ជំនាញ​រូប​នេះ​ ការ​មាន​ការ​កែ​ច្នៃ​វត្ថុ​ធាតុ​ដើម​ មាន​សារៈ​សំខាន់​ណាស់ ដោយ​សារតែ​វាអាច​ជួយ​បង្កើត​បាន​ទីផ្សារ​ក្នុងស្រុក​បន្ថែម​ ទប់​ស្កាត់​ការ​ធ្លាប់​ចុះ​តម្លៃ នៅ​ពេលកសិករ​ផលិត​បាន​ច្រើន។

អ្នកស្រី តុង ច័ន្ទ​ធាង​ អះអាងថាដើម្បី​ឱ្យមានការ​កែច្នៃ​គ្រប់គ្រាន់​ ល្គឹកណាតែ​មាន​ឆន្ទៈនៅក្នុងការ​ធ្វើ​ពិត​ប្រាកដ​ ដោយ​ការ​ផ្តល់​ជាជំនួយផ្នែក​បច្ចេក​ទេស​ ថវិកា​ និង​ជំនួយ​ផ្សេងៗ​ទៀត​ពី​រដ្ឋាភិបាល។

អ្នកស្រី​បញ្ជាក់ថា៖ «យើ​ងមាន​គោលនយោបាយ​ហើយ​ តើយើ​ងមាន​ឆន្ទៈ យើងមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការអនុវត្ត​ ហើយ​មាន​ថវិកា មាន​អីគ្រប់គ្រាន់ក្នុងការធ្វើបាន​វា​ទៅ​រួច។ ហើយ​យើងគិតថា​ធ្វើ​ជួយ​កសិករ​តូច​តាចហ្នឹង ព្រោះ​ស្រុក​ខ្មែរយើងមាន​កសិករ​តូច​តាចច្រើន ព្រោះយើងមាន​ដី​ធ្លី​តិច​តួច ប្រើ​កម្លាំង​ពលកម្ម គ្រួសារ ហើយ​គ្រឿង​ចក្រអី យើ​ងមាន​លក្ខណៈ​តូច​តាច»។

​លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស ធុនតូច​និងមធ្យម កម្ពុជា លើក​ឡើងថា​ កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​កែច្នៃវត្ថុ​ធាតុ​ដើម។ លោក​បន្ត​ថា ​ការ​មានក្រុមហ៊ុន​កែ​ច្នៃ​វត្ថុ​ធាតុ​ដើមក្នុងស្រុក​ជាការ​សំខាន់​ ដោយ​សារតែ​វានាំ​ផល​ចំណេញ​ច្រើនដល់​ប្រទេស។

លោក​បញ្ជាក់​បន្ថែម​ថា​៖ «ឥឡូវស្វាយ​ចន្ទី មួយឆ្នាំ គ្រាន់តែ​ផ្លែចេញ​មក ប្រជាជន ខំដាំជិត​២ពាន់លាន​ ប៉ុន្តែ​បើ​យើ​ងលក់តែ​វត្ថុ​ធាតុ​ដើម​ឱ្យទៅ​គេ យើងបាន​តែ២ពាន់​លាន​ទេ។ ប៉ុ​ន្តែបើ​យើ​ងកែច្នៃ វាត្រូវ​មួយគុណ​ជាពីរ គុណ​ជាបី​»។​

បើ​តាម​លោក​ តែ តាំងប៉​ ការ​វិនិយោគ​ត្រូវការ​ការលើកទឹក​ចិត្ត​ពី​រដ្ឋាភិបាល​ពាក់ព័ន្ធ​ជាមួយ​ការកែច្នៃ​ ទឹក ភ្លើង​ និង​លុយ ឥណទាន​ពី​ធនាគារ​ជាដើម៕

XS
SM
MD
LG