គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅចំថ្ងៃនៃការប្រារព្ធទិវាចងកំហឹងនឹងរបបខ្មែរក្រហម។ ក្រុមអ្នកសង្កេតកាណ៍បោះឆ្នោត និងអ្នកវិភាគនយោបាយនៅកម្ពុជា និយាយថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង ៣០ឆ្នាំ កំពុងយកទិវានេះទាញការគាំទ្រពីអ្នកបោះឆ្នោត។ ពួកគេថា យុទ្ធសាស្ត្រពុំមានប្រសិទ្ធភាពច្រើនសម្រាប់លួងលោមចិត្តអ្នកបោះឆ្នោតបានទេ។
គណបក្សគ្រប់គ្រងប្រទេសបានស្នើក្រុមការងារគណបក្សរបស់ខ្លួន ឲ្យរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ដែលទទួលមរណភាពនៅក្នុងសម័យខ្មែរក្រហម ឬប៉ុល ពត នៅចំពេលនៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា។
ពិធីរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ក្នុងរបប ប៉ុល ពត ត្រូវគេដឹងថា ជា«ទិវាចងកំហឹងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ២០ ឧសភា» ដែលរដ្ឋាភិបាលបានប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងប្រទេស។
កុ្រមអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងអ្នកវិភាគនយោបាយនិយាយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងយកថ្ងៃចងកំហឹងនឹងក្រុមខ្មែរក្រហម ដើម្បីទាញចំណេញផលប្រយោជន៍នយោបាយពីប្រជាពលរដ្ឋខ្មែរ។ តែពួកគេយល់ឃើញខុសៗគ្នាថា យុទ្ធសាស្ត្រដែលរំឭកពីរឿងខ្មែរក្រហមមកទាញរកសំឡេងឆ្នោតអាចមានប្រសិទ្ធភាពខ្លះ ឬក៏មិនមានឥទ្ធិពលលើអ្នកបោះឆ្នោតតែម្តង ដោយអ្នកបោះឆ្នោតជឿថា នឹងមិនអាចមានរបបកាប់សម្លាប់នេះកើតមានឡើងម្តងទៀតក្នុងប្រទេសនោះឡើយ។
ក្នុងលិខិតរបស់លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី១៨ ខែមេសា បានសរសេរថា៖
«ទន្ទឹមនឹងការរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅគ្រប់ឃុំ សង្កាត់ ក៏គប្បីពិនិត្យលទ្ធភាពរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធតាមជាក់ស្ដែងដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក»។
លិខិតនោះតម្រូវឲ្យប្រធានក្រុមការងារថ្នាក់កណ្តាល និងប្រធានគណៈកម្មាធិការគណបក្សរាជធានីខេត្ត ចាត់ចែងប្រើកម្លាំងសរុប មធ្យោបាយសរុប ដើម្បីរួមគ្នាធ្វើយុទ្ធនាការឃោសនាចំណុចកំពូលរយៈពេល ១៤ថ្ងៃ គិតពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថានិកហ្វិច ប្រាប់ VOA នៅថ្ងៃពុធនេះថា ប្រសិនបើគណបក្សកាន់អំណាច មានចេតនាយកការរំឭកដល់របបខ្មែរក្រហមមកស្វែងរកសំឡេងឆ្នោតនោះ នោះជាការយល់ខុសមួយ។ លោកថា ប្រជាពលរដ្ឋមិនជឿថា របបសម្លាប់រង្គាលនេះ អាចកើតមានឡើងក្នុងប្រទេសម្តងទៀតនោះទេ។
«បើសារដែលមានន័យថា អាចមានរបបខ្មែរក្រហមជាលើកទីពីរទៀត មិនមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋទេ។ បើៗ មានបើសារមានទិសដៅអញ្ចឹងបាទ។ ព្រោះប្រជាពលរដ្ឋឥឡូវ លោកអត់ដែលមានជំនឿថា មានរបបហ្នឹងកើតឡើងម្តងទៀតទេ។ បើនិយាយពីប្រជាពលរដ្ឋគាត់ លោកយល់ដឹងបាទចំពោះរបបខ្មែរក្រហមហ្នឹង ហើយក៏ប្រជាពលរដ្ឋក៏គ្មាននរណាចង់ឃើញឲ្យមានរបបហ្នឹងកើតឡើងសារជាថ្មីដែរបាទ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួនជិត១.៧០០រូប ដែលជាការបោះឆ្នោត ថ្នាក់ក្រោមជាតិដើម្បីផ្លាស់ប្តូរមន្ត្រីដឹកនាំថ្នាក់មូលដ្ឋានដ៏សំខាន់នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១២ កំពុងរៀបចំគោលនយោបាយ យុទ្ធសាស្ត្ររបស់ខ្លួនដើម្បីឃោសនារកសំឡេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃមុនថ្ងៃបោះឆ្នោតដើម្បីយកជ័យជម្នះលើគូប្រជែងនយោបាយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ VOA នៅថ្ងៃពុធនេះថា ការប្រារព្ធពិធីដល់ប្រជាពលរដ្ឋខ្មែរដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅចំថ្ងៃចាប់ផ្តើមការធ្វើយុទ្ធនាការបោះឆ្នោត អាចជាយុទ្ធសាស្ត្រមួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញការគាំទ្រ។ លោកបន្តថា គណបក្សប្រឆាំងក៏យកថ្ងៃ១៧ ខែមេសា (ឆ្នាំ ១៩៧៥) ដែលជាថ្ងៃនៃការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម មកប្រើដើម្បីទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតផងដែរ។
លោកបានបន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលអាចផ្តល់សន្តិភាពដល់ប្រទេសនេះបាន។
«មានគណបក្សប្រជាជន មានសន្តិភាព បើអត់គណបក្សប្រជាជនធ្វើមានសន្តិភាពម៉េចកើត ហើយឃើញមានសន្តិភាពហ្នឹង យើងឃើញហើយហូរហែ ទីមួយរំដោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ប្រល័យពូជសាសន៍របស់ ប៉ុល ពត ថ្ងៃ៧មករា។ មានថ្ងៃប្រាំពីរ បានយើងស្វែងរកការចរចាតាមនយោបាយបង្រួបបង្រួមជាតិ បានកើតជាកិច្ចព្រមព្រៀងប៉ារីស»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងន័យដើមលើទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី ១៧ ខែមេសាថា៖
«ថ្ងៃ ១៧ មេសា ២០១៧ នេះ គឺជាខួបទី ៤២ នៃថ្ងៃឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត កាលពីឆ្នាំ១៩៧៥ ដែលជាថ្ងៃចាប់ផ្តើមការសម្លាប់រង្គាលមកលើប្រជារាស្ត្រខ្មែរ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ មានតែគណបក្ស សម រង្ស៊ី និង គណបក្សសង្គ្រោះជាតិទេ ដែលតែងតែប្រារព្ធពិធីស្មិងស្មាធិ៍ និងឧទ្ទិសបុណ្យកុសលដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះរាប់លាននាក់ដែលបានបាត់បង់ជីវិត»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក ប្រាប់ VOAថា គណបក្សប្រជែងទាំងពីរ មិនអាចប្រើយុទ្ធសាស្ត្រចាស់ និយាយពីរបបខ្មែរក្រហមមកទាញការគាំទ្រពីអ្នកបោះឆ្នោតបានឡើយ នៅគ្រាដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យ បានផ្តើមគិតពីមុខមាត់ថ្មី និងមោទនភាពប្រទេសរបស់ពួកគេ។ លោកមានប្រសាសន៍ថា គណបក្សទាំងពីរ គួរលើកពីផែនការអនាគត ដែលពួកគេចង់ធ្វើដើម្បីបម្រើប្រទេស និងប្រជាពលរដ្ឋ ជាជាងយករករឿងអតីតកាល មកធ្វើជាឧបករណ៍ទាក់ចិត្តអ្នកបោះឆ្នោត។
«ពី២០ឆ្នាំមុន ឬ១០ឆ្នាំមុន គេមើលទៅការធ្វើនយោបាយ ដោយយកទស្សនវិស័យមកនិយាយប្រហែលជាអត់ទៅរួចទេ។ ក៏ប៉ុន្តែឥឡូវនេះ គឺអាចទៅរួចហើយ ហើយសំខាន់ទៅទៀត។ សំខាន់ដើម្បីទាក់ទាញការគាំទ្រពីយុវជន។»
លោក អ៊ូ វីរៈ បន្ថែមថា៖
«ហើយយុវជនភាគច្រើនគឺជាយុវជនចំណាកស្រុកទៅទៀត។ អញ្ចឹងបានន័យថា អ្នកចំណាកស្រុកគឺជាអ្នកបែកគំនិតជាងគេហើយ។ ពួកអ្នកចំណាកស្រុកហ្នឹងគឺជាអ្នកដែលតែលតោលផង ប៉ុន្តែអ្នកដែលស្វះស្វែងផង។ ស្វះស្វែងសង្វាតព័ត៌មាន ស្វះស្វែង ចង់ដឹងពីកន្លែងប្លែក។ អញ្ចឹងពួកគាត់ហ្នឹងគឺជាអ្នកដែលចង់បានអីដែលថ្មីដែលខុសពីមុន។ អញ្ចឹងការធ្វើនយោបាយសម្រាប់ពួកគាត់ គឺទាល់តែជជែកពីបញ្ហាអនាគត ទើបមានប្រសិទ្ធភាពជាងបាទ»។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា ក៏បានលើកឡើងកាលពីពេលកន្លងមកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គឺមានការទាក់ទងគ្នានឹងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាផងដែរ។ គណបក្សដែលទទួលបានអាសនៈតិចនៅក្រុមប្រឹក្សាឃុំ សង្កាត់ក៏ទទួលបានអាសនៈនៅព្រឹទ្ធសភាតិចដែរ។
ស្ថាប័នព្រឹទ្ធសភាគឺជាស្ថាប័នតាក់តែងច្បាប់យ៉ាងសំខាន់ នៅពីលើស្ថាប័នសភា ដែលអាចមានតួនាទីកែប្រែច្បាប់និងលុបចោលសំណើច្បាប់ ដែលស្ថាប័នសភាបញ្ជូនទៅ។ ស្ថាប័នព្រឹទ្ធសភាក៏ជាស្ថាប័នដែលប្រធានអាចក្លាយជាប្រមុខរដ្ឋស្តីទីនិងជាសមាជិកក្រុមប្រឹក្សារាជបល្ល័ង្កផងដែរ៕