ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង​រំពឹង​បាន​​យុត្តិធម៌​ក្រោយការ​បោះឆ្នោត​ឃុំ-សង្កាត់


រូបឯកសារ៖ លោក មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​​សង្គ្រោះជាតិ​៤​រូប​ផ្សេងទៀត ត្រូវ​បាន​បណ្តើរ​ចេញ​ពី​សាលសវនា​ការ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧។
រូបឯកសារ៖ លោក មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​​សង្គ្រោះជាតិ​៤​រូប​ផ្សេងទៀត ត្រូវ​បាន​បណ្តើរ​ចេញ​ពី​សាលសវនា​ការ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧។

លោកស្រី​ មូរ​ សុខហួរ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ក្រុម​សកម្មជន​ សមាជិក​ និង​មន្ត្រី​របស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ បាន​ទទូច​សុំ​ឲ្យ​ម្ចាស់​ឆ្នោត​ទាំងអស់​ទៅ​បោះឆ្នោត​ ដើម្បី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​មួយ។

ក្រុម​សកម្មជន​ សមាជិក​ និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១៥នាក់​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ដើម្បី​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន។​ ពួកគេ​ថ្លែង​ថា​ ការ​ចរចា​នយោបាយ​ដើម្បី​ទទួល​បាន​សេរីភាព​មក​វិញ​ មិន​សំខាន់​ដូច​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែល​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​នោះ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង។

ការ​អំពាវនាវ​របស់​ក្រុម​អ្នក​ជាប់​ទោស​នយោបាយ​បក្ស​ប្រឆាំង​ កើត​មាន​ឡើង​ មួយ​ខែ​មុន​ការ​ចាប់​ផ្តើម​ដំណើរការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ ដែល​គ្រោង​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​ខាង​មុខ​នេះ។

លោកស្រី​ មូរ​ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ក្រុម​សកម្មជន​ សមាជិក​ និង​មន្ត្រី​របស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ បាន​ទទូច​សុំ​ឲ្យ​ម្ចាស់​ឆ្នោត​ទាំងអស់​ទៅ​បោះឆ្នោត​ ដើម្បី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​មួយ។​

លោក​ស្រី​ មូរ សុខហួរ​ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​ ដែលមិនទាន់​ត្រូវបាន​ទទួល​ស្គាល់​ដោយក្រសួង​មហាផ្ទៃ​ ប្រាប់​អ្នកសារព័ត៌មានកាលពីថ្ងៃ​ទី​១៩ ខែ​មេសា​ ​ឆ្នាំ​ ២០១៧។
លោក​ស្រី​ មូរ សុខហួរ​ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​ ដែលមិនទាន់​ត្រូវបាន​ទទួល​ស្គាល់​ដោយក្រសួង​មហាផ្ទៃ​ ប្រាប់​អ្នកសារព័ត៌មានកាលពីថ្ងៃ​ទី​១៩ ខែ​មេសា​ ​ឆ្នាំ​ ២០១៧។

ដោយ​បាន​ចាត់​ទុក​ អ្នក​ជាប់​ពន្ធនាគារ​ទាំង​នោះ​ថា​ ជា​អ្នកទោស​មនសិការ​ លោក​ស្រី​ មូរ សុខ​ហួរ​ ដែល​បាន​ដើរ​ចាក​ចេញពី​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​ពុធ​នេះ ថ្លែង​បន្ត​ថា​ អ្នក​ជាប់​ពន្ធនាគារ​ទាំង​នោះ​ មិន​បារម្ភ​ចំពោះ​ការ​ចរចា​ខាង​នយោបាយ​នោះ​ទេ​ ដោយ​ពួកគេ​ផ្តល់​ក្តី​សង្ឃឹម​របស់​ពួក​គេ​ទៅ​លើ​ការ​បោះឆ្នោត​ខាង​មុខ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា៖

«ជាថ្មី​ម្តង​ទៀត គាត់​និយាយ​ថា​ កុំ​យក​ រឿង​របស់​គាត់​ទៅ​ដោះដូរ​នឹង​រឿង​នយោបាយ​ និង​ការ​ដោះដូរ​គ្នា​ គឺ​គាត់​សង្ឃឹមទៅលើ​អ្នក​បោះឆ្នោត។ ថ្ងៃ​នេះ​ ជា​ថ្ងៃ​ពិសេស»។

លោក​ស្រី​ មូរ សុខហួរ​ បាន​បន្ត​ថា​ អ្នក​ជាប់​ពន្ធនាគារ​ទាំងនោះ​ សង្ឃឹម​ថា​ លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ អាច​នឹង​នាំមក​នូវ​យុត្តិធម៌​ដល់​ពួកគេ។

«គាត់​បាន​ផ្តល់​សារ​ជា​ថ្មី​ម្តង​ទៀត​ សូម​ឲ្យ​បង​ប្អូន​ ជនរួមជាតិ​ដែល​បាន​មាន​ឈ្មោះ​បោះឆ្នោត​ហើយ​ ទៅ​បោះឆ្នោត​ បើ​សិន​ជា​ចង់​ឲ្យ​គាត់​ចេញ​ផុត​ពី​ ឲ្យៗ​មាន​យុត្តិធម៌​សម្រាប់​ខ្លួន​គាត់។ គាត់​អត់​ចង់​បាន​អី​ទេ​ សូម​ឲ្យ​តែ​បងប្អូន​ទៅ​បោះឆ្នោត​ នៅ​ថ្ងៃ​បោះឆ្នោត»។

លោកស្រី មូរ​ សុខហួរ​ ដែល​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ ថ្លែង​បន្ថែម​ថា​ ក្រុម​មន្ត្រី​របស់​គណបក្ស​ជំទាស់​នឹង​បន្ត​ព្យាយាម​ស្វែងរក​កិច្ច​ចរចា​ខាង​នយោបាយ​តាម​រយៈ​វប្បធម៌​សន្ទនា​ ដើម្បី​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំង​អស់​នោះ​មាន​សេរីភាព។

សកម្មជន​នយោបាយ​ មន្ត្រី និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​១៦​រូប​ កំពុង​ជាប់​ក្នុង​ពន្ធនាគារ។​ ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ និង​កាត់​ទោស​ជា​បន្តបន្ទាប់​ចាប់​ពី​ឆ្នាំ​២០១៥​មក ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ រាប់​ចាប់​តាំង​ពី​ការ​បង្ក​អំពើ​ហិង្សា​ និង​ការ​កកូរ​កកាយ​រឿង​ផែនទី​ និង​ព្រំដែន​កម្ពុជា-វៀតណាម​ឡើង​វិញ។

ក្នុង​ចំណោម​អ្នក​ទោស​នោះ​ដែរ​ មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរ​នាក់​គឺ​លោក មាជ សុវណ្ណារ៉ា និង​លោក ​អ៊ុំ សំអាន។​ ហើយ​លោក​ ហុង សុខហួរ​ ដែល​ជា​ពលរដ្ឋ​ខ្មែរ​បារាំង​មួយ​រូបក៏​ត្រូវ​បាន​ឃុំខ្លួន​ផង​ដែរ។

លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ប្រាប់​ VOA ថា​ នៅ​ប្រទេស​កម្ពុជា​មិន​មាន​អ្នកទោស​មនសិការ ឬ​អ្នក​ទោស​នយោបាយ​ណា​នោះ​ឡើយ។

«អត់​មាន​ទេ​ មាន​តែ​អ្នក​ទោស​ប្រព្រឹត្ត​ល្មើស​ខុស​ច្បាប់។ អា​ហ្នឹង​មាន»។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA)

លោក​បាន​បន្ត​ថា គណបក្ស​កាន់អំណាច​មិន​បាន​បិទ​ផ្លូវ​ឲ្យ​មាន​ការ​ចរចា​នោះ​ទេ​ តែ​ការ​ចរចា​ណា​មួយ មិន​អាច​កើត​ឡើង​ សម្រាប់​រក​ច្រក​ដោះលែង​អ្នកទោស​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ។

«យើង​មិន​អាច​រំលោភ​ តួនាទី​ភារកិច្ច​របស់​តុលាការ ហើយ​រឿង​ក្តី​ដែល​កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​ទេ»។

លោក អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ស្រុក​ ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា ពុំ​មាន​សញ្ញា​ណា​មួយ​អំពី​ការ​ដោះលែង​អ្នក​ទោស​របស់​គណបក្ស​ប្រឆាំង​ ខណៈ​ដែល​ការ​ជាប់​ឃុំ​ឃាំង​របស់​ពួកគេ​បាន​អូសបន្លាយ​ពេល​ជាច្រើន​ខែ​មក​ហើយ។ លោក​ថា​ លទ្ធផល​បោះឆ្នោត​ឃុំ​-សង្កាត់​ អាច​ជា​ក្តី​សង្ឃឹម​សម្រាប់​សេរីភាព​របស់​អ្នក​ជាប់​ទោស​ទាំងនោះ។

អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ថា៖

«វា​អាចៗ​ គណបក្ស​ប្រឆាំង​ឈ្នះ​ខ្លាំង​ មាន​ទឹក​មាត់​តវ៉ា ឬ​មួយ​គណបក្ស​ប្រជាជន​ឈ្នះ​ខ្លាំង​ គាត់​គិត​ថា​ ដោះលែង​ក៏​មិន​មាន​ប៉ះពាល់​អី​ដែរ។ គាត់​ឈ្នះ​រួច​ហើយ​ អញ្ចឹង​ពីរ​ហ្នឹង​ គាត់​អាច​មាន​ឱកាស​ធូរស្រាល​ សម្រាប់​អ្នក​ជាប់​ពន្ធនាគារ​ដែរ​បាទ»។

លោក​បន្ត​ថា​ គណបក្ស​កាន់​អំណាច​អាច​នឹង​បាត់​បង់​ផលប្រយោជន៍​ខាង​នយោបាយ​ច្រើន​ បើ​ធៀប​នឹង​គណបក្ស​ប្រឆាំង​ ប្រសិន​បើ​ការ​ឃុំ​ខ្លួន​នេះ​នៅ​តែ​បន្ត​មាន។ លោក​បន្ថែម​ថា​ ការ​អនុវត្ត​វប្បធម៌​សន្ទនា​ គឺ​ជា​រឿង​លំបាក​មួយ​សម្រាប់​អ្នកនយោបាយ​ខ្មែរ​ ដោយ​ហេតុ​បុគ្គល​ក្នុង​ក្រុម​អ្នក​នយោបាយ​នីមួយៗ​ នៅ​មិន​ទាន់​អាច​បើក​ចិត្ត​ទូលាយ​ទទួល​យក​ការ​រិះគន់​ ដោយ​ពុំ​ចាត់​ទុក​គ្នា​ជា​សត្រូវ។

ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​មក​លើ​ក្រុម​អ្នក​ធ្វើ​នយោបាយ​ជំទាស់​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ៕

XS
SM
MD
LG