ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មុន​ពេល​ការ​បោះ​ឆ្នោត​មក​ដល់​គេ​ឃើញ​មាន​​ការកើន​ឡើងនៃការ​ផ្តាច់​ទំនាក់​ទំនង​ចិន​និង​​ហុងកុង


អតីត​រដ្ឋ​លេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ John Tsang ដែល​ជា​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​នេះ កំពុង​ចាប់​ដៃ​ជាមួយ​អ្នកគាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា។
អតីត​រដ្ឋ​លេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ John Tsang ដែល​ជា​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​នេះ កំពុង​ចាប់​ដៃ​ជាមួយ​អ្នកគាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា។

ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុងហុងកុង ​ត្រូវ​បាន​គេមើល​ឃើញ​ថា​ជា​ការ​ប្រកួត​ប្រជែង​រវាងបេក្ខជន​ដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​បេក្ខជន​ដែលគាំទ្រ​ដោយ​​ពលរដ្ឋ។

នៅ​ថ្ងៃ​អាទិត្យ​ ទី​២៦ ​ខែ​មីនា​នេះ នៅ​ក្នុង​ទីក្រុង​ហុងកុង គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​មួយ​ដែល​បាន​សមាជិក​១២០០​នាក់ ភាគច្រើនជា​អ្នក​ស្មោះ​ត្រង់​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​ជ្រើសរើស​ប្រធាន​ប្រតិបត្តិ​របស់​ទីក្រុង​នោះ​សម្រាប់​រយៈ​ពេល​៥ឆ្នាំ។

ការ​ប្រកួតប្រជែង​នេះ​បាន​ត្រូវ​គេមើល​ឃើញថា​ជា​ការ​ប្រកួតប្រជែង​រវាង​លោក​ស្រី Carrie Lam ​បេក្ខជន​លម្អៀត​ទៅរដ្ឋាភិបាល​ចិន ​ហើយ​និង​លោក​ John Tsang ជាបេក្ខជន​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។ ​

ហើយ​ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន​ជឿ​ជាក់​ថា ​លោក ​Lam ប្រាកដ​ជា​បាន​ទទួល​ការ​ធានា​ដើម្បី​ទទួល​បានជ័យ​ជម្នះ​ដោយ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្រុងប៉េកាំង​នោះ ​សំណួរ​នៅ​តែ​មាន​អំពី​ថាតើ​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​នឹងត្រូវ​ធ្វើ​ការ​បែង​ចែក​សន្លឹក​ឆ្នោត​នោះ​យ៉ាង​ដូចម្តេច​ហើយ​ថា​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​នឹង​មាន​ផលប៉ះ​ពាល់​ដូច​ម្តេច​ដល់​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​ទម្រង់​ខាង​នយោបាយ​នោះ។

រយៈពេល​២០​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ចក្រ​ភព​អង់គ្លេសបាន​ប្រគល់​ទីក្រុ​ងហុងកុង​ទៅ​ឲ្យ​ប្រទេស​ចិនមក ​ហើយ​អតីត​អាណានិគម​នេះ​នៅតែ​មាន​ភាព​ចម្រុះ​រស់​រវើក​តាម​បែប​លោក​ខាង​កើត​និង​លោក​ខាង​លិច។

រថយន្ត​រត់​លើ​ផ្លូវ​ដែក​និង​រថយន្ត​ក្រុង​២​ជាន់​បាន​បើក​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​តូច​ចង្អៀត​ដែល​នៅ​ទីនោះ​ជិតកន្លែង​លក់​គ្រឿង​សមុទ្រ​ស្ងួត​ដែល​មាន​ក្លិន​យ៉ាង​ខ្លាំងនៅក្នុង​ខ្យល់។ ការ​ប្រណាំង​សេះ​ដែល​នៅ​មាន​តាំង​ពីអតីត​សម័យ​អាណានិគម​នៅ​មាន​ប្រជា​ប្រិយភាព​នៅ​ឡើយ។

ក៏ប៉ុន្តែ ​ការ​បោះ​ឆ្នោត​ជ្រើ​សរើស​ដំណែង​ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង ​ជា​ការ​ប្រ​កួត​ប្រជែង​មួយ​ដែល​មនុស្ស​ជា​ច្រើន​សង្ឃឹមថា ​នឹងធ្វើឲ្យ​មានការ​ប្រែប្រួល។

នៅ​ឆ្នាំ​២០១៧​នេះ ​កាល​ពី​ដំបូង​ជាឆ្នាំ​ដែល​ក្រុង​ហុងកុង ​អាចត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ដោយ​ផ្ទាល់​ដើម្បី​ជ្រើស​រើស​មេដឹកនាំ​កំពូល​របស់​ខ្លួន។ តែផ្ទុយ​ទៅ​វិញ កណ្ដាប់​ដៃ​ខាង​នយោបាយ​របស់​ចិន​បាន​រឹតបន្តឹង​ ហើយ​ពលរដ្ឋ​បាន​ផ្តាច់​ការទាក់ទង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​របស់​ក្រុង​នោះ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

ជាពិសេស ​មនុស្ស​ក្មេងៗ​មាន​ការ​រកាំ​ចិត្ត​ជា​មួយការ​ជាប់​គាំង​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​នយោបាយ។

អ្នកស្រី ​Triang Kong ជា​អ្នក​បង្ហាត់​រាំបាន​និយាយ​ថា៖ «ខ្ញុំ​មិនមាន​សិទ្ធិ​បោះ​ឆ្នោត​ទេ ហើយ​ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​ទាំងអស់‍»។

លោក Michael Wong ជា​វិចិត្រករ​បាន​និយាយថា៖«មនុស្ស​ដូចជា​យើង ​ពលរដ្ឋ​ដូច​ជាយើង ​មិនមាន​សិទ្ធិ​ដើម្បី​និយាយទេ។​ ទោះ​បី​យើង​និយាយ​ក៏ដោយ ​វាមិន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ‍»។

​អ្វីដែល​សាធារណជន​ចង់​បាន​សម្រាប់​យុវជន​និង​មនុស្ស​ចាស់​មិន​ច្រើន​ទេគឺ៖ នីតិរដ្ឋ សេដ្ឋ​កិច្ច​រុងរឿង​និង​មនុស្ស​ម្នាក់​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដើម្បី​ជ្រើសរើស​មេដឹកនាំ​កំពូល​របស់​ខ្លួន​ដែល​ពួកគេ​សង្ឃឹមថា ​នឹង​គិតគូរ​ដល់​ផលប្រយោជន៍​របស់​អ្នកក្រុង​ចំនួន​៧​លាន​នាក់​របស់​ទីក្រុង​នោះ។

ការបរាជ័យ​របស់​លោក C.Y. Leung ប្រធាន​ប្រតិបត្តិនៅពេល​បច្ចុប្បន្ន​នេះ​របស់​ទីក្រុង​ ​បាន​បណ្តាល​ឲ្យមាន​បាតុកម្ម​ដ៏​ធំ​មួយ​ដែល​មាន​រយៈ​ពេល​រាប់​ខែ​ហៅ​ថា Occupy Central ឬ​ចលនា​ឆ័ត្រ​ ​ដែល​បាន​តវ៉ាប្រឆាំង​ការ​សម្រេច​របស់​ចិន​នៅ​ឆ្នាំ​២០១៤​ដើម្បី​ពិនិត្យបេក្ខជន​នាយក​ប្រតិបត្តិ​របស់​ទីក្រុង​នោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​ដែល​បាន​ស្នើរ​ឡើង។

ការ​បាត់​ខ្លួន​ម្ចាស់​ហាង​លក់​សៀវ​ភៅ​នៅ​ចុង​ឆ្នាំ​២០១៥​ បាន​ធ្វើ​ឲ្យមាន​ការ​ភ័យ​ខ្លាច​រួច​ទៅ​ហើយ​ថា «​ប្រទេស​មួយ​ ប្រព័ន្ធ​២ ​ដែល​បាន​បង្កើត​ឡើង​ដោយ​ចិន ​ក្លាយ​ទៅ​ជា​«ប្រទេ​មួយ ​ប្រព័ន្ធ​មួយ‍»។

ដោយ​បដិសេធ​ការ​ចូល​រួម​ខាង​នយោបាយ ​ពួក​សកម្ម​ជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និយាយ​ថា ​ពួក​គេ​មិន​ភ័យ​ខ្លាច​ដើម្បី​បង្ហាញ​នូវការ​បំពាន​ម្តងទៀត​ទេ ​បើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ត​មិន​អើ​ពើ​ដល់​សំឡេង​ពិត​របស់​ទីក្រុង​ហុង​កុង​នោះ។

លោក​ស្រី ​Yvonne Leung អតីត​មេដឹកនាំ​និសិ្សត​បាន​និយាយ​ថា៖ « រដ្ឋាភិបាល​ចិន​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ចលនា​ប្រជា​ធិបតេយ្យ។ ​ក៏ប៉ុន្តែ ​ខ្ញុំ​ជឿ​ជាក់​ថា ​ការណ៍​នេះ​មាន​សារៈ​បំផុត​សម្រាប់​ប្រជា​ពលរដ្ឋ​ទីក្រុង​ហុងកុង​ដើម្បី​លើក​តម្លើង​តម្លៃ​ដ៏​សំខាន់​របស់​ពួក​គេ ​ពីព្រោះ​តែ​ភាព​គគ្លើន​កាន់​តែ​ខ្លាំង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើង​នឹង​រងផល​ប៉ះពាល់‍»។

នៅ​ពេល​ឥឡូវនេះ ​ចិន​ប្រហែល​ជា​នឹង​អាច​ធ្វើ​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ។ ពួក​អ្នក​សង្កេតការនិ​យាយ​ថា លោកស្រី ​Carrie Lam ដែល​ជាបេក្ខជន​ដែល​ជ្រើសរើស​ដោយ​ផ្ទាល់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រូវ​គេ​រំពឹង​នឹង​ទទួល​បាន​សន្លឹកឆ្នោត​យ៉ាង​ច្រើនជាង​លោក​ John Tsang ​ដែល​ជា​គូ​ប្រកួត​ប្រជែង​ដែល​ពួក​អ្នកគាំទ្រ​ប្រជា​ធិបតេយ្យ​មាន​សំឡេង​ឆ្នោត​តែ​១​ភាគ​៤​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ ​ការ​បោះឆ្នោត​នេះ​មិន​ទំនង​ជា​សញ្ញា​នៃការ​បញ្ចប់​ភាព​ចលាចល​ខាង​នយោ បាយ​ទេ។

លោក ​Dixon Sing ជា​អ្នក​វិភាគ​ខាង​នយោបាយ​បាន​និយាយ​ថា៖ «ការ​បែកបាក់នឹង​បន្តមាន​ឡើង ក៏ប៉ុន្តែ​បន្ទាប់​មក​ វាក៏​ជា​បញ្ហា​នៃ​ការ​ធ្វើ​ការ​សម្រប​សម្រួល​រួម​មាន​ការ គោរព​មតិ​សាធារណៈ​នៅ​ពេល​បច្ចុប្បន្ន​នេះ‍»។

គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​តើ​មេដឹកនាំ​ថ្មី​របស់​ទីក្រុង​ហុងកុងឬរដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ស្តាប់​ការទាមទារ​ចង់បាន​របស់​ពលរដ្ឋ​ក្រុង​ហុងកុង​ឬ​ទេ​នោះ។

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន

អត្ថបទ​ទាក់ទង

XS
SM
MD
LG