លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ និងជាអ្នកសារព័ត៌មានដែលធ្លាប់ធ្វើការជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា បាននិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ នឹងបន្តធ្វើអ្វីៗគ្រប់បែបយ៉ាងប្រសិនបើចាំបាច់ ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តកាន់អំណាចតទៅទៀត នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។
អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» រូបនេះ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍មួយជាមួយ VOA នៅក្រោយកម្មវិធីជជែកពិភាក្សាគ្នាមួយស្ដីពីការវិភាគអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាឆ្នាំ២០១៧ ដែលធ្វើឡើងដោយមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។
«ពិតណាស់ ពួកគេបានត្រៀមខ្លួន ដើម្បីយកឈ្នះដោយយុត្តិធម៌ ពីព្រោះថាការណ៍នេះ ធ្វើឲ្យមុខមាត់របស់ពួកគេមើលទៅល្អប្រសើរក្នុងឆាកអន្តរជាតិ ប៉ុន្តែខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនធ្វើអ្វីៗគ្រប់បែបយ៉ាងដែលចាំបាច់ ដើម្បីរក្សាអំណាចតទៅទៀត»។
ការលើកឡើងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីកម្ពុជាបានរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤របស់ខ្លួន ដោយលទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបាត់បង់តំណែងមេឃុំ និងចៅសង្កាត់ ចំនួនជាង៤០០ ទៅលើគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង ទោះបីជាគណបក្សប្រជាជនកម្ពុជា នៅតែឈ្នះការបោះឆ្នោត និងគ្រប់គ្រងឃុំសង្កាត់ភាគច្រើនដដែលក៏ដោយ។
លោក Sebastian Strangioដែលជាអតីតអ្នកកាសែត Phnom Penh Postហើយដែលបាននិងនៅតែតាមដានការវិវត្តនយោបាយនៅក្នុងប្រទេសកម្ពុជាយ៉ាងដិតដល់ដែរនោះ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការកើនឡើងនូវការគាំទ្រគណបក្សប្រឆាំង ថាជាការគំរាមកំហែងមួយ។
លោកបន្ត ដោយមើលឃើញការគំរាមកំហែងនេះជាយូរឆ្នាំមកហើយនោះ គណបក្សប្រជាជនកម្ពុជានឹងចាត់វិធានការគ្រប់យ៉ាង ដើម្បីរក្សាអំណាចរបស់ខ្លួនតទៅទៀត។
«ពួកគេ មានមធ្យោបាយគ្រប់បែបយ៉ាង ដែលពួកគេត្រូវការដើម្បីធានាថា ពួកគេនឹងនៅតែកាន់អំណាចនៅក្នុងការបោះឆ្នោតលើកក្រោយ។ ពួកគេគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ ហើយពួកគេក៏បានបង្កើតយន្តការនយោបាយនិងច្បាប់ ដែលពួកគេអាចប្រើដើម្បីដាក់សម្ពាធលើបក្សប្រឆាំង ឬធ្វើឲ្យបក្សប្រឆាំងស្ថិតនៅក្រៅច្បាប់ ឬរំលាយបក្សនោះតែម្ដង»។
ក្រុមអ្នកតានដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា និយាយថា គណបក្សប្រជាជនកម្ពុជា តែងបានប្រើប្រាស់តិចនិកនៃការសម្លុត គំរាមកំហែង និងបំភិតបំភ័យគូបដិបក្ខនិងអ្នករិះគន់ខ្លួន នៅមុនការបោះឆ្នោតម្តងៗ ដើម្បីធានាថា ខ្លួននឹងនៅតែបន្តកាន់អំណាចដដែល។
លោក អ៊ា សុផល សាស្ត្រាចារ្យរងនៃមហាវិទ្យាល័យ Occidental College ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងកិច្ចពិភាក្សាគ្នាតាមរយៈប្រព័ន្ធSkype ពីទីក្រុងឡូអានជឺឡេស បានថ្លែងដែរថា ទោះបីជាមានការបាញ់សម្លាប់អ្នកវិភាគសង្គមគឺលោក កែម ឡី និងការចាប់អ្នកវិភាគ និងសមាជិកគណបក្សប្រឆាំងជាច្រើនរូបដាក់ពន្ធនាគារ ហើយនិងមានការធ្វើវិសោធនកម្មច្បាប់ ដែលមានចេតនាគំរាមរំលាយគណបក្សប្រឆាំងក៏ដោយ ក៏លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ បង្ហាញពីការកើនឡើងនូវការគាំទ្របក្សប្រឆាំង ដល់ទៅជាង១០ដង។
«វាគួរឲ្យចាប់អារម្មណ៍គួរសមដែរ ដែលឃើញថាគណបក្សប្រឆាំងអាចទទួលបានការរីកចម្រើនខ្លាំង ទោះបីជាមានបញ្ហាធំៗជាច្រើនក៏ដោយ»។
អ្នកស្រី Elizabeth Becker អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «នៅពេលដែលសង្គ្រាមបញ្ចប់ទៅ» និងជាអ្នកសារព័ត៌មានម្នាក់ដែរ បានថ្លែងប្រាប់ VOA នៅក្នុងបទសម្ភាសន៍ ក្រោយពីកម្មវិធីពិភាក្សាគ្នានោះថា ថ្វីត្បិតតែលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ នឹងមិនអាចផ្លាស់ប្ដូរអ្វីជាដុំកំភួនក្នុងប្រទេសកម្ពុជានាពេលនេះក្ដី ក៏វាបង្ហាញសញ្ញាណល្អមួយដែរ។
«វាបានរៀបឆាកប្រកួតដែលមានលក្ខណៈខ្លាំងស្មើគ្នា សម្រាប់ការបោះឆ្នោតជាតិឆ្នាំក្រោយ ហេតុដូច្នេះហើយ បានជាមនុស្សគ្រប់គ្នា បាននិងកំពុងតានដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុតនោះ»។
ដោយសារសន្ទុះនៃការគាំទ្រគណបក្សធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង មានលក្ខណៈប្រកៀកប្រកិតគ្នានេះ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា មើលឃើញថា គណបក្សកាន់អំណាចនឹងមានលក្ខណៈប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យដែលនឹងអាចកើតឡើងនៅក្នុងបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។
អ្នកនាង Courtney Weatherby អ្នកវិភាគខាងការស្រាវជ្រាវក្នុងកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson បានថ្លែងនៅក្នុងកិច្ចពិភាក្សាគ្នាដែរថា ដោយមើលឃើញចំណុចខ្វះខាតរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលនៅពេលនោះ គណបក្សប្រជាជនកម្ពុជា បានបាត់បង់អាសនៈសភាអស់២២ ទៅលើគណបក្សសង្គ្រោះជាតិ គណបក្សកាន់អំណាច ក៏ចាប់ផ្ដើមផ្លាស់ប្ដូរមន្ត្រីរបស់ខ្លួន ឲ្យកាន់តំណែងនៅតាមស្ថាប័នសំខាន់ៗមួយចំនួន ជាពិសេសផ្នែកបរិស្ថាននិងថាមពល ដើម្បីទាក់ទាញសំឡេងគាំទ្រពីពលរដ្ឋដែលមិនពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលមកវិញ។
«ក្នុងពេលទន្ទឹមគ្នានេះដែរ យើងក៏ឃើញការផ្លាស់ប្ដូរខ្លះទៀតនៅក្នុងគណបក្សប្រជាជនកម្ពុជា តាមរបៀបដែលពួកគេមើលឃើញបញ្ហានោះក្នុងជួរបក្សរបស់ខ្លួន។ ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ ដោយមានការបាត់បង់អាសនៈទាំងនោះ លោក ហ៊ុន សែន ក៏បានតែងតាំងលោក សាយ សំអាល់ ដោយផ្ទាល់ ឲ្យកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងបរិស្ថាន»។
ដោយមើលឃើញពីការបាត់បង់អាសនៈសភារបស់គណបក្សកាន់អំណាចកាលពីការបោះឆ្នោតជាតិឆ្នាំ២០១៣ គួបផ្សំនឹងការបាត់បង់ចំនួនតំណែងមេឃុំនិងចៅសង្កាត់ក្នុងការបោះឆ្នោតមូលដ្ឋានឆ្នាំ២០១៧នេះផង លោក មាស នី អ្នកស្រាវជ្រាវសង្គមក្នុងប្រទេសកម្ពុជា បានថ្លែងប្រាប់ VOA ក្នុងបទសម្ភាសន៍មួយនៅថ្ងៃអង្គារនេះថា ស្ថានការណ៍នយោបាយនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ អាចនឹងមានស្ថានភាពអាក្រក់ឡើង។
«មុន២០១៧នេះ ខ្ញុំនៅតែគិតថា នៅពេលដែលគណបក្សសង្គ្រោះជាតិ កើនការគាំទ្រកាន់តែខ្លាំង ពេលនោះសម្ពាធនយោបាយផ្សេងៗពីគូរបដិបក្ខម្ខាងទៀត នឹងមានកាន់តែធ្ងន់ៗជាងមុនទៀត។ អានេះបើពុំមានសុឆន្ទៈក្នុងការរកផ្លូវចេញឲ្យឃើញទេ ខ្ញុំរំពឹងថា នឹងមានព្យុះ ហើយមិនត្រឹមតែព្យុះទេ អាចមានផ្គរ និងអាចនឹងមានរន្ទះធំៗទៀត មុននឹងឈានចូលទៅដល់ដល់ការបោះឆ្នោត២០១៨»។
តែទោះជាយ៉ាងនេះក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សកាន់អំណាចនេះ មិនបានគាបសង្កត់គណបក្សប្រកួតប្រជែង ដើម្បីរក្សាអំណាចរបស់ខ្លួននោះទេ។
លោកបន្តថា នៅក្នុងការប្រកួតនយោបាយ គណបក្សនីមួយៗមានសិទ្ធិប្រើប្រាស់មធ្យោបាយផ្សេងៗរៀងៗខ្លួន ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោត។
«គណបក្សណាក៏ដោយ ឲ្យតែចូលប្រកួតប្រជែង សុទ្ធតែខំរៀងខ្លួនហើយ ខំតាមគ្រប់មធ្យោបាយ។ គណបក្សប្រជាជនក៏ខំ គ្រប់មធ្យោបាយដែរ ប៉ុន្តែ មធ្យោបាយទាំងឡាយណា ដែលមិនល្មើសច្បាប់ មិនប្រឆាំងនឹងច្បាប់។ អាហ្នឹង រឿងតែប៉ុណ្ណឹងទេ»។
លោក សុខ ឥសាន មានប្រសាសន៍បន្ថែមទៀតថា ការលើកឡើងអំពីសង្គ្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក ក៏មិនមែនជាការគំរាមកំហែងគូបដិបក្ខនយោបាយរបស់លោកដែរ តែលោកថា វាគ្រាន់តែជាការ«ពន្យល់»ប្រជាពលរដ្ឋប៉ុណ្ណោះ។
«នាយករដ្ឋមន្ត្រី លោកមានសិទ្ធិ ក្នុងនាមជាប្រធានគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាច លោកមានសិទ្ធិពន្យល់ប្រជាជនឲ្យយល់ថា អ្វីទៅជាសន្តិភាព អ្វីទៅជានយោបាយដើម្បីបានសន្តិភាព អ្វីទៅជានយោបាយដែលបង្កឲ្យមានសង្គ្រាមកើតឡើង។ អញ្ចឹង ការពន្យល់នេះ មិនមែនមានន័យថា គំរាមកំហែងគណបក្សប្រឆាំងទេ»។
យ៉ាងណាក៏ដោយ លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ និងជាអ្នកសារព័ត៌មាន មានប្រសាសន៍ថា សហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ គួរតែបន្តឃ្លាំមើលស្ថានការណ៍វិវត្តនៅក្នុងប្រទេសកម្ពុជាឲ្យបានជាប់លាប់នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ ដើម្បីធានាឲ្យមានការបោះឆ្នោតមួយដែលមានលក្ខណៈល្អប្រសើរដូចការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះដែរ៕