ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ឆ្លង​កូវីដ​លើក​ដំបូង​ ហើយ​ត្រូវ​លុប​ចោល​កិច្ច​ប្រជុំ​នៅ​ក្រៅ​ប្រទេស


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ពេល​លោក​បាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

លោក ហ៊ុន សែន បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌណេស៊ី កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ក្រោយ​ពី​បាន​រៀបចំ​និង​ដឹកនាំ​កិច្ច​ប្រជុំ​អាស៊ាន ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល G20 នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង​ ២០។

បើ​តាម​លោក ហ៊ុន សែន មុន​ធ្វើដំណើរ​ចេញ​ពី​កម្ពុជា លោក​បាន​ធ្វើតេស្ត​រាល់ថ្ងៃ ពិសេស​មុន​ពេល​ចេញ​ដំណើរ​ ប៉ុន្តែ​លទ្ធផល​ឃើញ​ថា​មិន​មាន​ជំងឺ​កូវីដ១៩ នោះ​ទេ។

លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា៖ «ខ្ញុំ​មិន​ច្បាស់​ថា​មេរោគ​នេះ​មក​នៅ​ជាមួយ​ខ្លួន​ខ្ញុំ​ចាប់​ពី​ពេល​ណា​មក​នោះ​ឡើយ​ តែអ្វី​ដែល​ច្បាស់​ពេល​មក​ដល់​ពេទ្យ​ឥណ្ឌូណេស៊ី​យក​សំណាក​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​បញ្ជាក់​ថា ​វិជ្ជមាន​កូវីដ១៩ ដែល​យើង​ត្រូវតែ​ទទួល​ស្គាល់ បើទោះ​ជា​ក្នុងខ្លួន​យើង​មិន​មាន​អាការៈ​ចម្លែក​ក៏​ដោយ»។

មុន​ធ្វើ​ដំណើរ​ទៅ​កោះបាលី​ លោក ហ៊ុន សែន បាន​ជួប​ជាមួយ​ព្រះចៅ​ស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះ​មហាក្សត្រ​នៃ​ប្រ៊ុយណេ​ដារូស្សាឡាម ដែល​បាន​មក​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន។ នៅ​ពេល​ចាប់​ដៃ​គ្នា លោក ហ៊ុន សែន បាន​ពាក់​ម៉ាស​ផង​ដែរ។

លោក ហ៊ុន សែន បាន​លើក​ឡើង​បន្ថែម​ក្នុង​សារ​តាម​ហ្វេសប៊ុក​ថា​ លោក​មិនបាន​ទៅ​ចូលរួម​បាយ​ល្ងាច​ជាមួយ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ត្រូវបាន​រៀបចំ​ដោយ​ប្រធានាធិបតី​បារាំង នៅ​កោះបាលី ដោយសារ​លោក​បាន​ទៅ​ដល់យឺត។

ដើម្បី​សុវត្ថិភាព លោក ហ៊ុន សែន និង​ប្រតិភូ​ដែល​ចូលរួម​ប្រជុំ នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​តាម​លោក ហ៊ុន សែន។

លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ថា ប្រហែល​ជា​នាយករដ្ឋ​មន្ត្រី​ផ្តាសាយធំ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ត្រូវ​តែ​គោរព​តាម​លទ្ធផល​នៃ​ការ​ធ្វើតេស្ត។

លោក​បញ្ជាក់​ថា៖ «អ្វី​ដែល​យើង​ធ្លាប់​មាន​ការ​ពិសោធន៍​ហ្នឹង ប្រហែល​ជា​ផ្តាសាយ​ធំ​ទេ​មើល​ទៅ។ យើង​មើល​អាការៈ​លោក​ទាំងពីរ លោក​ទទួល​ភ្ញៀវ​ថ្ងៃ​ចុងក្រោយ​ហ្នឹង គឺ​លោក​អស់​កម្លាំង​ហ្មង អស់​កម្លាំង​ខ្លាំង​មែនទែន លោក​ស្ទើរតែ​លើក​ជើងលែង​ចង់​រួច​នៅ​ពេល​ដើរ»។

លោក ហ៊ុន សែន នឹង​អាក់ខាន​ជួប​ជាមួយ​ប្រធានា​ធិបតី​ចិន​និង​ប្រធានាធិបតី​បារាំង​ ដែល​គ្រោង​ជួបគ្នា​នៅ​បាងកក​នៃ​ប្រទេសថៃ នា​ពេលប្រជុំ APEC នា​សប្តាហ៍​នេះ។

នៅ​ទីក្រុង​ភ្នំពេញ លោក​បាន​ជួប​មេដឹកនាំ​មួយ​ចំនួន​ក្នុង​ជំនួប​ទ្វេភាគី ក្នុង​នោះ​រួមមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នាយករដ្ឋមន្ត្រី​កាណាដា ជប៉ុន ឥណ្ឌា និង​អគ្គលេខាធិការ​អាស៊ាន​ជាដើម។ បើតាមសេតវិមាន លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើតេស្តកូវីដ ហើយលទ្ធផលបង្ហាញថាអវិជ្ជមាន គិតត្រឹមថ្ងៃអង្គារនេះ៕

XS
SM
MD
LG