លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសបញ្ចប់តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូលតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ លែងឲ្យត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងឲ្យវិនិយោគគិននិងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើន។
ការប្រកាសរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលមានភ្ជាប់អនុក្រឹត្យមួយ«ស្តីអំពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្មនិងពង្រឹងភាពប្រកួតប្រជែងកម្ពុជា»ដែលមានហត្ថលេខា និងត្រារបស់លោកកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៩។
លោក ហ៊ុន សែន សរសេរក្នុងសារនោះនៅថ្ងៃទី២២ខែកុម្ភៈនេះ តាមន័យដើមថា៖ «កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង»។
អនុក្រឹត្យដែលមានចំនួន៤មាត្រានោះបានបញ្ជាក់ក្នុងមាត្រា១អំពីការបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។
មាត្រា២នៃអនុក្រឹត្យនេះបញ្ជាក់តាមន័យដើមថា៖
«អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែននិងច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្ធិធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត»។
អនុក្រឹត្យដដែលនោះបន្ថែមថា ក្នុងករណីចាំបាច់ដែលត្រូវការជំនាញឯកទេសជាក់លាក់ក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអាចស្នើសុំកិច្ចសហការពីស្ថាប័នឯកទេសផ្សេងទៀតក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ស្របតាមការកំណត់នៃលិខិតបទដ្ឋានជាធរមាន។
ការបង្ហោះសាររបស់លោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣៤ឆ្នាំរូបនេះកើតមានឡើង នៅចំពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ«អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)»ដែលផ្តល់ផលចំណេញដល់កម្ពុជាក្នុងមួយឆ្នាំៗប្រមាណជា៧០០លានដុល្លារ ដោយមូលហេតុថា កម្ពុជាមិនគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះក៏ជាផ្នែកយ៉ាងសំខាន់មួយក្នុងការទាក់ទាញអ្នកវិនិយោគិនឲ្យមកបណ្តាក់ទុននៅកម្ពុជាដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់ VOA ថា រដ្ឋាភិបាលសម្រេចបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនៃក្រសួងពាណិជ្ជកម្មនេះគឺជាផ្នែកមួយនៃកំណែទម្រង់ពាណិជ្ជកម្ម ដើម្បីឲ្យទីផ្សារពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានភាពទូលាយ។
លោកបន្តថា កំណែទម្រង់នេះនឹងធ្វើឲ្យលទ្ធភាពនៃការត្រួតពិនិត្យទំនិញលែងមានការកកស្ទះនិងកាត់បន្ថយអំពើពុករលួយ។
លោកបញ្ជាក់ថា៖
«ជាលទ្ធភាពនៃចរាចរណ៍ទំនិញ វាអត់មានការកកស្ទះ។ វាមិនមានការបាត់បង់ប្រាក់ដែលពាក់ព័ន្ធនឹងចរាចរណ៍ទំនិញ ក៏ដូចជាការបាត់បង់ប្រាក់ទៅលើក្រោមតុ និងលើតុ ដែលជាឧបសគ្គនៅតាមច្រកព្រំដែននេះឯង ឬក៏ឧបសគ្គនៃយន្តការមួយចំនួនដែលធ្វើឲ្យមានឧបសគ្គនៃពាណិជ្ជកម្ម។ អាស្រ័យហេតុដូច្នេះនេះជាកំណែទម្រង់មួយដើម្បីឲ្យពាណិជ្ជកម្មរបស់យើងរឹតតែបើកចំហ រឹតតែមានប្រសិទ្ធភាពប្រកបដោយថាមពលនេះឯង»។
កន្លងមកគេឃើញសារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ពីអំពីការត្អូញត្អែររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការមិនយកចិត្តទុកដាក់អនុវត្តការងារក្នុងការត្រួតពិនិត្យទំនិញរបស់កាំកុងត្រូល។ មន្រ្តីកាំកុងត្រូលនិងគយរដ្ឋាករខ្លះត្រូវបានគេរាយការណ៍ថា យកលុយពីឈ្មួញជាថ្នូរនឹងការអនុញ្ញាតឲ្យនាំចូលទំនិញផ្សេងៗក៏មាន។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ការបញ្ឈប់លែងឲ្យមានកាំកុងត្រូលនៅតាមបណ្តាច្រកព្រំដែនគឺជាចំណុចល្អដែលជួយកាត់បន្ថយពេលវេលានៃការត្រួតពិនិត្យទំនិញ និងកាត់បន្ថយការចំណាយប្រាក់ច្រើនដំណាក់កាលពាក់ព័ន្ធនឹងអំពើពុករលួយផ្សេងៗដែលអាចកើតឡើងក្នុងការត្រួតពិនិត្យទំនិញទាំងនោះ។
ទោះយ៉ាងណា លោកថា ការកាត់បន្ថយពេលវេលា និងការចំណាយក្រៅផ្លូវការទាំងនោះនឹងអាចមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលមានយន្តការជាក់លាក់ក្នុងការអនុវត្ត និងត្រួតពិនិត្យលើការធ្វើការងាររបស់គយ និងរដ្ឋាករដែលទទួលបានភារកិច្ចក្នុងការត្រួតពិនិត្យទំនិញ។
លោកបញ្ជាក់ថា៖
«រដ្ឋាភិបាលពិចារណារកផ្លូវ ឬក៏ឈានទៅរកការបង្កើតឲ្យមានយន្តការផ្សេងៗសម្រាប់ការទទួលព័ត៌មានត្រឡប់ពីអ្នកនាំទំនិញចេញចូលដើម្បីធានាថា ការងាររបស់គយត្រូវបានរិះគន់ ឬត្រូវបានកែលម្អជាប្រយោជន៍ដើម្បីឲ្យមានភាពងាយស្រួលនៃការនាំទំនិញចេញចូលដើម្បីកុំឲ្យកើតមានការបន្ទុចបង្អាក់ ឬក៏ឱកាសនៃការពន្យារពេលវេលាដើម្បីជាថ្នូរនឹងផលប្រយោជន៍អ្វីមួយនោះ»។
បើតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាំកុងត្រូលគឺជាអគ្គនាយកដ្ឋាន កម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណអាហរ័ណ និងបង្ក្រាបការក្លែងបន្លំ។ អគ្គនាយកដ្ឋាននេះមាននាយកដ្ឋានចំណុះចំនួន៤ដែលមានសាខាចំនួន២៧និងមានបុគ្គលិកសរុបចំនួន៥៣៥នាក់ទូទាំងប្រទេស។ ឈ្មោះនាយកដ្ឋានចំណុះទាំង៤គឺនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ នាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ នាយកដ្ឋានគោលនយោបាយទូទៅ និងដោះស្រាយវិវាទ និងនាយកដ្ឋានមន្ទីរពិសោធន៍៕