កំពុងអង្គុយបំបៅកូនក្នុងចំណោមអ្នកចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀនរាប់ពាន់នាក់ អ្នកស្រី សន ភារម្យ ជាសមាជិកចលនាស្រ្តីគណបក្សភ្លើងទៀនក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ស្រ្តីវ័យ ៣៧ ឆ្នាំរូបនេះ បានបង្ហាញពីភាពជឿជាក់យ៉ាងមុតមាំថា គណបក្សភ្លើងទៀន នឹងទទួលជោគជ័យនៅក្នុងការបោះឆ្នោតនាពេលប៉ុន្មានខែខាងមុខទៀតនេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំជឿជាក់ ១០០% ពីព្រោះអី ខ្ញុំគាំទ្រគាត់តាំងពីដើមមករហូត។ ប្រជាពលរដ្ឋដែលនៅតាមភូមិ គាត់ចង់បានដូចថាស្រូវអង្ករអីចឹង គឺសុំឱ្យស្រូវនោះឡើងថ្លៃ ដូចពួកគាត់ដែលបានសន្យា ដូចគោលការណ៍របស់គាត់»។
អ្នកស្រី សន ភារម្យ បានបញ្ជាក់បន្ថែមថា អ្នកស្រីបានចាប់ផ្តើមចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដោយសារបញ្ហាដែលកើតក្នុងមូលដ្ឋានរបស់អ្នកស្រីមិនទទួលបានដំណោះស្រាយ ហើយប្រជាជនដូចជាអ្នកស្រីរងការរើសអើងពីសំណាក់អាជ្ញាធរដែនដី។
«និយាយទៅ សង្ឃឹមថាមានការងារធ្វើនៅក្នុងប្រទេស និយាយទៅដូចថា ចង់បានយុត្តិធម៌ សច្ចធម៌មកវិញចឹង ពីព្រោះអីគេគាបសង្កត់យើងខ្លាំងណាស់ និយាយទៅគេប្រកាន់បក្សតែម្តង»។
អ្នកស្រី សន ភារម្យ គឺជាសកម្មជនគណបក្សភ្លើងទៀនម្នាក់ ក្នុងចំណោមជាច្រើននាក់ផ្សេងទៀត ដែលលើកឡើងថា ការចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន គឺដោយសារបញ្ហាក្នុងសហគមន៍មិនមានដំណោះស្រាយ។ ពួកគេក៏រំពឹងថា គណបក្សភ្លើងទៀននឹងអាចដោះស្រាយបញ្ហា ដែលពួកគេតែងតែជួបប្រទះក្នុងសហគមន៍បានផងដែរ។
រីឯ អ្នកស្រី លឹម ស្រីម៉ុច អាយុ ៣៣ ឆ្នាំ ជាអាជីវករលក់ដូរនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាអស់រយៈពេលប្រមាណជា ១០ ឆ្នាំកន្លងមកហើយ។ ក៏ប៉ុន្តែពេលនេះ អ្នកស្រីបានប្តូរមកគាំទ្រគណបក្សភ្លើងទៀនវិញ ដោយសារអ្នកស្រីសង្ឃឹមថា គណបក្សនេះនឹងជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលជួបប្រទះការលំបាក។
អ្នកស្រី លឹម ស្រីម៉ុច បានឱ្យដឹងបន្ថែមថា ការផ្លាស់ប្តូរការគាំទ្រគណបក្សនេះ គឺដើម្បីឱ្យមានការរីកចម្រើនប្រសើរជាងមុនលើផ្នែកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អ្នកស្រីថ្លែងថា៖ «វាជាការផ្លាស់ប្តូរដើម្បីឱ្យវារីកចម្រើនតទៅមុខទៀតចឹង យើងមិនចង់ដដែលៗ ឬក៏វាអាចហ្នឹងអន់ជាងហ្នឹង ឬក៏ការអភិវឌ្ឍតិចជាងហ្នឹងអីចឹង។ គ្រាន់តែយើងចង់បានសន្តិភាព ភាពយុត្តិធម៌ ចង់ឱ្យរីកចម្រើន ចង់ឱ្យបញ្ហាខ្លាំងបំផុតរបស់ប្រជាពលរដ្ឋក្រីក្រមួយចំនួន គឺបញ្ហាដីធ្លី និងបញ្ហាផលដំណាំ អ៊ីចឹងបានភាគច្រើន បានសុទ្ធតែអ្នកធ្វើស្រែធ្វើចម្ការចូលរួមអ៊ីចឹង»។
សេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ បានរងផលប៉ះពាល់ខ្លាំង ដោយធនាគារពិភពលោកបានរកឃើញថា អត្រាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១៨%។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនប្រមាណ ៦៥% ប្រកបរបរកសិកម្ម ដែលកំពុងជួបបញ្ហាប្រឈមដោយសារតម្លៃទំនិញដូចជាប្រេងសាំង និងជីជាដើម បានឡើងថ្លៃ ខណៈអត្រាអតិផរណាឡើងខ្ពស់នៅជុំវិញពិភពលោក ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងជំងឺរាតត្បាតកូវីដ១៩។
ក្នុងសមាជវិសាមញ្ញគណបក្សភ្លើងទៀន ដែលបានធ្វើឡើងនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងខេត្តសៀមរាប មានអ្នកចូលរួមប្រមាណជា ៧.០០០ នាក់ ដែលជាចំនួនលើសពីការកំណត់របស់បក្ស។ នេះបើយោងតាមការអះអាងរបស់អ្នកដែលចូលរួមសមាជ និងមន្រ្តីជាន់ខ្ពស់ក្នុងគណបក្សនេះ។
លោក កង ដេត អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំស្រុកពារាំង ខេត្តព្រៃវែង បានគាំទ្រគណបក្សនេះតាំងពីនៅជាឈ្មោះថា គណបក្សជាតិខ្មែរ។ លោកបានអះអាងថា ប្រជាជននៅក្នុងស្រុកពារាំង បានរៃលុយគ្នាដើម្បីឱ្យលោកបានធ្វើដំណើរមកចូលរួមសមាជវិសាមញ្ញនៅខេត្តសៀមរាបនេះ។
លោកថ្លែងថា៖ «គណបក្សភ្លើងទៀនមានសភាព ហៅថាកក្រើក ហើយមកហ្នឹងមកទាំងទឹកចិត្ត ថា គ្មានលុយក៏បងប្អូនជួយគ្នាដែរ។ មិនមានថវិកាអីច្រើនក៏ប្រជាពលរដ្ឋផ្តល់ឱ្យ។ តិចតួចក្តីអីក្តី ធ្វើសោហ៊ុយមក»។
បុរសសម្បុរខ្មៅ សក់ល្បាយអាចម៍ខ្លារូបនេះ បានថ្លែងប្រាប់វីអូអេបន្ថែមថា នៅតាមមូលដ្ឋាន សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀនតែងរងសម្ពាធ និងការរឹតត្បិត។ ប៉ុន្តែលោកថា លោកមិនបារម្ភអំពីសម្ពាធទាំងនេះនោះទេ។
លោកថ្លែងថា៖ «មិនខ្លាចទេ ទោះបីថាស្លាប់ ក៏សុខចិត្តស្លាប់ដែរ។ ឥតថា យើងរស់នៅវាលំបាកទៅៗ វាអត់មានភាពទុកចិត្ត។ កូនៗទៅចំណាកស្រុក ស្រុកគេ ហើយបានកម្រៃតិចតួចយកមកចិញ្ចឹមគ្រួសារ រហូតដល់គេធ្វើបាប ជាប់គុកជាប់ច្រវ៉ាក់នៅស្រុកគេ ដូចជាស្រុកថៃស្រុកអី។ អ៊ីចឹងបានថា អស់សង្ឃឹម អស់សេចក្តីទុកចិត្ត។ បានជាថាមានតែគណបក្សភ្លើងទៀនហ្នឹងទេ ដែលអាចផ្តល់សេចក្តីទុកចិត្តឱ្យ អាចយើងរស់បាន»។
គណបក្សភ្លើងទៀន មានអាយុជាង ២៧ ឆ្នាំ ប៉ុន្តែគណបក្សនេះបានផ្អាកសកម្មភាពរបស់ខ្លួននៅក្នុងអំឡុងឆ្នាំ ២០១២ ដោយកាលនោះសកម្មជនគណបក្សភ្លើងទៀន បានចូលរួមនយោបាយជាមួយគណបក្សសិទ្ធិមនុស្ស ដោយបានបង្កើតជាគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី បានបង្កើតគណបក្សជាតិខ្មែរ កាលពីឆ្នាំ ១៩៩៥ ប៉ុន្តែគណបក្សនេះបានប្តូរឈ្មោះទៅជាគណបក្ស សម រង្ស៊ី កាលពីឆ្នាំ១៩៩៨ បន្ទាប់ពីមានការជំទាស់មួយចំនួន។ ជាមួយនឹងវិសោធនកម្មដ៏ចម្រូងចម្រាសនៃច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីឆ្នាំ ២០១៧ គណបក្សនយោបាយមួយនេះ ក៏បានដូរឈ្មោះជា «គណបក្សភ្លើងទៀន» វិញ រហូតមកទល់សព្វថ្ងៃ។
នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ ១៩៩៨ គណបក្សភ្លើងទៀន បានទទួលអាសនៈរដ្ឋសភាចំនួន ១៥ ឆ្នាំ ២០០៣ ឈ្នះអាសនៈចំនួន ២៤ និងឆ្នាំ២០០៨ បានអាសនៈចំនួន ២៦ មុនពេលគណបក្សនេះបានរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ហើយបានបង្កើតជាគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ ២០១២។ ប៉ុន្តែកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិក៏ត្រូវបានរំលាយ ដោយរងការចោទថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។
សមាជវិសាមញ្ញគណបក្សភ្លើងទៀន ដែលបានធ្វើឡើងនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងកំណត់យុទ្ធសាស្រ្ត និងគោលនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស។
ក្នុងគោលនយោបាយចំនួន ៩ ចំណុច ដែលត្រូវបានអនុម័តក្នុងសមាជ ផ្តោតលើវិស័យសេដ្ឋកិច្ច វិស័យអប់រំ និងយុវជន វិស័យការងារ វិស័យសុខាភិបាល វិស័យកសិកម្ម ការការពារទ្រព្យសម្បត្តិជាតិ និងបរិស្ថាន កិច្ចការពារជាតិ និងការគ្រប់គ្រងប្រទេស ការលើកស្ទួយស្រ្តី ការប្រមូលថវិកាជាតិ និងការចំណាយ។
ក្នុងសមាជនោះ ក៏មានការអនុម័តសារនយោបាយអាទិភាព ៥ ចំណុច ដែលត្រូវបានដកស្រង់ចេញពីគោលនយោបាយ ៩ ចំណុចនោះ រួមមាន ពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋឥតបង់ប្រាក់។ មនុស្សចាស់អាយុ ៦៥ ឆ្នាំឡើង ទទួលបានប្រាក់ ២០ ម៉ឺនរៀលរៀងរាល់ខែ កម្មករប្រាក់ខែទាបបំផុត ១ លាន ២ សែនរៀល និងមន្រ្តីរាជការទាបបំផុត ២ លានរៀល។ កសិផលថ្លៃ ជីថោក ប្រេងថោក ការប្រាក់ទាប។ ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១ លាននាក់។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ប្រាប់ VOA ថា គណបក្សភ្លើងទៀន នឹងអនុវត្តគោលនយោបាយរបស់ខ្លួន នៅពេលដែលគណបក្សនេះឈ្នះការបោះឆ្នោត ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ។
លោកបានថ្លែងថា៖ «នៅពេលដែលគណបក្សភ្លើងទៀនបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខនេះ គឺគណបក្សភ្លើងទៀននឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នាំនូវលទ្ធិប្រជាធិបតេយ្យដូចនៅក្នុងគោលការណ៍របស់គណបក្សភ្លើងទៀន ក៏ដូចនៅក្នុងសារទាំង ៥ ចំណុច របស់គណបក្សភ្លើងទៀន គឺនាំយកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដជូនដល់ប្រទេសកម្ពុជាយើង»។
លោករំពឹងថា រដ្ឋាភិបាលនឹងបើកលំហប្រជាធិបតេយ្យសម្រាប់គណបក្សនយោបាយទាំងអស់ ចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ដោយសេរី និងមិនមានការដាក់សម្ពាធ។
លោកថ្លែងថា៖ «លទ្ធិប្រជាធិបតេយ្យគឺមានន័យទូលំទូលាយ គឺយើងមានសិទ្ធិធ្វើនយោបាយដូចៗគ្នា ហើយយើងមានសិទ្ធិក្នុងការបញ្ចេញសារនយោបាយរបស់យើង មានការតិះតៀននូវកំហុសរបស់រដ្ឋាភិបាល ដែលមានការធ្វើខុសកន្លងផុតទៅ។ នេះគឺជាលំហនៃលទ្ធិប្រជាធិបតេយ្យ។ ហើយគណបក្សភ្លើងទៀនក៏សង្ឃឹមថា រាជរដ្ឋាភិបាលនឹងបើកលំហប្រជាធិបតេយ្យឱ្យគណបក្សទាំងអស់ចូលរួមក្នុងការបោះឆ្នោតថ្ងៃទី ២៣ កក្កដា ប្រកបដោយសន្តិភាព មិនមានការឈ្លោះប្រកែក ចាប់ចងគ្នានោះឡើយ»។
ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ គណបក្សភ្លើងទៀនបានប្រមូលផ្តុំសមាជិក ហើយបានចូលរួមការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ ២០២២ ដោយទទួលបានអាសនៈចំនួន ២.១៩៨។ ចំណែកគណបក្សប្រជាជនកម្ពុជាបានអាសនៈចំនួន ៩.៣៧៦។ គណបក្សភ្លើងទៀនទទួលបានតំណែងមេឃុំ ៤ ជំទប់ទី១ បានចំនួន ២៥ និងជំទប់ទី ២ បាន ១.៣៦០។
ចាប់តាំងពីគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតវិញ មន្រ្តីជាន់ខ្ពស់គណបក្សនេះបានរងការប្តឹងផ្តល់ពីគណបក្សកាន់អំណាចជាបន្តបន្ទាប់។
កាលពីខែតុលា ឆ្នាំ ២០២៣ តុលាការសម្រេចឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បង់សំណងជំងឺចិត្តឱ្យគណបក្សកាន់អំណាច ប្រមាណជា ៧៥ ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ ទាក់ទិនការអត្ថាធិប្បាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០២២។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ ២០២៣ សមត្ថកិច្ចបានចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពីបទល្មើសដែលកើតឡើងកាលពីចុងឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកអត់លុយ។
ហើយកាលពីខែមករា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យមេធាវីបក្សកាន់អំណាចពិនិត្យមើលសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សកាន់អំណាចគាបសង្កត់គូប្រជែង។ លោក ហ៊ុន សែន អំពាវនាវឲ្យគណបក្សប្រឆាំងមួយនេះសុំទោស បើមិនចង់ប្រឈមនឹងចំណាត់ការច្បាប់។
ចំណែកលោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ត្រូវបានលោក ហ៊ុន សែន ចោទថា បាននិយាយបរិហារលើគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក ដោយរិះគន់ការដឹកនាំរបស់គណបក្សកាន់អំណាច។ ក្រោយបន្តិច លោក ហ៊ុន សែន បានព្រមានប្តឹងលោក គង់ គាំ ប្រសិនបើលោកមិនព្រមប្រគល់ដីទំហំ ៥.២៩០ ម៉ែត្រការ៉េ ស្ថិតក្នុងភូមិ ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឱ្យទៅក្រសួងការបរទេសវិញទេនោះ។
ក្រោយមក គណបក្សប្រជាជនកម្ពុជាបានសម្រេចដកពាក្យបណ្តឹងលើលោក គង់ គាំ ក្រោយលោកបានប្រកាសសុំទោសជាសាធារណៈ និងចាកចេញពីគណបក្សភ្លើងទៀន។
សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា គោលនយោបាយរបស់គណបក្សភ្លើងទៀនសុទ្ធតែជាគោលនយោបាយដែលអាចទាក់ទាញការគាំទ្របាន ប៉ុន្តែលោកថា គណបក្សក៏គួរផ្តោតលើគោលនយោបាយជនអន្តោប្រវេសន៍ និងព្រំដែនផងដែរ។ ចំណែកការជ្រើសតាំងអនុប្រធានបន្ថែម ក៏អាចជួយឱ្យការដឹកនាំគណបក្សបានប្រសើរផងដែរ។
លោក ឯម សុវណ្ណារ៉ា បានលើកឡើងបន្ថែមថា គណបក្សភ្លើងទៀនគួរតែប្រមូលធនធានបន្ថែមដើម្បីមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «គណបក្សភ្លើងទៀនទាមទារការប្រមូលធនធានបញ្ញាជន ឬក៏ធនធានផ្សេងៗចូលរួមឱ្យបានច្រើន ពីព្រោះធនធានបញ្ញាជនក្នុងគណបក្សហាក់ ដូចជានៅតិចតួចស្តួចស្តើង ប្រើប្រាស់ខ្វះនូវទស្សនៈវិស័យច្រើនណាស់ នៅមានភាពភ័យខ្លាច មិនទាន់មានការចូលរួមច្រើនទេ។ នេះជាកិច្ចការមួយដែលគណបក្សត្រូវតែធ្វើឱ្យបាន។ ហើយត្រូវពង្រួមបក្សតូចៗផ្សេងហ្នឹង ឱ្យចូលរួមបានច្រើនទើបមានលទ្ធភាពប្រកួតប្រជែងជាមួយគណបក្សប្រជាជនបាន»។
បើតាមការលើកឡើងរបស់លោក ឯម សុវណ្ណារ៉ា ការបោះឆ្នោតដែលអាចបម្រើប្រយោជន៍ប្រជាពលរដ្ឋបាន លុះត្រាតែការបោះឆ្នោតនោះគោរពទៅតាមស្មារតី និងគោលការណ៍ច្បាប់ ដែលមានភាពសេរី និងយុត្តិធម៌ ហើយទាំងពលរដ្ឋ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានការជឿជាក់គ្នា។
លោកថ្លែងថា៖ «គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតនោះជាគណៈកម្មាធិការជាតិ ដែលអព្យាក្រឹត្យនៅឆ្ងាយពីគណបក្សនយោបាយ ឬក៏ជាសមាសភាពគណបក្សនយោបាយ? បើជាសមាសភាពគណបក្សនយោបាយ មិនអាចផ្តល់យុត្តិធម៌ទៅដល់ប្រជាពលរដ្ឋតាមគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានទេ អ៊ីចឹងមិនអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានទេ»។
អ្នកស្រី សន ភារម្យ កំពុងបីកូនប្រុសអាយុប្រាំបួនខែ ដែលកំពុងយំងង៉ក់បន្តិចផង បានបញ្ជាក់ថា ការចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងជាយូរមកហើយនោះ ទោះបីជាមិនទាន់បានផលអ្វីជាដុំកំភួននៅឡើយ ក៏ប៉ុន្តែអ្នកស្រីនៅតែខំប្រឹងបន្តទៀតដើម្បីក្មេងជំនាន់ក្រោយ។
អ្នកស្រីថ្លែងថា៖ «និយាយទៅ ដូចជាអត់ទាន់បានទទួលអី តែនៅតែខំប្រឹងបន្តទៀត ដើម្បីជោគជ័យ ហើយនិងខំដើម្បីកូនតូចៗ ដល់គ្នាធំឡើងឱ្យកូនក្មេងតូចៗហ្នឹងរស់នៅបានសុខស្រួលអ៊ីចឹងទៅ»៕