អ្នកជំនាញខាងកសិកម្មដំណាំស្រូវនៅកម្ពុជាបានលើកឡើងថា តម្លៃទិន្នផលស្រូវ អង្ករក្នុងឆ្នាំនេះបានកើនឡើងបានច្រើន បើធៀបទៅនឹងតម្លៃស្រូវកាលពីឆ្នាំមុន។ ហើយគុណភាពស្រូវ អង្ករក៏ល្អប្រសើរជាងប្រទេសថៃ និងប្រទេសវៀតណាមផងដែរ បើទោះបីជាប្រជាពលរដ្ឋនៅតែបន្តមានបញ្ហាប្រឈមទាក់ទងទៅនឹងការចំណាយលើការប្រកបរបរមួយនេះក្តី។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញកសិកម្ម។
ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក ថេង សាវឿន ប្រាប់វីអូអេនៅថ្ងៃសុក្រថា៖ «បើយើងនិយាយអំពីគុណភាពនៃដំណាំស្រូវគឺថា កម្ពុជាមានភាពល្អប្រសើរជាងខ្លាំងណាស់ទាក់ទងទៅនឹងប្រទេសថៃ និងប្រទេសវៀតណាម ពីព្រោះថាពលរដ្ឋយើងភាគច្រើនប្រើប្រាស់ដោយគោលការណ៍ធម្មជាតិច្រើន ហើយផ្ទៃដីដាំដុះហ្នឹងគឺមានគុណភាពល្អជាងប្រទេសថៃ ប្រទេសវៀតណាម ដែលសម្រុកប្រើប្រាស់ជីរគីមីច្រើនបំផុត»។
បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ស្រូវសើមក្នុងមួយគីឡូក្រាមមានតម្លៃជាមធ្យមក្នុងចន្លោះ៨៨០រៀលដល់១.១២០រៀល គិតត្រឹមថ្ងៃទី៣ ខែមីនានេះ។
អ្នកជំនាញរូបនេះក៏បានកត់សម្គាល់ទៀតថា ក្រៅពីការផ្គត់ផ្គង់ស្រូវ អង្ករសម្រាប់តម្រូវការក្នុងគ្រួសារ ប្រជាកសិករក៏លក់ចេញស្រូវ អង្ករច្រើនផងដែរ ទាំងក្នុងស្រុក និងក្រៅស្រុក។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា តម្លៃនៃការលក់ក្នុងស្រុក និងក្រៅស្រុកមិនដូចគ្នានោះទេ។
លោកថ្លែងថា៖ «ទាក់ទងនឹងការលក់ចេញនៅក្នុងស្រុក និងក្រៅស្រុកគឺមានតម្លៃខុសគ្នា ត្រង់ថា ការលក់នៅក្នុងស្រុកគឺបានត្រឹមតែកម្រិតមួយគឺត្រឹមតែឈ្មួញកណ្ដាល អ៊ីចឹងឈ្មួញកណ្ដាលគាត់ទិញទៅដើម្បីលក់ទៅក្រៅស្រុកបន្តទៀត អ៊ីចឹងគឺមានការខុសតម្លៃគ្នា។ ដូច្នេះហើយអ្វីដែលប្រជាពលរដ្ឋលក់ចេញបានហ្នឹងគឺលក់ចេញទៅក្រៅស្រុកមានតម្លៃសមរម្យច្រើនជាង បើសិនជាគាត់មិនឆ្លងកាត់នូវឈ្មួញកណ្ដាលឬអ្នករកស៊ីទិញបន្ត»។
លោក ថេង សាវឿន បានរៀបរាប់ថា បញ្ហាប្រឈមនានាក្នុងវិស័យដំណាំស្រូវនៅកម្ពុជា រួមមានដូចជា ការខ្វះដើមទុនក្នុងការចំណាយទៅលើឧបករណ៍ប្រើប្រាស់ ហើយថ្នាំនិងជីរមានតម្លៃខ្ពស់ជាងទីផ្សារតម្លៃស្រូវ។ លោកក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំដោះស្រាយបញ្ហាទាំងអស់នេះឱ្យមានសមភាពដើម្បីឱ្យប្រជាកសិករអាចមានលទ្ធភាពក្នុងការប្រើប្រាស់ គ្រប់គ្រង ទប់ទល់ការចំណាយខ្ពស់។
ជាមួយគ្នានេះដែរ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង ប្រាប់វីអូអេនៅថ្ងៃសុក្រថា តម្លៃស្រូវអង្ករមានតម្លៃថ្លៃ ឬថោកគឺអាស្រ័យទៅនឹងប្រភេទរបស់វា ក៏ប៉ុន្តែជួនកាលបើប្រភេទដូចគ្នាមែន តែគុណភាពអន់នោះ តម្លៃរបស់វាក៏ថយចុះទៅតាមនោះដែរ។ លោកក៏បានបន្ថែមថា ចំពោះការប្រកបរបរដំណាំស្រូវគឺតែងតែ មានបញ្ហាគឺជារឿងធម្មតាទេ សម្រាប់ប្រជាកសិករ ដែលពួកគាត់បានជួបប្រទះ។
លោកបញ្ជាក់ថា៖ «ការប្រៀបធៀបពូជថា នរណាល្អជាងនរណាគឺទាល់តែយើងរកអ្នកគេហៅថា អាជ្ញាកណ្ដាលមួយដែលយើងកន្លងមក យើងធ្វើតាមរបៀបអាជ្ញាកណ្តាលហ្នឹងគឺយកទៅប្រកួតពានរង្វាន់ពិភពលោក។ អ៊ីចឹងបានពានរង្វាន់ពិភពលោក ជាហេតុផលដែលមានពូជខ្លះយើងអាចល្អបាន ហើយល្អហ្នឹងគឺអាស្រ័យលើឆ្នាំទៀត។ ឆ្នាំហ្នឹងអាកាសធាតុល្អទៅ ទឹកគ្រប់គ្រាន់ទៅ អ៊ីចឹងទៅទិន្នផល ឬក៏គុណភាពស្រូវនៅឆ្នាំហ្នឹងវាល្អអ៊ីចឹងដែរ»។
បើយោងតាមព្រឹត្តិប័ត្រព័ត៌មានកសិកររបស់វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម (CARDI) គុណភាពគ្រាប់ស្រូវត្រូវបានកំណត់ដោយពូជ លក្ខខណ្ឌអាកាសធាតុពេលដាំដុះ ការថែទាំដំណាំ លក្ខខណ្ឌដី ការប្រមូលផល និងកិច្ចប្រតិបត្តិការនានានៅក្រោយពេលប្រមូលផល។ ហើយលក្ខណៈសំខាន់ៗមួយចំនួនទៀត ដូចជាអត្រាសំណើមប្រមាណ១៤%សម្រាប់យកទៅកិន ទំហំគ្រាប់ដែលមានរាងរៀវឬស្តើងវែង និងភាពសុទ្ធរបស់គ្រាប់ពូជជាដើម ក៏ជាកត្តាកំណត់គុណភាពស្រូវល្អផងដែរ។
កម្ពុជាជាប្រទេសដែលផ្អែកខ្លាំងលើវិស័យកសិកម្ម ដោយក្នុងនោះពលរដ្ឋប្រមាណ ៦៥%ប្រកបរបរពឹងផ្អែកលើវិស័យកសិកម្ម៕