ខណៈមានការឆ្លងកូវីដ១៩ក្នុងសហគមន៍ជិតពីរសប្ដាហ៍កន្លងមក ក្រសួងសុខា ភិបាល បានស្នើពលរដ្ឋ «សូមកុំដើរចេញក្រៅផ្ទះបើមិនចាំបាច់» ដើម្បីបង្ការការឆ្លងទ្រង់ទ្រាយធំ។
តែនៅតាមដងវិថីនានាក្នុងរាជធានីដែលស្ងប់ស្ងាត់ជាងមុន វត្តមាននៃអាជីវកម្មខ្នាតតូច នៅតែបន្តមាន។ អាជីវករខ្នាតតូចដូចជាអ្នកស្រី ឃីម ហា អាយុ៤៦ឆ្នាំ លើកឡើងថា ខ្លួននៅតែ«ប្រថុយ»ចេញក្រៅ។
មាត់និងច្រមុះបិទដោយម៉ាស ដៃទាំងគូឆាមីលើរទះរខេករខាក ក្បែរហាងកាបូបនិងស្បែកជើង Pedro លើវិថីព្រះសីហនុ ដែលមានចង្កោមឆ្លងច្រើនក្នុងហាងនោះ អ្នកស្រី ឃីម ហា ពន្យល់យ៉ាងខ្លីថា ខ្លួនមិនអាចនៅផ្ទះបានទេ។
«មានអីស៊ី មានអីចាយ បើបានគាត់[រដ្ឋាភិបាល] ជួយខ្លះទៅមានអី»។
មានដើមកំណើតខ្មែរក្រោមនៅតំបន់ដីសណ្ដទន្លេមេគង្គនិងបានឡើងមកកម្ពុជានៅឆ្នាំ១៩៩៣ អ្នកស្រី ឃីម ហា ដែលមានកូនម្នាក់ រំពឹងរបរលក់មីឆា ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅក្នុងទីក្រុងដ៏មមាញឹកនេះ។
អ្នកស្រីបន្ថែមថា៖
«ស្ងាត់ហ្អា និយាយរួមស្ងាត់តាំងពីកូវីដចាប់ផ្ដើមមករហូត និយាយរួមតាំងពីខែប៉ុន្មានមកហ្នុង ធ្លាក់ ធ្លាក់ ធ្លាក់ មករហូត»។ នេះជាការលើកឡើងរបស់អ្នកស្រី ឃីម ហា អំពីអាជីវកម្មឆ្នាំនេះ។
តែក្នុងពេល១២ថ្ងៃចុងក្រោយដែលមានការផ្ទុះឆ្លងក្នុងសហគមន៍កន្លងមកនេះ ចំណូលរបស់អ្នកស្រី បន្តធ្លាក់ប្រមាណ៨០%។
«គេអត់សូវហ៊ានញ៉ាំទេឥឡូវ។ គេឃ្លានដែរ តែគេអត់ហ៊ានញ៉ាំ គេថាខ្លាចកូរ៉ូណា សួរគេទៅ គេថាអ៊ីចឹង»។
អ្នកស្រីរៀបរាប់បន្តថា៖
«ខ្លាចដែរ សព្វថ្ងៃភ័យដែរក្នុងខ្លួន ភ័យខ្លាចឆ្លងអ៊ីចឹងទៅណា។ តែដល់គិតវែងឆ្ងាយទៅ ដូចភ័យបន្តិច អត់ភ័យបន្ដិច ឱ្យតែយើងអនាម័យខ្លួនឯងទៅ»។
នៅខាងមុខវត្តលង្កា ក្បែរវិមានឯករាជ្យឯនោះវិញ លោក សឹង ថា ឈរត្រមង់ត្រមោចជាមួយនឹងម៉ូតូដែលមានធុងឧស្ម័នអ៊ីដ្រូសែន និងប៉ោងប៉ោងពណ៌ឆើត រេរាំតាមខ្យល់ រង់ចាំអ្នកទិញ។
ទោះបីជំងឺកូវីដ១៩ រាតត្បាតពិភពលោកយ៉ាងណា ការមិនឆ្លងក្នុងសហគមន៍រយៈពេល១១ខែកន្លង នៅតែអាចឱ្យបុរសវ័យ៣៥ឆ្នាំរូបនេះ លក់ប៉ោងប៉ោងបានចំណូលឥតដាច់ ដែលអតិថិជនភាគច្រើនជាអ្នកមកទិញទៅលម្អពិធីជប់លៀង ខួបកំណើត និងអ្នកដើរលេងក្នុងសួន។
តែក្នុងរយៈកាលការឆ្លងកូវីដ១៩ក្នុងសហគមន៍អាជីវកម្មខ្នាតតូចរបស់លោក ជួបនូវការប៉ះទង្គិចមិនធ្លាប់មាន ដែលចំណូលធ្លាក់៩០% ហើយថ្ងៃខ្លះ ពុំមានអ្នកទិញផង។
លោកមានប្រសាសន៍ថា៖ «ខ្ញុំប្រហែលជានៅអត់បានទេមើលទៅ នៅផ្ទះតែម្ដងអត់ចេះនៅ ធ្លាប់តែយើងមករកអ៊ីចឹង ឱ្យនៅនឹងកន្លែង អត់ចេះនៅ»។
ធ្លាប់ធ្វើស្រែចម្ការនៅភូមិដ្ឋានកំណើតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ប៉ុន្តែដោយសារជីវភាពមិនល្អប្រសើរ លោក សឹង ថា ក៏បានទៅប្រទេសថៃដោយខុសច្បាប់ប្រមាណ២ឆ្នាំ មុនត្រឡប់។
លោក សឹង ថា ស្ថិតក្នុងចំណោមពលករកម្ពុជាដែលមិនមានឯកសារទាំង២២ម៉ឺននាក់ ដែលត្រូវបានបញ្ជូន និងបង្ខំឱ្យត្រឡប់មកកម្ពុជាវិញ ក្រោយរដ្ឋប្រហារយោធាថៃ នៅឆ្នាំ២០១៤។
ពេលមកដល់កម្ពុជាវិញ បុរសរូបនេះ ក៏ចាប់យករបរលក់ប៉ោងប៉ោងនៅកណ្ដាលរាជធានីភ្នំពេញរហូតមក ដែលរបរនេះជួយផ្គត់ផ្គង់ចំណាយគ្រួសារដែលមានភរិយា និងកូន៣នាក់ផង និងជួយដោះបំណុលប្អូនប្រុសរបស់លោកនៅឯស្រុកកំណើតផង។
លោកមានប្រសាសន៍ថា៖
«មិនដែលទេបង មិនដែលថារកមិនបាន។ បើមិនសូវបាន ក៏បានតិចតួច។ វាមិនអត់តែម្ដង ដូចអ៊ីចឹង។ ពីមុនអត់បានយ៉ាងម៉េចក៏បាន បីបួនប្រាំម៉ឺនៗ[រៀល] នោះយើងបានចាយខ្លះ។ ឥឡូវទទេតែម្ដង។ មួយថ្ងៃវិលល្ងាចហើយ អត់មាននរណាមកមើលមួយតែម្ដង»។
ការឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ១៩ដែលរកឃើញដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា បាននាំឱ្យមនុស្សសរុបចំនួន៣៩នាក់ឆ្លង ហើយមានចង្កោមអ្នកពាក់ព័ន្ធជាងមួយម៉ឺននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទរាជធានីទាំងមូលទេ ដោយលើកហេតុផលពីការប៉ះពាល់រាំងស្ទះសកម្មភាពសេដ្ឋកិច្ច ដែលត្រូវរដ្ឋាភិបាលព្យាករថា នឹងធ្លាក់ចុះក្នុងអត្រា១,៩%នៅក្នុងឆ្នាំ២០២០នេះ។
អង្គការ UNDP ដែលជាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានព្យាករថា វិបត្តិកូវីដ១៩ អាចរុញអត្រាភាពក្រីក្រក្នុងប្រទេសកម្ពុជាដល់កម្រិត ១៧.៦% ហើយអ្នកមានចំណូលមធ្យម១លាន ៣សែននាក់ អាចធ្លាក់ចូលក្រោមបន្ទាត់នៃភាពក្រីក្រវិញ។
នេះអាចជាករណីលោក ច័ន្ទ ដារ៉ា អ្នករត់រ៉ឺម៉កកង់បីឥណ្ឌានៅខាងមុខផ្សារអ៊ីអនមួយ ដែលត្រូវបិទទ្វារភ្លាមៗកាលពីព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយរកឃើញថា អ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ បានទៅផ្សារទំនើបនោះ។
លោកជាអតីតគ្រូបង្រៀនវិជ្ជាជីវៈបដិសណ្ឋារកិច្ចនៅសាលាអង្គការមួយ ហើយបានបាត់បង់ការងារ កាលពីខែមេសា ឆ្នាំនេះ ចំពេលមានការរឹតបន្តឹងខ្លាំង ដើម្បីបង្ការជំងឺកូវីដ ដោយចាប់ផ្ដើមបិទសាលាបង្រៀន។
ចាប់ពីពេលនោះមក បុរសវ័យ៣៦ឆ្នាំរូបនេះ ទិញរ៉ឺម៉កកង់បីឥណ្ឌា ដើម្បីបន្តចិញ្ចឹមជីវភាពគ្រួសារដែលមានម្ដាយបង្កើត ភរិយា និងក្មួយពីរនាក់ក្នុងបន្ទុក អាចបន្តការសិក្សាបាន។
តែបន្ទាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាមក លោកនៅបន្តចេញរត់រ៉ឺម៉កផ្សងរកភ្ញៀវ ដែលចំនួនធ្លាក់ចុះពាក់កណ្ដាល។
លោកមានប្រសាសន៍ថា៖
«និយាយរួម សម្រាប់ខ្ញុំជាអ្នករកស៊ី បើខ្ញុំនៅផ្ទះ ខ្ញុំអផ្សុកងាប់ ហើយដាច់បាយ។ តែខ្ញុំនៅផ្ទះអត់បាន អផ្សុកណាស់ ព្រោះអីយើងធ្លាប់រក។ បើនៅផ្ទះ យើងប្រាកដជាមានបញ្ហាសេដ្ឋកិច្ច»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានលើកឡើងថា អ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវជួបប្រទះនឹងការបាត់ចំណូលផង និងជំពាក់បំណុលវ័ណ្ឌកផង។
លោកថ្លែងប្រាប់ VOA ថា៖
«ចង់និយាយពីស្ថានភាពរួម គាត់អត់អាចនៅផ្ទះបានទេ។ គាត់រកមួយថ្ងៃដើម្បីមួយថ្ងៃ។ អ៊ីចឹងបើគាត់នៅផ្ទះទៀត គឺដាច់បាយតែម្ដង អត់មានលុយទិញអង្ករ ទិញអាហារប្រចាំថ្ងៃហូបទេ។ អ៊ីចឹងគាត់បង្ខំចិត្តចេញរកទាំងប្រថុយប្រថាន តែគាត់មានការប្រុងប្រយ័ត្នជាងមុន ដោយគាត់ពាក់ម៉ាស់»។
មេដឹកនាំសហជីពរូបនេះ រិះគន់ពីប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាលថា មិនបានជួយគ្រប់គ្រាន់ក្នុងជីវភាពអ្នកបម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលលោកប៉ាន់ប្រមាណថា មានប្រមាណ៨លាននាក់ បើរាប់ទាំងកសិករផង។
លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ ដែលទទួលបន្ទុកផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ ប្រាប់ VOA ថា ភ្លាមៗ រដ្ឋាភិបាលមិនទាន់អាចជួយឧបត្ថម្ភដល់អ្នកបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ។
លោកថា កញ្ចប់គាំពារសង្គមរបស់រដ្ឋ ជួយឧបត្ថម្ភសាច់ប្រាក់ជូនទៅដល់គ្រួសារក្រីក្រ ឬធ្លាក់ខ្លួនក្រដោយសារកូវីដ ដែលគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កើនដល់៧០ម៉ឺនគ្រួសារនៅទូទាំងប្រទេស។
«រីឯគាត់នេះ យើងមិនមែនថាមិនគិតគូរទេ តែដោយសារថា យើងដឹងទាំងអស់គ្នាពីស្ថានភាពថវិការបស់រាជរដ្ឋាភិបាល។ អ៊ីចឹងទេ យើងមិនអាចថា ក្នុងពេលតែមួយ យើងជួយឧបត្ថម្ភសព្វទិសដៅទាំងអស់ វាមិនទាន់អាចបានទេ ដោយសារតែស្ថានភាពយើងវានៅក្នុងកម្រិតមួយដែរ។ យើងយកអ្នកប៉ះពាល់ខ្លាំងមុន កន្លែងហ្នឹងសុំប្រជាជនយើងយោគយល់ផង»។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការរូបនោះ លើកឡើងថា អ្នកដែលធ្លាក់ក្នុងសភាពក្រីក្រអំឡុងដំណាក់កាលនេះ ក៏អាចត្រឡប់ទៅមូលដ្ឋានរដ្ឋបាលរបស់ខ្លួន ហើយដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភគាំពារ៕