ក្នុងពិធីសម្ពោធផ្សារគំរូព្រំដែនកម្ពុជាវៀតណាម នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណវៀតណាមចំពោះការលើកទ័ពចូលប្រទេសកម្ពុជា ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម កាលពី៤១ឆ្នាំមុន និងការគាំទ្រជាបន្តបន្ទាប់។
ជាការបង្ហាញភាពស្និទ្ធស្នាលដល់មន្ត្រីវៀតណាម និងប្រជាជនវៀតណាមដែលចូលរួមក្នុងពិធីខាងលើ លោក ហ៊ុន សែន បាននិយាយជាភាសាវៀតណាមបន្តិច មុននឹងថ្លែងទាំងអស់សំណើចថា៖ «ទេ ទោះបីបានតិចបានច្រើន វៀតណាមអត់ចេះនិយាយខ្មែរផង ខ្ញុំចេះនិយាយវៀតណាម ហើយកុំថាខ្ញុំនិយាយវៀតណាម ទៅជាអាយ៉ងវៀតណាមនោះ»។
ពាក្យថា«អាយ៉ងវៀតណាម»ត្រូវបានមជ្ឈដ្ឋានដែលជំទាស់នឹងលោកនាយករដ្ឋមន្ត្រី បានយកមកប្រើប្រាស់នាពេលកន្លងមក ដោយសំដៅទៅលើសាវតានៃការចូលមកកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា ដែលកាលពីឆ្នាំ១៩៧៩ មានឈ្មោះថាគណបក្សប្រជាជនបដិវត្ដន៍ខ្មែរ ក្រោយពេលវៀតណាមផ្ដួលរំលំខ្មែរក្រហម។
តាមជាក់ស្ដែង ភាពស្និទ្ធស្នាលគ្នារវាងប្រទេសទាំងពីរនៅឆ្នាំនេះ មានលើសពីការថ្លែងជាភាសាវៀតណាមរបស់លោក ហ៊ុន សែន។ អ្នកតាមដាន លើកឡើងថា មានករណីជាច្រើនផ្សេងទៀតក្នុងឆ្នាំនេះ ដែលបានបង្ហាញពីកាយវិការរបស់កម្ពុជាចង់ផ្ដល់ការធានាថាទំនាក់ទំនងរវាងកម្ពុជានិងចិន នឹងមិនបង្កគ្រោះដល់វៀតណាមទេ។
លោកបណ្ឌិត អៀ សុផល អ្នកជំនាញកិច្ចការអន្តរជាតិ នៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិកបានលើកឡើងថា ខាងវៀតណាមក៏បានឈ្វេងយល់អំពីភាពចាំបាច់ដែលត្រូវស្វះស្វែងសម្របនឹងស្ថានភាពថ្មី ដែលបន្តស្និទ្ធនឹងកម្ពុជា ហើយព្យាយាមរស់នៅតទល់នឹងចិនដែលមានឥទ្ធិពលខ្លាំងក្នុងតំបន់។
អ្នកវិភាគរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«វាច្បាស់ណាស់ដែលថា ទីក្រុងភ្នំពេញឈ្វេងយល់អំពីសេចក្ដីត្រូវការក្នុងការប្រស់ឱ្យស្រស់បំព្រងឡើងវិញនូវបណ្ដាទំនាក់ទំនងនានារបស់ខ្លួនជាមួយទីក្រុងហាណូយ»។
ឆ្នាំ២០១៩នេះ ជាខួបអនុស្សាវរីយ៍ទី៤០ឆ្នាំនៃការលើកទ័ពចូលលុកលុយប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម ដែលនាំឱ្យក្រុមកុម្មុយនីស្ដខ្មែរដែលរណបនឹងចិន ត្រូវអស់តំណែងនៅភ្នំពេញ ហើយនាំទ័ពចេញទៅដល់ទល់ដែនថៃ។ ប្រទេសទាំងពីរបានធ្វើការអបអរខួបទី៤០ឆ្នាំនេះយ៉ាងអធិកអធមនៅដើមឆ្នាំ។
ទាំងហាណូយ និងភ្នំពេញ បានបង្ហាញសាមគ្គីភាពយ៉ាងស្អិតរមួតនៅពាក់កណ្ដាលឆ្នាំ ដោយបានធ្វើប្រតិកម្មតបនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ក្នុងលិខិតចូលរួមមរណទុក្ខលោក Prem Tinsulanonda អតីតនាយករដ្ឋមន្ត្រីថៃ អំពីស្នាដៃរបស់លោកអំឡុងគ្រប់គ្រងអំណាចក្នុងឆ្នាំទប់ទល់នឹងកងទ័ពវៀតណាម ដែលកាលនោះ នាយករដ្ឋមន្រ្តីសិង្ហបុរីបានប្រើពាក្យវៀតណាម«ឈ្លានពាន»កម្ពុជា។
ថ្នាក់ដឹកនាំវៀតណាម បានយាងព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ទៅបំពេញទស្សនកិច្ចនៅតំបន់ភាគខាងជើងប្រទេសវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៨។
លោក Nguyen Phu Trong ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ដ និងជាប្រធានរដ្ឋផង បានមកបំពេញទស្សនកិច្ចនៅភ្នំពេញ កាលពីដើមឆ្នាំ មុននឹងលោក ហ៊ុន សែន ចេញទៅបំពេញទស្សនកិច្ចនៅហាណូយ កាលពីខែតុលា ពេលដែលលោកចូលរួមជាមួយនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc សម្រេចចុះសន្ធិសញ្ញាបំពេញបន្ថែមទទួលស្គាល់ការបោះបង្គោលព្រំដែន ដែលសម្រេចបាន៨៤%នៃព្រំដែនគោករវាងប្រទេសទាំងពីរ។
កងទ័ពជើងគោកនៃប្រទេសទាំងពីរក៏បានសម្រេចការធ្វើលំហាត់សមយុទ្ធរួមគ្នាលើកដំបូងបំផុត កាលពីខែធ្នូ នៅក្នុងភូមិសាស្ត្រឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលមានការហ្វឹកហ្វឺនជួយសង្គ្រោះទាក់ទងនឹងគ្រោះមហន្តរាយបណ្ដាលមកពីធម្មជាតិ និងការរីកសាយភាយនៃអាវុធគីមី។
លោកបណ្ឌិត ផាត់ កុសល អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យក្រុងញូវយ៉ក CUNY សហរដ្ឋអាមេរិក បានប្រាប់VOAថា វៀតណាម និងកម្ពុជា កំពុងដោះដូរមធ្យោបាយគោលនយោបាយការបរទេសរបស់ខ្លួន ក្នុងនាមជាសាមគ្គីភាពប្រទេសតូច និងមិនបណ្ដោយខ្លួនទៅជាឧបករណ៍របស់ប្រទេសធំៗសម្រាប់គេយកមកប្រជល់គ្នានោះទេ។
អ្នកតាមដានដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ករូបនេះបានប្រាប់VOAតាមសារអេឡិចត្រូនិកថា៖
«បណ្ដារដ្ឋតូចៗអាចនឹងខ្សោយ ប៉ុន្តែមិនមែនមិនមានអំណាចអ្វីសុទ្ធនោះទេ។ កម្ពុជានិងវៀតណាមអាចនឹងផ្លាស់ប្ដូរគំនិតគោលនយោបាយការបរទេសជាមួយគ្នា ដើម្បីធ្វើដំណើរដោយប្រុងប្រយ័ត្ន ក្នុងអ្វីដែលខ្ញុំអាចហៅបានថា«យុទ្ធសាស្ត្ររត់បញ្ឆោតនិងប្រដេញគ្នា» ដើម្បីឱ្យមហាអំណាចដូចជាសហរដ្ឋអាមេរិកនិងចិន ស្ថិតក្នុងទិសដៅមួយដែលអាចកំណត់បាន ហើយប្រទេសតូចៗ(វៀតណាមនិងកម្ពុជា) អាចទាញប្រយោជន៍ពីប្រទេសធំៗទាំងនោះ»។
លោកបណ្ឌិត ផាត់ កុសល បានបន្ថែមថាវៀតណាមមានជំនាញក្នុងការធ្វើកិច្ចការទាំងនេះ ដូចដែលវៀតណាមបានធ្វើតាំងពីជំនាន់ទសវត្សរ៍១៩៦០ ដែលបត់បែនរវាងមហាអំណាចដែលឈ្លោះគ្នា រួមមានអតីតសហភាពសូវៀត ចិន និងឥឡូវសហរដ្ឋអាមេរិក។
VOA មិនអាចសុំការឆ្លើយតបពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាននៅឡើយទេ។
កងទ័ពវៀតណាមធ្លាប់បានស្ថិតនៅក្នុងប្រទេសកម្ពុជា អស់រយៈពេល១ទសវត្សរ៍ពីឆ្នាំ១៩៧៩ មកដល់ឆ្នាំ១៩៨៩ តាំងពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរហូតដល់របបរដ្ឋកម្ពុជា ដើម្បីប្រយុទ្ធនឹងកងទ័ពតស៊ូត្រីភាគី ដែលគាំទ្រដោយចិននិងលោកខាងលិច។ លោក ហ៊ុន សែន ផ្ទាល់ក៏ជាអ្នករិះគន់ឥតសំចៃមាត់ នាគ្រានោះទៅលើចំណែកគាំទ្ររបស់ចិន ក្នុងការគាំទ្រខ្មែរក្រហម ប្រឆាំងនឹងរបបក្រុងភ្នំពេញដែលគាំទ្រដោយ ហាណូយ និងម៉ូស្គូ។
៣០ឆ្នាំក្រោយមក ប្រទេសកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល បានក្លាយជាមិត្តជាមួយនឹងប្រទេសចិន ដែលជារដ្ឋធំមានអំណាចនិងតែងត្រូវបានវៀតណាមចាត់ទុកថាជាគូប្រជែងជាប្រវត្តិសាស្ត្រនៃការឈរជើងមានវត្តមាននៃរដ្ឋនិងប្រជាជាតិវៀតណាមតែម្ដង។
ភាពជិតស្និទ្ធរវាងភ្នំពេញនិងប៉េកាំង ស្ដែងឡើងតាមរយៈការគាំទ្ររបស់កម្ពុជាចំពោះចិន ក្នុងនោះមានបញ្ហាហុងកុង បញ្ហាតៃវ៉ាន់ និងបញ្ហានៅខែត្រ Xinjiang បូករួមនឹងជម្លោះសមុទ្រចិនខាងត្បូង និងការទទួលនូវលំហូរជំនួយ ទុនវិនិយោគចិន ដែលពេលចុងក្រោយនេះ នាំឱ្យបណ្ដារដ្ឋាភិបាលបស្ចិមលោកសង្ស័យថា ចិនអាចនឹងមានរបៀបវារៈសន្តិសុខនិងយោធា បង្កប់ក្រោយរបៀបវារៈសេដ្ឋកិច្ច និងនយោបាយ។
VOA មិនអាចសុំការឆ្លើយតបពីស្ថានទូតចិនប្រចាំនៅកម្ពុជាបាននៅឡើយទេ។
ភាពរកាំរកូស
មុននេះបន្តិច ភាពរកាំរកូសរវាងអ្នកជិតខាងទាំងពីរ ចេះតែបន្តមានជាហូរហែ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា វាជារឿងធម្មតាដែលប្រទេសកម្ពុជានិងវៀតណាមអាចនឹងមានភាពប្រទាំងប្រទើសខ្លះ ដែលអាចប៉ះពារគ្នា តែមិនអាចទៅណាឆ្ងាយពីគ្នានោះទេ។
«ការទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម វាប្រៀបដូចជានឹងទំនាក់ទំនងអណ្ដាត និងធ្មេញអ៊ីចឹង។ ពេលណាៗក៏យើងនៅតែទំពារបាយដដែល។ អ៊ីចឹងឱ្យយើងទៅណា បើយើងនៅជាប់ដែនដីជាមួយគ្នា»។
កាលពីឆ្នាំ២០១២ វៀតណាមនិងកម្ពុជាបានខ្វែងគំនិតគ្នា ខណៈភ្នំពេញជាប្រធានអាស៊ាននាគ្រានោះបានបដិសេធសំណើវៀតណាម ហើយមិនព្រមបញ្ចូលអត្ថន័យមួយចំនួនទាក់ទិននឹងសមុទ្រចិនខាងត្បូង ចូលសេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
អំឡុងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣នៅកម្ពុជា បញ្ហាព្រំដែនគោកនៃប្រទេសទាំងពីរបានលាន់កក្រើកឡើង ហើយជាលើកដំបូងបង្អស់ រដ្ឋាភិបាលកម្ពុជាបានបង្ហាញជាសាធារណៈនូវការមិនយល់ស្របលើបញ្ហាព្រំដែនគោកនេះ ដោយផ្ញើកំណត់ទូតទៅឱ្យភាគីវៀតណាម ជុំវិញការប្រព្រឹត្តរបស់អាជ្ញាធរហាណូយតាមព្រំដែន។
ជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុនមក ក្នុងពាក់កណ្ដាលខែមីនា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានចោទសួរពីភាពស្មោះត្រង់របស់វៀតណាមចំពោះអ្នកដឹកនាំកម្ពុជា ខណៈរូបថតមេបក្សជំទាស់កម្ពុជាជួបនឹងមេដឹកនាំវៀតណាម កាលពីពេលជាង១០ឆ្នាំមុន ត្រូវបានបណ្ដាញឃោសនាគាំទ្របក្សប្រជាជនកម្ពុជាយកមកចែកចាយ។
ក្នុងពេលដដែលខណៈកងទ័ពកម្ពុជា និងចិន កំពុងធ្វើសមយុទ្ធរួមបាញ់គ្រាប់ពិតនៅខេត្តកំពង់ស្ពឺ នាវាពិឃាដដឹកយន្តហោះចម្បាំងរបស់អាមេរិក បានចូលចតធ្វើទស្សនកិច្ចជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅកំពង់ផែ ក្រុង Da Nang របស់វៀតណាម។ នៅលើបណ្ដាញទូរទស្សន៍បាយ័ន ដែលជាកម្មសិទ្ធិរបស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងលោក ហ៊ុន សែន លោក សយ សុភាព អ្នកអត្ថាធិប្បាយព័ត៌មានជើងចាស់ដែលមានទំនោរគាំទ្ររដ្ឋាភិបាល បានប្រើពេលជាច្រើននាទី វាយប្រហារវៀតណាម ថាមិនគោរពកម្ពុជា ហើយថាប្រទេសទាំងពីរ«ដើរដល់ផ្លូវបំបែក» ហើយ ដោយកម្ពុជាងាកទៅចិន ហើយវៀតណាមងាកទៅសហរដ្ឋអាមេរិក។
ក្នុងសេចក្ដីរាយការណ៍នៅលើទំព័រសារព័ត៌មានអេឡិចត្រូនិក Asia Times កាលពីចុងខែមីនាឆ្នាំ២០១៨ លោក Alan Parkhouse អតីតអ្នកសារព័ត៌មានជើងចាស់ប្រចាំនៅកម្ពុជា លើកឡើងដោយស្រង់សម្ដីប្រភពពីផ្ទៃក្នុងគណបក្សកាន់អំណាចរបស់កម្ពុជាថា ក្រុមសមាជិកជាន់ខ្ពស់នៃការិយាល័យនយោបាយមជ្ឈឹមបក្សវៀតណាម ដ៏មានអំណាច បានសម្ដែងការអាក់អន់ស្រពន់ចិត្តនឹងការស្និទ្ធស្នាលពេករវាងកម្ពុជានិងចិន ហើយនឹងការបន្តសើរើឯកសាររបស់ប្រជាជនក្នុងសហគមន៍វៀតណាមរស់នៅកម្ពុជា។
គេមិនបានឃើញរដ្ឋាភិបាលទាំងពីរចេញមកបដិសេធសេចក្ដីរាយការណ៍ខាងលើនោះឡើយ តែក្រោយមកនៅដើមខែមេសា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានជួបគ្នា ហើយចេញសេចក្ដីថ្លែងការណ៍រួមគាំទ្រគ្នា ហើយរួមប្រយុទ្ធនឹងអ្វីដែលគេហៅថា«ព័ត៌មានក្លែងក្លាយ»។
ប៉ុន្តែនៅប៉ុន្មានខែក្រោយ ខណៈរដ្ឋាភិបាលភ្នំពេញកំពុងរៀបចំបោះឆ្នោតជាតិឆ្នាំ២០១៨ ក្នុងខែកក្កដា និងខណៈដែលកម្ពុជានិងចិនកំពុងប្រារព្ធខួប៦០ឆ្នាំនៃទំនាក់ទំនងការទូត កងកម្លាំងយោធាវៀតណាមបានសាងសង់សំណង់បេតុងក្នុងតំបន់សមុទ្រនៃប្រទេសកម្ពុជានិងវៀតណាម ដែលមិនទាន់បានកំណត់ខណ្ឌសីមាច្បាស់លាស់នៅឡើយ។
អ្នកវិភាគបានលើកឡើងថា ខណៈភាពស្និទ្ធស្នាលរវាងភ្នំពេញ និងប៉េកាំង មិនជាបច្ច័យល្អដល់វៀតណាម ការណ៍នេះនឹងកាន់តែធ្ងន់ធ្ងរ បើសិនជាចិនអាចមានលទ្ធភាពដាក់យោធារបស់ខ្លួននៅកម្ពុជា ដូចការចោទសង្ស័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងបណ្ដាញផ្សព្វផ្សាយបស្ចិមលោក។
លោកបណ្ឌិត អៀ សុផល នៃមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា៖ ការរត់ឱបគ្នាឡើងវិញនៃវៀតណាម និងកម្ពុជាអាចនឹងមិនជោគជ័យទេ «បើសិនជាមានសកម្មភាពផ្នែកយោធារបស់ចិននៅកម្ពុជាដែលរត់ហួសពីភាពអត់ធ្មត់របស់ទីក្រុងហាណូយ»។
មួយថ្ងៃបន្ទាប់ពីកាសែត The Wall Street Journal បានចុះផ្សាយរបាយការណ៍ដ៏រសើបមួយកាលពីខែកក្កដា ដែលថា ចិនបានសម្រេចកិច្ចព្រមព្រៀងក្នុងការបើកឱ្យយោធារបស់ខ្លួនអាចប្រើប្រាស់មូលដ្ឋានទ័ពសមុទ្ររាមរបស់កម្ពុជា អនុរដ្ឋមន្ត្រីការពារប្រទេសរបស់វៀតណាម លោក Nguyen Chi Vinh បានធ្វើដំណើរមកភ្នំពេញភ្លាមៗ ជួបប្រជុំនឹងថ្នាក់ដឹកនាំយោធាកម្ពុជា តែរបៀបវារៈនៃការជជែកពិភាក្សាមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។
ក្រៅតែពីចាត់ទុកចិនជាគូប្រជែងជាប្រវត្តិសាស្ត្រដែលនៅក្បែរខាង វៀតណាមក៏កំពុងស្ថិតនៅខ្សែត្រៀមជួរមុខផងដែរ ក្នុងការតតាំងប្រឆាំងនឹងការអះអាងវាតទីរបស់ចិន ដែលប្រុងក្រសោបស្ទើរតែទាំងស្រុង សមុទ្រចិនខាងត្បូង ដ៏មានគុណតម្លៃយុទ្ធសាស្ត្រនិងពាណិជ្ជកម្ម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ភាពមិនចុះសម្រុងគ្នារវាងចិន និងវៀតណាម ក៏បង្កជាក្ដីលំបាកសម្រាប់កម្ពុជាផងដែរ នៅពេលដែលភ្នំពេញចាត់ទុកទាំងហាណូយ និងប៉េកាំងជាមិត្តដូចគ្នា។ នៅពេលសួរថាក្ដីលំបាកនោះមានសភាពបែបណា លោកបានប្រាប់ VOA ថា៖
«យើងតឹងចិត្តដែរ ឃើញមិត្តពីរឈ្លោះគ្នា យើងតឹងចិត្តដែរ។ ឥឡូវដូចក្មួយឯងអ៊ីចឹង ឪពុកនិងម្ដាយ យើងគោរពម្ដាយជារបស់យើង យើងគោរពឪពុកជារបស់យើង។ រួចចុះបើម៉ែនិងឪ ឈ្លោះគ្នារាល់ថ្ងៃ កូនហ្នឹងសប្បាយចិត្តទេ? អាហ្នឹង យើងនិយាយសាមញ្ញនៅក្នុងគ្រួសារតូចមួយទេ អាហ្នឹងវាអ៊ីចឹង»។
មន្ត្រីអ្នកនាំពាក្យគណបក្សកាន់អំណាចរបស់កម្ពុជារូបនេះ បានបន្តទៀតថា៖
«ពិបាក! បើមិនពិបាកផ្លូវកាយក៏យើងពិបាកផ្លូវចិត្តដែរ។ យើងដូចថា វា វា វាមិនស្ងប់ក្នុងអារម្មណ៍ហ្នឹងហ្អា និយាយរួម!»។
ភាពប្រក្រតីបែបថ្មី
ចរន្តនៃការប្រែប្រួលសមាសភាពអំណាចនយោបាយនៅទីក្រុងហាណូយ ក៏ជាកត្តាកំណត់ភាពឡើងចុះនៃទំនាក់ទំនងជាមួយទីក្រុងភ្នំពេញផងដែរ។
ភាពប្រែប្រួលបានកើតមានឡើង ក្រោយសមាជបក្សកុម្មុយនីស្ដវៀតណាមឆ្នាំ២០១៦ ពេលដែលការប្រកួតប្រជែងអំណាចក្នុងបក្សបានចេញលទ្ធផល ដោយក្រុមកំណែទម្រង់សេរីនិយមដឹកនាំដោយលោកអតីតនាយករដ្ឋមន្ត្រី Nguyen Tan Dung បានរបូតអស់ឥទ្ធិពល ហើយក្រុមប្រកាន់តឹងដឹកនាំដោយអគ្គលេខាបក្ស Nguyen Phu Trong បានក្រសោបឥទ្ធិពលដ៏សម្បើមនៅក្នុងបក្សនិងរដ្ឋ។
ក្រុមលោក Nguyen Tan Dung ត្រូវបានគេដឹងថាគាំទ្រឱ្យមានការទទួលរាប់អានសហរដ្ឋអាមេរិកកម្រិតខ្លាំង ដើម្បីឈរជើងប្រឆាំងនឹងចិន រីឯក្រុមប្រកាន់តឹងដែលមានលោក Nguyen Phu Trong ជាមេកើយ ហាក់នៅចង់រក្សាទំនាក់ទំនងល្អជាមួយចិនកុម្មុយនីស្ដផងដែរ ដោយមិនចង់បណ្ដោយខ្លួនទៅក្នុងការគ្រប់គ្រងរបស់អាមេរិកទាំងស្រុងទេ។
ម្ល៉ោះហើយចាប់តាំងពីក្រោយសមាជបក្សវៀតណាមឆ្នាំ២០១៦មក ស្ថានការណ៍នៃទំនាក់ទំនងជាមួយកម្ពុជា បានកែលម្អជាបណ្ដើរៗ។ កម្ពុជាដែលស្និទ្ធចិន ហើយក្រុមអ្នកមានអំណាចនៅហាណូយដែលចង់ស្និទ្ធស្នាលនឹងចិនក្នុងកម្រិតមធ្យមដែរ ខណៈនៅបន្តតទល់នឹងចិននៅក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។
តែការងាកមកត្រូវរ៉ូវល្អូកល្អឺនរបស់ក្រុមលោក Nguyen Phu Trong ជាមួយកម្ពុជាក៏សម្រេចបានក្នុងភាពប្រយ័ត្នប្រយែងផងដែរ។ ការស្និទ្ធស្នាលជ្រុលពេករបស់កម្ពុជាទៅជិតចិន ត្រូវបានគេរាយការណ៍ថា បានបង្កជាការព្រួយបារម្ភ ដល់ទីក្រុងហាណូយ។
លោកបណ្ឌិត ឡេង ធារិទ្ធ នាយកមជ្ឈមណ្ឌលមេគង្គដើម្បីការសិក្សាយុទ្ធសាស្ត្រ (MCSS) បានលើកឡើងថា គោលនយោបាយរបស់វៀតណាមចំពោះកម្ពុជា ទំនងជាចង់ធ្វើយ៉ាងណារក្សាឥទ្ធិពលរបស់ខ្លួនផង និងការពារផលប្រយោជន៍ខ្លួនចំពោះមុខចិនផងដែលមិនចង់ឱ្យឥទ្ធិពលចិននៅកម្ពុជាឡើងជ្រុលហួសហេតុនោះទេ។
«ហើយទីពីរ ជារឿងធម្មតាទេដែលប្រទេសមួយ ដែលគាត់មានខឿនសេដ្ឋកិច្ចខ្លាំងជាង នយោបាយខ្លាំងជាង និងយោធាខ្លាំងជាង គាត់តែងតែចង់មានឥទ្ធិពលខ្លះៗទៅលើបណ្ដាប្រទេសដែលតូចជាងហើយ អាហ្នឹងជារឿងសាមញ្ញបំផុត»។
អ្នកជំនាញរូបនេះក៏បានបន្ថែមដែរថា ប្រទេសកម្ពុជាអាចអនុវត្តនយោបាយការបរទេសឆ្លាស់ និងបត់បែន ដោយយករដ្ឋដៃគូមួយមកទប់ ធ្វើតុល្យភាព និងត្រួតពិនិត្យឥទ្ធិពលរដ្ឋដៃគូមួយទៀត ធានាយ៉ាងណារក្សាឯករាជ្យភាពរបស់ខ្លួន។
នៅក្នុងសៀវភៅស ការពារជាតិឆ្នាំ២០១៩ ដែលត្រូវបានចេញផ្សាយកាលពីចុងខែវិច្ឆិកាកន្លងទៅ ប្រទេសវៀតណាមនៅបន្តព្រមានពីការប៉ុនប៉ង«លូកលាន់»និង«បំបែកបំបាក់»ទំនាក់ទំនងទ្វេភាគីរវាងប្រទេសវៀតណាម និងកម្ពុជា។ ការណ៍នេះត្រូវបានអ្នកតាមដានបកស្រាយថា ប្រទេសវៀតណាមចង់សំដៅទៅលើប្រទេសចិនដែលប៉ុនប៉ងធ្វើកិច្ចការនេះ។
លោកសាស្ត្រាចារ្យ Carlyle A. Thayer អ្នកជំនាញកិច្ចការវៀតណាមនៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី បានលើកឡើងថា ប្រទេសវៀតណាមមិនបណ្ដោយឱ្យការមិនចុះសម្រុងគ្នាពីអតីតកាល បន្តគ្របដណ្ដប់ក្លាយជាឧបសគ្គបង្កមហន្តរាយរបស់ខ្លួនជាមួយកម្ពុជានោះទេ។
អ្នកជំនាញរូបនេះបានថ្លែងប្រាប់VOA តាមសារអេឡិចត្រូនិកថា៖ «ប្រទេសវៀតណាមបានតម្កល់ជាអាទិភាពនូវការរក្សាឱ្យបាននូវព្រំដែនដែលមានសន្តិសុខ និងគ្មានបញ្ហាជាមួយ កម្ពុជា...ដោយរួមបញ្ចូលទាំងការធ្វើយ៉ាងណាឱ្យមានការអនុវត្តនូវការព្រមព្រៀងគ្នានាពេលកន្លងមក ថាទាំងកម្ពុជា និងទាំងវៀតណាម នឹងមិនអនុញ្ញាតឱ្យមានការសាងសង់មូលដ្ឋានយោធាបរទេស[ទីបី]ណាមួយ ត្រូវបានសាងសង់ក្នុងប្រទេសមួយ ដើម្បីគោលដៅប្រឆាំងប្រទេសមួយទៀតឡើយ»។
កម្ពុជារក្សាជំហរតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនក្នុងការមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ខណៈសៀវភៅសការពារជាតិថ្មីរបស់វៀតណាម ក៏បានបន្តការអនុវត្តគោលការណ៍មិនឱ្យមានមូលដ្ឋានយោធាបរទេសនៅទឹកដីខ្លួនដូចគ្នា។
កត្តាផ្ទៃក្នុងកម្ពុជា ក៏ត្រូវបានលើកឡើងថាបានបង្កស្ថានការណ៍ឱ្យមានការខិតទៅជិតគ្នានេះផងដែរ។
លោកស្រីបណ្ឌិត Astrid Norén-Nilsson អ្នកជំនាញកិច្ចការកម្ពុជានៅសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត បានលើកឡើងថាអវត្តមាននៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរបស់កម្ពុជារំលាយចោល ក៏បានបង្កជាកត្តាឱ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំបក្សកុម្មុយនីស្ដវៀតណាម អាចស្រវារកគ្នាផងដែរ។
ក្នុងសារអេឡិចត្រូនិកមួយតបនឹងសំណួររបស់ VOA អ្នកជំនាញកិច្ចការកម្ពុជារូបនេះបានបញ្ជាក់ថា៖«ការធ្វើឱ្យប្រាកដថា គណបក្សសង្គ្រោះជាតិមិនអាចឡើងមកកាន់អំណាចបាន[នៅកម្ពុជា] គឺជាផលប្រយោជន៍ស្នូលសម្រាប់ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្ដវៀតណាម។ ក្នុងក្រសែភ្នែករបស់ទីក្រុងហាណូយ ការចូលមកកាន់អំណាច[គ្រប់គ្រងប្រទេសកម្ពុជា]នៃគណបក្សសង្គ្រោះជាតិ នឹងបង្កឱ្យមានជម្លោះព្រំដែនបន្ថែមទៀត ហើយអាចនឹងមានសក្ដានុពលក្នុងការផ្ដល់ទឹកដីកម្ពុជា ឱ្យអ្នកជំទាស់និងក្រុមប្រឆាំងនឹងបក្សកុម្មុយនីស្ដវៀតណាម ធ្វើសកម្មភាពរបស់ខ្លួន»។
ម្យ៉ាងវិញទៀតក្នុងរបត់ថ្មីនេះ ស្រមោលឥទ្ធិពលនៃវៀតណាមនៅប្រទេសកម្ពុជានៅតែបន្តមាន តែការដែលហៅវៀតណាមថានៅតែជា«ចៅហ្វាយនាយ»របស់កម្ពុជានោះ មិនមែនជាការបរិយាយដែលឆ្លុះបញ្ចាំងនូវរូបភាពទាំងស្រុងនៃទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរនៅពេលនេះឡើយ។ នេះបើយោងតាមអ្នកស្រីបណ្ឌិត Astrid Norén-Nilsson។
ថ្មីៗនេះ នៅពេលកម្ពុជាផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសន្ធិសញ្ញាបំពេញបន្ថែម មានផ្ទុះប្រតិកម្មនៅក្នុងបណ្ដាសាធារណជនកម្ពុជា ត្បិតកិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែនទាំងនេះ មានដើមកំណើតដំបូងពីអំឡុងទសវត្សរ៍១៩៨០ ពេលដែលកងទ័ពវៀតណាមកំពុងស្ថិតនៅឈរជើងក្នុងប្រទេសកម្ពុជានៅឡើយ។
មកទល់នឹងដំណាច់ឆ្នាំនេះ ការបោះបង្គោលព្រំដែនគោកប្រទេសទាំងពីរសម្រេចបាន៨៤% ហើយចំណុចនៅសេសសល់នៅមិនទាន់មានការឯកភាពគ្នានៅឡើយ គិតត្រឹមខែធ្នូ២០១៩នេះ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលកម្ពុជា។
អ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានច្រានចោលការចោទប្រកាន់ថាការបោះបង្គោលព្រំដែនបាននាំឱ្យកម្ពុជាបង់ខាតទឹកដីចាញ់ប្រៀបវៀតណាម។ អ្នកស្រីបានថ្លែងប្រាប់VOA អំពីការជាប់ទ្រឹងនៃការងារព្រំដែនកម្ពុជា-វៀតណាមបានត្រឹមតែ៨៤%នេះថា៖
«យើងចង់ណាស់ ហើយរដ្ឋាភិបាលចង់ណាស់ ពួកយើងក៏ចង់ណាស់ ក៏ប៉ុន្តែវាទៅអត់ទាន់រួច វានៅមិនទាន់មានការឯកភាពគ្នា អ៊ីចឹងយើងក៏បន្តការចរចាបន្តទៀត...ចាស៎ វាអត់ទាន់ត្រូវគ្នា ត្រូវការពេលវេលាដើម្បីពិភាក្សា ចរចាគ្នាបន្តទៀត វា តាមពិតទៅបើសិនជាយើងចេះតែឯកភាពៗ ឬក៏យើងចេះតែត្រូវគ្នា ដូចដែលការមតិមួយចំនួនដែលលើកឡើង យើងចប់យូរហើយ វាអត់អីនៅដល់អ៊ីចឹងទេ»។
លោក ណាន់ ស៊ី អតីតមន្ត្រីការទូតកម្ពុជានិងបច្ចុប្បន្នជាអ្នកតាមដានស្ថានការណ៍វិវត្តនយោបាយនៅកម្ពុជា មានប្រសាសន៍ថាផ្នត់គំនិតផ្អែកលើប្រវត្តិសាស្ត្រជូរចត់កាលពីអតីតកាលនៃប្រទេសកម្ពុជា និងប្រទេសវៀតណាមនៅតែបន្តមាន។ លោកថ្លែងថា៖
«កម្ពុជាជាប្រទេសមួយដែលធ្លាប់រងគ្រោះពីភ្លើងសង្គ្រាម និងពីការបាត់បង់ទឹកដីមួយចំនួនពីពេលកន្លងមក»។
អតីតអ្នកការទូតរូបនេះ បានលើកឡើងថាការណ៍នេះ ទាមទារឱ្យខាងវៀតណាមសម្ដែងការគោរពខ្ពស់ជាងមុន ចំពោះប្រទេសកម្ពុជាដែលស្មើមុខស្មើមាត់ និងមានអធិបតេយ្យជាងមុន នៅលើវេទិកាតំបន់និងវេទិកាសកល៕