នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទបានលើកឡើងពីចក្ខុវិស័យរបស់លោក ក្នុងការលើកកម្ពស់ប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមួយ ដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ នៅក្នុងសុន្ទរកថាជាសាធារណៈលើកទី១របស់លោក នៅក្នុងវេទិកាអន្តរជាតិមួយ ចាប់តាំងពីឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថ្មីមក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ៊ុន ម៉ាណែត ដែលមានអាយុ៤៥ឆ្នាំ បានឡើងកាន់អំណាចជំនួសឪពុករបស់លោក បន្ទាប់ពីការបោះឆ្នោតដ៏លម្អៀងមួយ ដែលគណបក្សប្រឆាំងត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះ។
ថ្លែងទៅកាន់វេទិកាធុរកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន ក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី មេដឹកនាំកម្ពុជាដែលធ្លាប់បានទទួលការសិក្សាអប់រំពីបស្ចិមប្រទេសរូបនេះបានថ្លែងថា កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យសេដ្ឋកិច្ចជាតិដ៏ទូលំទូលាយមួយ ដើម្បី«ការពារនូវសន្តិភាពដែលទទួលបានទាំងលំបាក និងបង្កើនការអភិវឌ្ឍជាតិ ដើម្បីសម្រេចបាននូវគោលដៅដ៏សំខាន់មួយ ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។
ចក្ខុវិស័យនេះរួមបញ្ចូលការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល និងបរិយាបន្ន និងចិរភាពផងដែរ។ លោកបានលើកឡើងដូចនេះដោយយោងទៅលើយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលថ្មីរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត ថ្លែងដូចនេះថា ដោយធ្លាប់ទទួលរងនូវសង្គ្រាមហែកហួរអស់ពេលជាច្រើនទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជានៅពេលនេះ បានវិវត្តទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដោយមានកំណើនអត្រាសេដ្ឋកិច្ចចំនួន៧ភាគរយ។
ថ្លែងមួយថ្ងៃមុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាននៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ដែលរៀនចប់នៅបណ្ឌិតសភាយោធា Westpoint ក្នុងសហរដ្ឋអាមេរិក និងជានាយឧត្ដមសេនីយ៍យោធាផងនោះ កាលពីថ្ងៃចន្ទ ក៏បានទទួលស្គាល់ផងដែរ ពីការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយដ៏តឹងតែង ក្នុងចំណោមប្រទេសមហាអំណាចនានា ដែលលោកថា កំពុងដាក់សម្ពាធទៅលើ«សន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្លុកអាស៊ានទាំងមូល»៕