នៅមុនពេលបើកកិច្ចប្រជុំកំពូលអាស៊ានផ្លូវការនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលទើបបង្ហាញមុខលើកដំបូងក្នុងកិច្ចប្រជុំអាស៊ាន បានលើកឡើងថា អាស៊ានដែលមានសមាជិក១០ប្រទេសត្រូវតែពង្រឹងការរួបរួមគ្នា និងមជ្ឈភាព ឬភាពនៅកណ្តាលរបស់ខ្លួន ក្នុងពេលដែលមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយកាន់តែខ្លាំង។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលជាកិច្ចប្រជុំដាច់ដោយឡែកមួយពីកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។
លោក ហ៊ុន ម៉ាណែត ថ្លែងថាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចកាន់តែតឹងតែង ដែលនាំឲ្យមានការផ្លាស់ប្តូរជាបន្តបន្ទាប់សម្រាប់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក និងការធ្វើពាណិជ្ជកម្ម។ លោកបន្ថែមថា ការប្រកួតប្រជែងរបស់មហាអំណាចមានសម្ពាធកាន់តែខ្លាំងទៅលើសន្តិភាព សន្តិសុខ និងការរីកចម្រើនរបស់អាស៊ានទាំងមូល។
លោក ហ៊ុន ម៉ាណែត ថ្លែងជាភាសាអង់គ្លេសដោយសម្រួលជាភាសាខ្មែរថា៖ «នៅក្នុងស្មារតីនេះ អាស៊ានត្រូវតែខិតខំប្រឹងប្រែងពង្រឹងការរួបរួមគ្នា និងមជ្ឈភាពរបស់ខ្លួន និងធ្វើឲ្យរីកចម្រើនដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីធ្វើឲ្យអាស៊ានមានចីរភាព ជាតំបន់មួយដែលមានសារៈសំខាន់បំផុត និងជាមជ្ឈមណ្ឌលសំខាន់មួយនៃភាពរីកច្រើន ដែលអាចចែករំលែកស្មើគ្នា និងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
ក្នុងពេលបើកកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃអង្គារនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានថ្លែងថា ភាពខុសគ្នានៃមតិជាដំណើរមួយនៃលទ្ធិប្រជាធិបតេយ្យ មិនមែនជាការបែកបាក់គ្នាឡើយ។ លោកបន្ថែមថា ពិភពលោកកំពុងមានការប្រឈមកាន់តែខ្លាំងនៃការប្រកួតប្រជែងរវាងមហាអំណាច។
លោកថ្លែងថា៖ «ការប្រឈមនាពេលអនាគតកាន់តែធ្ងន់ជាងមុន ហើយការប្រឈមទាំងនោះបង្កជាការប្រកួតប្រជែង ដើម្បីមានឥទ្ធិពលពីមហាអំណាច។ ទោះជាយ៉ាងណា អាស៊ានយល់ព្រមគ្នាមិនក្លាយជាអាយ៉ងរបស់ប្រទេសមហាអំណាចណាមួយឡើយ ហើយសហការជាមួយអ្នកណាក៏ដោយ គឺដើម្បីសន្តិភាព និងភាពរីកចម្រើន»។
លោកប្រធានាធិបតីបន្ថែមថា អាស៊ានត្រូវតែធានាថា នាវាដែលសំដៅលើអាស៊ានត្រូវបន្តធ្វើដំណើរ ហើយអាស៊ានត្រូវតែជាអ្នកបញ្ជានាវាខ្លួនឯង ដើម្បីសម្រេចឲ្យបានសន្តិភាព។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហររបស់កម្ពុជាគាំទ្រនិន្នាការពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងគោលការណ៍មិនជ្រៀតជ្រែក ដើម្បីការពារនិងលើកកម្ពស់សន្តិភាពទាំងនៅក្នុងប្រទេស និងក្នុងពិភពលោក។
អ្នកស្រី Dinna Prapto Raharja អ្នកវិភាគនិងជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅទីក្រុងហ្សាការតា ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃអង្គារនេះថា ការថ្លែងរបស់លោក ចូកូ វីដូដូ ចង់បង្ហាញទៅកាន់ដៃគូរបស់អាស៊ានថា កុំរំពឹងថា សមាជិកអាស៊ានណាមួយក្លាយជាសម្ព័ន្ធមិត្តរបស់ប្រទេសមហាអំណាច។ អ្នកស្រីបន្ថែមថា ស្របពេលជាមួយគ្នា នាយករដ្ឋមន្រ្តីខ្មែរក៏លើកឡើងសារដូចគ្នានេះដែរថា. អាស៊ានត្រូវតែរួប រួមគ្នា ទោះក្នុងតម្លៃ ណាក៏ដោយ។
អ្នកស្រីបញ្ជាក់បន្ថែមថា៖ «នេះមិនងាយស្រួលទេ តាមពិតទៅ។ ការនិយាយវាស្រួលជាងធ្វើ។ ជាក់ស្តែង សមាជិកអាស៊ានមួយចំនួនកំពុងតែសំឡឹងមើលរួចទៅហើយ នៅក្នុងកម្រិត ណាមួយនោះ ពឹងផ្អែកកាន់តែខ្លាំងជាងមុនលើមហាអំណាចសម្រាប់សន្តិសុខនយោបាយ និងការការពារផ្នែកសេដ្ឋកិច្ច ក្នុងកាលៈទេសៈដែលមិនមានភាពប្រាកដប្រជានាពេលនេះ»។
បើតាមក្រសួងការបរទេសកម្ពុជា របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ាន រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ានក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម។
អ្នកតាមដានមើលឃើញថា បញ្ហាស្ថិរភាពក្នុងតំបន់ រួមមានវិបត្តិនៅមីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង សង្គ្រាមនៅអ៊ុយក្រែន និងការប្រកួតប្រជែងរបស់មហាអំណាច នឹងត្រូវបានលើកឡើងមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន។
ជម្លោះនៅសមុទ្រចិនខាងត្បូងបានក្លាយជាបញ្ហាចម្រូងចម្រាសរាប់ទសវត្សរ៍មកហើយរវាងប្រទេសចិន និងសមាជិកមួយចំនួនរបស់អាស៊ាន រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី បានបង្ហាញការខឹងសម្បា ក្រោយចិនបានបង្ហាញផែនទីថ្មី(10-dash line) ដែលលាតសន្ធឹងកាន់តែធំនៅលើដែនទឹកសមុទ្រចិនខាងត្បូង។
កិច្ចប្រជុំកំពូលអាស៊ានដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែកញ្ញា ក៏មានការចូលរួមពីមេដឹកនាំពិភពលោកមួយចំនួនផងដែរ រួមមានអនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris និងនាយករដ្ឋមន្រ្តីចិន លោក Li Qiang។ មេដឹកនាំប្រទេសផ្សេងទៀតដែលចូលរួម រួមមានជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និងកាណាដាជាដើម។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីក៏មានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ។
ប្រធានាធិបតីអាមេរិក លោក Joe Biden មិនបានមកចូលរួមក្នុងកិច្ចប្រជុំនេះឡើយ ដែលនាំឲ្យមានការចោទសួរសំណួរអំពីអវត្តមាន និងការមិនផ្តល់តម្លៃដល់អាស៊ាន។ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថា លោក Biden មិនបានផ្តល់តម្លៃទាបដល់តំបន់អាស៊ានសម្រាប់អាទិភាពភូមិសាស្ត្រនយោបាយនោះឡើយ និងបានលើកឡើងពីកិច្ចប្រឹងប្រែងរបស់លោក Biden ដើម្បីចូលរួមកាន់តែខ្លាំងថែមទៀត ជាមួយតំបន់អាស៊ាន។
លោក Joe Biden នឹងធ្វើដំណើរមកទ្វីបអាស៊ី ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬG20 នៅប្រទេសឥណ្ឌា។ ហើយបន្ទាប់មក លោកនឹងធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាម នាចុងសប្តាហ៍នេះ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ៕