ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​បើក​សន្និសីទ​កំពូល​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​របស់​ឥណ្ឌូណេស៊ី


ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) លើក​ទី៤៣ នៅទីក្រុង​ហ្សាការតា ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) លើក​ទី៤៣ នៅទីក្រុង​ហ្សាការតា ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

វិបត្តិ​នយោបាយ​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​និង​ការកើនឡើង​នៃ​ភាព​គឃ្លើន​របស់​ចិន​កំពុង​គ្រប​ដណ្តប់​លើ​សន្និសីទ​កំពូល​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​ដែល​បាន​បើក​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​រដ្ឋធានី​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បាន​ប្រាប់​ក្រុម​មេដឹកនាំ​ដែល​ជា​សហការី​របស់​លោក​នៅ​ប្លុក​ក្នុង​តំបន់​ដែល​មាន​ប្រទេស​១០​ជា​សមាជិក​នេះថា ​អាស៊ាន​«បាន​ព្រមព្រៀង​មិន​ធ្វើ​ជា​រណប​ឱ្យ​មហា​អំណាច​មួយ​ណា​ទេ» ហើយ​បាន​និយាយ​ទៀត​ថា ពួក​គេ​ត្រូវតែ​ធ្វើ​ជា​កាពីទែន​ (នាយនាវា) ​របស់​នាវាខ្លួន​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​សន្តិភាព។

អាស៊ាន​បាន​ត្រូវ​រារាំង​នៅ​ក្នុង​ការ​ប៉ុនប៉ង​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​ជាប់​ផុង​នៅ​ក្នុង​ចលាចល​ចាប់តាំង​ពី​ពួក​យោធា​បាន​ទម្លាក់​លោក​ស្រី Aung San Suu Kyi មេដឹកនាំ​ពិតប្រាកដ​របស់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០២១​មក។ ពួក​យោធា​បាន​យល់​ព្រម​ចំពោះ​«ការ​មូលមតិ»​៥ចំណុច​ដែល​ត្រូវ​បាន​ព្រាង​ដោយ​អាស៊ាន​តែ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​រដ្ឋប្រហារ​នោះ ដែល​រួមមាន​ការបញ្ចប់​ភា្លមៗ​នូវ​អំពើ​ហិង្សា ការចរចា​សន្តិភាព​រវាង​ពួក​យោធា​និង​គូប្រឆាំង​របស់​ខ្លួន​និង​ការ​ផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌។

ក៏ប៉ុន្តែ ពួក​យោធា​មីយ៉ាន់ម៉ា​បាន​ខកខាន​ធ្វើ​តាម​ផែនការ​របស់​អាស៊ាន ដោយ​បាន​ធ្វើ​ការបង្ក្រាប​ដ៏​បង្ហូរ​ឈាម​លើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​ ហើយ​ធ្វើការ​វាយប្រហារ​តាម​អាកាស​ដ៏​ប្រល័យ​លើ​កងកម្លាំង​តស៊ូ​ដែល​ត្រូវ​បាន​ជួយ​ដោយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគ​តិច​ជា​ច្រើន​នៅ​តាម​តំបន់​ដាច់ស្រយាល​ដែល​បាន​ប្រយុទ្ធ​អស់​រាប់​ទសវត្សរ៍​ដើម្បី​ស្វ័យភាព​កាន់តែ​ធំឡើង​របស់​ខ្លួន។

ពួក​មេដឹកនាំ​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ដក​ឋានៈ​ជា​ប្រធានអាស៊ាន​របស់​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ២០២៦ ហើយ​ប្រគល់​ទៅ​ឱ្យ​ប្រទេស​ហ្វីលីពីន​ធ្វើ​ជា​ប្រធាន​វិញ។

សន្និសីទ​កំពូល​នៅ​ថ្ងៃ​អង្គារ​នេះ​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចិន​បាន​បញ្ចេញ​ផែនទី​សមុទ្រ​ថ្មី​មួយ​ដែល​បញ្ជាក់​ការទាមទារ​របស់​ខ្លួន​ដល់​ផ្នែកភាគច្រើន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ធ្វើ​ឱ្យ​មាន​ការ​តានតឹង​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ប្រជែង​ទាមទារ​ទឹក​ដី​នោះ​ដែរ។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ស្រី Kamala Harris នឹង​ចូលរួម​សន្និសីទ​កំពូលអាស៊ាន​នៅ​សប្តាហ៍​នេះ​ដើម្បី​ជំនួស​លោក​ប្រធានាធិបតី Joe Biden និង​វេទិកា​តំបន់​ដ៏​ធំមួយ​ទៀត​ដែល​នឹង​រួមមានចូល​រួម​ពី​ប្រទេស​ចិន រុស្ស៊ី ឥណ្ឌា​និង​ជប៉ុន​ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters​ និង AFP។

XS
SM
MD
LG