ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា លោក ហ៊ុន ម៉ាណែត នឹងបាត់បង់តំណែង បើដើរខុសពីគោលនយោបាយបក្ស


រូបឯកសារ៖ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក្នុងសន្និសីទមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
រូបឯកសារ៖ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក្នុងសន្និសីទមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោក ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ ថ្លែងនៅថ្ងៃ​អង្គារនេះថា​ លោក ហ៊ុន ម៉ាណែត ​អាច​នឹង​បាត់​បង់​តំណែង​ជានាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ប្រសិន​បើ​ដើរ​ខុស​ពី​គោល​នយោ​បាយ​របស់គណ​បក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា ​និង​សមិទ្ធ​ផល​នានា​ នៅ​វត្ត​ព្រះឥន្ទ​សាមគ្គី​ធម៌ ​នៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ​នាថ្ងៃទី​ ១១ ​ខែកុម្ភៈ ឆ្នាំ​ ២០២៥។ ​លោក​បន្ថែមថា ​នេះ​ជា​សារ​ឆ្លើយ​តប​ទៅ​កាន់​មនុស្ស​មួយ​ចំនួន ​ដែល​ចោទ​សួរ​ថា ​«​ពេល​ណា​លោក ហ៊ុន ម៉ាណែត ដើរ​ចេញ​ពី​ស្រមោល​ឪពុក»។

លោក​ ហ៊ុន សែន ថ្លែងថា៖ ​«សូម​ផ្តាំ​ទៅ​អ្នក​ដែល​ចូល​ចិត្ត​និយម​និយាយ​អំពី​បញ្ហា​តើ​ពេល​ណា ម៉ាណែត ដើរ​ចេញ​ពី​ស្រមោល​របស់​ឪពុក​? ​ក្រុម​បន្ត​វេណពេល​ណាដើរ​ចេញ​ពី​ស្រមោល​នៃ​គណ​បក្ស​ប្រជា​ជន​? No way! ​[គ្មានផ្លូវទេ!] ​ព្រោះ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ​អនុ​ញ្ញាត​ឲ្យអ្នក​ឯង​សម្រេច​កិច្ច​ការ​ក្នុង​រង្វង់​នៃ​ក្រប​ខណ្ឌ​គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន»។

លោក ហ៊ុន សែន បន្តថា​ នា​យក​រដ្ឋ​មន្ត្រីមិន​អាច​ដើរ​ហួសបន្ទាត់​នយោបាយ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជាបាន​ទេ​ ហើយ​បើ​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេសផ្ទុយ​ពីគោល​នយោ​បាយ​របស់​គណ​បក្ស​ នោះ​នឹងត្រូវ​ដក​ចេញ​ពី​តំណែង​។

លោក​ថ្លែង​ថា៖ «​នេះ​គ្រាន់​តែជា​ការ​ជូន​សារ​តិច​តួច​បង្រៀន​អំពី​រដ្ឋបាល​សាធារណៈដែល​មាន​ចរិក​ទូលំ​ទូលាយ​សម្រាប់​អ្នក​សរសេរ​មួយ​ចំនួន​ពី​ខាងក្រៅ​ប្រទេស ហើយ​និង​អ្នក​ខ្លះ​ដែល​ផ្តល់​មតិ​ថា​ ទាល់​តែ​ ហ៊ុន ម៉ាណែត ធ្វើ​សកម្ម​ភាព​ផ្ទុយ​ជាមួយ​ឪពុកទើប​ចាត់ទុក​ថា​ជា​មនុស្ស​សេរី។ វាមិន​ដែល​ម៉ែ​អាណា​ គេឲ្យ​ធ្វើអ៊ីចឹង​។ ហ៊ាន​តែសាក​ធ្វើមើល៎ កុំ​ថា​ឡើយ​អ្នក​ណា​ផ្សេង សូម្បី​តែ​កូន​បង្កើត ​ក៏ដក​ចេញ​ពី​តំណែង​ដែរ​។ និយាយ​ឲ្យច្បាស់​ជាមួយ​គ្នា អ៊ីចឹង​ហ្មង»។

បើ​តាម​លោក ហ៊ុន សែន រាជ​រដ្ឋា​ភិបាល​ត្រូវ​តែ​យកកម្ម​វិធី​នយោបាយ​របស់គណបក្សទៅ​អនុវត្ត ប៉ុន្តែ​គណ​បក្ស​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​របស់​រដ្ឋា​ភិបាល​នោះ​ទេ។​

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន បាន​ឡើង​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជំនួស​ឪពុក​ កាល​ពីខែ​សីហា ​ឆ្នាំ​ ២០២៣។ ​អ្នកន​យោ​បាយ​ប្រឆាំងនិង​អង្គការ​អន្តរ​ជាតិ​មួយ​ចំនួន ដូច​ជា​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Human Rights Watch កត់​សម្គាល់​ថា ​លោក ​ហ៊ុន ម៉ាណែត​ បាន​បន្ត​ដើរ​តាម​លំអាន​របស់​ឪពុក​លោក ​ដោយ​បង្កើន​ការ​ប្រើ​ប្រាស់​ច្បាប់​ដែល​មាន​លក្ខណៈ​គាប​សង្កត់ ​និង​ប្រព័ន្ធ​តុលាការ ក្នុង​ការ​បំបិទ​សំឡេង​អ្នករិះគន់ ​និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

លោក មាស នី អ្នក​វិភាគ​នយោ​បាយ​ប្រាប់​វីអូអេ​ថា ការរៀប​ចំ​ប្រទេសអាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំថា ​តើ​ចង់​ឃើញ​ប្រទេស​កម្ពុជា​នា​ថ្ងៃ​មុខ ​វិវត្ត​ទៅ​ដោយ​ការ​ដឹក​នាំ​ប្រទេស​តាម​បែបត​ជំនាន់​ ឬ​ដឹកនាំ​ប្រទេសតាម​បែប​លទ្ធិ​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ។

លោក​ប្រាប់​វីអូអេថា៖​ «​ប្រទេស​មួយ​ៗ ​វា​មិន​អាច​នឹង​ត្រឹមត្រូវ ​១០០% សូម្បីតែ​នៅ​សហ​រដ្ឋអាមេ​រិកក៏វាគង់​តែ​នៅមាន​ភាព​ចន្លោះ​ខ្លះដែរ គ្រាន់​ថា ​យើង​កុំឲ្យភាព​ចន្លោះ​ប្រហោង​នៅ​ឆ្ងាយ​ពី​ស្អី​ដែល​ជា​ការ​ចែង​ដោយ​ច្បាប់​ខ្លាំង​ពេកអ៊ីចឹង ដូចជាប្រព័ន្ធ​យុត្តិធម៌​ថា​ត្រូវធ្វើ​ម៉េច​ដើម្បី​ឲ្យ​ពលរដ្ឋ​មានភាព​កក់ក្តៅ​ជាមួយ​ប្រព័ន្ធ​យុត្តិធម៌​វិញ។ អ្នក​នយោ​បាយ​យើង​ឲ្យមាន​ក្រម​សីលធម៌​ក្នុងការ​ធ្វើ​នយោ​បាយ​ ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ អី​អ៊ីចឹង​ទៅ។ អាហ្នឹង​ខ្ញុំគិត​ថា​ ពលរដ្ឋ​ពេញ​ចិត្ត​ហើយ»។

លោក មាស នី បន្ថែម​ថា ​ក្នុងដំណើរ​ការ​ប្រជា​ធិប​តេយ្យជា​ធម្មតាតែងតែ​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​ប្រទេសតាម​រយៈ​ការ​បោះ​ឆ្នោត។ លោក​ថា ​សម្រាប់​ពលរដ្ឋ​កម្ពុជា​តែង​ចង់​ឃើញអ្នក​នយោ​បាយ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជាឲ្យ​បាន​ពេញ​លេញ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG