អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃសុក្រ បានព្រមានទម្លាយសារឆ្លងឆ្លើយជិត ៣០០ សារដែលលោកសន្ទនាជាមួយលោក សេង សារី អ្នកវិភាគមួយរូប ក្រោយលោក សេង សារី បានសារភាពថា លោកមានទំនាក់ទំនងជាមួយលោក ហ៊ុន សែន ក្នុងនាមជា«ចារបុរស» តាំងពីឆ្នាំ២០២១។
លោក ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្លាប់ព្រមានចាប់ខ្លួនលោក សេង សារី ម្តង កាលពីខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការវិភាគរបស់លោក អំពី«រដ្ឋាភិបាលបង្រួបបង្រួមជាតិ» ដែលប្រកាសបង្កើតដោយលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង។ ការព្រមាននេះធ្វើឲ្យលោក សេង សារី រត់គេចខ្លួនទៅក្រៅប្រទេស ហើយលោកបានទៅរស់នៅប្រទេសអូស្រ្តាលី រហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែក្រោយមក លោក ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នតុលាការពិនិត្យពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក សេង សារី វិញ។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយសារសំឡេងសន្ទនារវាងលោក សេង សារី ជាមួយលោក ហ៊ុន សែន ដែលលោក សេង សារី ហៅលោក ហ៊ុន សែន ថា«ពុក»។ ចំណែកលោក ហ៊ុន សែន ហៅលោក សេង សារី ថា«កូន»។
លោក សេង សារី បានចេញមុខបកស្រាយកាលពីថ្ងៃព្រហស្បតិ៍។ លោកបានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីនៅក្នុងការផ្សាយផ្ទាល់មួយ ដោយលោកលើកឡើងថា លោក«ជាប់អន្ទាក់នយោបាយ» ក្នុងនាមជា«ចារបុរស»ម្នាក់ ដើម្បីស៊ើបការណ៍សម្រាប់លោក ហ៊ុន សែន។
នៅក្នុងបទសម្ភាសន៍នោះ លោក សេង សារី លើកឡើងអំពីការទទួលបានប្រាក់យ៉ាងតិច ១២ម៉ឺនដុល្លារអាមេរិកពីលោក ហ៊ុន សែន ដើម្បីធ្វើកិច្ចការមួយចំនួន ក្នុងនោះមានការផ្តល់យោបល់និងព័ត៌មានអំពីការបង្កើតចលនានានារបស់ក្រុមប្រឆាំងនៅក្រៅប្រទេស។
លោក សេង សារី បានទម្លាយទៀតថា លោក ហ៊ុន សែន ធ្លាប់បានស្នើលោកឲ្យធ្វើជារដ្ឋមន្រ្តីអមប្រតិភូនាយករដ្ឋមន្រ្តី ប៉ុន្តែលោកបានបដិសេធ។
ក្រោយការសារភាពនិងការទម្លាយរបស់លោក សេង សារី លោក ហ៊ុន សែន បានព្រមានថា លោកអាចនឹងទម្លាយសារឆ្លើយឆ្លង ប្រសិនបើលោក សេង សារី ដើរហួសបន្ទាត់ក្រហម។
លោក ហ៊ុន សែន បានបញ្ជាក់ក្នុងសារនៅលើហ្វេសប៊ុករបស់លោកថា៖ «ក្នុងការបង្ហោះសារយប់មិញ ខ្ញុំបាននិយាយថាមិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងខ្ញុំនិង សេង សារី ទេ ដោយយល់ដល់ទំនាក់ទំនងឪពុកនិងកូន។ ប៉ុន្តែខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង ២៩៥ នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ»។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំមិនដែលចាត់ទុកសេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ខ្ញុំមិនដែលគំរាម សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិន សេង សារី មានសំឡេងសូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង»។
លោក ហ៊ុន សែន បន្ថែមថា លោក សេង សារី បាននិយាយខុសការពិត។ បើតាមលោក ហ៊ុន សែន លោកបានផ្តល់ប្រាក់ឲ្យលោក សេង សារី ដើម្បីបង់រំលោះផ្ទះដែលនៅជំពាក់គេ និងផ្តល់ឲ្យលោក សេង សារី នូវថវិកា១ម៉ឺនដុល្លារក្នុងមួយខែ រយៈពេល១២ខែ ស្មើ១២ម៉ឺនដុល្លារនេះ ដោយមិនទាន់គិតពីថវិកាដែល លោក សេង សារី ស្នើសុំពីអូស្ត្រាលីដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្ស។
លោក សេង សារី អះអាងថា បើទោះបីលោក ហ៊ុន សែន ចាត់ទុកលោកជាអ្នកប្រឹក្សាយោបល់ក៏ដោយ តែលោកមានអារម្មណ៍ថា លោក«កំពុងផុងក្នុងអន្ទាក់ចារកម្ម»របស់លោក ហ៊ុន សែន។ លោក សេង សារី អះអាងថា លោកបានព្យាយាមរកវិធីដើរចេញពី«អន្ទាក់ចារកម្ម»ច្រើនលើក ក្នុងនោះមានការទៅសហរដ្ឋអាមេរិក ដើម្បីអាចជួបផ្ទាល់ជាមួយមេដឹកនាំប្រឆាំង ហើយមានឱកាសប្រាប់រឿងរ៉ាវរបស់លោក។
ក្រោយការសារភាព និងការទម្លាយរឿងរ៉ាវដែលលោកមានទំនាក់ទំនងជាមួយលោក ហ៊ុន សែន លោក សេង សារី បានប្រកាសស្នើសុំចូលជាមួយគណបក្សប្រឆាំងនៅក្រៅប្រទេស ប្រសិនបើមានការផ្តល់ឱកាស។ ប៉ុន្តែលោកថា គណបក្សប្រឆាំងមិនបាច់ទទួលរូបលោកទេ ប្រសិនបើការទទួលនោះបង្កឲ្យមានការបែកបាក់ផ្ទៃក្នុងរបស់គណបក្សប្រឆាំង។
លោក សេង សារី ប្រាប់វិទ្យុអាស៊ីសេរីថា៖ «ជម្រើសរបស់ខ្ញុំ អត់ត្រឡប់ក្រោយទេ ហើយក៏អត់ទៅចូលរួម អត់ទៅបម្រើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តទៀតដែរ។ ក៏ប៉ុន្តែខ្ញុំនៅតែរក្សាទំនាក់ទំនងរវាងគាត់ហើយនឹងខ្ញុំក្នុងនាមជាចាស់ទុំម្នាក់ ដែលជានិស្ស័យរបស់ខ្ញុំ។ ក្នុងករណីគាត់សួរខ្ញុំអំពីរឿងទិន្នន័យអីទៀត ក៏ប៉ុន្តែទម្រង់នៅក្នុងការធ្វើកិច្ចការងារនេះ វាលែងទៅជាចារកម្មរបស់គាត់ទៀតហើយ មានន័យថាទៅជាអ្នកប្រកួតប្រជែងនយោបាយជាមួយគាត់ហើយ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោកមិនបានដឹងស៊ីជម្រៅអំពីរឿងថវិកាដែលលោក ហ៊ុន សែន ផ្តល់ឲ្យលោក សេង សារី នោះទេ។
លោក មាស នី អ្នកវិភាគនយោបាយ ថ្លែងថា ការបែកធ្លាយសារសំឡេងមិនមែនជាលើកទីមួយទេដែលកើតឡើងនៅកម្ពុជា។ ដូច្នេះលោកថា ការថតសំឡេងទុកក្លាយជារឿងធម្មតាសម្រាប់អ្នកនយោបាយនៅកម្ពុជា។ លោកបន្ថែមថា ការបែកធ្លាយសារសំឡេងនេះ បង្កជាការព្រួយបារម្ភសម្រាប់រូបលោកផ្ទាល់ ហើយបង្កជាការមិនទុកចិត្តគ្នាកាន់តែច្រើន និងខ្លាចគ្នាទៅវិញទៅមក។
លោកថ្លែងថា៖ «ដោយសារខ្ញុំឆ្លងកាត់របបខ្មែរក្រហម ខ្ញុំមានអារម្មណ៍ដូចជាភ័យខ្លាចហ្មង ឃើញអញ្ចឹង ដូចជាភ័យខ្លាច និងព្រួយបារម្ភហ្មង។ មិនមែនព្រួយបារម្ភថា សង្គមនេះ វាទៅជាខ្មែរក្រហមវិញទេ ប៉ុន្តែកាលណាមានទិដ្ឋភាពបែបហ្នឹង មនុស្សមានការភ័យខ្លាច ហើយការភ័យខ្លាចហ្នឹង វាអាចនឹងឈានទៅរក មនុស្សលែងចង់និយាយ លែងចង់ធ្វើអីទាំងអស់ បានន័យថាសុំតែម៉ារស់ សុំតែមួយរួចខ្លួន»។
គេមិនទាន់ដឹងនៅឡើយថាតើសារសំឡេងសន្ទនារវាងលោក ហ៊ុន សែន និងលោក សេង សារី នោះ ត្រូវបានបែកធ្លាយយ៉ាងដូចម្តេច តាមរបៀបណា។ ប៉ុន្តែអ្នកសារព័ត៌មានរបស់អាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បានបញ្ជាក់ថា មានគេទម្លាយសារសំឡេងនោះដល់អាស៊ីសេរី តាំងពីចុងខែមករា ហើយអាស៊ីសេរីបានផ្ទៀងផ្ទាត់ថាពិតឬយ៉ាងណា រហូតដល់ថ្ងៃចេញផ្សាយ៕
វេទិកាបញ្ចេញមតិ