ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ស្នើឲ្យ​បង្កើត​យន្តការ​ត្រីភាគី​តាមដាន​បទឈប់បាញ់គ្នា​នៅ​មីយ៉ាន់ម៉ា ខណៈ​ក្រុមយោធា​បន្ត​វាយប្រហារ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេល​លោក​​ទៅដល់រដ្ឋធានីណៃពិដោ កាលពថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២។ លោក បានក្លាយជាមេដឹកនាំប្រទេសដំបូងគេបង្អស់ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាគ្រប់គ្រងប្រទេសនេះ។ (Photo by Handout / MYANMAR MILITARY INFORMATION TEAM / AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេល​លោក​​ទៅដល់រដ្ឋធានីណៃពិដោ កាលពថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២។ លោក បានក្លាយជាមេដឹកនាំប្រទេសដំបូងគេបង្អស់ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាគ្រប់គ្រងប្រទេសនេះ។ (Photo by Handout / MYANMAR MILITARY INFORMATION TEAM / AFP)

ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃសុក្រ​ ត្រូវ​បាន​ក្រុមសិទ្ធិមនុស្ស​មើលឃើញ​ថា​ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ កាន់តែ​គឃ្លើន​ជាង​មុន ​និង​បាន​បង្កើន​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ភ្លាមៗ។ នេះ ​បើតាម​ការថ្លែង​របស់​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​មីយ៉ាន់ម៉ា​ដែល​នៅ​សហរដ្ឋ​អាមេរិក ​និង​បណ្តាញ​សារព័ត៌មាន​នានា។

សកម្មជន​សិទ្ធិមនុស្ស​បាន​រាយការណ៍​ថា​ ពួកយោធា​ បាន​បើក​ការវាយប្រហារ​តាម​អាកាស​តែ​ប៉ុន្មាន​ម៉ោង ​ក្រោយ​ពី​ប្រតិភូ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ចាកចេញកាលពី​ថ្ងៃសៅរ៍ ​និង​ការប្រកាស​ពី​ការប្តេជ្ញា​ចិត្ត​របស់​មេដឹកនាំ​យោធា​លោក​ មីន អោង​ឡាំង​ ថា ​ពន្យារ​បទឈប់បាញ់​គ្នា​រហូតដល់​ចុងឆ្នាំ​២០២២។

សារព័ត៌មាន​ Irrawaddy បាន​រាយការណ៍​ឲ្យ​ដឹង​នៅថ្ងៃចន្ទ​នេះ​ថា​ ទាហាន​មីយ៉ាន់ម៉ា ​បាន​វាយប្រហារ​តាម​អាកាស​លើ​រដ្ឋធានី ​Loikaw ដែល​ជា​រដ្ឋធានី​របស់​រដ្ឋ ​Kayah ​នៅ​ថ្ងៃសៅរ៍និង​អាទិត្យ​ ​និង​លើ​កងកម្លាំង​របស់​ជនជាតិ​ Karen ​កាលពី​ថ្ងៃសុក្រ​ដោយ​បាន​បង្ខំ​ពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ឱ្យរត់ចោល​ផ្ទះសម្បែង។

រូបឯកសារ៖ លោកស្រី Aung San Suu Kyi ចាកចេញ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់ពី​ថ្ងៃដំបូង​នៃ​ការបើក​សវនាការ រយៈពេល​បីថ្ងៃ​នៅ​ទីក្រុងឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី Aung San Suu Kyi ចាកចេញ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់ពី​ថ្ងៃដំបូង​នៃ​ការបើក​សវនាការ រយៈពេល​បីថ្ងៃ​នៅ​ទីក្រុងឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

នៅថ្ងៃចន្ទ​នេះ​ដែរ​ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​របស់​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ គឺ​លោកស្រី​ Aung San Suu Kyi​ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ ឆ្នាំ ​ពី​បទនាំចូល ​និង​កាន់កាប់​វិទ្យុ​ទាក់ទង​ (អាយកូម) ​ដោយ​ខុសច្បាប់​ និង​បំពាន​បំរាម​នៃ​ជំងឺកូវីដ១៩។ នេះ​ គឺជា​ការបន្ថែម​ទៅ​នឹង​ទោស​៤​ឆ្នាំ​ដែល​តុលាការ​បាន​ដាក់​កាលពី​ជាង​១​ខែ​មុន​ពាក់ព័ន្ធ​នឹង​ការអុចអាល​ឲ្យ​មាន​ការបះបោរ​ ប៉ុន្តែ​ទោស​លើក​មុន​នោះ​ ត្រូវបាន​លោក​ Min Aung Hlaing ​បន្ធូរបន្ថយ​ឱ្យ​មក​នៅ​ត្រឹម​២​ឆ្នាំ។

អ្នកស្រី​ Khin Ohmar​ ប្រធាន​នៃ​ក្រុមប្រឹក្សាភិបាល​អង្គការ ​Progressive Voice បាន​ថ្លែង​ប្រាប់​វីអូអេ​ខេមរភាសា​នៅ​ថ្ងៃចន្ទថា៖

រូបឯកសារ៖ អ្នកស្រី Khin Ohmar ជា​ប្រធាន​នៃ​ក្រុមប្រឹក្សាភិបាល​អង្គការ Progressive Voice។
រូបឯកសារ៖ អ្នកស្រី Khin Ohmar ជា​ប្រធាន​នៃ​ក្រុមប្រឹក្សាភិបាល​អង្គការ Progressive Voice។

«សកម្មភាព​ថ្មីៗ​ទាំងពីរ​នេះ ​ដែលខ្ញុំប្រាប់​លោក​ គឺ​ករណី​អ្នកលោកស្រី អោង សាន ស៊ូជី​ និង​ការវាយប្រហារ​លើ​រដ្ឋជនជាតិ​ភាគតិច​ Karen​ គឺជា​ភស្តុតាង​ជាក់ស្តែង​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់លោក ​ហ៊ុន សែន ​ហើយដែល​បានធ្វើឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ម្នាក់​នេះ ​ហ៊ាន​ប្រាប់​ដល់​ពិភព​លោក​ថា ​ខ្ញុំ​អាច​ធ្វើអ្វី​បាន​តាមចិត្ត។ ឥឡូវនេះ ​ខ្ញុំ​លែង​បារម្ភ​ ពីព្រោះ​មាន​បងប្អូន​ធម៌​របស់​ខ្ញុំ​ដែលនៅ​ពីក្រោយ​ខ្ញុំ​ ដែល​ជា​ប្រធាន​អាស៊ាន។ ដូច្នេះ​ហើយ ​នេះ ​ជាអ្វី​ដែល​គាត់​កំពុង​និយាយ​ទៅកាន់​ពិភពលោក»។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បានទៅធ្វើទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពីថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ប្រទេស​នេះ​ ចាប់តាំងពី​ក្រុមយោធា​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី ​អោង សានស៊ូជី។ ដំណើរ​ទស្សនៈកិច្ច​រយៈពេល​ខ្លី​នេះ​ បាន​នាំ​ឲ្យ​មាន​ការប្រកាស​បទឈប់បាញ់​គ្នា​ជាឯកតោភាគី​រហូតដល់​ចុង​ឆ្នាំ​នេះ បើកផ្លូវ​ឲ្យ​មាន​ការចែកចាយ​ជំនួយ​មនុស្ស​ធម៌​ និង​អនុញ្ញាត​ឲ្យ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​សម្រប​សម្រួល​ការចរចា​នានា​ក៏ដូច​ជា​អនុញ្ញាត​ឲ្យ​អាស៊ាន​តាម​ដាន​បទឈប់បាញ់​គ្នា​ផងដែរ។ ប៉ុន្តែ​ដំណើរ​នោះ ​ត្រូវ​បាន​អ្នកជំទាស់​ថា​ ជាការផ្តល់​ភាព​ស្របច្បាប់​ដល់​ក្រុមរដ្ឋប្រហារ ​និង​ធ្វើឡើង​ដោយ​គ្មាន​ការពិគ្រោះយោបល់​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត។

កាលពី​ថ្ងៃចន្ទ​ នៅក្នុង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​សមាជិក​អាស៊ាន​ដទៃ​ទៀត​គាំទ្រ​ដំណោះស្រាយ​ដែល​លោក​សម្រេចបាន​ ជា​ពិសេស​តួនាទី​អ្នកសម្របសម្រួល​ក្នុង​ការតាមដាន​មើល​បទឈប់​បាញ់​គ្នា​រវាង​ក្រុមយោធា ​និង​ក្រុមប្រដាប់​អាវុធ​នានា៖​

«អ៊ីចឹង​ទេ​ដើម្បី​ឲ្យ​មាន​ការទុកចិត្ត​ អាស៊ាន​គប្បី​មាន​តួនាទី​ហើយ​តួនាទី​នេះ​ដែល​ពីមុន​គេ​មិន​អាច​រកបាន ​ប៉ុន្តែ​ឥឡូវ​អាស៊ាន​រកបាន​ហើយ​ដែល​អាស៊ាន​មាន​តួ​នាទី​ចូល​ទៅ​សម្រប​សម្រួល​គ្រប់​ភាគី​ជម្លោះ​ឲ្យ​មាន​ការឈប់បាញ់»។

លោក ហ៊ុន សែន ​បាន​ស្នើ​បង្កើត​ឡើងនូវ​យន្តការត្រូយការ​ឬ​ត្រី​ភាគី​ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ ​និង​យោធា​នៅ​មីយ៉ាន់ម៉ា​ដើម្បី​តាមឃ្លាំមើល​បទឈប់​បាញ់​គ្នា​នេះ។

លោក ហ៊ុន សែន​ បាន​ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំ​បាន​ណែនាំ​ឯកឧត្តម ​ប្រាក់ សុខុន​ ឲ្យ​ខិតខំ​សម្របសម្រួល​ដៃ​គូ​ក្នុង​អាស៊ាន​ឲ្យ​បង្កើត​យន្តការ​ពីរ។ យន្តការទី១ ​ទាក់ទង​នឹង​ការឈប់បាញ់។ យ៉ាងហោចណាស់​យើង​បង្កើត​ឲ្យ​មាន​យន្តការ​ត្រូយការ​។ ត្រូវការ​នេះ​ គឺ​មាន​អតីត​ប្រធាន​ គឺ​ព្រុយណេ​ ប្រធាន​បច្ចុប្បន្ន​ គឺ​កម្ពុជា​ និង​អនាគត​ប្រធាន ​គឺ​ឥណ្ឌូណេស៊ី​ បូក​នឹង​លេខាធិការដ្ឋាន​អាស៊ាន​ដើម្បី​សម្របសម្រួល​បទឈប់បាញ់។ ទាល់​តែ​មាន​យន្តការ​អនុវត្ត​ ទើប​អនុវត្ត​បាន។ អ៊ីចឹង​ក្នុង​ការអនុវត្ត​នេះ ​ខ្ញុំ​ដឹង​ថា ​ភាគី​មីយ៉ាន់ម៉ា​ បាន​ស្វាគមន៍​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​ការឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច»។ ​

រូបឯកសារ៖ លោក​ឧត្តម​សេនីយ​ មីន អ៊ុងឡាំង (Min Aung Hlaing) ទទួល​ស្វាគមន៍​លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​ឧត្តម​សេនីយ​ មីន អ៊ុងឡាំង (Min Aung Hlaing) ទទួល​ស្វាគមន៍​លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

លោក ​ហ៊ុន សែន​ បន្ថែម​ថា​ យន្តការ​ត្រី​ភាគី​នេះ ​នឹង​បន្ត​ទៅប្រធាន​បន្ទាប់​របស់​អាស៊ាន​ដោយសារ​លោក​ជឿថា ​វិបត្តិ​របស់​មីយ៉ាន់ម៉ា នឹង​មិន​ដោះស្រាយ​រួច​ក្នុង​អាណត្តិ​របស់​កម្ពុជា​ទេ។

លោក ​ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​មីយ៉ាន់ម៉ា​បង្កើត​យន្តការ​មួយ​ដែរ​ដើម្បី​ធ្វើការ​ជាមួយ​នឹង​អាស៊ាន​ក្នុង​ការតាមសង្កេត​មើល​បទឈប់​បាញ់​គ្នា​នេះ​ ដែល​អាច​នឹង​ឈាន​ទៅ​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ខែ​សីហា​ឆ្នាំ​២០២៣​ខាងមុខ​តាម​ការសន្យា​របស់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា។

លោក ហ៊ុន សែន ​បាន​ថ្លែង​ថា៖ «មីយ៉ាន់ម៉ា​ខ្លួន​ឯង ​ក៏​ត្រូវ​មាន​យន្តការ​មួយ​ដើម្បី​ធ្វើការ​ជាមួយ​នឹង​អាស៊ាន។ អាស៊ាន​ មិន​អាច​លើក​កម្លាំង​ទៅ​ដោយ​គ្មាន​ការយល់​ព្រម​ពី​មីយ៉ាន់ម៉ា​នោះ​ទេ»។

ប៉ុន្តែ ​សកម្មជន​មីយ៉ាន់ម៉ា​ មិន​ជឿ​ជាក់​លើ​ការសន្យា​នានា​របស់​មេដឹកនាំ​រដ្ឋប្រហារ​យោធា​នោះ​ទេ។

អ្នកស្រី Wai Wai Nu ​ស្ថាបនិក​និង​ជាប្រធាន​របស់​បណ្តាញ​ស្ត្រី​សន្តិភាព​ បាន​ថ្លែង​ប្រាប់​វីអូអេ​ខេមរភាសា​ថា៖

រូបឯកសារ៖ អ្នកស្រី Wai Wai Nu ​ជា​ស្ថាបនិក​និង​ជាប្រធាន​របស់​បណ្តាញ​ស្ត្រី​សន្តិភាព។
រូបឯកសារ៖ អ្នកស្រី Wai Wai Nu ​ជា​ស្ថាបនិក​និង​ជាប្រធាន​របស់​បណ្តាញ​ស្ត្រី​សន្តិភាព។

«ការ​ប្រកាស​បទ​ឈប់​បាញ់ ឬ​ពន្យារ​បទ​ឈប់​បាញ់​គ្មាន​ន័យ​អ្វី​សម្រាប់​ប្រជាជន​មីយ៉ាន់ម៉ា​ទេ។ វា​គ្រាន់តែ​ជា​ការផ្លាស់ប្តូរ​សំឡេង ​និង​អត្ថាធិប្បាយ​ដើម្បី​ធ្វើឱ្យ​គាត់​ស្របច្បាប់​ប៉ុណ្ណោះ។ វា​គ្មាន​ន័យ​អ្វី​សម្រាប់​ប្រជាជន​មីយ៉ាន់ម៉ា​ទេ ​ពីព្រោះ​ទោះបីជា​មាន​ការហៅថា​ បទឈប់បាញ់​ពី​គាត់​ ឬ​ហៅថា​ ការឯកភាព​ប្រាំ​ចំណុច​កាលពី​ឆ្នាំមុន​ដោយ​អាស៊ាន​ក៏ដោយ​ មេដឹកនាំ​របប​យោធា​រូបនេះ​ បាន​បង្ហាញ​រួច​ហើយ​ថា ​ពួកគេ​នឹង​មិន​អនុវត្ត​តាម​ណាមួយ​ក្នុង​ចំណោម​ចំណុច​ទាំងនេះ ​ឬ​ការសន្យា​អ្វី​ទាំងអស់»។

អ្នកស្រី ​Wai Wai Nu​ បាន​បន្ថែម​ថា ​សូម្បី​តែ​ការសន្យា​រៀបចំ​ការបោះឆ្នោត​ជាថ្មី ​ក៏​មិន​អាចជឿ​បាន​ដែរ៖ «យើង​មិនជឿ​លើ​ការបោះឆ្នោត​ណាមួយ​របស់​គាត់ ​ឬ​កាលបរិច្ឆេទ​របស់​គាត់​ទេ​ ពីព្រោះ​របប​យោធា​ បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​រួច​ហើយ​ថា ​គាត់​មិនខ្លាច​នឹង​ធ្វើភេរវកម្ម​ដល់​ប្រទេស​ជាតិ​ ហើយ​គាត់​មិន​ខ្មាស់អៀន​ក្នុង​ការប្រើប្រាស់​មធ្យោបាយ​ណាមួយ​ដែល​អាច​ធ្វើទៅបាន​ដើម្បី​គ្រប់គ្រង​អំណាច​របស់​គាត់។ ដូច្នេះ ​យើង​មិន​ទុក​ចិត្ត​ពាក្យ​សម្ដី ឬ​ផែនការ​ណា​មួយ​របស់​គាត់​ទេ ព្រោះ​គាត់​មិន​ដែល​គោរព​តាម​ការ​សន្យា ឬ​គោរព​សំឡេង​ប្រជាជន ​និង​ការ​បោះឆ្នោត ឬ​សន្លឹក​ឆ្នោត​ទេ»។

មេដឹកនាំ​អាស៊ាន សម្រេចបាន​កិច្ចព្រមព្រៀង​ចំនួន​៥​ចំណុច​ជាមួយ​នឹង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​កាលពី​ខែមេសា​ ឆ្នាំ​២០២១​ នៅ​ទីក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ី។ កុងសង់ស៊ីស​ទាំង៥​ចំណុច​នោះ ​មាន​ការបញ្ឈប់​ហិង្សា​ជាបន្ទាន់​ ការសន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ ការសម្របសម្រួល​ដោយ​ប្រធាន​អាស៊ាន​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​ និង​ទស្សនកិច្ច​ដោយ​បេសកជន​ពិសេស​មួយ​រូប។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់វីអូអេ​កាលពីថ្ងៃសុក្រ​ថា ​អាមេរិក​គាំទ្រ​កិច្ចព្រមព្រៀង​៥​ចំណុច​ និង​ទទូច​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​ឲ្យ​បន្ត​អនុវត្ត​ព្រម​ទាំង​ស្នើ​ឲ្យ​បេសកជន​ពិសេស​របស់​អាស៊ាន​ជួប​ពិភាក្សា​ជាមួយ​នឹង​គ្រប់ភាគី​ទាំងអស់។

អ្នកនាំពាក្យ​ក៏​បាន​បន្ត​ថា៖ «យើង​បញ្ជាក់​ជាថ្មី​នូវ​ការអំពាវនាវ​ឲ្យ​របប​យោធា​ភូមា​បញ្ចប់​ការប្រើប្រាស់​ហិង្សា​ ដោះលែង​អ្នកដែល​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​អយុត្តិធម៌ ​និង​ចូលរួម​ពិភាក្សា​ប្រកបដោយ​ស្ថាបនា​ជាមួយ​គ្រប់​ភាគី​ទាំងអស់​ដែល​នឹង​គោរព​ឆន្ទះ​ប្រជាជន​ភូមា»។

លោក ប្រាក់ សុខន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ មិន​មែន​ជា​ការទទួល​ស្គាល់​របប​យោធា​មីយ៉ាន់ម៉ា​ទេ​ គឺ​គ្រាន់តែ​ជាការបន្ត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ។ អ្នកការទូត​ជាន់​ខ្ពស់​កម្ពុជា​រូបនេះ​ដែល​ត្រូវ​បាន​តែងតាំង​ជា​បេសកជន​របស់​ប្រធាន​អាស៊ាន​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បាន​ថ្លែងថា ​ប្រទេស​ដទៃ​ទៀត​ ក៏​នៅ​តែ​រក្សា​វត្តមាន​ស្ថានទូត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ​ បន្ទាប់ពី​រដ្ឋប្រហារ​យោធា។

ទាំងលោក ហ៊ុន សែន ​និង​លោក ប្រាក់ សុខុន ​បាន​បញ្ជាក់​ថា​ ក្នុង​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​នោះ​ កម្ពុជា​មិនបាន​ស្នើ​សុំជួប​អ្នកស្រី ​អោង សាន​ស៊ូជី ​ទេ​ ពីព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​របៀប​ធ្វើការ​ថ្មី​របស់​កម្ពុជា​ក្នុង​ការធ្វើការ​ជាមួយ​នឹង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃសៅរ៍​ថា៖ «អ៊ីចឹង​កម្មវិធី​ជួប​ជាមួយ​អ្នកណា​ កុំថា​ឡើយ​លោកជំទាវ ​អោងសាន ស៊ូជី ជាមួយ​អ្នកណា​ផ្សេង​ក៏ដោយ​ក៏​សម្តេច​មិនបាន​ស្នើ​សុំទេ ​ពីព្រោះ​លោក​ធ្វើ​មួយ​ជំហាន​ម្តងៗ។ ដូចខ្ញុំ​ថា​ ឥឡូវ​យើង​បេះ​ផ្លែ​ណា​វា​នៅ​ទាប​ជាងគេ។ វា​ងាយ​ឈោង​ចាប់​យក​បេះ​បាន​ឲ្យ​បាន​មួយ​កន្ត្រក​សិន»។

សកម្មជន​សិទ្ធិ​មនុស្ស​មីយ៉ាន់ម៉ា​នានា​ដែលបាន​ជំទាស់នឹង​ដំណើរ​ទស្សនកិច្ច​នេះ​តាំងពី​ដំបូង បាន​សម្តែង​ការខកចិត្ត​ដោយ​យល់ថា​ ជំនួប​របស់​លោក ហ៊ុន សែន​ គឺ​ជាការលម្អៀង ​ហើយ​ពួកគេ​កាន់តែ​ខកចិត្ត​នឹង​ប្រធាន​អាស៊ាន​ក្រោម​ការដឹកនាំ​របស់​កម្ពុជា។

លោក​ Aung Moe Win ស្ថាបនិក​នៃក្រុមគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​នៅ​ភូមា (Support the Democracy Movement in Burma) ​បាន​ប្រាប់​វីអូអេ​ខេមរភាសា​កាលពីថ្ងៃសុក្រ​ថា៖

«ខ្ញុំ​មាន​ការខកចិត្ត​យ៉ាងខ្លាំង។ ទស្សនកិច្ច​នេះ​ ផ្តោតតែ​លើភាគី​ម្ខាង។ មានតែ​ជនផ្តាច់ការ​ទេ ​ដែល​គាំទ្រ​គ្នា។ គេ​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​សប្បាយ​រីករាយ។ ការ​មិន​ជួប​បក្ស​ប្រឆាំង ​គឺ​មិន​ល្អ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា»។

សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​អាមេរិកាំង​ បាន​រិះគន់​ទង្វើ​របស់​លោក ហ៊ុន សែន​ ថា បាន​ធ្វើឲ្យ​ស្ថានការណ៍​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាន់តែ​អាប់អួរ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ដែល​បាន​ផ្តល់​ភាពស្មើមុខ​ស្មើមាត់​ដល់​មេដឹកនាំ​រដ្ឋប្រហារ​ក្នុង​ខណៈ​មេដឹកនាំ​អាស៊ាន​ដទៃទៀត​ និង​សហគមន៍​អន្តរជាតិ​ថ្កោលទោស។

លោក យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖​

រូបឯកសារ៖ លោក យ័ប គឹមទឹង ជា​ប្រធាន​សមាគមខ្មែរអាមេរិកាំង​ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ​។
រូបឯកសារ៖ លោក យ័ប គឹមទឹង ជា​ប្រធាន​សមាគមខ្មែរអាមេរិកាំង​ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ​។

«យើង​មើល​ទៅ​យើង​ឃើញ​ថា​ លោក ​ហ៊ុន សែន​ គាត់​មិន​មាន​ប្រវត្តិ​គោរពសិទ្ធិ​មនុស្ស​ត្រឹម​ត្រូវ។ គាត់​ជាជន​ផ្តាច់ការ​ ហើយ​នៅ​ពេល​ដែល​គាត់​ទៅ​ដោះស្រាយ​បញ្ហា​ភូមា​ គឺ​ឃើញ​ថា ​គាត់​លម្អៀង។ គាត់​ កាន់ជើង​ជនផ្តាច់ការ​ដូចគ្នា។ ម្ល៉ោះហើយ​ គាត់​ធ្វើ​អ្វី​ខុស​ពី​ដើម​ដែល​ពួកអ្នកសង្កេតការណ៍​ទូទៅ​នៅ​ខាងក្រៅ​ថា​ គាត់​ធ្វើ​ឲ្យ​អាស៊ាន​ចុះខ្សោយ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG