ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដឹក​កម្មករ​ទៅ​ស្រុក​កំណើត ដើម្បី​អាច​បោះ​ឆ្នោត​បាន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ បាន​បញ្ជា​ឱ្យ​អភិបាល​រាជ​ធានី​ភ្នំ​ពេញ​ត្រៀម​រថយន្ត​ក្រុង​ជាង​៣០០​គ្រឿង ដើម្បីដឹកកម្មករ-កម្មកា​រិនី​ ទៅ​ស្រុក​កំណើត​របស់​ពួកគេ ដើម្បី​អាច​បោះ​ឆ្នោត​បាន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាង​មុខ​នេះ។

នៅ​ក្នុង​សារ​ជា​សំឡេង​មួយ លោក ហ៊ុន សែន បញ្ជាក់​ថា​ការ​ដឹក​ជញ្ជូន​នេះ មិន​មែន​ជា​ការ​ទិញ​ដូរ​សន្លឹក​ឆ្នោត​នោះ​ទេ ព្រោះ​វាមិន​មាន​ការ​រើស​អើង​នយោបាយ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ដូច្នេះ​វា​មិន​មែន​ជា​ការ​សូក​ប៉ាន់​ និង​ធ្វើការ​សូក​ប៉ាន់​សម្រាប់​ដោះ​ដូរ​ជាមួយ​នឹង​សន្លឹក​ឆ្នោត​នោះ​ទេ ទីពីរខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​ការ​រៀបរយ​បាន​ច្បាស់​លាស់​សម្រាប់​ខេត្ត​ណា​ តម្រូវ​ការ​ប៉ុន្មាន​ វា​ខុសគ្នា​ពី​ស្ថានភាព​កាល​ពី​ពេល​ចូល​ឆ្នាំ​ ពេល​ចូល​ឆ្នាំ​យើង​បាន​ផ្ដល់​នូវ​រថយន្ដ​យ៉ាង​ច្រើន​ សម្រាប់​ផ្លូវ​ទៅ​ខេត្ត​សៀមរាប»។

លោក​នាយក​រដ្ឋមន្រ្តី​ក៏​ស្នើ​ឱ្យ​ក្រសួង​ការងារ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀប​ចំការ​ដឹក​ជញ្ជូន​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត។

លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​គ.ជ.ប ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​ដែល​រដ្ឋា​ភិបាល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​សម្រាប់ប្រជាពលរដ្ឋ ទោះ​បី​ជា​យក​ថវិកា ឬ​មិន​យក​ក្តី មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​នោះ​ទេ ដោយ​សារ​រដ្ឋា​ភិបាល​ត្រូវ​តែ​គិត​គូរ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

លោក​ថ្លែង​ថា៖«ទោះបី​យក​ថវិកាក្ដី​ មិនយក​ថវិកាក្ដី​នោះ​គឺជា​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែន​ដី​ដែន​សមត្ថ​កិច្ច​របស់​រដ្ឋបាល​ ក្នុង​ការគិត​គូរ​ដល់​ជីវភាព​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​ អ៊ីចឹង​ចំណុច​នេះ​មិនមាន​ពាក់ព័ន្ធ​ដល់​បោះឆ្នោត​នោះ​ទេ​ ពាក់ព័ន្ធ​ត្រង់​ដែល​ថា​បង្ក​លក្ខណៈ​ឱ្យមាន​ជីវិភាព​និងការ​រស់នៅ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​»។

លោក កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុម​ហ្រ្វែល ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត យល់​ថា​ជា​ការ​ល្អ​ដែល​រដ្ឋា​ភិបាល​អាច​បំពេញ​កិច្ច​ការ​ងារក្នុង​នាម​ជា​ស្ថាប័ន​តំណាង​របស់​ប្រជា​ពល​រដ្ឋ​ ដើម្បី​ជួយ​សម្រួល​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ដំណើរ ដោយ​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោ​បាយ​ណា​មួយ។

លោក​ប្រាប់​វីអអូ​ថា៖ «ឧទាហរណ៍​ការ​រើស​អើង​នៅ​ក្នុងការ​ដឹក​ជញ្ជូន​ហ្នឹង​ទាល់​តែ​អ្នក​គាំទ្រ​គណបក្ស​នេះ​ ឬ​អ្នក​គាំ​ទ្រ​គណបក្ស​នោះ​ អាហ្នឹង​បាន​ជាបញ្ហា​ ពាក់ព័ន្ធ​ជាមួយ​រឿង​ការរើស​អើង​ខាង​ផ្នែក​នយោ​បាយ​។តែ​ប្រសិន​បើ ជា​ការ​បើ​ជា​ទូទៅ​ អា​ហ្នឹងវា​ជា​រឿង​មួយ​ល្អ​សម្រាប់​ការ​កាត់​បន្ថយការ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ»។

គួរ​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឱ្យ​មន្រ្តី​រាជការ និង​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​៣​ថ្ងៃ ដោយ​រាប់​ចាប់​តាំង ពី​ថ្ងៃ​ទី​២២ដល់២៤ ខែ​កក្កដា ឆ្នាំ២០២៣ ដើម្បី​ទៅ​បោះ​ឆ្នោតជ្រើសតាំង​តំណាង​រាស្រ្តនីតិ​កាលទី៧។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​១២៥​រូប​ខាង​មុខ មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ដ៏​ធំ គឺ​គណបក្ស​ភ្លើង​ទៀន​ឡើយ។ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​មួយ​នេះ ដោយ​សារ​ពុំ​មាន​គូ​ប្រកួត​ប្រជែង​ដ៏​មាន​សក្តានុពល។ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​ដោយ​សម្ងាត់ បើ​ទោះ​ពួកគេ​ត្រូវ​ទៅ​បោះ​ឆ្នោត​ក៏​ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG