ក្រោយឈប់ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលមានអ្នកតាមដានជាង១៤លាននាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមលេង Tik Tok ងាកមកតាមដាន Tik Tok ផ្លូវការរបស់លោក ដែលលោកចាប់ផ្តើមប្រើប្រាស់ជាផ្លូវការ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
កម្មវិធី TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance បានទាក់ទាញការត្រួតពិនិត្យពីរដ្ឋាភិបាលលោកខាងលិច ទាក់ទងនឹងសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ និងសក្តានុពលដែលកម្មវិធីនេះអាចប្រើដើម្បីផ្សព្វផ្សាយទស្សនៈគាំទ្រចិន។ ក្រុមហ៊ុនបានច្រានចោលការព្រួយបារម្ភនេះ ហើយបានហៅការហាមប្រាមនេះថាជា «ឆាកល្ខោននយោបាយ»។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅខេត្តពោធិ៍សាត់ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យប្រជាពលរដ្ឋទាញយកនូវមធ្យោបាយប្រើប្រាស់ផ្សេងទៀត ដើម្បីងាយស្រួលក្នុងការទាក់ទង ស្របពេលដែលលោកបានបង្កើតគណនី Tik Tok ដោយសុំពីអ្នកប្រើប្រាស់ម្នាក់ដែលបានបង្កើតប្រព័ន្ធសង្គមនេះ ដាក់ឈ្មោះនាយករដ្ឋមន្ត្រី។
លោកថ្លែងថា៖ «ហើយឥឡូវលេងអា Tik Tok ទៀត ហើយអា Tik Tok នោះ មានអា Tik Tok បង្កើតថ្មីមាន។ ប៉ុន្តែមានអា Tik Tok មួយនោះគេយកឈ្មោះខ្ញុំទៅបង្កើត មានមួយនោះ ចំនួនតាមគេហៅថា (Follow)អ្នកចូលរួមមានជាង ៣០ម៉ឺននាក់ ប៉ុន្តែមួយនោះ មាន ១លាន.... ១លាន ២សែននាក់»។
ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុក បានអំពាវនាវឱ្យព្យួរគណនីហ្វេសប៊ុករបស់លោក ហ៊ុន សែន រយៈពេល៦ខែ ដោយថា វីដេអូមួយដែលបានបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក បានរំលោភវិធានរបស់ក្រុមហ៊ុន Meta ស្តីពីការគំរាមកំហែងហិង្សា។ លោក ហ៊ុន សែន បានសម្រេចឈប់ប្រើប្រាស់ហ្វេសប៊ុកដែលមានអ្នកតាមដានជាង១៤លាននាក់ ក្រោយមានការអំពាវនាវបែបនេះ។ លោកក៏បានប្រកាសប្រើប្រាស់ប្រព័ន្ធតេឡេក្រាម (Telegram) និង Tik Tok ជំនួសវិញ។
អ្នកប្រើប្រាស់ Tik Tok មានជាង៧លាននាក់ក្នុងប្រទេសកម្ពុជា ដែលតិចជាងហ្វេសប៊ុកនៅឡើយដែលមានជាង១០លាននាក់។
អ្នកតាមដានមួយចំនួនក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងការណែនាំអំពីការប្រើប្រាស់ប្រព័ន្ធសង្គមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ចៀសវាងសកម្មភាពទាំងឡាយណាដែលអសីលធម៌។
អ្នកផលិតមាតិកាឌីជីថលម្នាក់ លោក ជី សុផាត លើកឡើងថា បណ្ដាញសង្គមនីមួយៗ ទាំងហ្វេសប៊ុក និង Tik Tok មានគោលការណ៍គ្រប់គ្រាន់សម្រាប់ការពារគណនីរបស់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណា លោកជំរុញឱ្យអង្គភាព និងក្រសួងពាក់ព័ន្ធចូលរួមចាត់វិធានការតឹងរ៉ឹងលើអ្នកបង្កើតមាតិកា ហើយប្រជាពលរដ្ឋត្រូវមានក្រមសីលធម៌ និងចំណេះដឹងក្នុងការប្រើប្រាស់បណ្ដាញសង្គម។
លោកថ្លែងថា៖ «ហ្វេសប៊ុក ឬ Tik Tok គេមានមុខងារសម្រាប់ឱ្យប្រជាពលរដ្ឋរាយការណ៍ដែរ។ ប៉ុន្តែគ្រាន់តែយើងទេតើ! ពេលខ្លះការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង គាត់នៅមានកម្រិតដែរ។ វាធ្វើឱ្យ Platform (វេទិកា) មួយហ្នឹង វាទៅជាផុសអ្វីដែល Platform ចង់បាន ហើយនឹងចំណេះដឹងរបស់ប្រជាពលរដ្ឋដែរ។ អាហ្នឹងគឺជាចំណុចមួយប្រជាពលរដ្ឋខ្លួនឯងគួរតែស្វែងយល់អំពីចំណុចហ្នឹងដែរ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ប្រាប់វីអូអេថា ការជ្រើសរើសប្រើប្រាស់បណ្ដាញសង្គមណាមួយ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកមើលឃើញថា Tik Tok ទំនងជាកម្មវិធីកម្សាន្ត ជាជាងការផ្ដល់ព័ត៌មានទូទៅ បើធៀបទៅនឹងហ្វេសប៊ុក។ លោកជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងស្វែងយល់បន្ថែមក្នុងការប្រើប្រាស់បណ្ដាញសង្គម ចៀសវាងក្លាយជាជនរងគ្រោះ នាពេលណាមួយ។
លោកថ្លែងថា៖ «ឧទាហរណ៍វីដេអូដែលអាសអាភាស វីដេអូដែលមានការជេរប្រទេច ការជេរប្រមាថគ្នា ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម ខ្ញុំថា អាហ្នឹងមិនគួរឱ្យកើតមានទេ។ ហើយ Tik Tok ក៏គួរតែមានក្រមសីលធម៌របស់ខ្លួនឯងដែរ ទៅលើបញ្ហាហ្នឹងបាទ។ ប៉ុន្តែច្បាប់ជាតិយើង ក៏មានដែរបាទ ដែលគេអាចដាក់ទោសទណ្ឌបានដែរ ប្រសិនមានជាវីដេអូអីបែបហ្នឹង បាទ»។
នៅចក្រភពអង់គ្លេស គេបានរកឃើញថា TikTok បានអនុញ្ញាតឱ្យកុមារ១,៤លាននាក់ អាយុតិចជាង១៣ឆ្នាំប្រើប្រាស់ Tik Tok ក្នុងឆ្នាំ២០២០ ទោះជាបទបញ្ញត្តិរបស់ប្រព័ន្ធសង្គមមួយនេះ ហាមប្រាមកុមារវ័យក្មេងមិនឱ្យបើកគណនីក៏ដោយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ យល់ឃើញថា ការប្រើប្រាស់បណ្តាញសង្គមនីមួយៗគឺជាសិទ្ធិសេរីភាពរបស់បុគ្គល។ លោកបន្ថែមថា ជាទូទៅសកម្មភាពអសីលធម៌មួយចំនួនមានតិចឬច្រើនគឺតែងតែកើតមានឡើង សឹងតែគ្រប់ប្រទេសទាំងអស់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌បានណែនាំឱ្យបញ្ឈប់ជាបន្ទាន់ ក៏ដូចជាទប់ស្កាត់ចំពោះការផលិតវីដេអូបែបកម្សាន្តគ្រប់ទម្រង់ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្រ្តីខ្មែរ និងកុមារ ដោយក្រសួងព្រមានថា បើបុគ្គល ឬ ក្រុមណាមួយនៅតែបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានទាំងអស់នេះ ក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិច្បាប់ដែលមានជាធរមាន៕