លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញកុំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែនប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមអ៊ុយក្រែន ព្រោះវានឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរសារនៅបណ្តាញ Telegram របស់លោកថា ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។
លោកបញ្ជាក់ថា៖ «ប្រសិនរឿងនេះវាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន»។
លោក ហ៊ុន សែន បន្ថែមថា៖ «ខ្ញុំទទួលស្គាល់ថា កម្ពុជាប្រទេសតូចមួយ ប៉ុន្តែយើងមានចិត្តអាណិតអាសូរចំពោះពលរដ្ឋអ៊ុយក្រែន ខ្ញុំសូមអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក និងអ៊ុយក្រែនជៀសវាងការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះជនរងគ្រោះពិតប្រាកដ គឺជាពលរដ្ឋអ៊ុយក្រែន»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានអះអាងថាខ្លួនកំពុងពិចារណាបញ្ជូនគ្រាប់បែកចង្កោមទៅជួយប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ គ្រាប់បែកប្រភេទនេះអាចបាញ់ចេញពីកាណុងកាំភ្លើងធំ ហើយបែកចេញទៅជាគ្រាប់តូចៗជាច្រើនបន្តទៀត ដែលអាចគ្របដណ្តប់លើផ្ទៃដ៏ធំមួយ។ គ្រាប់ប្រភេទនេះ ក៏អាចធ្វើឱ្យរងគ្រោះជាបន្តទៀត នៅក្រោយការប្រយុទ្ធគ្នាបានបញ្ចប់។ គ្រាប់បែកចង្កោមត្រូវបានហាមប្រាមមិនឱ្យប្រើប្រាស់ ដោយប្រទេសចំនួន១២៣នៅលើពិភពលោក ដោយសារតែឥទ្ធិពលគ្រោះថ្នាក់របស់វាដល់ជនស៊ីវិល ប៉ុន្តែសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី មិនបានហាមប្រាមលើការប្រើប្រាស់គ្រាប់ប្រភេទនេះឡើយ៕