ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ហ៊ុន សែន​បញ្ជា​ឲ្យ​​ស៊ើប​អង្កេត​ឃាតកម្ម​លើ​ប្រធាន​សហជីព​​កម្មករ


សមាជិក​សហជីព​មួយ​រូប​យំ​នៅ​ក្បែរ​កម្រង​ផ្កា​​ដែល​មាន​រូបថត​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​សព​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​មករា ឆ្នាំ​២០០៤ នៅ​រាជធានី​ភ្នំពេញ។ លោក ជា​ វិជ្ជា ត្រូវ​បាន​សម្លាប់កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ខណៈ​ដែល​លោក​កំពុង​អាន​នៅ​តូប​កាសែត​មួយ​នៅ​ក្រុង​ភ្នំពេញ។ (AP Photo/Andy Eames)
សមាជិក​សហជីព​មួយ​រូប​យំ​នៅ​ក្បែរ​កម្រង​ផ្កា​​ដែល​មាន​រូបថត​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​សព​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​មករា ឆ្នាំ​២០០៤ នៅ​រាជធានី​ភ្នំពេញ។ លោក ជា​ វិជ្ជា ត្រូវ​បាន​សម្លាប់កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ខណៈ​ដែល​លោក​កំពុង​អាន​នៅ​តូប​កាសែត​មួយ​នៅ​ក្រុង​ភ្នំពេញ។ (AP Photo/Andy Eames)

គណៈ​កម្មការ​អន្តរ​ក្រសួង​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បីស៊ើប​អង្កេត​ករណី​ឃាត​កម្ម​របស់អតីត​មេដឹក​នាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាគឺ​លោក​ជា វិជ្ជា​ និង​សហ​សេវិក​ពីរ​រូប​ផ្សេង​ទៀត។​ ​នេះ​បើ​យោង​តាម​សេចក្តីសម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​១០​ខែ​មិថុនា​នេះ។​

លិខិត​ ដែល​វីអូអេ​បាន​ឃើញនោះ​ បាន​ឲ្យ​ដឹង​ថា ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ«បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ស៊ើប​អង្កេតពិសេស​លើ​ករណី​បណ្តឹង​លេខ​២៣១៨​ ស្តីពី​ឃាត​កម្ម​លើ​មេដឹក​នាំ​សហជីព​គឺលោក​ជា វិជ្ជា​ លោក​ហ៊ី វុទ្ធី ​និង​លោករស់ សុវណ្ណា​រ៉េត»។​ ​សមាសភាព​គណៈ​កម្មការ​ទាំង​នោះ​នឹង​ត្រូវ​ចូល​រួម​ពី​ក្រសួង​មហាផ្ទៃ​ ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​ក្រសួង​យុត្តិធម៌​ជា​ដើម។​ ចំណាត់ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។​

​លិខិត​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គណៈកម្មការ​ពិ​សេសនេះ​នឹង​មាន​តួនា​ទី​ប្រមូល​ព័ត៌មាន ​និង​ភស្តុតាង​ និង​ពិនិត្យ​ស្រាវ​ជ្រាវ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ លើ​អង្គ​ហេតុ​ និង​ច្បាប់​ទាក់​ទិនករណី​ឃាតកម្ម​របស់​មេ​ដឹកនាំ​សហជីព​សេរី​កម្មករ​នេះ។​

លោកជា វិជ្ជា​ ដែល​ក្រុម​កម្មករ​ផ្តល់​រហស្សនាម​ថា ​ជា​វីរជន​ការ​ពារ​សិទ្ធិ​ក្រុម​កម្មករ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤​ ​ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុង​អង្គុយ​អាន​កាសែត​នៅ​តូប​លក់​កា​សែត​មួយ​ក្បែរ​វត្ត​លង្កា។​ មេ​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​ពីរ​រូប​ផ្សេង​ទៀត​របស់​សហជីព​នេះគឺ​លោក​រស់ សុវណ្ណារ៉េត​ និង​លោក ហ៊ី វុទ្ធី ​ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​ជា​បន្ត​បន្ទាប់​នា​ឆ្នាំ​២០០៤​ និង​២០០៧។​ ជាង​១០​ឆ្នាំ​ក្រោយ​មក​ អាជ្ញាធរ​កម្ពុជា​នៅ​តែ​មិន​ទាន់​វែក​មុខ​រក​ឃើញ​ឃាតករ ​និង​ជន​ដៃ​ដល់​នៅ​ឡើយ។​

លោក​ជា​ មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ ​និង​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ជា វិជ្ជា
លោក​ជា​ មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ ​និង​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ជា វិជ្ជា

លោក​ជា​ មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ ​និង​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ជា វិជ្ជា​បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថា លោក​បាន​ឃើញ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ស្តីអំពី​ការបង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​នេះ​ហើយ​ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​មាន​ជំនឿ​ថា ​គណៈ​កម្មការ​ពិសេស​នេះ​នឹង​អាច​រកយុត្តិធម៌​ជូន​លោក​និង​ក្រុម​គ្រួសារ​របស់​បង​ប្រុស​លោក​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ឡើយ។​

«ខ្ញុំ​អត់​ទាន់​មាន​ជំនឿ​ថា​នឹង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ទេ​ ពី​ព្រោះ​យើង​មើល​ខ្លឹមសារ​ទាំងអស់​គឺ​ថា ​អញ្ចេះ​ គណៈ​កម្មការ​មួយ​ដែល​អាច​ឯករាជ​ និង​អព្យាក្រឹត្យ​ ដែល​អាច​ទទួល​យក​បាន ​គឺ​ទី​មួយ​គួរ​តែ​មាន​អង្គការ​ពិត​ប្រាដក​ណា​មួយ​ចូលរួម​ជា​សាក្សី​ ទីពីរ​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ហ្នឹង​បាន​ចូល​រួម​ផង​ដែរ»។​

លោក ​ជា មុន្នី ​បាន​បន្ថែម​ថា ​គណៈ​កម្មការ​ពិសេស​ជា​ច្រើន​ដែល​ត្រូវបាន​បង្កើត​កន្លង​មកនោះ​ មិន​បាន​ផ្តល់ផល​ជា​ដុំ​កំភួន​នៅ​ឡើយ​នោះ​ទេ។​

«យើង​ឃើញ​ថា ​មាន​គណៈកម្មការ​ជា​ច្រើន​ ដូច​ជា​គណៈ​កម្មការស៊ើប​អង្កេត​ការ​បាញ់​សម្លាប់លើ​ផ្លូវ​វ៉េងស្រេង​ ករណី​គណៈ​កម្មការ​ដោះ​ស្រាយ​បាតុភាព​កូដកម្ម​ បាតុកម្ម​ គណៈ​កម្មការ​ដោះ​ស្រាយ​ជម្លោះដីធ្លី​អី​ហ្នឹង​គឺ​វា​មាន​តែ​គណៈ​កម្មការ​ហ្នឹងមែន ​តែ​វា​អត់​ប្រយោជន៍។​ វាអត់​បាន​លទ្ធផល​អី​ទេ»។​

វីអូអេ​មិន​អាន​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ ក្រសួង​យុត្តិធម៌​ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ទេ។​

ដោយ​ឡែក​ លោក ​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ​បាន​ថ្លែង​ថា ​លោកមិន​ទាន់​ដឹង​ពី​លិខិត​របស់​លោក​ហ៊ុន​ សែន​ក្នុង​ការ​បង្កើតគណៈ​កម្មការ​អន្តរក្រសួង​ស៊ើប​អង្កេតពិសេស​ចំពោះ​ករណី​ឃាត​កម្ម​លោក​ជា វិជ្ជា​ និង​សហ​សេវិកនៅ​ឡើយ​នោះ​ទេ៕

XS
SM
MD
LG