ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ បញ្ជា​អភិបាល​ខេត្ត​ទាំង​អស់​ចាត់​វិធាន​ការ​តឹងរ៉ឹង​លើ​ការ​ទន្រ្ទាន​ដី​ព្រៃ


​នាយក​រដ្ឋមន្រ្តីកម្ពុជា​លោក ​ហ៊ុន សែន ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៤២​នៅ​ទីក្រុង Labuan Bajo​​ ខេត្ត East Nusa Tenggara ប្រទេស​ឥណ្ឌូណេស៊ី​កាលពីថ្ងៃទី​១០ ឧសភា ឆ្នាំ២០២៣។Achmad Ibrahim/Pool via REUTERS
​នាយក​រដ្ឋមន្រ្តីកម្ពុជា​លោក ​ហ៊ុន សែន ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៤២​នៅ​ទីក្រុង Labuan Bajo​​ ខេត្ត East Nusa Tenggara ប្រទេស​ឥណ្ឌូណេស៊ី​កាលពីថ្ងៃទី​១០ ឧសភា ឆ្នាំ២០២៣។Achmad Ibrahim/Pool via REUTERS

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​បញ្ជា​ឱ្យ​អភិបាល​ខេត្ត​ទាំង​អស់​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់​លើ​អ្នក​ទន្រ្ទាន​ដី​ព្រៃ ​ដោយ​កុំ​ខ្វល់​ថា ​ការ​បោះ​ឆ្នោត​ជាតិ​ខិត​ជិត​មក​ដល់ ​ហើយ​មិន​ហ៊ាន​ចាត់​វិធាន​ការ។​

លោក ​ហ៊ុន សែន ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​បណ្ឌិត្យ​សភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ​និង​ប្រគល់​សញ្ញា​បត្រ។ ​លោក​បាន​បញ្ជា​ឱ្យ​រដ្ឋមន្រ្ដី​ពាក់​ព័ន្ធ​ទាំង​អស់​ចុះ​ត្រួត​ពិនិត្យ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ​និង​ដាក់​ទោស​ទណ្ឌ​ជន​ខិល​ខូច​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ​ ដោយ​មិន​យោគ​យល់ ​ដោយ​កុំ​បារម្ភ​ខ្លាច​បាត់​សន្លឹក​ឆ្នោត​សម្រាប់​គណបក្ស​កាន់​អំណាច​ឲ្យ​សោះ។​

ការ​ព្រមាន​របស់​លោក ​ហ៊ុន សែន ​កើត​ឡើង ​ក្រោយ​លោក​ទទួល​បាន​សារ​ពី​អភិបាល​ខេត្ត​ពោធិ៍សាត់​ និង​បណ្ដា​អភិបាល​ខេត្ត​មួយ​ចំនួន​អំពី​ស្ថាន​ភាព​ការ​កាប់​ទន្រ្ទាន​ដីព្រៃ​កាន់​តែ​អាក្រក់​ទៅៗ។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖ ​«ឥឡូវ​នេះ​ កាប់​ [ព្រៃ​ឈើ] ​ច្រើន​នៅ​ខេត្ត​ពោធិ៍សាត់​ បើ​តាម​ខ្ញុំ​ដឹង ​ព្រោះ​ខ្ញុំ​ទៅ​បី​ខែ​មុន​ កាល​ខែ​មីនា​ខ្ញុំ​ទៅ​មើល​ ចៅ​ហ្វាយ​ខេត្ត​បាន​ប្រាប់​ពី​រឿង​នេះ។ ​

មន្ត្រី​ឧទ្យានុរក្ស​បង្ហាញ​សកម្ម​ភាព​ល្បាត​ព្រៃឲ្យ​អ្នក​សារព័ត៌មាន​បាន​ឃើញ​នៅ​ទីស្នាក់ការ​ត្រពាំង​ធ្មៀរ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ស្រុក​កោះញែក​ ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)
មន្ត្រី​ឧទ្យានុរក្ស​បង្ហាញ​សកម្ម​ភាព​ល្បាត​ព្រៃឲ្យ​អ្នក​សារព័ត៌មាន​បាន​ឃើញ​នៅ​ទីស្នាក់ការ​ត្រពាំង​ធ្មៀរ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ស្រុក​កោះញែក​ ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

យប់​មិញ​ចៅ​ហ្វាយ​ខេត្ត​បាន​បញ្ជូន​ព័ត៌មាន​មក​ រួច​ហើយ​ក៏​មាន​ខេត្ត​មួយ​ចំនួន​បាន​ជូន​ព័ត៌មាន​ថា​ ឥឡូវ​មាន​អា​ក្រុម​កាប់​ដី​ហ្មង។ ​បើ​កាល​ណា​យើង​ទៅ​ធ្វើ​សកម្មភាព​គឺ​គេ​នឹង​ថត​យក​ទៅ​បំផ្លាញ​យើង​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត។ ​បាន! ​ខ្ញុំ​អត់​ទេ​ បញ្ឈប់​សកម្មភាព​ជា​បន្ទាន់។ ​អ្នក​ណា​ក៏​ដោយ ​ទោះ​បី​ក្រ​ក៏​ដោយ​ មាន​ក៏​ដោយ ​ នេះ​ជា​ដី​របស់​រដ្ឋ។ ​នេះ​ជា​ព្រៃ​ឈើ​របស់​ជាតិ​ មិន​អាច​ទៅ​ធ្វើ​តាពីស​តាពាស​ទេ»។​

លោក ​ហ៊ុន សែន ​ក៏​ព្រមាន​ដក​ក្រប​ខណ្ឌ​មន្រ្ដី​ខិល​ខូចណា ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ថា៖​ «ហើយ​មន្រ្ដី​នានា​ បើ​សិន​ជា​មាន​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ សូម​កុំ​បន្ទាស​ ហ៊ុន សែន។​ យើង​មិន​អាច​ទុក​ឱ្យ​នៅ​ក្រប​ខណ្ឌ​រដ្ឋ​ ឬ​ក្របខណ្ឌ​យោធា​ ឬ​ក្រប​ខណ្ឌ​នគរបាល​ ឬ​ក្របខណ្ឌ​ និយាយ​រួម​ក្របខណ្ឌ​ដែល​ស៊ី​ប្រាក់​ខែ​រដ្ឋ​ បាន​ទេ»។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ខូយ រីដា ​អភិបាល​ខេត្ត​ពោធិ៍សាត់​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​ផ្នែក​កម្ម​វិធី​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ លោក​ ហេង គីមហុង​ ប្រាប់​វីអូអេ​ថា​ លោក​សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្រ្តី។ ​ទន្ទឹម​នឹង​នេះ ​លោក​ក៏​ជំរុញ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់​ត្រូវ​ចូល​រួម​អនុវត្ត​ជា​ប្រចាំ​នូវ​វិធាន​ការ​នេះ ​ដើម្បី​ទប់​ស្កាត់ការ​ឱ្យមាន​ប្រសិទ្ធ​ភាព​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។​

លោក​បញ្ជាក់​ថា៖ ​«ជា​រួម​ ​យន្តការ​ច្បាប់​យើង​មាន​ច្រើន​ហើយ​ ប៉ុន្តែ​អ្វី​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​គឺ​ការ​អនុវត្ត​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​មិន​ទាន់​ល្អ​ប្រសើរ​ ហើយ​នឹង​ខ្វះ​ការ​ចូលរួម​ពី​សហគមន៍​ និង​មាន​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ហ្នឹង​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​ចង់​ចូល​រួម​ការ​ការពារ​ធនធាន​ធម្មជាតិ​ គាត់​បាក់​ទឹក​ចិត្ត​ គាត់​អស់​ចិត្ត​ គាត់​អត់​សប្បាយ​ចិត្ត​ ជា​ឱកាស​មួយ​ដែល​ជន​ខិល​ខូច​យក​ពេល​វេលា​ហ្នឹង​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ហ្នឹង​ បាទ»។​

អ្នក​ល្បាត​ព្រៃ​មួយ​រូប​ឈរ​ក្បែរ​ឈើ​ប្រណីតដែល​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំត្នោត នៅ​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨។ (រូប​ផ្តល់​ឲ្យ​ដោយ Ben Davis)
អ្នក​ល្បាត​ព្រៃ​មួយ​រូប​ឈរ​ក្បែរ​ឈើ​ប្រណីតដែល​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំត្នោត នៅ​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨។ (រូប​ផ្តល់​ឲ្យ​ដោយ Ben Davis)

ចំណែក​សមាជិក​នៃ​បណ្ដាញ​សមាគម​ព្រៃឡង់ ​ក្នុង​ខេត្ត​ព្រះ​វិហារ​វិញ ​ លោក ​ខឹម សុឃី ​ប្រាប់​វីអូអេ​ថា​ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន សែន ​ជា​រឿង​ត្រឹម​ត្រូវ ​ ខណៈ​លោក​រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​មន្រ្ដីថ្នាក់​ក្រោម ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព។​

លោក​ថ្លែង​ថា៖ ​«ប្រសិន​ជា​អនុវត្ត​ទៅ​តាម​ប្រសាសន៍ ​ឬ​ទៅ​តាម​បទ​បញ្ជា​របស់​ថ្នាក់​ដឹក​នាំ​មួយ​ប្រាវៗ​ ឃើញ​ថា​ បាន​មួយ​ប្រាវ​ហ្នឹង​ទេ។ ​ដល់​ពេល​មួយ​រយៈ​កាល​មក ​ក៏​សាប​រលាប​ទៅ​វិញ។ ​យើង​ឃើញ​មាន​រឿង​ហ្នឹង​កើត​ឡើង​ជា​ហូរ​ហែ​មក»។​

លោក​បន្ថែម​ថា ​ដើម្បី​ទប់​ស្កាត់ឱ្យ​មាន​ប្រសិទ្ធ​ភាពចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ មន្រ្ដី​ថ្នាក់​ក្រោម​ត្រូវ​ចុះ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ។​

រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន ​រង​ការ​រិះគន់​ថា​មិន​ទាន់​បាន​ការពារគម្រប​ព្រៃឈើ​ឱ្យ​បាន​ល្អ​នៅ​ឡើយ​ទេ ​ដោយ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​បន្ត​បន្ទាប់។ ​កាល​ពី​កន្លង​ទៅ ​ក្រុម​យុវជន​បរិស្ថាន​មួយ​ចំនួនបាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ​និង​ក្តី​បារម្ភ​ដែល​រដ្ឋាភិបាល​បាន​កាត់​ដី​ឧទ្យាន​ជាតិ​គិរី​រម្យ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​និង​ដី​ដែន​ជម្រក​សត្វ​ព្រៃកែវ​សីម៉ា​នៅ​ខេត្ត​មណ្ឌល​គិរី ​ផ្តល់​ឱ្យ​ក្រុម​ហ៊ុនសម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ទេស​ចរណ៍ ​និង​គ្រប់​គ្រង​បែប​ឯកជន៕

XS
SM
MD
LG