ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ធ្វើ​អន្តរាគមន៍​ជម្លោះ​ដីធ្លី​រវាង​ប្អូន​ស្រី​ និង​អ្នក​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ពុធ ​បាន​លុប​ចោល​សេចក្តី​សម្រេច​មួយ​របស់​រដ្ឋាភិបាល ​ទាក់​ទង​នឹង​ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ឧកញ៉ា​ម្នាក់ ​គឺ​អ្នកស្រី ​សៀង ចាន់ហេង​ ម្ចាស់​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ​ដែល​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ប្អូនស្រី​បង្កើត​របស់​លោក​ គឺ​អ្នកស្រី ​ហ៊ុន ប៊ុនធឿន។ ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ភូមិ​ទួលសាលា​ ឃុំ​ស្អាងភ្នំ ​ស្រុក​ស្អាង ​ខេត្ត​កណ្តាល​នេះ ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ ប្រើ​ប្រាស់​ឯកសារ​ក្លែង​បន្លំកាន់​កាប់​អចលនវត្ថុ​របស់​ឈ្មោះ ​ហ៊ុន ប៊ុនធឿន​ និង​ឈ្មោះ​ ហៀវ លន់។​

លោក ​ហ៊ុន សែន ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ថា​ មាន​ការ​ផ្សាយ​ច្រើន​នូវសេចក្តី​ជូន​ដំណឹង ​ឬ​ ស.ជ.ណ.​ របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ ទាក់ទងជាមួយ​អ្នក​ស្រី ​សៀង ចាន់ហេង​ តាម​សំណើ​របស់​លោក​ ស ខេង ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​និង​ការ​សម្រេច​របស់​លោក ​ហ៊ុន សែន​ ផ្ទាល់ ​កាល​ពី​ថ្ងៃ​ ២៩​ ខែ​ធ្នូ ​ឆ្នាំ​ ២០២២។​

លោក ​ហ៊ុន សែន ​បន្ថែម​ថា នៅ​ថ្ងៃ​ទី​ ៩​ ខែ​មករា ​ឆ្នាំ​ ២០២៣ ​តាម​សំណើ​របស់​អ្នក​ស្រី សៀង ចាន់ហេង ​ដែល​ជា​ភាគី​ជម្លោះ ​លោក​បាន​ប្រគល់​ជូន​លោក​ ជា សុផារ៉ា ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី ​ផ្តល់​មតិ​ដែល​ឯកសារ​នេះ​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទេ។​

លោក ហ៊ុន សែន ​បញ្ជាក់​ថា៖​ «ដើម្បី​បញ្ចប់នូ​វភាព​មិន​ច្បាស់​លាស់​មុន​ពេល​ឯកឧត្តម​ជា សុផារ៉ា​ ផ្តល់​មតិ ​ខ្ញុំ​សម្រេច​លុប​ចោល​ ស.ជ.ណ.​ លេខ​ ១៨​ ម.យ.​ ថ្ងៃ​ទី ៥ ​មករា ២០២៣​ ចាប់​ពី​ម៉ោង​នេះ​ត​ទៅ»។​ លោក​បន្ថែម​ថា៖ ​«ការ​សម្រេច​យ៉ាង​ណា​ទៀត​នឹង​ធ្វើក្រោយ​ពេលឯកឧត្តម​ជា សុផារ៉ា ​ផ្តល់​មតិ»។​

សេចក្តី​ជូន​ដំណឹង​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ​ចុះ​ថ្ងៃទី​ ៥ ​ខែ​មករា​ ឆ្នាំ​ ២០២៣​ បញ្ជាក់​ថា​ មាន​ករណី​ប្រើ​ប្រាស់​ឯកសារ​ក្លែង​បន្លំ ​ដើម្បី​កាន់​កាប់​អចលន​វត្ថុ​របស់​ឈ្មោះ​ ហ៊ុន ប៊ុនធឿន​ និង​ឈ្មោះ​ ហៀវ លន់ ​នៅ​ភូមិ​ទួលសាលា​ ឃុំ​ស្អាង​ភ្នំ ​ស្រុក​ស្អាង ​ខេត្ត​កណ្តាល។​

លិខិត​បញ្ជាក់​ថា​អនុញ្ញាត​ឲ្យ​រដ្ឋបាល​ខេត្ត​កណ្តាល​ប្រើប្រាស់​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ដែល​មាន​ឈ្មោះ ​ហ៊ុន ប៊ុនធឿន ​និង​ឈ្មោះ​ ហៀវ លន់ ​ជា​ម្ចាស់​កម្មសិទ្ធិ​ត្រឹម​ត្រូវ​តាម​ច្បាប់​ និង​ចាត់​ចែង​ប្រគល់​ដី​ពាក់ព័ន្ធ​ក្នុង​គម្រោង​ផែនការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី​របស់​រដ្ឋាភិបាល​ ដើម្បី​ទទួល​ប្រាក់​គោលនយោបាយ ​និង​បិទ​បញ្ចប់​ការ​សើ​រើ​ករណី​នេះ។​

លិខិត​បញ្ជាក់​ថា៖ ​«ប្រគល់​សមត្ថកិច្ច​ឲ្យ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ចាត់​ការ​តាម​នីតិវិធី​នាំ​ខ្លួន​ជន​ល្មើស​ឈ្មោះ​ សៀង ចាន់ហេង​ និង​បក្ខ​ពួក ​ប្រគល់​ឲ្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល ​ដើម្បី​ចោទ​ប្រកាន់ ​និង​ផ្តន្ទាទោស​តាម​ច្បាប់​ដោយ​មិន​លើក​លែង»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ ជា សុផារ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​បាន​នៅ​ឡើយ​ទេ។​

វីអូអេ​ក៏​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​អ្នក​ស្រី ​សៀង ចាន់ហេង ​អ្នកស្រី ​ហ៊ុន ប៊ុនធឿន​ និង​អ្នកស្រី ហៀវ លន់ ​បាន​ដែរ។​

នៅ​ពេល​ទាក់ទង​ទៅ​លេខ​ទូរសព្ទ​របស់​ក្រុម​ហ៊ុន​ហេង​អភិវ​ឌ្ឍន៍ ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ​ស្រ្តី​ម្នាក់​បាន​លើក​ទូរសព្ទ ​ហើយ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ។​

ក្រោយ​ពី​ការ​បង្ហោះ​សារ​របស់​លោក​ ហ៊ុន សែន​ អ្នកស្រី ​សៀង ចាន់ហេង ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​ ដោយ​បញ្ជាក់​ថា៖​ «នាង​ខ្ញុំ​ និង​ក្រុម​គ្រួសារ​សូម​គោរព​ថ្លែង​អំណរ​គុណ​សម្តេច​ពូ ​និង​សម្តេច​មីង ​ដែល​បាន​ជួយ​រក​យុត្តិធម៌​ឲ្យ​ក្មួយៗ​ រំភើប​ហូរ​ទឹក​ភ្នែក»។ ​ប៉ុន្តែ​ខ្លឹម​សារ​នៃ​សារ​មួយ​នេះ​ត្រូវ​លុប​ចោល​វិញ ​ដោយ​ទុក​តែ​សញ្ញា​លើក​ដៃ​សំពះ​តែ​ប៉ុណ្ណោះ។​

អ្នកស្រី ​ហៀវ លន់ ​ដែល​ជា​ភាគី​ជម្លោះ​ដីធ្លី​នេះ​ដែរ​ ត្រូវ​បាន​គេ​ហៅ​ថា​ ជាលោក​ជំទាវ​ឧកញ៉ា ​ហៀវ លន់ ​និង​តែងតែ​ដើរ​ជាមួយអ្នក​ស្រី ​ហ៊ុន ប៊ុនធឿន​ ដែល​ត្រូវ​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន។​

លោក ​សុខ ឥសាន ​អ្នកនាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ យល់​ឃើញ​ថា កិច្ច​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​លើ​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​នេះ​ ​ដោយ​សារលោក​នាយក​រដ្ឋមន្ត្រី​មើល​ឃើញ​ថា វា​មាន​ភាព​មិន​ប្រក្រតី។​

លោក​ថ្លែង​ថា៖ ​«សម្តេច​លោក​ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​បំ​ផុត​ហើយ​ ​បើ​លោក​ហ៊ាន​ចេញ​មុខ​ហើយ​ អា​រឿង​ហ្នឹង​មិន​ប្រក្រតី​ទេ។​ អ៊ីចឹង​បាន​លោក​ក្តាប់​បាន​ការងារ​ពិត​យ៉ាង​ណា! ​អាហ្នឹង​ខ្ញុំ​យល់​អ៊ីចឹង»។​

នៅ​ពេល​វីអូអេ​ទាក់​ទង​សួរ​លោក​ គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត​កណ្តាល​ថា​ តើ​ឈ្មោះ ​ហ៊ុន ប៊ុនធឿន ​ជា​ប្អូនស្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ឬ​យ៉ាង​ណា​ លោក គង់ សោភ័ណ្ឌ ​មិន​បាន​បដិសេធ​អ្វី​នោះ​ទេ។​ លោកបញ្ជាក់​បន្ថែម​ថា​ ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​របស់​នាយក​រដ្ឋ​មន្ត្រី​រួច​មក ​គឺ​ក្រសួង​រៀបចំដែន​ដី​នគរូបនីយ​កម្ម ​និង​សំណង់​ កំពុង​សម្រប​សម្រួល​កិច្ចការ​នេះ។​ ចំណែកអាជ្ញាធរ​ខេត្ត​កណ្តាល​នឹង​អនុវត្ត​តាមការ​សម្រេច​របស់​ក្រសួង​រៀបចំ​ដែន​ដី​ បើ​មាន​ការសម្រេច​បែប​ណា​នោះ។​

លោក​ថ្លែ​ង​ថា៖ ​«បាទ! ​បង​ ដូច​លើក​ឡើង​មក​ បង​ស្គាល់​ហើយ។​ គាត់​ជា​ប្រជាជន​ម្នាក់​ មាន​ការ​ទិញ​លក់ ​ដោះ​ដូរ​អី​ធម្មតា​អ៊ីចឹង​ទេ​ ប៉ុន្តែ​អ្វីៗ ​យើង​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ទៅ​តាម​ការ​ស្រាវជ្រាវ ​និង​តាម​ការ​ដោះ​ស្រាយ​[របស់​ក្រសួង​រៀបចំ​ដែន​ដី]»។​

លោក​ ឯក ស៊ុនរស្មី ​អ្នកនាំ​ពាក្យ​តុលាការ​ខេត្ត​កណ្តាល​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ករណី​ជម្លោះ​ដីធ្លី​នេះ​មិន​ទាន់មក​ដល់​ដៃ​របស់​តុលាការ​នោះ​ទេ។​

លោក ​ស៊ឹង សែនករុណា​ អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូអេ​ថា​ លោក​មាន​ចម្ងល់​ថា​ ហេតុ​អ្វី​បាន​នាយក​រដ្ឋ​មន្ត្រី​ជា​អ្នក​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​ទៅ​វិញ។​

លោក​ថ្លែង​ថា៖ ​«នៅ​ក្នុង​ករណី​នេះ​មួយ យើ​ង​ក៏​មិន​យល់​អំពី​កិច្ច​អន្តរាគមន៍​នៅ​ក្នុង​រឿង​ហ្នឹង​ដែរ។​ ហេតុ​អ្វី​ជា​មាន​លិខិត​មួយ​[របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី] ​ចេញ​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ ហើយ​លិខិត​មួយ​ពី​ប្រមុខ​រដ្ឋាភិបាល​បែរ​ជា​ឲ្យ​លុប​ទៅ​វិញ? នេះ​គឺជា​រឿង​មួយ​ ដែល​យើង​បង្ហាញ​ថា ​ការ​ដោះ​ស្រាយ​នូវ​វិវាទ​ហ្នឹង​ហាក់​ដូច​ជា​អាជ្ញាធរ​ជំនាញ​ពាក់​ព័ន្ធ​មិន​មាន​លទ្ធភាព​ ឬ​ក៏​អំណាច​ក្នុង​ការ​ដោះស្រាយ​ទៅ​លើ​បញ្ហា​ទាំង​អស់​នោះ​ទេ»។​

គួរ​បញ្ជាក់​ថា​ កន្លង​ទៅ​អ្នក​ឧកញ៉ា​ អ្នក​ស្រី ​សៀង ចាន់ហេង ​ក៏​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​លើ​ដី​ដែល​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​ខេត្ត​កណ្តាល​ផង​ដែរ៕

XS
SM
MD
LG